ក្រុងកូវ៉ែតៈ ពលរដ្ឋកូវ៉ែតរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅឯទីលានមួយទល់មុខសភាកាលពីថ្ងៃអាទិត្យក្នុងការជួបជុំសន្តិវិធីដែលដឹកនាំដោយក្រុមប្រឆាំងជំទាស់នឹងច្បាប់បោះឆ្នោតថ្មី។
បាតុកម្មថ្មីប្រឆាំងនឹងការកែប្រែការបោះឆ្នោត ដែលត្រូវបញ្ជាដោយអ្នកគ្រប់គ្រងកូវ៉ែតពីខែមុនមុនការបោះឆ្នោតនៅថ្ងៃទី១ ធ្នូ បាននាំឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងប៉ូលិសខណៈការដើរក្បួន បានរាលដាលធ្លាយចេញពីតំបន់មួយដែលតាមធម្មតាគេបម្រុងទុកសម្រាប់ការជួបជុំ។
លោក សាបះ អាក់អះម៉ាត់អាល់សាបះ មេដឹកនាំវ័យ៨៣ឆ្នាំដែលគ្រួសាររបស់លោក បានគ្រប់គ្រងប្រទេសកូវ៉ែតជាង២៥០ឆ្នាំមកហើយ បាននិយាយថា ច្បាប់ថ្មីៗ ត្រូវបានគេធ្វើឡើងក្នុងបំណងអភិរក្សសាមគ្គីជាតិ។ លោកបានព្រមានកាលពីខែមុនថា នឹងមិនមានការអត់ឱនសម្រាប់ការគំរាមដល់សន្តិសុខជាតិឡើយ។
បុរសកូវ៉ែតរាប់រយនាក់ក្នុងសម្លៀកបំពាក់រ៉ូបសតាមប្រពៃណីបានហូរមកចូលទីលានដែលក្រុមមេដឹកនាំក្រុមប្រឆាំង បានថ្លែងសុន្ទរកថាពីលើឆាកមួយទៅកាន់ក្រុមអ្នកតវ៉ា ដែលភាគច្រើនកំពុងអង្គុយលើកម្រាលព្រំផឹកទឹកតែខណៈដែលអ្នកផ្សេងទៀត ច្រៀងចម្រៀងជាតិកូវ៉ែត។
ស្រ្តីរាប់រយនាក់ ក្នុងសម្លៀកបំពាក់រ៉ូបប្រពៃណីពណ៌ខ្មៅ អង្គុយនៅកន្លែងដាច់ពីគ្នាមួយ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានហោះក្រវែលពីលើក្បាលហើយប៉ូលិសបានឈរតម្រៀបគ្នានៅតាមផ្លូវជុំវិញទីលានដែលស្ទះចរាចរណ៍នោះ។
អ្នកចាត់ការសន្តិសុខកុំព្យូទ័រលោក អាប៊ូ អាប់ឌុលឡះបាននិយាយថា៖«រដ្ឋាភិបាល ពិតជាចង់បានសភាមួយដែលធ្វើអ្វីគ្រប់យ៉ាងតាមពួកគេចង់បាន។ ពួកគេកំពុងលេងជាមួយរដ្ឋធម្មនុញ្ញយើង»។
អ្នកគ្រប់គ្រងប្រព័ន្ធអប់រំអ្នកស្រីហ្វាទីម៉ា អាល់-បាដះ បានថ្លែងថា៖
«ការសម្រេចចិត្តផ្លាស់ប្តូរច្បាប់បោះឆ្នោតបានកើតចេញពីមេដឹកនាំ។ វាត្រឹមត្រូវជាងប្រសិនបើ បញ្ហានេះ ត្រូវបានគេពិភាក្សាក្នុងសភា។ ក្រោមប្រព័ន្ធថ្មីនោះ វានឹងកាន់តែងាយស្រួលក្នុងការទិញសន្លឹកឆ្នោត»។
ក្នុងការបន្ទរដោយមនសិការអំពីពាក្យស្លោកបះបោរដែលគេប្រើនៅតំបន់ផ្សេងទៀតនៅពិភពអារ៉ាប់ អ្នកតវ៉ាខ្លះ បានស្រែកព្រមៗគ្នាថា«ពលរដ្ឋចង់លុបចោលច្បាប់បោះឆ្នោត»៕ NR
ភ្នំពេញ ប៉ុស្តិ៍






