ក្រុងអ៊ីស្លាម៉ាបាដៈក្រុមមន្ត្រី បាននិយាយថា ប៉ាគីស្ថានមានផែនការផ្តល់កិត្តិយសដល់សកម្មជនអប់រំសិក្សាជាសិស្សស្រី នាង ម៉ា ឡាឡា យូហ្សូហ្វហ្សៃ ដែលត្រូវក្រុមតាលីបង់បាញ់ប្រហារដោយបើកសាលារៀនជាពិសេសក្រោមឈ្មោះរបស់នាងសម្រាប់កុមារ ក្រីក្រទាំងឡាយ។
ប្រធានគណៈកម្មាធិការជាតិដើម្បី អភិវឌ្ឍន៍មនុស្ស អ្នកស្រីណាហ្វី សាសះបាននិយាយថា៖ «សាលាម៉ាឡាឡា ត្រូវបានគេគ្រោងបើកសម្រាប់១៦តំបន់នៅជុំវិញប្រទេសប៉ាគីស្ថាន»។
អ្នកស្រីសះ បានបញ្ជាក់ថា បំណងនេះគឺដើម្បីផ្តល់ឲ្យកុមារនៅក្នុងតំបន់ដែលមានឱកាសសិក្សាតិចតួចទាំងនោះមានឱកាស បាន ចូលរៀនប៉ុន្តែបានបន្ថែមថា ប្រាក់ សម្រាប់គម្រោងនេះ គេនៅមិនទាន់រកបាននៅឡើយទេ។
លោកស្រីសះបានបន្តទៀតថា៖ «យើងបានបង្ហាញទីតាំងហើយនឹងចាប់ផ្តើមផែនការរៃអង្គាសឆាប់ៗនេះដើម្បីរកហិរញ្ញវត្ថុសម្រាប់សាលារៀនទាំងនេះ»។
សាលានីមួយៗនឹងមានបន្ទប់រៀនពីរ វេរ៉ង់ដាមួយ បង្គន់មួយ និងទីទំនេរសម្រាប់ការពង្រីកសំណង់បើសិនជាចាំបាច់។ វានឹងចំណាយប្រាក់ពី៨២២០ ទៅ១ម៉ឺនដុល្លារ និងផ្តល់ការអប់រំសម្រាប់ថ្នាក់មូលដ្ឋានដល់សិស្សានុសិស្សទាំងពីរភេទ។
រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសពីផែនការចំណាយប្រាក់សម្រាប់ក្រុមគ្រួសារក្រីក្រដែលបានបញ្ជូនកូនៗពួកគេទៅរៀន ហើយប្រសិតអប់រំអ.ស.ប. លោកហ្គ័រដុនប្រានបានធ្វើការពិភាក្សានៅក្រុងអ៊ីស្លាម៉ាបាដ កាលពីចុងសប្តាហ៍ដើម្បីចាប់ផ្តើមផែនការនាំកុមារមិនបានចូលរៀនចំនួនជាង៥លាននាក់មកកាន់ថ្នាក់រៀន។
ខ្មាន់កាំភ្លើងតាលីបង់បានបាញ់ នាងម៉ាឡានៅលើរថយន្តក្រុងសាលាពីខែមុនប៉ុន្តែកុមារីវ័យ១៥ឆ្នាំ រូបនេះនៅមានជីវិត ហើយភាពក្លាហានរបស់នាងបានយកឈ្នះទឹកចិត្តមនុស្សរាប់លាននាក់ទូទាំងពិភពលោករហូតធ្វើឲ្យអ.ស.ប.ប្រកាស«ទិវាសកម្មភាពពិភពលោក» សម្រាប់នាងពីថ្ងៃសៅរ៍មុន។
ក្រុមគ្រូពេទ្យ បាននិយាយថា ម៉ាឡាឡា ដែលកំពុងព្យាបាលនៅ ក្រុងឡុងដ៍មានលក្ខខណ្ឌសុខភាព នឹងនរល្អ៕ IN
ភ្នំពេញ ប៉ុស្តិ៍







