Headlines:

លោក​ប្រាហ៊ីមី​៖​ស្ថានភាព​នៅ​ស៊ីរី​គួរ​ឲ្យ​ព្រួយ​បារម្ភ



121226_18a
ប្រេសិត​សន្តិ​ភាព​អ.ស.ប.សម្ព័ន្ធ​អារ៉ាប់ លោកប្រាហ៊ីមី (ឆ្វេង) ជួបជាមួយប្រ​ធានាធិបតី​ស៊ីរី លោក​អាសាដ ក្នុង​ក្រុង​ដាម៉ាស កាលពី​ថ្ងៃចន្ទ​។ Reuters

ក្រុង បៃរូត: បន្ទាប់​ពី​ពិភាក្សា​ជាមួយ​លោក បាសារ អាល់​អាសាដ​ប្រធានា​ធិបតី​ស៊ីរី លោក​ឡាក់ដារ ប្រាហ៊ីមី ប្រេសិត​សម្ព័ន្ធ​អ.ស.ប.និង​អារ៉ាប់​ប្រចាំ​ស៊ីរី​បាន​ថ្លែង​ថា ស្ថានភាព​ស៊ីរី «គួរ​ឲ្យ​ព្រួយ​បារម្ភ»​និង​ពុំ​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ចំពោះ​ដំណោះ​ស្រាយ​ចរចា ដើម្បី​សង្គ្រាម​ស៊ីវិល​នោះ​ទេ។

បន្ទាប់​ពី​ជំនួប​របស់​លោក​ជាមួយ​លោក អាសាដ ក្នុង​ក្រុង​ដាម៉ាស​ពី​ថ្ងៃចន្ទ​លោក​ប្រាហ៊ីមី បាន​ថ្លែង​ថា៖ «ស្ថានភាព​នៅ​ស៊ីរី​នៅ​តែ​គួរ​ឲ្យ​បារម្ភ​ហើយ​យើង​សង្ឃឹម​ថា​គ្រប់​ភាគី​នឹង​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ដែល​ពលរដ្ឋ​ស៊ីរី​កំពុង​តែ​សង្ឃឹម​និង​ទន្ទឹង​រង់​ចាំ​»។

ប្រេសិត​អ.ស.ប.បាន​និយាយ​ថា លោក​និង​លោក​ប្រធានា​ធិបតី​អាសាដ បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​ស្ដី​ពី​វិបត្តិ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៤៤​០០០​នាក់​និង​ពិភាក្សា​ពី​លទ្ធភាព​វិធានការ​ទៅ​មុខ​ដែល​លោក​មិន​បាន​បង្ហាញ។

លោក ប្រាហ៊ីមី បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «​ខ្ញុំ​បាន​ជម្រាប​គាត់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​មើល​ឃើញ​ពី​ក្រៅ​ប្រទេស​និង​ពី​ជំនួប​ដែល​ខ្ញុំ​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​ផ្សេងៗ​នៅ​ក្នុង​តំបន់​និង​នៅ​បរទេស»​។

ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​របស់​ស៊ីរី​បាន​ស្រង់​សម្ដី​លោក អាសាដ ដែល​បាន​និយាយ​ថា រដ្ឋាភិបាល​លោក​គាំទ្រ​តែ​«​កិច្ច​ប្រឹង​ប្រែង​ណា​ស្ថិត​ក្នុង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ស៊ីរី​ដែល​ការពារ​អធិបតេយ្យ​ភាព​និង​ឯករាជ​ភាព​របស់​មាតុ​ភូមិ​»។

បេសកកម្ម​របស់​លោក ប្រាហ៊ីមី បាន​ធ្វើ​ឡើង​ខណៈ​ក្រុម​សកម្ម​ជន​បាន​រាយ​ការណ៍​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខេត្ត​ហាម៉ា​ភាគ​កណ្ដាល​ដែល​ក្រុម​ខ្មាន់​កាំ​ភ្លើង​ប្រឆាំង​រដ្ឋាភិបាល​បាន​ចូល​ដល់​ប្រជុំជន​ម៉ាន់ របស់​និកាយ​អាឡាវីតេ​ច្រើន​លើស​លប់​។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​សកម្ម​ជន​បាន​ចោទ​របប​លោក អាសាដ ពី​បទ​ប្រើ​គ្រាប់​បែក​ឧស្ម័ន​ពុល​នៅ​ក្រុង​ហូម ភាគ​កណ្ដាល។

ក្រុម​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​ស្រង់​សម្ដី​ក្រុម​សកម្ម​ជន​ក្រុង​ហូម​ដូច​ដែល​បាន​និយាយ​ថា ឧទ្ទាម​៦​នាក់​បាន​ស្លាប់​ក្នុង​សង្កាត់​ពីរ​នៅ​រាត្រី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ថប់​ផ្សែង​ស​ដែល​ចេញ​ពី​គ្រាប់​ផ្លោង​គេ​បាញ់​ចូល៕ PN