ក្រុងឌាប់ប្ល៊ីន: មនុស្សរាប់ពាន់នាក់បានជួបជុំគ្នានៅខាងក្រៅសភាអៀរឡង់កាលពីថ្ងៃពុធដើម្បីទាមទារឲ្យគេបន្ធូរបន្ថយច្បាប់រំលូតកូនដ៏តឹងរ៉ឹងបន្ទាប់ពីស្ត្រីឥណ្ឌាមានគភ៌ម្នាក់ដែលគេបដិសេធមិនឲ្យរំលូតកូនជាច្រើនលើកច្រើនសា បានស្លាប់នៅក្នុងមន្ទីរពេទ្យអៀរឡង់មួយ។
នាងសាវីតាហាឡាបផាណាវ៉ារអាយុ៣១ឆ្នាំដែលបានចូលព្យាបាលក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យGalway នៅភាគខាងលិចអៀរឡង់កាលពីខែមុនបានស្លាប់ដោយសារការធ្លាក់ឈាមមួយសប្ដាហ៍បន្ទាប់ពីការរំលូតកូនអាយុ១៧សប្ដាហ៍របស់នាង។
ស្វាមីនាងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RTEថា សំណើដដែលៗរបស់នាងសុំរំលូតកូន ត្រូវបានគេបដិសេធដោយសារតែគភ៌មាន ចង្វាក់បេះដូងទៅហើយ។
មនុស្សយ៉ាងតិច២ពាន់នាក់បានជួបជុំគ្នាសម្រាប់ពិធីអុជទៀនបួងសួងដើម្បីទាមទារឲ្យរដ្ឋាភិបាលធ្វើច្បាប់ដើម្បីបិទចន្លោះប្រហោងច្បាប់ដែលមិនច្បាស់លាស់នៅពេលការគំរាមដល់អាយុជីវិតស្ត្រីមានគភ៌ម្នាក់ត្រូវផ្ដល់យុត្តិកម្មច្បាប់សម្រាប់ការរំលូតកូន។
នាងអេមើរ ម៉ាក់ណាល្លី វ័យ៣៣ឆ្នាំ ជាស្ត្រីមានគភ៌៦ខែបាននិយាយថា៖ «ប្រតិកម្មរបស់ខ្ញុំគឺខឹងណាស់។ អាម៉ាស់ណាស់ ដែលរឿងនេះបានកើតឡើងនៅក្នុងប្រទេស ខ្ញុំ។ វាគួរឲ្យខ្លាចដែលគិតថាការព្យាបាលបែបវេជ្ជសាស្ត្រត្រូវបានគេបដិសេធនោះ»។
ដំណឹងមរណភាពរបស់នាងហា ឡាបផាណាវ៉ារ បង្កឲ្យមានរលក កំហឹងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម អៀរឡង់ដោយមនុស្សជាង៥ម៉ឺននាក់ បានចូលរួមរំលែកទុក្ខក្នុងអត្ថបទធំរបស់កាសែត។
ការរំលូតកូននៅតែជាបញ្ហាមិនចុះសម្រុងគ្នាបំផុតនៅអៀរឡង់ជាប្រទេសនិកាយរ៉ូម៉ង់កាតូលិកភាគច្រើនដែលមានច្បាប់តឹងរ៉ឹងបំផុតខ្លះក្នុងពិភពលោកអំពីការរំលូតកូនបែបវេជ្ជសាស្ត្រ៕ PN
ភ្នំពេញ ប៉ុស្តិ៍







