Headlines:

​ផ្ទុះ​គ្រាប់​​នៅ​អ៊ីរ៉ាក់​​សម្លាប់​មនុស្ស​ជិត​៣០​



121116_18b
ក្រុម​អ្នក​ស្រុក​ពិនិត្យកន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ក្រុងគឺគួក។ Reuters

ក្រុង​បាក​ដាដ​: ការ​បំផ្ទុះ​គ្រាប់ បែក​ក្នុង​រថ​យន្ត​ជា​ច្រើន​និង​ការ​ផ្ទុះ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៦​នាក់​និង​ជាង​១០០​នាក់​ទៀត​បាន​រង​របួស​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ាក់​។

យោង​តាម​ប្រភព​ប៉ូលិស​ឲ្យ​ដឹង​ថា នៅ​ក្រុង​បាក​ដាដ​គ្រាប់​បែក​ក្នុង​រថយន្ត​ដែល​យក​ក្បួន​រថយន្ត​របស់​ឧត្ដម​សេនីយ៍​កង​ទ័ព​ម្នាក់​ជា​គោល​ដៅ​បាន​ផ្ទុះ​ឡើង​នៅ​ក្បែរ​សណ្ឋាគារ​ប៉ាឡេស្ទីន​ក្នុង​តំបន់​មួយ​ដែល​ជន​បរទេស​ចូល​ចិត្ត​ដោយ​សម្លាប់​ឆ្មាំ​ការពារ​ម្នាក់​នៅ​ក្នុង​ក្បួន​រថ​យន្ត​។​លោក​ឧត្ដម​សេនីយ៍​កាស៊ីម នូរី ទទួល​បន្ទុក​សន្តិ​សុខ​ក្រុង​បាក​ដាដ​មិន​មាន​រង​របួស​ទេ។

ការ​ផ្ទុះ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​បំផុត​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​គឺ​គួក​ជា​ខេត្ត​សម្បូរ​ប្រេង​ចម្រុះ​ជន​ជាតិ​ដែល​មាន​ជម្លោះ​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់​ដែល​ជា​រឿយៗ​ជា​គោល​ដៅ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​ព្យាយាម​សាប​ព្រោះ​អំពើ​ហិង្សា​សហគមន៍​ដែល​មនុស្ស​យ៉ាង​តិច​៩​នាក់​ត្រូវ​បាន​សម្លាប់​និង​៣៩​នាក់​ទៀត​បាន​រង​របួស​។

នៅ​ភាគ​ខាង​ត្បូង​ក្រុង​បាក​ដាដ​ក្នុង​ភូមិ​ម៉េ​ថា​ទីយ៉ា​ក្បែរ​តំបន់​ហ៊ីល​ឡា​គ្រាប់​បែក​ក្នុង​រថ​យន្ត​មួយ​បាន​ផ្ទុះ​នៅ​ក្នុង​តំបន់​ផ្សារ​ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​១០​នាក់​និង​៩​នាក់​ទៀត​រង​របួស​។

ដោយ​រាយ​ការណ៍​ពី​ក្រុង​បាកដាដ​ទូរទស្សន៍​អាល់​ហ្សា​ជេរ៉ា​បាន​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​គឺ​ជា​«​សញ្ញា​នៃ​អំពើ​ហិង្សា​មួយ​»​ដែល​នៅ​តែ​ញាំ​ញី​អ៊ីរ៉ាក់។

ទូរ​ទស្សន៍​នេះ​បាន​បន្ថែម​ថា៖

«​នៅ​ក្នុង​ក្រុង​គឺ​គួក​ជា​ទីក្រុង​មាន​ជម្លោះ​មួយ​រវាង​ក្រុម​អារ៉ាប់​អម្បូរ​ឃើដ និង​ជនជាតិ​តួក​គី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​យ៉ាង​តិច​បី​គ្រាប់​គឺ​មួយ​គ្រាប់​នៅ​មុខ​ការិយាល័យ​វិហារ​ឃើដ​ធំ​មួយ មួយ​គ្រាប់​ទៀត​យក​ការិយា​ល័យ​បក្ស​តួកគី​ជា​គោល​ដៅ និង​មួយ​គ្រាប់​ចុង​ក្រោយ​វាយ​ប្រហារ​ផ្លូវ​ធំ​មួយ​។ នោះ​គឺ​ជា​ការ​បន្ថែម​ពី​លើ​ការ​បំផ្ទុះ​ក្នុង​រថ​យន្ត​នៅ​ក្នុង​ទីក្រុង​ហ៊ីល​ឡា​និង​មួយ​ទៀត​នៅ​ក្រុង​បាក​ដាដ​ដែល​បាន​យក​ឧត្ដម​សេនីយ៍​កង​ទ័ព​ជា​គោលដៅ»។

គ្រាប់​បែក​ក្នុង​រថ​យន្ត​មួយ​ទៀត​បាន​ផ្ទុះ​នៅ​ក្នុង​ទីប្រជុំ​ជន​អាល់​ហ៊ូហ្វ​រីយ៉ះ​នៃ​ខេត្ត​វ៉ាស៊ីត ចម្ងាយ​ប្រហែល​៧០​គ.ម​ខាង​ត្បូង​ទីក្រុង​បាក​ដាដ។

ប្រភព​ពី​មន្ទីរពេទ្យ​ទីនោះ​បាន​និយាយ​ថា មនុស្ស​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​និង​៨​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​នៅ​ក្បែរ ភោជនីយដ្ឋាន​មួយ​។

គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​គ្រាប់​ក៏​បាន​ផ្ទុះ​នៅ​តំបន់​បាជី​ខាង​ជើង​ក្រុង​បាកដាដ ជាទី​តាំង​រោងចក្រ​ចម្រាញ់​ប្រេង​ធំ​មួយ និង​មួយ​គ្រាប់​ទៀត​នៅ​តំបន់​បាឡាត់ រូស ក្នុង​ខេត្ត​ឌី​យ៉ាឡា គ្រាន់​តែ​របួស​ជាង​១០​នាក់៕​ PN