ព័ត៌មានស្តីអំពីការដួលសន្លប់ជាបន្តបន្ទាប់ របស់កម្មករ នៅតាមរោងចក្រជាច្រើន នៅក្នុងប្រទេសកម្ពុជា បានកើតឡើងជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែវាហាក់បីដូចជាទើបតែត្រូវបានគេយកចិត្តទុកដាក់ នៅក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីដើមខែនេះ បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធ ចុះតាមដានការដួលសន្លប់ របស់កម្មករ ចំណែកក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ល្បីៗ នៅលើពិភពលោក ក៏បាននិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេត រកមូលហេតុនៃការដួលសន្លប់របស់កម្មករខ្មែរនេះដែរ។
បើតាមអង្គការពលកម្មអន្តរជាតិ ILO នៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយនៅក្នុងខែនេះ មូលហេតុដែលកម្មករសន្លប់ គឺបណ្តាលមកពីបញ្ហាកម្តៅ សារធាតុគីមី ការធ្វើការងារថែមម៉ោងច្រើនពេក កង្វះខាតអាហាររូបត្ថម្ភ កន្លែងធ្វើការ មិនទាន់មានលក្ខណៈត្រឹមត្រូវ និងបញ្ហាភ្លើងបំភ្លឺមិនគ្រប់គ្រាន់ នៅក្នុងរោងចក្រជាដើម។ល។ វាច្បាស់ណាស់ ការគ្រាន់តែរកឲ្យឃើញ អំពីមូលហេតុ ដែលនាំឲ្យកម្មករដួលសន្លប់នឹងមិនអាចទប់ស្កាត់ការដួលសន្លប់បាន ទេ ប្រសិនបើមជ្ឈដ្ឋានជាប់ពាក់ព័ន្ធ មិនរួមដៃគ្នា ដាក់ថ្នាំព្យាបាលដែលមានប្រសិទ្ធភាពឲ្យចំគោលដៅទេនោះ។
កង្វះអាហារូបត្ថម្ភ វាអាចជាមូលហេតុចម្បងមួយ ដែលអាចធ្វើឲ្យកម្មករសន្លប់។
តើហេតុអ្វីបានជាកម្មករខ្មែរមានកង្វះអាហារូបត្ថម្ភ?
បច្ចុប្បន្ន កម្មករខ្មែរ បានទទួលប្រាក់ខែគោលត្រឹមតែ ៦១ ដុល្លារ ឬបើធ្វើការថែមម៉ោងច្រើន អាចទទួលបានប្រាក់សរុប ជាមធ្យម ត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះនៅពេលដែលទំនិញគ្រប់ប្រភេទ បានហក់ឡើងថ្លៃយ៉ាងខ្ពស់កប់ពពកនោះ។ ប្រាក់ខែ ៦១ ដុល្លារ ឬ ១០០ ដុល្លារនេះ កម្មករត្រូវចំណាយទៅលើថ្លៃម្ហូបអាហារប្រចាំថ្ងៃ ថ្លៃផ្ទះជួល ទឹក ភ្លើង ថ្លៃធ្វើដំណើរ សម្ភារប្រើប្រាស់ និងលើសពីនេះ ត្រូវលៃទុកមួយផ្នែកផ្ញើទៅឲ្យឪពុកម្តាយដែលក្រីក្រ ឬឲ្យប្តីចិញ្ចឹមកូននៅឯស្រុក។ យើងដឹងហើយ លើកលែងតែអ្នកដែលដឹងហើយតែធ្វើមិនដឹង ឬអ្នកដែលមិនខ្វល់ពីទុក្ខវេទនា របស់អ្នកក្រតែប៉ុណ្ណោះ ដែលមិនដឹងថា តើកម្មករគ្នាលំបាកយ៉ាងណា ក្នុងការលៃលកចាយវាយប្រាក់ខែដ៏តិចតួចនេះ។
កម្មករភាគច្រើន ទទួលទានអាហារដែលគេលក់នៅក្បែររោងចក្រ ក្នុងមួយពេល ហ៊ានចំណាយត្រឹមតែ ១០០០ រៀលប៉ុណ្ណោះ គឺសម្ល ៥០០ រៀល បាយ ៥០០ រៀល ហើយបើថ្ងៃណាឃ្លានខ្លាំងពេក អត់ទ្រាំមិនបាន ត្រូវបង្ខំចិត្តទិញម្ជូរឬបង្អែមថែម ៥០០ ទៀត ដើម្បីហូបតកម្លាំង សម្រាប់ធ្វើការថែមម៉ោង។ បើហូបបាយនៅផ្ទះជួលវិញ ម្ហូបរបស់កម្មករ គឺពងទា ឬពងមាន់មួយគ្រាប់ ស្រូបបាយជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ឬក៏ស្លសម្លម្ជូរត្រកួនព្រលិត បង់កូនត្រីតូចៗឲ្យតែរួចមួយពេលៗតែប៉ុណ្ណោះ។ យើងគិតមើលមើល៍!បើហូបចុករបៀបហ្នឹង ហើយត្រូវចូលធ្វើការ តាំងពីម៉ោង ៧ ព្រឹក និងត្រូវធ្វើការថែមម៉ោងរហូតដល់ម៉ោង ៩ ឬម៉ោង ១០យប់ រួមផ្សំជាមួយបរិស្ថានអាប់អួ ក្នុងរោងចក្រថែមទៀតនោះរឿងអីដែលពួកគេមិនសន្លប់នោះ?
មេដឹកនាំសហជីពមួយចំនួន យល់ថា បើគេចង់ទប់ស្កាត់ ឬលុបបំបាត់ ការដួលសន្លប់របស់កម្មករឲ្យមានប្រសិទ្ធភាពនោះ ចាំបាច់គេត្រូវចាប់ផ្តើម ធ្វើយ៉ាងណា ឲ្យកម្មករ អាចមានលទ្ធភាព ទិញអាហារូបត្ថម្ភ ហូបចុកឲ្យបានគ្រប់គ្រាន់។ ដើម្បីឲ្យកម្មករមានលទ្ធភាពទិញអាហាររូបត្ថម្ភ ហូបចុកបានគ្រប់គ្រាន់ ចាំបាច់ត្រូវតែដំឡើងប្រាក់ខែឲ្យបានសមរម្យដល់កម្មករ។
យើងដឹងហើយថា នៅពេលដែលមានការលើកឡើងពីការដំឡើងប្រាក់ខែបន្ថែមដល់កម្មករ ទាំងថៅកែរោងចក្រ និងទាំងរដ្ឋាភិបាលប្រាកដជានិយាយថា មិនអាចទៅរួចទេ នៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងជួបវិបត្តិបែបនេះ។ ប៉ុន្តែមន្ត្រីសហជីព និងអ្នកសេដ្ឋកិច្ចមួយចំនួនបានរកឃើញរួចមកហើយថា ថៅកែរោងចក្រអាចមានលទ្ធភាពដំឡើងប្រាក់ខែដល់កម្មករបានដោយ រដ្ឋាភិបាលគ្រាន់តែបញ្ចុះការយកពន្ធពីរោងចក្រ លុបបំបាត់អំពើពុករលួយក្នុងវិស័យនេះ ហើយថៅកែរោងចក្រ ត្រូវកាត់បន្ថយប្រាក់ចំណេញរបស់ខ្លួន លៃទុកសម្រាប់ដំឡើងប្រាក់ខែឲ្យកម្មករ ពីព្រោះកម្មករ និងថៅកែរោងចក្រ គឺជាដៃគូវិនិយោគរួមគ្នា ដែលមិនអាចខ្វះបាន។
ប្រទេសកម្ពុជា បានពឹងផ្អែកស្ទើរតែទាំងស្រុង ទៅលើវិស័យកាត់ដេរ ក្នុងការនាំចេញ ដែលមានប្រមាណ ៧០ ភាគរយ និងបានផ្តល់ប្រាក់ចំណូលប្រមាណជា ៣០០០ លានដុល្លារក្នុងមួយឆ្នាំៗ។ ដោយសារតែយ៉ាងដូច្នេះហើយ មជ្ឈដ្ឋានជាប់ពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ទៅលើវិស័យមួយនេះ ពីព្រោះប្រសិនបើពុំមានវិធានការដែលមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការដួលសន្លប់របស់កម្មករទេនោះ នៅទីបំផុតមិនមែនមានតែកម្មករទេ ដែលត្រូវដួលសន្លប់ ទាំងថៅកែរោងចក្រ និងទាំងរដ្ឋាភិបាល ក៏ត្រូវដួលសន្លប់បន្តបន្ទាប់គ្នាផងដែរ។ ថៅកែរោងចក្រដួលសន្លប់ ដោយសារការខាតឡុងចុង នៅពេលដែលចង្វាក់ផលិតកម្មត្រូវរាំងស្ទះ ពីព្រោះតែកម្មករមានជំងឺ ចំណែកឯរដ្ឋាភិបាលត្រូវដួលសន្លប់ ដោយសារតែបាត់បង់ចំណូលក្នុងការទ្រទង់កំណើនសេដ្ឋកិច្ចជាតិ និងត្រូវប្រឈមមុខដោះស្រាយ និងវិបត្តិសង្គមជាច្រើនផ្សេងទៀតនៅពេលដែលកម្មកររាប់សែននាក់ ធ្លាក់ខ្លួនមានជំងឺប្រចាំកាយ៕
នេះជាទស្សនផ្ទាល់របស់ការីនិពន្ធ មិនឆ្លុះបញ្ចាំងពីកាសែតភ្នំពេញ ប៉ុស្តិ៍ ទេ
ភ្នំពេញ ប៉ុស្តិ៍

