ចង់មិនចង់ សវនាការបឋម លើសម្បទារបស់ជនជាប់ចោទ រយៈពេល ៣ ថ្ងៃ ដែលបានបញ្ចប់ កាលពីថ្ងៃម្សិលមិញវាអាចជាសញ្ញាប្រកាសអាសន្នមួយ សម្រាប់សាលាក្តីខ្មែរក្រហម នៅពេលដែលសាលាក្តីកូនកាត់មួយនេះ ហាក់ដូចជាមានការយឺតយ៉ាវយ៉ាងខ្លាំង ក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ ខណៈដែលជនជាប់ចោទទាំង ៤ នាក់មានវ័យកាន់តែចាស់ជរាយ៉ាងខ្លាំងទៅហើយនោះ។
នៅក្នុងសវនាការបឋម លើសម្បទារបស់ លោកនួន ជា និងលោកស្រី អៀង ធីរិទ្ធ លោក សាស្ត្រាចារ្យ Jonh Campbell គ្រូពេទ្យជំនាញខាងមនុស្សចាស់ មកពីប្រទេសនូវែលសេឡង់ ដែលត្រូវបានតែងតាំងដោយសាលាក្តី ក្នុងការតាមដាន និងត្រួតពិនិត្យ ទៅលើស្ថានភាព របស់ជនត្រូវចោទទាំងពីរនាក់ បានផ្តល់ជាកសិណសាក្សី នៅក្នុងសវនាការថា អៀង ធីរិទ្ធ អាចមានជំងឺបាត់បង់ការចងចាំ (Alzheimer) ធ្ងន់ធ្ងរ ឬជំងឺវិកលចរិត។
លោកស្រី អៀង ធីរិទ្ធ ដែលមានវ័យ ៧៩ ឆ្នាំទៅហើយនោះ ត្រូវជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ដោយសារតែតួនាទីរបស់គាត់ ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៅក្នុងរបបខ្មែរក្រហមនោះ បានបាត់បង់ស្មារតីម្តង នៅក្នុងសវនាការថ្ងៃទី ១ កាលពីថ្ងៃចន្ទ ហើយត្រូវបានចំណាយពេលយ៉ាងយូរ នៅក្នុងបន្ទប់រង់ចាំរបស់តុលាការ។ នៅក្នុងសវនាការទាំងបីថ្ងៃ លោកស្រី អៀង ធីរិទ្ធ មើលទៅ ក៏ហាក់បីដូចជាភាំងៗ វង្វេងៗផងដែរ។
ចំណែកលោក នួន ជា បងធំទីពីរ ដែលគេដឹងថា គឺជាអ្នករៀបចំតាក់តែងគោលនយោបាយ សម្រាប់ក្បាលម៉ាស៊ីនដឹកនាំនៃរបបខ្មែរក្រហម បើទោះបីជាមិនបានរកឃើញពីស្ថានភាពធ្ងន់ធ្ងរ នៃសម្បទារបស់គាត់ក្តី ក៏បញ្ហាសម្ពាធឈាមឡើងខ្ពស់ និងវ័យចាស់ជរារបស់គាត់ ដែលមិនអាចអង្គុយស្តាប់សវនាការបានយូរ វាក៏នៅតែជាការព្រួយបារម្ភដូចគ្នាផងដែរ។ រីឯជនត្រូវចោទពីររូបទៀត គឺ លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស វ័យ ៨៥ ឆ្នាំ និងលោក ខៀវ សំផន អតីតប្រធានគណប្រធានរដ្ឋ វ័យ ៨០ ឆ្នាំ ក៏កំពុងរួមរឹតទៅដោយជំងឺតម្កាត់ប្រចាំកាយជាច្រើនប្រភេទផងដែរ ថ្វីបើពួកគាត់ មិនត្រូវបានបើកសវនាការបឋម លើសម្បទារបស់ពួកគាត់ក្តី។
ជនត្រូវចោទទាំង ៤ រូប នៅក្នុងសំណុំរឿង ០០២ នេះ គឺជាស្នូលក្នុងការស្វែងរកយុត្តិធម៌ សម្រាប់ជនរងគ្រោះ ដែលត្រូវបានសម្លាប់រហូតដល់ទៅជាង ១ លាន ៧ សែននាក់ នៅក្នុងរបបអាវខ្មៅ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
បើតាមមជ្ឈមណ្ឌលឯកសារកម្ពុជា សម្បទារបស់ជនជាប់ចោទ គឺសំដៅទៅលើសមត្ថភាពរបស់ជនជាប់ចោទ ក្នុងការចូលរួមនៅក្នុងដំណើការសវនាការ។ សមត្ថភាពរបស់ជនជាប់ចោទ រួមមានទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ជនជាប់ចោទ អាចត្រូវបានកំណត់ថា មានសម្បទាគ្រប់គ្រាន់តាមផ្លូវច្បាប់ ក្នុងការចូលរួមនៅក្នុងដំណើរការសវនាការបាន លុះត្រាតែជនជាប់ចោទ មានលទ្ធ-ភាព ឬសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តសិទ្ធិទទួលបានការកាត់ក្តីដោយត្រឹមត្រូវ និងយុត្តិធម៌របស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើជនជាប់ចោទត្រូវបានរកឃើញថា មិនមានសម្បទាគ្រប់គ្រាន់ ខាងសុខភាពផ្លូវកាយ ឬផ្លូវចិត្ត ដើម្បីចូលរួមនៅក្នុងដំណើរការសវនាការទេ តុលាការមិនអាចបន្តការកាត់ក្តី លើជនជាប់ចោទបានឡើយ ហើយត្រូវផ្អាកនីតិវិធីជាបណ្តោះអាសន្ន ដើម្បីរង់ចាំការព្យាបាលជនជាប់ចោទ រហូតដល់ជាសះស្បើយ ទើបអាចបន្តនីតិវិធីទៀតបាន។
ប្រសិនបើដូច្នេះមែន តើគ្រូពេទ្យ អាចធ្វើឲ្យសម្បទារបស់មនុស្សចាស់ជរា ដែលមានវ័យ ៧៩ ឆ្នាំ ៨៥ ឆ្នាំ បានប្រសើរឡើងវិញឬទេ? ប្រសិនបើមិនអាចធ្វើឲ្យសុខភាពរបស់ពួកគាត់បានប្រសើរឡើង សាលាក្តីនៅតែបន្តអូសបន្លាយពេលវេលា រហូតដល់ពួកគាត់ត្រូវចាស់ស្លាប់អស់ឬ? សាធារណជនជាច្រើន បានស្តីបន្ទោសថា សាលាក្តីខ្មែរក្រហម មានភាពយឺតយ៉ាវខ្លាំងណាស់ ក្នុងការដំណើរការរឿងក្តីទៅលើជនត្រូវចោទវ័យជរាទាំង ៤ រូប។
សាលាក្តីខ្មែរក្រហម បានចាប់ផ្តើមបើកដំណើរការជាលើកដំបូង ចាប់តាំងពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០០៦ ក្រោយពីរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានអូសបន្លាយពេលវេលា ក្នុងការចរចា បង្កើតសាលាក្តីនេះអស់រយៈពេលរហូតដល់ប្រមាណជា ៨ ឆ្នាំ។ ជនត្រូវចោទទាំង ៤ រូប ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងឆ្នាំ ២០០៧។ បើគិតចាប់តាំងពីថ្ងៃចាប់ខ្លួន រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៤ ឆ្នាំហើយ ពោលគឺចាប់តាំងពីជនត្រូវចោទ នៅមានសម្បទាមាំមួន រហូតដល់មានសម្បទាចាស់ទ្រុឌទ្រោម ដើរខ្លួនឯងលែងចង់រួច នៅពេលនេះ។
មែនទែនទៅ ការស្វែងរកយុត្តិធម៌ នៅក្នុងសំណុំរឿងប្រល័យពូជសាសន៍ដ៏ធំមួយ កាលពី ៣០ ឆ្នាំមុន វាមិនមែនជាការងាយស្រួលពេកនោះទេ ប៉ុន្តែវាក៏មិនមានការពិបាកខ្លាំងពេកនោះដែរ នៅពេលដែលភស្តុតាង និងសាក្សីជាច្រើន គេនៅអាចស្វែងរកបាន នៅពាសពេញផ្ទៃប្រទេសនៅឡើយ ហើយមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam បានប្រមូលចងក្រងឯកសារទាំងនេះទុក តាំងពីច្រើនឆ្នាំមកហើយស្រាប់នោះ។
នៅក្នុងសវនាការ កាលពីថ្ងៃទី ៣០ ខែមិថុនាកន្លងមក លោក ខៀវ សំផន ដែលមើលទៅ ហាក់ដូចជាមានសុខភាពរឹងមាំជាងជនត្រូវចោទ ៣ នាក់ផ្សេងទៀតនោះ បានថ្លែងផ្ទាល់មាត់ជាលើកដំបូងថា លោកមានភ័ព្វសំណាងណាស់ ដែលមានសុខភាពល្អនៅពេលនេះ ហើយលោកនឹងចូលរួមសហការជាមួយតុលាការឲ្យអស់ពីចិត្តអស់ពីថ្លើម ដើម្បីបើកកកាយការពិតក្នុងរបបខ្មែរក្រហម។ លោក ខៀវ សំផន បានចាត់ទុកសវនាការពេលនេះ ថាមានសារៈសំខាន់បំផុតចំពោះរូបលោក ក៏ដូចជាចំពោះបងប្អូនរួមជាតិ ដែលស្រេកឃ្លានចង់ដឹង ចង់យល់អំពីអ្វីដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម នៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
តើលោក ខៀវ សំផន និងជនត្រូវចោទដទៃទៀត មានអ្វីខ្លះត្រូវនិយាយ ពីរឿងរ៉ាវដ៏មហាសែនអសោចនៅក្នុងរបបដែលពួកគេបានដឹកនាំនោះ នៅពេលដែលពួកគាត់ខ្លះ ធ្លាប់បាននិយាយរួចមកហើយថា វៀតណាមជាអ្នករៀបចំកម្លាំងបង្កប់សម្លាប់ខ្មែរ?
ការអូសបន្លាយពេលវេលារបស់សាលាក្តី វាអាចជាចេតនារបស់ក្រុមណាមួយ ទុកឲ្យមេខ្មែរក្រហមស្លាប់អស់កុំឲ្យនិយាយការពិតឬ?
ខ្ញុំគិតថា ការកាត់ទោសឲ្យ «តា យាយ» ចាស់ជរាទាំង ៤ រូប ជាប់ពន្ធនាគារ ៣០ ឆ្នាំ ៤០ ឆ្នាំ ឬក៏ជាប់គុកអស់មួយជីវិត វាមិនមែនជាការចង់បាន របស់ប្រជាពលរដ្ឋខ្មែរភាគច្រើននោះទេ។ ប៉ុន្តែអ្វីដែលគេចង់ដឹងនោះថា តើហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហម ដែលសុទ្ធតែជាអ្នកជាតិនិយម បែរជានាំគ្នារៀបចំចងក្រងនូវផែនការដ៏សាហាវព្រៃផ្សៃ ដើម្បីសម្លាប់រំលាយពូជសាសន៍ខ្មែរខ្លួនឯងយ៉ាងដូច្នេះទៅវិញ?
(នេះជាទស្សនៈផ្ទាល់របស់ការីនិពន្ធ មិនឆ្លុះបញ្ចាំងពីកាសែតភ្នំពេញប៉ុស្តិ៍ទេ)
ភ្នំពេញ ប៉ុស្តិ៍

