ភ្នំពេញៈ របាយការណ៍ស្តីពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ នៅកម្ពុជាបានបង្ហាញពីការកើនឡើង ពីមួយខែ ទៅមួយខែ។ ការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ ត្រូវបានមន្ត្រីអះអាងថា ជាមូលហេតុចម្បងនៃកំណើនអតិផរណា។
អតិផរណានៅកម្ពុជាបានកើនឡើង៦,៤ភាគរយនៅខែសីហា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដោយវិទ្យាស្ថានជាតិស្ថិតិ (NIS) បានឲ្យដឹងថា ម្ហូបអាហារ និងប្រេងឥន្ធនៈឡើងថ្លៃកាន់តែខ្ពស់ វានៅតែបន្តដាក់សម្ពាធមកលើកម្ពុជាដដែល។
អ្នកសេដ្ឋកិច្ចអះអាងថា កំណើនអតិផរណានៅកម្ពុជាកើតចេញពីកត្តាខាងក្រៅច្រើនជាង ខណៈប្រទេសនេះ ពឹងផ្អែកច្រើនលើទំនិញនាំចូល។ ដូច្នេះវិធីដែលកម្ពុជាត្រូវធ្វើគឺបង្កើនការផលិតក្នុងស្រុកឲ្យ បានច្រើន ដើម្បីកុំឲ្យរងសម្ពាធពីខាងក្រៅខ្លាំងពេក។
ប៉ុន្តែបើធៀបនឹងប្រទេសជិតខាង វៀតណាម ដែលមានរហូតដល់ជាង២០ភាគរយ កម្ពុជាមិនទាន់ស្ថិតនៅក្នុងសភាពគួរឲ្យព្រួយបារម្ភទេ។ ទោះបីយ៉ាងនេះក្តីក៏គេមិនគួរបណ្តែតបណ្តោយឲ្យកំណើននេះចេះតែ កើនឡើងជាបន្តបន្ទាប់ទៀតដែរ។
ទោះបីរបាយការណ៍ចុងក្រោយបំផុតស្តីពីអតិផរណានៅកម្ពុជាមិនទាន់ បង្ហាញយ៉ាងណាក្តី ប៉ុន្តែគេជឿថា កំណើននឹងស្ទុះឡើងខ្ពស់ជាងធម្មតាក្នុងរយៈពេលពីរខែចុងក្រោយនេះ ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតដែលកើនឡើងនៅកម្ពុជា និងប្រទេសជិតខាងរបស់ខ្លួនពិសេសតម្លៃម្ហូបអាហារ។
ស្ថានភាពទឹកជំនន់នៅថៃ មានសភាពធ្ងន់ទៅៗ ដែលនាយករដ្ឋមន្ត្រីអះអាងថា ទីក្រុងបាងកកមិនអាចចៀសផុតពីការជន់លេចឡើយ ខណៈការព្យាករកម្ពស់ទឹកនៅកម្ពុជាគ្រប់ស្ថានីយទាំងអស់បានធ្លាក់ ចុះបណ្តើរៗហើយ។ ផលប៉ះពាល់ពីគ្រោះទឹកជំនន់មានមិនតិចទេ។
ប្រទេសកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថា មានរហូតដល់ជាង៤០០លានដុល្លារ ខណៈការវាយតម្លៃចុងក្រោយមិនទាន់ត្រូវបានបង្ហាញ។ ដូចគ្នានេះដែរការប៉ាន់ប្រមាណដំបូងនៅថៃ ការខូចខាតមានប្រមាណជាង ៣ពាន់លានដុល្លារ។ គ្រោះទឹកជំនន់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដំណាំកសិកម្មយ៉ាងដំណំ ជាពិសេសដំណាំស្រូវ ដែលធ្វើឲ្យវិបត្តិស្បៀងនឹងកើតឡើង។
អង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) បានឲ្យដឹងក្នុងរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែតុលាថា ដំណាំស្រូវប្រមាណ១២,៥ភាគរយនៅប្រទេសថៃ ត្រូវបំផ្លាញ ធៀបនឹង៦ភាគរយនៅប្រទេសហ្វីលីពីន ១២ភាគរយនៅកម្ពុជា ៧,៥ភាគរយនៅឡាវ និង ០,៤ភាគរយនៅប្រទេសវៀតណាម។
FAO បានឲ្យដឹងថា តំបន់នេះកំពុងប្រឈមនឹងកង្វះស្បៀង បន្ទាប់ពីទឹកជំនន់ បានបំផ្លាញដំណាំស្រូវ និងដំណាំផ្សេងទៀត ចាប់តាំងពីដើមខែកញ្ញាមក។
ការខូចខាតដំណាំស្រូវនឹងធ្វើឲ្យតម្លៃស្រូវ អង្ករឡើងថ្លៃ។
តម្លៃស្រូវ អង្ករ នៅកម្ពុជា បានចាប់ផ្តើមឡើងថ្លៃ ជាហេតុធ្វើឲ្យរដ្ឋាភិបាលត្រូវបញ្ចេញអង្ករលក់ ដើម្បីទប់ស្កាត់តម្លៃ។ កម្ពុជាអាចធ្វើបែបនេះបាន ព្រោះកម្ពុជាផលិតស្បៀងដោយខ្លួនឯង ហើយវាគ្រាន់តែធ្វើឲ្យប៉ះពាល់ដល់ការនាំចេញខ្លះប៉ុណ្ណោះ។
ទោះបីយ៉ាងនេះក្តី កម្ពុជាគឺជាប្រទេសនាំចូល ច្រើនជាងនាំចេញ រាប់ទំនិញបើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតស្ទើរតែនាំចូលទាំងស្រុង ពិសេសពីប្រទេសថៃ និងប្រទេសវៀតណាម ដូច្នេះសម្ពាធអតិផរណានឹងមានកាន់តែខ្ពស់។
សកម្មភាពពាណិជ្ជកម្មនៅថៃកំពុងជួបបញ្ហាដោយគ្រោះទឹកជំនន់ ខណៈរោងចក្រផលិតរាប់រយត្រូវបានបិទទ្វារ មនុស្សជាច្រើនម៉ឺននាក់កំពុងបាត់បង់ការងារធ្វើ ដូច្នេះការផ្គត់ផ្គង់មួយភាគធំអាចនឹងត្រូវកាត់បន្ថយ ហើយតម្លៃនឹងហក់ឡើង ពិសេសទំនិញសម្រាប់នាំចេញ ព្រោះគេត្រូវការផ្គត់ផ្គង់តម្រូវការក្នុងស្រុកជាជាងការនាំចេញ ។
គ្រប់ទំនិញទាំងអស់ ដែលនាំចូលពីប្រទេសថៃនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះឡើង ថ្លៃខ្ពស់ ដែលទំនិញខ្លះឡើងដល់ជាង១៥ភាគរយ ហើយការផ្គត់ផ្គង់ទំនិញមួយចំនួនអស់ពីស្តុក។
រដ្ឋាភិបាលកម្ពុជា បានព្យាករថា អតិផរណា មានអត្រាប្រហែល ៦,៥ភាគរយ នៅឆ្នាំ២០១១។
តួលេខដូចគ្នានេះ ត្រូវព្យាករដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ផងដែរ។
ប៉ុន្តែបន្ទាប់ពីមានគ្រោះទឹកជំនន់នេះទៅ អត្រាអតិផរណានៅកម្ពុជានឹងហក់ឡើងខ្ពស់ជាងពីការព្យាករនេះ៕
ស៊ន សារ៉ាតៈ ការីនិពន្ធព័ត៌មានសេដ្ឋកិច្ច
E-mail: sarath.sorn@phnompenhpost.com
ភ្នំពេញ ប៉ុស្តិ៍

