យានជំនិះ ជាមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងផ្លូវជិត និងផ្លូវឆ្ងាយ។ នៅក្នុងសម័យកាលបច្ចេកវិទ្យារីកចម្រើននេះ យានយន្ដទំនើបៗបានក្លាយជាចំណាប់អារម្មណ៍ដ៏ពេញនិយមរបស់យុវវ័យ កម្ពុជាមួយចំនួន ដែលពួកគេគិតថា វាគឺជាសម្ភារសម្រាប់បង្កើនភាពស្រស់សង្ហា និងឡូយឆាយ។ តើមានរឿងអ្វីកើតឡើង បើពួកគេគ្មានឡាន ម៉ូតូស៊េរីថ្មីៗទាំងនោះប្រើប្រាស់?
ករណីយុវជនម្នាក់ បានលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន ព្រោះតែខឹងនឹងម្ដាយមិនព្រមទិញរថយន្ដឲ្យ នេះបើយោងតាមអត្ថបទចុះផ្សាយលើគេហទំព័រកាសែតកោះសន្តិភាព ថ្ងៃទី១១ មិថុនា ឆ្នាំ២០១២កន្លងមក។ រីឯករណីមួយទៀតដែលចុះផ្សាយកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ ២០១២ លើគេហទំព័រកម្ពុជាថ្មី បានចុះផ្សាយថា យុវជនឈាមក្ដៅម្នាក់ បានលេបថ្នាំសម្លាប់សត្វល្អិត និងបាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ព្រោះតែតូចតិចតូចថ្លើមដែលខ្លួនសុំលុយឪពុកម្ដាយទិញម៉ូតូ ស៊េរីថ្មីមិនបានសម្រេច។
បើយោងតាមការសង្កេតកន្លងមករបស់លោក ប៉ុក ច័ន្ទដារិទ្ធ ជាសមាជិកអចិន្រៃ្ដយ៍ក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាយុវជន វិទ្យាល័យឥន្ទ្រទេវី បានបង្ហាញថា សិស្សរៀននៅវិទ្យាល័យទាំងឡាយណាដែលព្យាយាមទាមទារឪពុកម្តាយ ទិញម៉ូតូស៊េរីថ្មីៗ ភាគច្រើនជាក្មេងមិនល្អ មិនសូវយកចិត្តទុកដាក់នឹងការរៀនសូត្រ ប៉ុន្ដែអ្នកទាំងនោះគិតគូរតែពីសម្ភារនិយម។ ពួកគេចង់បានម៉ូតូដើម្បីគ្រាន់តែលម្អភាពហ៊ឺហា បង្អួតសម្ញែង និងដឹកសង្សារដើរលេង ចូលផ្សារទំនើប និងក្លិបកម្សាន្តប៉ុណ្ណោះ។
លោក ច័ន្ទដារិទ្ធ បានលើកឡើងថា៖ «ពេលខ្លះ ពួកគេយកម៉ូតូដែលឪពុកម្តាយខិតខំទិញឲ្យខ្លួនសម្រាប់ជិះទៅ សាលារៀន មកជិះបង្ហោះពាលាពេញផ្លូវ ឬឆក់ប្លន់បង្កអសន្តិសុខ និងខូចសណ្តាប់ធ្នាប់សង្គម ដែលលទ្ធផលចុងក្រោយ ពួកគេអាចជាប់គុកច្រវាក់ ឬបាត់បង់ជីវិតជាយថាហេតុ»។
ប្រាកដណាស់ អ្នកណាក៏ត្រូវការសម្ភារថ្មី ទំនើបដែរ ប៉ុន្ដែទោះជាយ៉ាងនេះក្តី យើងរឹតតែត្រូវគិតពីភាពចាំបាច់របស់វា។ ជាក់ស្ដែង យុវជនប៊ុន ណារិទ្ធ អាយុ២២ឆ្នាំ ជាអាជីវករលក់គ្រឿងសំណង់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានរំឭកអំពីអតីតកាលរបស់លោកថា៖ «កាលពីខ្ញុំនៅរៀន ខ្ញុំចេះតែសុំម៉ាក់ប៉ាទិញម៉ូតូស៊េរីធំៗដែលខ្ញុំស្រឡាញ់ ពេញចិត្ដ ពីព្រោះខ្ញុំគិតថា វាមានល្បឿនលឿន ទាន់សម័យ និងឡូយសង្ហា។ ប៉ុន្តែ ដោយសារតែបញ្ហាសុវតិ្ថភាព ពួកគាត់មិនព្រមទិញឲ្យខ្ញុំទេ»។ លោកបានទទួលស្គាល់ថា បើទោះបីជាលោកបានធ្វើជាម្ចាស់ម៉ូតូធុនធំនោះក៏ដោយ ក៏វាមិនអាចជួយដល់ការសិក្សារបស់លោកឲ្យរីកចម្រើនឡើយ។
ពាក់ព័ន្ធនឹងចំណង់ចំណូលចិត្ដរបស់យុវវ័យចំពោះសម្ភារទំនើបបែប នេះ LIFT បានធ្វើការស្រាវជ្រាវតូចមួយដោយបានសាកសួរសិស្ស-និស្សិតចំនួន១៣ នាក់ ដែលស្ម័គ្រចិត្តឆ្លើយនឹងសំណួររបស់យើង។ ជា លទ្ធផលបានបង្ហាញថា សិស្ស១០នាក់ បានសារភាពថាពួកគេចង់បានឡាន ឬម៉ូតូស៊េរីថ្មីសម្រាប់ជាមធ្យោបាយធ្វើដំណើររបស់ពួកគេ ប៉ុន្ដែពួកគេក៏ទទួលស្គាល់ដែរថា ម៉ូតូស៊េរីទំនើបនេះ មានអត្ថប្រយោជន៍តិចតួចចំពោះការសិក្សា។
ដោយសារតែមិត្ដភក្ដិជុំវិញខ្លួនជិះម៉ូតូស៊េរីទំនើប យុវជន មី ចាន់សកល អាយុ១៨ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យម្នាក់ បានរំអុកម្ដាយរបស់ខ្លួនឲ្យទិញម៉ូតូស៊េរីទំនើបឲ្យខ្លួន ដើម្បីបង្អួតមិត្ដភក្ដិ។ ប៉ុន្ដែការពន្យល់ពីមូលហេតុគ្រប់បែបយ៉ាងរបស់ក្រុមគ្រួសារ បានធ្វើឲ្យលោកយល់ច្បាស់ពីចិត្ដអន្ទះសារបស់ខ្លួន ដោយបានលើកឡើងថា៖ «ខ្ញុំនៅតែចាំសម្ដីរបស់បងប្រុសដែលប្រដៅខ្ញុំថា ប៉េងប៉ោងមួយអាចហោះទៅបានដោយសារតែខ្យល់ គឺមិនមែនដោយសារតែពណ៌ដ៏ស្រស់ឆើតឆាយរបស់វាទេ។ យ៉ាងណាមិញ វាមិនខុសអីពីមនុស្សដែលឡូយឆាយគឺអាស្រ័យលើការចេះដឹង មិនមែនមានសម្ភារល្អៗប្រើនោះឡើយ»។
ទាក់ទិននឹងអត្ថប្រយោជន៍របស់រថយន្ដ ឬក៏ម៉ូតូទំនើបៗនេះ លោក សោមច័ន្ទ សុវណ្ណតារា ដែលជាសាស្រ្តាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ បានពន្យល់ប្រាប់ថា យុវវ័យជាវ័យមួយដែលចង់សាក ចង់បាន ចង់ល្អ ហើយស្ថិតក្នុងសម័យបច្ចេកវិទ្យាប្រកួតប្រជែង និងសម្ភារនិយមនេះ យានជំនិះក៏ជាគោលដៅមួយរបស់ក្រុមយុវវ័យផងដែរ។ លោកបានបន្ដថា៖ «ការពិតទៅ សម្ភារទាំងអស់នោះ គ្មានឥទ្ធិពលអ្វីអស្ចារ្យក្នុងការធ្វើឲ្យការសិក្សាបានរីក ចម្រើនឡើយ។ វាគ្រាន់តែជាគ្រឿងសម្រាប់បង្អួតគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ជួនកាល យុវវ័យខ្លះហ៊ានគំរាមឪពុកម្ដាយ គេចសាលា ដើរលេង និងសម្លាប់ខ្លួនជាដើម»។
ទោះបីជាយ៉ាងណាក៏ដោយ ចំពោះបញ្ហាទាររំអុកទិញម៉ូតូស៊េរីទំនើបៗរបស់យុវវ័យមួយចំនួន អ្នកស្រីកាយ សុវណ្ណារី អាយុ៤៨ឆ្នាំ ក្នុងនាមជាម្តាយដែលថែទាំកូន៤នាក់ បានប្រាប់ពីបទពិសោធផ្ទាល់ខ្លួនរបស់អ្នកស្រីថា៖ «ក្មេងៗចេះតែចង់បានសម្ភារទំនើបៗដើម្បីជិះបង្អួតគ្នា ប៉ុន្ដែសំខាន់យើងជាឪពុកម្ដាយត្រូវចេះប្រើសម្ដីលួងលោមពន្យល់ ហេតុផល និងប្រដែប្រដៅពួកគេ»។ អ្នកស្រី បានពន្យល់ប្រាប់ពីមូលហេតុដែលមិនទិញម៉ូតូថ្មីឲ្យកូនថា៖ «យើងមិនស្អប់កូន ឬក៏ស្រឡាញ់កូនលម្អៀងនោះទេ ប៉ុន្ដែដោយសារតែឪពុកម្ដាយមិនសូវធូរធារ ហើយណាមួយទៀតខ្លាចកូនភ្លើតភ្លើនបង្កគ្រោះថ្នាក់ផ្សេងៗ ពិសេសបារម្ភពីសុវតិ្ថភាពរបស់ពួកគេផ្ទាល់ទើបមិនព្រមទិញឲ្យ»។
ដោយឈរលើទស្សនៈស្រដៀងគ្នានេះដែរ លោក ច័ន្ទដារិទ្ធ បានសំណូមពរដល់អាណាព្យាបាលសិស្សទាំងអស់កុំបណ្តោយតាមទំនើងចិត្ត របស់កូនពេក ជាពិសេសការទាររំអុកទិញសម្ភារទំនើបៗ ពីព្រោះវាអាចបណ្តាលមកពីបំណងអ្វីមួយជាក់ជាមិនខាន។ អាណាព្យាបាលគួរតែប្រុងប្រយ័ត្ន និងតាមដានការសិក្សារបស់ពួកគេឱ្យបានល្អ។
លើសពីលើនេះដែរ លោកសាស្រ្តាចារ្យ សោមច័ន្ទ សុវណ្ណតារា ក៏បានលើកឡើងទៀតថា៖ «ម៉ូតូ ឬឡានទំនើបៗ អ្នកណាក៏ចង់បានដែរ ប៉ុន្តែក្នុងនាមយើងជាកូន យើងគួរគប្បីពិចារណាពីផលវិជ្ជមាន និងអវិជ្ជមានរបស់វា ជាពិសេសត្រូវមើលពីស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារខ្លួនយើង ជាមុនសិន»។
សរុបមក ការរៀបរាប់ខាងលើ បានសបញ្ជាក់ថា ក្នុងនាមជាយុវជន និងជាសិស្សនិស្សិតមួយរូប គួរតែចេះថ្លឹងថ្លែងពីទម្ងន់នៃចំណង់ និងត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងកុំឲ្យភ្លើតភ្លើនតាម សម្ភារអូសទាញទាំងនោះ រហូតដល់ថ្នាក់គេចសាលា គំរាមឪពុកម្តាយ ឬសម្លាប់ខ្លួននោះឡើយ។ យុវជនទាំងអស់គប្បីបង្ហាញនូវភាពឡូយឆាយ ហ៊ឺហារបស់ខ្លួនតាមរយៈចំណេះវិជ្ជា និងស្នាដៃការងារជាជាងការប្រើប្រាស់សម្ភារស៊ីវិល័យទំនើបៗ ដែលអាចបង្កជាគ្រោះថា្នក់ដល់ខ្លួន៕
ភ្នំពេញ ប៉ុស្តិ៍

