ក្រុងម៉ា្រឌីដ/លីស្បោនៈ បាតុកម្មជាច្រើន បានក្លាយជាហិង្សានៅអេស៉្បាញ និងព័រទុយហ្គាល់ បន្ទាប់ពីមនុស្សរាប់លាននាក់បានចូលរួមក្នុងកូដកម្មទូទៅមួយដែលភាគច្រើនដោយសន្តិវិធីកាលពីថ្ងៃពុធនៅក្នុងបញ្ហាប្រឈមទូទាំងអឺរ៉ុបធំបំផុតរបស់សហជីពដែលមាន ការរៀបចំចំពោះគោលនយោបាយសន្សំសំចៃចាប់តាំងពីវិបត្តិបំណុល បានចាប់ផ្តើមកាលពីបីឆ្នាំមុន។
នៅក្រុងលីស្បោន ការដើរក្បួនបានបញ្ចប់ជាមួយអំពើហិង្សាមួយ កម្រិតដែលគេមិនធ្លាប់ជួបចាប់ តាំងពីវិបត្តិនេះបានចាប់ផ្តើមដោយប៉ូលិសតាមវាយដំក្រុមបាតុករដែលបានគប់ដុំថ្ម និងដបដោយធ្វើឲ្យមនុស្សជិត៥០នាក់ ត្រូវបានរងរបួស។
ក្រុមអ្នកតវ៉ានៅក្នុងក្រុងម៉ា្រឌីដ បានដុតធុងសំរាមធ្វើឲ្យមហាវិថីកណ្តាលក្រុងពោរពេញទៅដោយផ្សែង រីឯបាតុករនៅក្រុងបាសេឡូនវិញ បានដុតរថយន្តប៉ូលិស។
ប៉ូលិសប្រឆាំងកុបកម្មបានបាញ់គ្រាប់កាំភ្លើងកៅស៊ូដើម្បីបំបែកក្រុមអ្នកតវ៉ានៅក្នុងក្រុងទាំងពីរជាទីដែលមនុស្សជាង១៤០នាក់ ត្រូវចាប់ខ្លួន ដែលក្នុងនោះប៉ូលិសនិយាយថាមានពីរនាក់កំពុងកាន់សម្ភារផលិតគ្រឿងផ្ទុះ រីឯ៧០នាក់ផ្សេងទៀត ត្រូវគេរាយការណ៍ថារងរបួស។
ជើងហោះហើររាប់រយត្រូវបានគេលុបចោល សាលារៀនទាំងឡាយត្រូវបិទទ្វារ រោងចក្រនានា គាំងស្តូកពុំមានសកម្មភាពហើយរថភ្លើង ស្ទើរតែមិនដំណើរការនៅអេស្ប៉ាញ និងព័រទុយហ្គាល់ ជាទីដែលសហជីពបានធ្វើកូដកម្មទូទៅរួមលើកដំបូងរបស់ពួកគេ។កូដកម្មមិនព្រមធ្វើការងារនៅឯប្រទេសបែលហ្ស៊ិកបានរំខានដល់សេវាកម្មផ្លូវដែកអន្តរជាតិ។
ក្រុមបុគ្គលិកកម្មករ ក៏បានតវ៉ានៅក្នុងប្រទេសក្រិក និងបារាំងដែរ ដោយប្រឆាំងនឹងគោលនយោបាយសន្សំសំចៃដែលបានធ្វើឲ្យខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបានធ្វើឲ្យអត្រាគ្មានការងារធ្វើដ៏ច្រើនកាន់តែអាក្រក់។
ប៉ុន្តែបណ្តាបាតុកម្មដែលរៀបចំដោយសហព័ន្ធសហជីពអឺរ៉ុបនេះ ហាក់មិនបានបង្ខំរដ្ឋាភិបាលដែលរងសម្ពាធខ្លាំងឲ្យផ្លាស់ប្តូរយុទ្ធសាស្រ្តកាត់បន្ថយការចំណាយរបស់ពួកគេទេ។
ប្រធានសហជីពធំបំផុតរបស់អេស្ប៉ាញឈ្មោះ Comisiones Obreras លោកហ្វើណាន់ដូ តូសូ បានប្រាប់ហ្វូងមនុស្សនៅទីលាន កូឡំបាស់កណ្តាលក្រុងម៉ា្រឌីដថា៖«ក្នុងវិធានការសន្សំសំចៃ មានតែការធ្លាក់ចុះនូវសេដ្ឋកិច្ច និងការគ្មានការងារធ្វើតែប៉ុណ្ណោះ»។
សូម្បីតែបុគ្គលិកកម្មករមិននៅក្នុងសហជីពក៏បានចូលរួមការតវ៉ា និងការដើរក្បួនទាំងនេះផងដែរ។
លោក Mariluz Gordillo វ័យ៤២ឆ្នាំប្រតិបត្តិករទូរស័ព្ទនៅហាងEl Corte Inglesនៅក្រុងម៉ា្រឌីដ ដែលមិនមែនជាសមាជិកសហជីពបាននិយាយថា៖«រឿងនេះគឺមិនមែននយោបាយឬសហជីពទេ។ នេះគឺជារឿងសង្គមនិងសេដ្ឋកិច្ច។ ប្រសិនបើយើងត្រូវបិទប្រទេសនេះ យើង នឹងអាចបញ្ចប់វាបាន»។
នៅក្រុងរ៉ូម ការវាយតប់គ្នា បានកើតឡើងរវាងក្រុមប៉ូលិសក្នុងឯកសណ្ឋានបង្ក្រាបកុបកម្ម និងក្រុមបាតុករ ដែលបានគប់ដុំថ្ម ដប និងកាំជ្រួចបុណ្យ។ បាតុករប្រមាណជា៦០នាក់ ត្រូវបានគេឃុំខ្លួន។ ក្រុមអ្នកតវ៉ា បានចូលកាន់កាប់ប៉មLeaning Tower ដែលសង់ក្នុងមជ្ឈិមសម័យនៅក្រុងពីសា រយៈពេលមួយម៉ោងដោយបានព្យួរបដាដែលសរសេរថា«ក្រោកឡើង។ យើងនឹងមិនសងបំណុលរបស់អ្នកជំនួសអ្នកទេ»។
យោងតាមតួលេខដែលគេចេញផ្សាយកាលពីថ្ងៃពុធឲ្យដឹងថានៅព័រទុយហ្គាល់និងក្រិក ដែលប្រទេស ទាំងពីរសុទ្ធតែត្រូវបានគេសង្គ្រោះជាមួយមូលនិធិអឺរ៉ុប និងក្រោមកម្មវិធីសន្សំសំចៃតឹងរ៉ឹង ការធ្លាក់ចុះនៃសេដ្ឋកិច្ចបានដុនដាបខ្លាំងក្នុងត្រីមាសទីបី ។
អត្រាគ្មានការងារធ្វើនៅព័រទុយហ្គាល់ បានឡើងដល់១៥,៥ភាគរយពុំធ្លាប់មានពីមុនមករីឯនៅអេស៉្បាញវិញក្នុងចំណោម៤នាក់ម្នាក់គ្មានការងារធ្វើ។
ទិន្នផលសេដ្ឋកិច្ចក្រិក បានធ្លាក់ចុះ៧,២ភាគរយលើមូលដ្ឋានប្រចាំឆ្នាំក្នុងត្រីមាសទីបីខណៈរដ្ឋដែលវ័ណ្ឌកដោយសារបំណុលនេះ បានដើរយ៉ាងលំបាក ឆ្ពោះទៅកាន់វិបត្តិសេដ្ឋកិច្ចឆ្នាំទី៦។
មនុស្សស្ទើរតែ២៦លាននាក់ អត់ការងារធ្វើនៅក្នុងសហភាពអឺរ៉ុបខណៈរដ្ឋាភិបាលជាច្រើនកាត់ បន្ថយការចំណាយរដ្ឋ។
ម្ចាស់ហាងគ្រឿងរឹងកុំព្យូទ័រនៅក្រុងបាសេឡូន លោកអេស្តេបាន កេសាដា វ័យ៥៨ឆ្នាំ បាននិយាយ ថា៖ «គ្រប់យ៉ាងបានផ្លាស់ប្តូរប្រាក់បានបញ្ចប់ជាមួយអ្នកមាន អំណាច ហើយប្រជាជនគ្មានអ្វីទាំងអស់។ ហេតុអ្វីរឿងនេះកើតមានឡើង»។
នៅទូទាំងអឺរ៉ុបខាងត្បូង បណ្តា រដ្ឋាភិបាលកំពុងព្យាយាមនាំយក ហិរញ្ញវត្ថុរដ្ឋត្រឡប់មករកផ្លូវត្រូវវិញបន្ទាប់ពីការចំណាយច្រើនហួសជាច្រើនឆ្នាំ។ ព័រទុយហ្គាល់និងក្រិកបានកាត់បន្ថយប្រាក់ចូលនិវត្តន៍ ហើយអេស្ប៉ាញបាន កាត់បន្ថយប្រាក់ឈ្នួលផ្នែករដ្ឋនិង ការចំណាយលើមន្ទីរពេទ្យ និង សាលារៀន។ អ៊ីតាលី និងបារាំងក៏ស្ថិតក្រោមសម្ពាធ ឲ្យគ្រប់គ្រងឱនភាពថវិការបស់ពួកគេដែរ៕ NR/IN
ភ្នំពេញ ប៉ុស្តិ៍








