ក្រុងប៉ារីសៈ មនុស្សរាប់ម៉ឺននាក់ដែលមានការចូលរួមពីក្រុមមេដឹកនាំព្រះវិហារកាតូលិកបានដើរជាក្បួននៅតាមក្រុងនានាទូទាំងប្រទេសបារាំងពីថ្ងៃសៅរ៍ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការដាក់អាពាហ៍ពិពាហ៍ភេទដូចគ្នាទៅជាស្របច្បាប់។
ក្រុមបាតុករដែលកាន់បដាមានពាក្យស្លោកថា«កុំប៉ះពាល់មង្គលការស៊ីវិល»«គ្រប់គ្នាកើតចេញពី សម្ព័ន្ធភាពរវាងបុរសនិងស្ត្រី» និង«ឪពុកបូកម្ដាយមានកូនច្រើននាក់ »បាននាំគ្នាចេញមកតាមវិថីនានានៅក្នុងក្រុងប៉ារីសលីយ៉ុងម៉ាកសី និងទីប្រជុំជនធំៗច្រើនទៀត។
ក្រុមអង្គការនៅពីក្រោយការតវ៉ាដែលមានឈ្មោះថា«បាតុកម្មដើម្បី ទាំងអស់គ្នា»ដោយយកគំរូតាម«មង្គលការដើម្បីទាំងអស់គ្នា»ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលសង្គមនិយមធ្វើកំណែទម្រង់នៃមង្គលការប្រុសនិងប្រុសនឹងគំរាមពី«ភាពវឹកវរដ៏ធំនិងគ្រោះថ្នាក់បំផុត»។
ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា មនុស្ស២០ម៉ឺននាក់បានធ្វើបាតុកម្មនៅក្នុងរដ្ឋធានីបារាំងនេះ បើប្រៀបធៀបនឹងការប៉ាន់ស្មានរបស់ប៉ូលិសដែលថាមានចំនួនត្រឹម៧ម៉ឺននាក់។
សភាជាតិបារាំងគ្រោងនឹងចាប់ផ្ដើមពិនិត្យសេចក្តីស្នើច្បាប់នោះ ដោយអនុញ្ញាតឲ្យមានមង្គលការភេទដូចគ្នាក្នុងខែមករាដោយការបោះឆ្នោតមួយ ដែលគេរំពឹងថានឹងធ្វើនៅពាក់កណ្ដាលឆ្នាំ២០១៣។ វានឹងផ្ដល់ឲ្យគូស្នេហ៍ប្រុសនិងប្រុសនូវសិទ្ធិសុំកូនមកចិញ្ចឹមប៉ុន្តែនឹងមិនប្រើវិធីសាស្ត្របង្កើតកូន ជាជំនួយនោះទេ។
ការស្ទង់មតិថ្មីៗនេះបានបង្ហាញការគាំទ្រក្នុងសំឡេងភាគច្រើនពីពលរដ្ឋបារាំងចំពោះការរៀបការភេទដូចគ្នានេះ ថ្វីបើមិនមានសិទ្ធិសម្រាប់គូស្នេហ៍ភេទដូចគ្នាក្នុងការសុំកូនមកចិញ្ចឹមក៏ដោយ។
មន្ត្រីសង្ឃកាតូលិកកំពូលនៃ ព្រះវិហារប៉ារីសបព្វជិតវីង ត្រូយកាលពីដើមខែនេះបានរិះគន់រដ្ឋាភិបាលពីបទជំរុញផែនការនេះនៅដែលប្រទេសនេះបានប្រឈមនឹងកង្វល់សេដ្ឋកិច្ចបន្ទាន់។
សម្ដេចប៉ាប់បេណេឌីក បាន ជម្រាបក្រុមបព្វជិតជាន់ខ្ពស់បារាំងដែលកំពុងបំពេញទស្សនកិច្ចបុរីវ៉ាទីកង់កាលពីថ្ងៃសៅរ៍ថាសូមកុំ«ភ័យខ្លាច»ក្នុងការផ្សព្វផ្សាយការប្រៀនប្រដៅរបស់ព្រះគ្រិស្ត។
សម្ដេចសង្ឃអង្គនេះបានថ្លែងថា៖«នៅក្នុងកិច្ចពិភាក្សាដ៏សំខាន់អំពីសង្គមនេះសំឡេងនៃវិហារត្រូវតែផ្សព្វផ្សាយឲ្យគេបានដឹងឥតឈប់ឈរនិងដោយមានការតាំងចិត្ត»។ បុរីវ៉ាទីកង់បានសន្យាក្នុងខែនេះថា នឹងមិនបោះបង់ការប៉ុនប៉ងប្រយុទ្ធដើម្បីលុបបំបាត់តួនាទីបុព្វសិទ្ធិនៃអាពាហ៍ពិពាហ៍ភេទដូចគ្នានេះឡើយ៕ PN
ភ្នំពេញ ប៉ុស្តិ៍







