ក្រុងគែរៈ ប្រធានសម្ព័ន្ធអារ៉ាប់ លោក ណាប៊ីល អេឡារ៉ាប៊ី បាននិយាយថារបបរបស់ប្រធានាធិបតីស៊ីរីលោក បាសារ អាល់អាសាដ នឹងអាចនៅកាន់អំណាចបានយូរទៀតទេដោយជំរុញកិច្ចប្រជុំក្រុមប្រឆាំងនៅរដ្ឋកាតាតំបន់ឈូងសមុទ្រទុកមួយអន្លើ នូវរាល់ការខ្វែងគំនិតគ្នា។
លោក បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រុងគែរកាលពីថ្ងៃពុធថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការបង្រួបបង្រួមទស្សនវិស័យរបស់ក្រុមប្រឆាំងពិសេសដោយសារគ្រប់ៗគ្នា ដឹងថា របបនៅស៊ីរី នឹងនៅមិនបានយូរទៀតទេហើយថ្ងៃណាមួយ នឹងមានស្ថានការណ៍ថ្មីមួយនៅស៊ីរី»។
ប្រសាសន៍របស់លោក អេឡារ៉ាប៊ីបានធ្វើឡើងខណៈមហាសន្និបាតរបស់ក្រុមប្រឹក្សាជាតិស៊ីរី (SNC)ដែលមានសមាជិកជិត៤២០នាក់កំពុងប្រជុំនៅក្រុងដូហា បានឈានទៅជ្រើសរើសស្ថាប័នដឹកនាំថ្មីពីរ និងប្រធានម្នាក់។
កិច្ចប្រឹងប្រែងរៀបចំថ្នាក់ដឹកនាំថ្មី បានកើតបន្ទាប់ពីសម្ពាធអន្តរជាតិខ្លាំងពីក្រុមអ្នករិះគន់ដែលនិយាយថា ក្រុមដែលនិរទេសជនភាគច្រើនចាំបាច់ត្រូវរុះរើព្រោះវា មិនបានធ្វើជាតំណាងឲ្យពលរដ្ឋស៊ីរីដែលប្រថុយជីវិតរបស់ពួកគេនៅឯខ្សែត្រៀមខាងមុខដើម្បីទម្លាក់របបរបស់លោក អាសាដទេ។
រាយការណ៍ពីសន្និសីទនៅក្រុងដូហាទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា បានរាយការណ៍ថា៖«ដំណើរការបោះឆ្នោត កំពុងតែដំណើរការ។ នៅព្រឹកថ្ងៃសុក្រគេនឹងមានថ្នាក់ដឹកនាំថ្មីប៉ុន្តែបញ្ហានៅតែធំ ព្រោះគេមើលឃើញថាSNC ខ្សោយ»។
កិច្ចប្រជុំនេះបានធ្វើឡើងខណៈដែលកិច្ចប្រឹងប្រែងពីលោកខាងលិចដើម្បីជួយក្រុមឧទ្ទាមទម្លាក់លោក អាសាដ បានផ្លាស់ប្តូរយ៉ាងគំហុក ដោយអង់គ្លេសនិយាយថា ខ្លួន នឹងទាក់ទងផ្ទាល់ជាមួយនឹងក្រុមមេដឹកនាំយោធាឧទ្ទាមហើយតួកគី និយាយថា សមាជិកណាតូ បានពិភាក្សាពីការការពារតំបន់សុវត្ថិភាពនៅខាងក្នុងស៊ីរីដោយមីស៊ីល Patriot។
ក្នុងពេលជាមួយគ្នានេះ ក្រុមឧទ្ទាមស៊ីរី បានផ្លោងដាក់តំបន់សំខាន់មួយនៃក្រុងដាម៉ាស លំនៅ ដ្ឋានរបស់អម្បូរភាគតិចអាឡាវីត ស្ថានទូត និងអគាររដ្ឋាភិបាលកាល ពីថ្ងៃពុធ ខណៈពួកគេបង្កើនការវាយប្រហារលើមូលដ្ឋានអំណាច លោកអាសាដ៕ NR
ភ្នំពេញ ប៉ុស្តិ៍








