ភ្នំពេញៈ កម្ចី និងបញ្ញើសរុបនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(MFI)កម្ពុជាក្នុង ត្រីមាសទី១ ឆ្នាំនេះ នៅតែបន្តកើនឡើងទោះបីវាជារដូវមិនសូវសម្បូរអតិថិជន សម្រាប់ឧស្សាហកម្មនេះក្តី។ នេះបើតាមមន្ត្រី MFI។
កម្ចីមិនទាន់សងបានកើនឡើងដល់៧០៨លានដុល្លារគិតត្រឹមថ្ងៃទី៣១ ខែមីនា ពោលគឺកើនឡើង ៩,៨ភាគរយ ចាប់ពីត្រីមាសចុងក្រោយ ឆ្នាំ២០១១មក។ នេះបើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ នៅពេលនោះដែរ ប្រាក់បញ្ញើ បានកើនឡើងដល់ ១៤១,១៤លានដុល្លារ គឺកើនឡើង ២៣,៤ភាគរយ។ កម្ចីមិនដំណើរការ(NPL) បានធ្លាក់ចុះពី ០,៤ភាគរយ មកនៅត្រឹម ០,១ភាគរយ។
លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត បានឲ្យដឹងថា៖ «សេដ្ឋកិច្ចរបស់យើង កំពុងរីកចម្រើន ដោយសារយើងសង្កេតឃើញវិស័យទាំងអស់ កំពុងរីកចម្រើន។ ប្រជាជន ត្រូវការប្រាក់ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន»។
លោក ជា ផល្លារិន បានឲ្យដឹងថា ទោះបីជាមានការកត់សម្គាល់ឃើញអំពីផលប៉ះពាល់ពីវិបត្តិបំណុលនៅ អឺរ៉ុបក៏ដោយ ប៉ុន្តែកម្ចីសរុបនៅអម្រិត បានកើនឡើង១៥ភាគរយ និងប្រាក់បញ្ញើសរុប ១៩ភាគរយ នៅចន្លោះត្រីមាសទីបួន ឆ្នាំ២០១១ និងត្រីមាសទីមួយឆ្នាំនេះ ហើយ NPL បានធ្លាក់ចុះពី០,៧ភាគរយ មកនៅត្រឹម ០,៥ភាគរយ។
លោក ហួត អៀងតុង អ្នកគ្រប់គ្រងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានចង្អុលបង្ហាញអំពីលទ្ធផលល្អស្រដៀងគ្នានេះដែរ។ លោកបានលើកឡើងថា៖ «កម្ចី និងបញ្ញើរបស់យើង បានកើនឡើងដល់គោលដៅកំណត់។ តាមនិន្នាការនេះ យើងសង្ឃឹមថានឹងកើនឡើងប្រហែល ៣០ភាគរយនៅចុងឆ្នាំនេះ ដោយសារសេដ្ឋកិច្ចរបស់យើងនៅតែកើនឡើង»។
កំណើននៅតែមាន ទោះបីក្នុងរយៈពេលនេះជារដូវធ្លាក់ចុះសម្រាប់ឧស្សាហកម្ម នេះដោយសារដំណាំត្រូវបានប្រមូលផលនៅត្រីមាសទីមួយឆ្នាំនេះក៏ ដោយ។
លោក ស៊ឹម សេនាជាតិ ប្រធាន និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឲ្យដឹងថា៖ «កំណើនអត្រាផលបត្រក្នុងអំឡុងត្រីមាសទីមួយ មានអត្រាទាប ហើយចំនួនអ្នកខ្ចីបានធ្លាក់ចុះដោយសារវាជារយៈពេលសងប្រាក់ច្រើនសម្រាប់បំណុលកសិកម្ម»។ លោកបានបន្ថែមថា កម្ចីតិចតួច ត្រូវបានផ្តល់ដល់អតិថិជន ក្នុងរយៈពេលនោះ ប៉ុន្តែវានៅតែកើនឡើង។
តាមលោក ស៊ឹម សេនាជាតិ កម្ចីសរុបរបស់ប្រាសាក់ នៅត្រីមាសដំបូង បានកើនឡើងនៅត្រីមាសទី១ ចំនួន៣,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ហើយបានកើនឡើង៣៣,៥ភាគរយបើធៀបទៅនឹងត្រីមាសទី៤ឆ្នាំ២០១១ ។ ទោះបីជាយ៉ាងនេះក្តី ចំនួនអ្នកខ្ចី បានធ្លាក់ចុះ ៦ភាគរយ ចាប់ពីត្រីមាសទីបួន ខណៈពេលដែលកើនឡើង៤,៧ភាគរយ ធៀបនឹងឆ្នាំមុន។
លោកបានបញ្ជាក់ថា បញ្ញើសរុបរបស់ប្រាសាក់បានកើនឡើង៤៦ភាគរយ រហូតដល់ ៨,៨លានដុល្លារធៀបនឹងត្រីមាសមុន និង ៣ ០០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
លោកបានលើកឡើងថា៖ «នេះជាកំណើនខ្លាំង ដោយសារយើងចាប់ផ្តើមទទួលប្រាក់បញ្ញើ កាលពីខែមេសា ឆ្នាំមុន ហើយលក្ខខណ្ឌទទួល ក៏ល្អសម្រាប់អ្នកផ្ញើផងដែរ»។
លោក ស៊ឹម សេនាជាតិ បានព្យាករថា ឧស្សាហកម្ម MFI នឹងមានកំណើនយ៉ាងឆាប់រហ័ស ចាប់ពីចុងត្រីមាសទីពីរទៅ គឺកើនឡើង ៣០ភាគរយ ទៅ ៤០ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំ៕ CS
ភ្នំពេញ ប៉ុស្តិ៍

