ក្រុងតេអេរ៉ង់ៈ យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថាមេដឹកនាំកំពូលអ៊ីរ៉ង់ បានបញ្ជាឲ្យសភាបញ្ចប់ការចោទសួរលោកម៉ះមូដអះម៉ាឌីនេចាដ ជុំវិញធ្លាក់ចុះរូបិយប័ណ្ណ និងវិបត្តិសេដ្ឋកិច្ចជាតិ។
ទីភ្នាក់ងារព័ត៌មាន IRNA បាននិយាយកាលពីថ្ងៃពុធថាលោក អាយ៉ាតូឡះអាលី ខាម៉េណីបព្វជិតវ័យ៧៣ឆ្នាំដែលកាន់អំណាចកំពូលបានសម្តែងកង្វល់ថាការចោទសួរ មុខសភានោះ នឹងផ្តល់ប្រយោជន៍ដល់ក្រុមសត្រូវរបស់អ៊ីរ៉ង់។
លោក ខាម៉េណី និងលោក អះម៉ាឌីនេចាដ មានការខ្វែងគំនិតគ្នាជាច្រើនខែហើយ ហើយវាហាក់ដូចជាថា ក្រុមប្រឆាំងក្នុងសភារបស់ប្រធានាធិបតីរូបនោះ កំពុងដើរតួក្នុងនាមមេដឹកនាំកំពូល នៅពេលដែលពួកគេបានកោះហៅលោកមកសាកសួរ។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តប្រធានាធិបតីរបស់អ៊ីរ៉ង់ហើយដែលលោក អះម៉ាឌីនេចាដ ត្រូវបានគេកោះហៅមកសភាដើម្បីសាកសួរកាលពីខែមីនា។
ប៉ុន្តែលោកអាយ៉ាតុលឡះ ដែលមានសិទ្ធិសម្រេចចុងក្រោយលើបញ្ហារដ្ឋទាំងអស់ បាននិយាយថា៖«យើងទាមទារឲ្យតំណាងរាស្រ្តជាទីគោរពទាំងអស់កុំបន្តការកោះហៅនោះ»។
ដោយថ្លែងសំដៅចំពោះលោកខាងលិច មេដឹកនាំកំពូលរូបនេះ បានថ្លែងថា នៅពេលដែលកង្វល់របស់សភាអំពីសេដ្ឋកិច្ចជារឿងវិជ្ជមាន ការចោទសួរប្រធានាធិបតីនៅមុខស្ថាប័ននេះគឺ«ជាអ្វីដែលសត្រូវចង់បាន»។
លោកខាម៉េណី បានបន្តថា៖ «ប្រទេសនេះ ត្រូវការភាពស្ងប់ស្ងាត់។ ក្រុមអាជ្ញាធរ ក៏ត្រូវការវាផងដែរដើម្បីធ្វើកិច្ចការរបស់ពួកគេ។ ពលរដ្ឋ ក៏ចង់បានសន្តិភាពផងដែរ។
សមាជិកសភា៧៧រូប ធ្លាប់បានគាំទ្រផែនការឈ្លេចសួរលោក អះម៉ាឌីនេចាដ ហើយសំណួរជាច្រើន ត្រូវគេរំពឹងថានឹងផ្តោតលើការធ្លាក់ចុះនូវរូបិយប័ណ្ណជាតិ និងអ្វីដែលពួកគេ បាននិយាយថា ជាចំណាត់ការលៃលកមិនត្រឹមត្រូវនូវប្រាក់ដុល្លារឧបត្ថម្ភដោយរដ្ឋាភិបាលដែលមានកម្រិតរួមមានការនាំចូលរថយន្តពីបរទេសរាប់ពាន់គ្រឿងផងដែរ។
ទីភ្នាក់ងារព័ត៌មាន Mehr បានរាយការណ៍ថា អ្នកនាំពាក្យម្នាក់ក្រុមសមាជិកសភានោះ លោក អាវ៉ាស់ ហី ដាពួរ បានបញ្ជាក់ថាការកោះហៅនេះ ត្រូវបានគេដកវិញបន្ទាប់ពីការស្នើសុំពីលោកខាម៉េណី។
ប្រធានសភា លោកអាលី ឡារីចានី បានទទួលស្គាល់ការទាមទាររបស់លោកខាម៉េណីដែលថា សភាមិនត្រូវបន្តការកោះហៅមក ចោទសួរទៀតទេ៕ NR
ភ្នំពេញ ប៉ុស្តិ៍







