កំពុងតែប្រលែងលេងជាមួយចៅត្រូវគេកាប់ស្លាប់
ខេត្តឧត្តរមានជ័យ ៖ បុរសចំណាស់ម្នាក់ អាយុ៦៤ឆ្នាំ ត្រូវជនដៃដល់កាប់ចំនួន៦ពូថៅ ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងផ្ទះរបស់ខ្លួនស្ថិតនៅ ស្រុកត្រពាំងប្រសាទ កាលពីថ្ងៃទី១៣ វិច្ឆិកា ។ រីឯជនដៃដល់ អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយជាមួយជនរងគ្រោះត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ប្រពន្ធជនរងគ្រោះ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ប្តីរបស់់គាត់់បានងើបពីដំណេកទៅប្រឡែងលេងជាមួយនឹងចៅ ស្រាប់ តែជនដៃដល់បានដើរចូលមកហើយស្រែកសួរប្តីគាត់់ថា អ៊ំសុខសប្បាយទេ ប្តីគាត់ ឮជន ដៃដល់ ស្រែកសួរដូច្នេះក៏ឈប់ប្រឡែងចៅ ចេញក្បាលពីក្នុងមុង ស្រាប់ តែជនដៃដល់ កាប់ចំនួន១ពូថៅចំកញ្ចឹង.ក ផ្នែកខាងស្តាំកាប់១ពូថៅទៀតចំកញ្ចឹង.កផ្នែកខាង ឆ្វេងបន្ទាប់មកប្តីរបស់គាត់បានប្រកាច់ចេញ ពីផ្ទះចំងាយ៥ម៉ែត្រស្រាប់តែជនដៃដល់បានតាមទៅកាប់បន្ថែមទៀតចំនួន៤ កាំបិតទៅលើផ្ទៃមុខបណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹង កន្លែងកើតហេតុ។ ចំណែកឯជនដៃដល់បានគេចខ្លួនបាត់។
អាងតែខ្លួនឯងជាមន្ត្រីប៉ូលិសបាញ់សម្លាប់មនុស្សគ្មានត្រាប្រណី
ខេត្តព្រះវិហារ ៖ មន្ត្រីប៉ូលិសបាញ់សម្លាប់ប្រជាពលរដ្ឋដូចសត្វធាតុកាលពី ថ្ងៃទី១១ វិច្ឆិកា នៅស្រុកត្បែងមានជ័យ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើត ហេតុថា នៅយប់នោះក្នុងវត្ត មានរៀបចំពិធីបុណ្យអកអំបុកសំពះព្រះខែ គេឃើញមន្ត្រីប៉ូលិសប៉ុស្តិ៍ ដែលជាជនល្មើស បានផឹកស្រាស្រវឹង ក្បែរវត្តហើយបានស្ពាយកាំភ្លើងមួយដើម ដើររករឿងគេឯង ពេញកន្លែងបុណ្យទាន លុះដល់ពាក់កណ្ដាលយប់ ក៏មានការផ្អើលឈូឆរថា មានការបាញ់សម្លាប់មនុស្សនៅលើផ្លូវជាតិ។ ប៉ូលិសបានពិនិត្យ
លើសាកសពឃើញស្នាមគ្រាប់កាំភ្លើងចំនួន២គ្រាប់ ចំកណ្តាលក្បាល។ជនរងគ្រោះ ភេទប្រុស អាយុ៣៨ឆ្នាំ ។ ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះខាងលើត្រូវបានជនល្មើសជិះម៉ូតូ ចេញពីវត្តតាមបាញ់ប្រហារ។ ជនរងគ្រោះមិនមានការពាក់ព័ន្ធ ឬគំនុំជាមួយជនល្មើសឡើយ តែដោយសារការស្រវឹង និងធ្លាប់តែឃោរឃៅបែបនេះ ពេល ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏លើកកាំភ្លើងបាញ់ចំកណ្តាលក្បាល បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ ជនល្មើសត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្ត សហការជាមួយប៉ូលិសស្រុកត្បែងមានជ័យ ធ្វើការឃាត់ខ្លួន៕
ស៊ីបង្អែបក្លែមសំដីត្រូវគេព្រូតវាយទ្រោមខ្លួន
រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុ២៧ឆ្នាំបានរងរបួសបែកក្បាលយ៉ាងដំណំហើយ
ត្រូវ មិត្តភក្តិនាំយកទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវជនដៃដល់មួយក្រុមព្រួតគ្នាវាយ ព្រោះ
តែបុរសម្នាក់នោះស៊ីបង្អែមញ៉ែអ្នកលក់ប៉ះចំសង្សារគេ កាលពីថ្ងៃទី១០ វិច្ឆិកា នៅខណ្ឌទួលគោក។ជនរងគ្រោះ បានប្រាប់ឱ្យដឹងថាខ្លួនជិះម៉ូតូ ជាមួយមិត្ដភក្ដិម្នាក់ដើរលេងក្នុងឱកាសបុណ្យជាតិតាំងពី ក្បាលប្រលប់ រហូតដល់វេលាម៉ោង១០ក៏នឹកចង់ហូបបង្អែមនៅចំណុចខាងលើ។ ពេលកំពុងហូបក៏និយាយលេបខាយលេងជាមួយនឹងអ្នកលក់តិចតួច។ ស្រាប់តែមានមនុស្សមួយក្រុមមកវាយខ្លួន តែម្ដងបណ្ដាលឱ្យរងរបួសបែកក្បាលឯមិត្ដភក្ដិបានគេចផុតពីការ វាយដំ។បន្ទាប់ពីវាយឱ្យរបួសរួចហើយ ជនដៃដល់និងបក្សពួកបានរត់គេចខ្លួនបាត់អស់ ចំណែកឯជនរងគ្រោះបានត្រឹមតែឈឺខ្លួនអត់ប្រយោជន៍៕
ត្រលប់មកពីរាំនៅវត្តត្រូវជនដៃដល់យកដុំថ្មគប់បែកក្បាល
រាជធានីភ្នំពេញ ៖ យុវជនម្នាក់អាយុ២៨ឆ្នាំរងរបួសបែកក្បាលផុងលលាដ៍ ព្រោះតែយុវជនម្នាក់ទៀតប្រើឥដ្ឋបួនជ្រុងគប់នៅពេលជិះម៉ូតូចេញពី កន្លែងរាំនៅវត្ដមួយក្នុងពិធីបុណ្យអកអំបុកសំពះព្រះខែ កាលពីថ្ងៃទី១០ វិច្ឆិកា ក្នុងស្រុកកំពត ខេត្ដកំពត។ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ចំណែកជនល្មើសត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពប៉ុន្មានម៉ោង។ប្អូនជីដូនមួយយុវជនរងគ្រោះ ហើយក៏រួមដំណើរទៅលេងបុណ្យជាមួយគ្នាឱ្យដឹងថា នៅក្នុងវត្ដ មានធ្វើបុណ្យអកអំបុកសំពះព្រះខែ និងមានរាំលេងកម្សាន្តផង ។ យុវជនរងគ្រោះ និងបងប្អូនជីដូនមួយ២នាក់ទៀត ជិះម៉ូតូទៅលេង និងរាំកម្សាន្តក្នុងពិធីបុណ្យនោះដែរ ។ ម៉ោង១២អធ្រាត្រពួកគេនាំគ្នាជិះម៉ូតូទៅផ្ទះវិញ តែបានប្រមាណ១៥ម៉ែត្រប៉ុណ្ណោះ មិនទាន់ផុតពីវត្តផងស្រាប់តែលេចមុខជនបង្កឈរស្ទាក់ផ្លូវ ហើយស្រែកថា «ពួកអែ្ហងចង់ខ្លាំង» ហើយក៏គប់ដុំឥដ្ឋបួនជ្រុងបណ្ដាលឱ្យត្រូវក្បាលលឹម គង់ ដួលទៅលើដី ទើបមានការឆោឡោឡើង ។ សមត្ថកិច្ចដែលនៅការពារកន្លែងរាំបានតាមចាប់ខ្លួនយុវជនបង្កបាន ខណៈគេព្យាយាមគេចខ្លួន ៕
ឃាត់ខ្លួនបុរសម្នាក់ពីបទប៉ុនប៉ងរំលោភនារីខារ៉ាអូខេ
ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់អាយុ២០ឆ្នាំក្នុងចំណោមពីរនាក់បានត្រូវនារីខារ៉ាអូខេអាយុ១៧ឆ្នាំប្តឹង ប៉ូលិសឱ្យឃាត់ខ្លួន ខណៈពេលនាំគ្នាទៅច្រៀងខារ៉ាអូខេមិនបាន ដោយសារដល់ម៉ោងម្ចាស់ហាងគេបិទហាង ក៏បបួលនាងៗជិះម៉ូតូដើរលេងនៅកន្លែងអកអំបុក ប៉ុន្តែប៉ុនប៉ងយកទៅចាប់រំលោភនៅឯវាលស្រែ តែមិនបានសម្រេច។ ករណីចាប់រំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីថ្ងៃទី១១ វិច្ឆិកា នៅសង្កាត់រលាប ក្រុងពោធិ៍សាត់។នារីរងគ្រោះបានរៀបរាប់ថាពួកគេបានបបួលនាងជិះម៉ូតូដើរលេងបុណ្យអកអំបុក ដោយនាងជិះជាមួយជនសង្ស័យ ហើយមិត្តភក្តិរបស់ជនល្មើស ម្នាក់ទៀតឱបនាងពីក្រោយ។នាងត្រូវជនទាំងពីរនាក់ដឹកយកទៅដល់វាលស្រែ ហើយបានឈប់ម៉ូតូធ្វើសកម្មភាពចាប់នាងរំលោភ តែមិនបានសម្រេច ដោយសារនាងស្រែករើបម្រាស់ ហើយគាប់ជួនពេលនោះមិត្តភក្តិរបស់នាងទូរស័ព្ទមក និងមានម៉ូតូ៤គ្រឿងមកពីមុខទៀត។ ពេលនោះពួកគេបានដោះលែងនាងហើយនាងបានអង្វរឱ្យពួកគេជូនមកវិញ ។ពេលមកដល់នាងក៏ប្ដឹងប៉ូលិសឱ្យឃាត់ខ្លួនជនទាំងពីរនាក់តែម្ដង ប៉ុន្តែចាប់បានតែម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់។
ស្រីទំនើង២នាក់អត់ពាក់មួកសុវត្តិភាពហើយនៅហ៊ានជេរប៉ូលិសចរាចរទៀត
ខេត្តបាត់ដំបង ៖ ស្រីស្រស់ប្រិមប្រិយ២នាក់ធ្វើការនៅភោជនីយដ្ឋានមួយ ក្នុងក្រុង
បាត់ដំបង បានតិះដៀលមន្ត្រីនគរបាលចរាចរយ៉ាងចាស់ដៃនៅក្នុងហ្វូងមនុស្ស ដែលកំពុងធ្វើដំណើរដោយសារតែក្តៅក្រហាយនឹងសមត្ថកិច្ចហៅឱ្យ ឈប់ ខណៈពួកគេជិះម៉ូតូមិនពាក់មួយសុវត្ថិភាពកាលពីថ្ងៃទី១១ វិច្ឆិកា នៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។ មន្ត្រីនគរបាលចរាចរ ដែលឈរនៅគោលដៅនោះបាននិយាយថា ស្ត្រី២នាក់នោះមានមា្នក់ខ្លាំងដៃបំផុតហ៊ានជេរប្រមាថ សមត្ថកិច្ចនៅពេលសមត្ថកិច្ចស្ទាក់ចាប់ ខណៈពួកគេព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ចជាច្រើនដំណាក់។ មន្ត្រីរូបនេះបាននិយាយទៀតថា យើងចង់ឱ្យស្ត្រីទំនើង២នាក់នេះជិះម៉ូតូទៅកន្លែងដើម ដែលហៅឱ្យឈប់លើកដំបូង ដើម្បីពិន័យនៅត្រើយខាងកើតស្ពាន តែពួកនាងៗនេះ មុខរឹងខ្លាំងណាស់។ ពួកនាងចង់បង់លុយនៅកន្លែងដែលស្ទាក់ជាប់នោះ តែកម្លាំងយើងមិនទទួលយក ស្រាប់តែស្ត្រីម្នាក់បានតិះដៀលសមត្ថកិច្ចយ៉ាងចាស់ដៃ។ស្រីទំនើងទាំង២នាក់នេះធ្វើខុសហើយនៅប្រកាន់អាកប្បកិរិយាមិនសមរម្យដាក់ប៉ូលិសទៀត៕
ស្រឡាញ់គ្នាពេកឡើងទៅដេកដល់បន្ទប់កូនស្រីគេត្រូវឪពុកខាងស្រីចាក់១កាំបិត
ខេត្តកំពង់ចាម ៖ យុវជនម្នាក់ អាយុ១៨ឆ្នាំ រស់នៅស្រុកជើងព្រៃ មានចិត្តក្លាហានហ៊ានឡើងទៅលើផ្ទះដេកក្នុងបន្ទប់ជាមួយកូនក្រមុំរបស់គេ តែសំណាងអាក្រក់ត្រូវបានឪពុកនាងដឹងទប់ចិត្តមិនបានក៏ចាក់មួយដែកឆាំអង្ករ លិចជម្រៅ៣ថ្នាំងដៃរងរបួសធ្ងន់។ ព្រមទាំងបានចាប់ចងផ្អោបទៅនឹងដើមស្វាយហើយប្តឹងសមត្ថកិច្ចឱ្យមកនាំខ្លួន ទៅប៉ុស្តិ៍រដ្ឋបាលកាលពី ថ្ងៃទី១៣ វិច្ឆិកា ស្ថិតនៅស្រុកជើងព្រៃ តែដោយសារឃើញស្ថានភាពរបួស និងមានការចុកចាប់ផងនោះ ទើបក្រុមសាច់ញាតិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រោមការយកចិត្តទុកដាក់ពីសំណាក់ គ្រូពេទ្យ
យុវជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់។យុវជនរងគ្រោះបាននិយាយប្រាប់ថា រូបគេបាននិយាយតាមទូរស័ព្ទទាក់ទងជាមួយនឹងសង្សារបណ្តូលចិត្ត ហើយត្រូវបាននាងឱ្យទៅដេកជាមួយទើបរូបគេបានយល់ព្រមទៅមិនមែនទៅដោយ ចិត្តឯងនោះទេ។ យុវជនរងគ្រោះបន្តថា ក្នុងពេលដែលរូបគេកំពុងតែដេកនៅលើគ្រែជាមួយនាងស្រាប់តែ ឪពុករបស់នាងបានដើរចូលមកដល់ក្នុងបន្ទប់ឃើញរូបគេកំពុងតែដេកជាមួយនឹង កូនស្រីរបស់គាត់ហេតុតែទប់ចិត្តមិនបានក៏យកដែកឆាំសម្រាប់ចាក់មើល អង្ករស្ទុះមកចាក់ត្រូវចំចុងដង្ហើមលិចប្រវែង៣ថ្នាំងដៃ ហើយថែមទាំងចាក់បន្ថែម២ដងទៀតតែត្រូវរូបគេលើកដៃរងជាប់។ បន្ទាប់មកបានចាប់រូបគេចងជាប់រួចប្រគល់ឱ្យទៅសមត្ថកិច្ច ដោយបានចោទប្រកាន់លួចឡើងលើផ្ទះដេកជាមួយកូនក្រមុំគាត់។តាមរយៈការទាក់ទងតាមទូរស័ព្ទបានជាង១ឆ្នាំនៅយប់ខ្លះនាងបានហៅរូបគេ ឱ្យទៅដេកជាមួយនៅក្នុងបន្ទប់របស់នាងថែមទាំងបានរួមរ័ក ជាច្រើនដងរហូតដល់នាងមានផ្ទៃពោះបានជាង១ខែ ទៀតផង។ករណីនេះភាគីទាំង២កំពុងតែសម្របសម្រួលគ្នា។យុវជនរងគ្រោះ បន្ថែមថា ក្នុងករណីខាងលើនេះរូបគេមិនបានប្តឹង ឪពុករបស់សង្សារនោះទេតែខ្លាចក្រែងឪពុកនាងប្តឹងរូបគេវិញ៕
ចោរថ្លើមធំហ៊ានលួចម៉ូតូនៅមុខហាងខណៈពេលដែលម្ចាស់កំពុងផឹកកាហ្វេ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់អាយុ២០ឆ្នាំត្រូវសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ក្រោយពីជននោះធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅចំណុចមុខតូបលក់កាហ្វេក្នុងផ្សារ ខណ្ឌដូនពេញ កាលពី ថ្ងៃទី១២ វិច្ឆិកា។ តាមព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថា សន្តិសុខបានដើរយាមការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងផ្សារ ខណៈពេលដើរមកដល់តូបលក់កាហ្វេជ្រុងផ្សារខាងកើតក៏បានឃើញជនសង្ស័យ ម្នាក់កំពុងធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ដែលជាម៉ូតូភ្ញៀវចូលផឹកកាហ្វេ។ ពេលនោះប្រជាពលរដ្ឋ និងសន្តិសុខផ្សារនាំគ្នាស្រែកឆោឡោហើយដេញ
តាមចាប់ជននោះរហូតដល់ ក្បែររបងខាងលិចផ្សារក៏ត្រូវប្រជាពលរដ្ឋចោមរោមវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យបែកក្បាលហូរឈាម។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
ពាក្យចាស់ពោលថា «ប្រហែសបាត់ប្រយ័ត្នគង់»
ខេត្តកណ្តាល ៖ បុរសម្នាក់អាយុ៤៤ឆ្នាំដែលជិះម៉ូតូទៅមើលស្រូវនៅឯស្រែ បានត្រូវចោរលួចយកម៉ូតូ ទៅបាត់ ខណៈទុកនៅក្បែរផ្លូវ កាលពីថ្ងៃទី១៣ វិច្ឆិកា នៅស្រុកអង្គស្នួល ។ជនរងគ្រោះបានឱ្យដឹងថា នៅព្រឹកនោះ ខណៈជិះម៉ូតូទៅដល់ស្រែក៏ទុកម៉ូតូនៅលើទួលក្បែរផ្លូវក្រួសក្រហម ហើយចុះដើរមើលស្រូវ ដោយយូរៗងើបមើលម៉ូតូម្តង ព្រោះម៉ូតូទុកនៅមិនឆ្ងាយពីស្រែទេ ។ លុះដល់ក្រឡេកមើលចុងក្រោយមិនឃើញម៉ូតូ ក៏ប្រញាប់ប្រញាល់មកប្រាប់អ្នកភូមិ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ហើយមួយសន្ទុះក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ឃុំសំរោងក៏មកដល់ កន្លែងកើតហេតុ។ មន្ត្រីអាជ្ញាធរមូលដ្ឋានបន្ថែមថា មុនពេលបាត់ម៉ូតូ បុរសជាម្ចាស់បានឃើញគេជិះម៉ូតូម៉ាកស្មាស១គ្រឿងបោះពួយទៅទិសខាង ត្បូង ប៉ុន្តែមិនបានចាប់អារម្មណ៍ថា ចោរយកម៉ូតូគាត់ជិះទៅនោះទេ៕
ចូលគុកព្រោះមិនព្រមទទួលខុសត្រូវលើគូកំណាន់
ខេត្តបាត់ដំបង ៖ យុវជនម្នាក់អាយុ២០ឆ្នាំត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១២ វិច្ឆិកា
នៅស្រុកកំរៀង ក្រោយពីមានបណ្តឹងចោទប្រកាន់ថា បានព្យាយាមដោះដៃមិនទទួលខុសត្រូវចំពោះក្មេងស្រីអាយុ១៣ ឆ្នាំ ម្នាក់ដែលមានផ្ទៃពោះដល់ទៅ៨ខែ ដែលត្រូវជននេះ បង្ខំរួមភេទជាមួយស្ទើរភ្លេច ចាប់តាំងពីខែមីនា រហូតមកទល់ពេលនេះ ។ម្តាយរបស់នាងរងគ្រោះ បាននិយាយក្នុងពាក្យបណ្តឹងថា អ្នកស្រីបានដឹងរឿងនេះតាំងពីគ្រាដំបូងដែរ តែដោយសារតែភាគីខាងប្រុសបានធានាថា ទទួលខុសត្រូវចំពោះអនាគតកូនស្រីគាត់ ប៉ុន្តែនៅពេលកូនស្រីគាត់មានផ្ទៃពោះ៨ខែស្រាប់តែខាង ប្រុសចង់ដោះដៃមិនទទួលខុសត្រូវទើបអ្នកស្រីសម្រេចប្តឹងទៅ សមត្ថកិច្ចតែម្តង។ ជនសង្ស័យបានឆ្លើយទទួលស្គាល់ចំពោះការរួមភេទជាមួយនាង រហូតមានផ្ទៃពោះបែបនេះមែន។ ជននេះនិយាយថា ការបានរួមភេទជាមួយនាងអាយុ១៣ឆ្នាំនេះក្នុងគ្រាដែលនាង ទៅធ្វើកម្មករជាមួយខ្លួនក្នុងទឹកដីថៃ ហើយពេលត្រឡប់មកស្រុកវិញក៏ខ្លួនធ្លាប់នាំនាងទៅរួម មេត្រីតាមផ្ទះសំណាក់ស្ទើររាប់ភ្លេចផងដែរ ។ ជននេះបញ្ជាក់ថា ចុងក្រោយនេះឪពុកម្តាយខ្លួនហាក់មិនពេញចិត្តចំពោះ រឿងនេះ ហើយខ្លួនបានសុំឱ្យនាងពន្លូតកូនចេញកាលពីប៉ុន្មាន ខែមុន តែនាងមិនព្រម ទើបចាប់ផ្តើមមានថ្នាំងថ្នាក់និងគ្នារហូតមកដល់ពេលនេះ ហើយឈានដល់ម្តាយរបស់នាងប្តឹងចោទប្រកាន់ខ្លួនតែម្តង ។ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ ក្រោមការចោទប្រកាន់«បង្ខំរួមភេទជាមួយក្មេងស្រីជាអនីតិជន» ៕
នគរបាលខេត្តកំពតចាប់អ្នកលេងឆ្នោត២នាក់
ខេត្តកំពត ៖ អ្នកលេងកន្ទុយលេខ២នាក់ ត្រូវបាននគរបាលការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តឃាត់ខ្លួន កាលពី ថ្ងៃទី១១ វិច្ឆិកា ខណៈពេលពួកគេទាំង២នាក់នេះ កំពុងតែអង្គុយសរសេរចម្លងលេខឆ្នោតពីរនាក់លក់ផ្សេង ដើម្បីជាការងាយស្រួលពិនិត្យមើលកន្ទុយលេខណាដែលមានគេចាក់ធំ ឬចាក់តូច។តាមព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ក្រុមល្បែងប្រភេទចាក់កន្ទុយលេខ អាជ្ញាធរបានហាមឃាត់ជាយូរមកហើយតែទីបំផុតពួកគេនៅតែនាំគ្នា លេងគគ្រឹកគគ្រេងតាមទីសាធារណៈដដែល បើតាមគេសង្កេតមើលនៅខេត្តកំពតកន្លងមកខាងនគរបាលបានធ្វើ ការឃាត់ខ្លួនក្រុមអ្នកប្រមូលកន្ទុយលេខជាញឹកញាប់យកទៅអប់ រំ ថែមទាំងព្រមានជាច្រើនលើករួចមកហើយ។ដូច្នេះប៉ូលិសក៏សំរេចធ្វើការឃាត់ខ្លួនជនល្មើសតែម្ដង៕
ចាប់បានចោរឡើងដំបូលផ្ទះយ៉ាងគគ្រឹកគគ្រេង
ក្រុងប៉ោយប៉ែត ៖ អ្នកភូមិរាប់រយនាក់ប្រដាប់ដោយកាំបិត ពូថៅ និងដំបងបាននាំគ្នាឡោមព័ទ្ធចាប់ចោរឡើងដំបូលផ្ទះម្នាក់អាយុ២៥ឆ្នាំកាលពីថ្ងៃទី១៣ វិច្ឆិកាបន្ទាប់ពីម្ចាស់ផ្ទះដឹងទាន់ ស្រែកប្រកូកប្រកាសហៅអ្នកភូមិឱ្យជួយ ចំណែកចោរភ័យស្លន់ស្លោរត់លើដំបូលផ្ទះគេជាប់ៗគ្នា ៤ផ្ទះយ៉ាងឆ្លេឆ្លារកកន្លែងចុះរត់គេចខ្លួន ដោយនៅដៃកាន់ដំបងវែង និងដុំថ្មមួយដុំ។សមត្ថកិច្ច ទាំងប៉ូលិស ទាំងប៉េអឹម បានដាក់កម្លាំងឡោមព័ទ្ធជា
ច្រើននាក់ លុះនៅម៉ោង១០និង៣០នាទីយប់ ទើបចាប់បាន ខណៈចោរនោះទាល់តម្រិះ ព្រោះតែឃើញកម្លាំងប៉េអឹមឡើងទៅលើដំបូល និងខ្លះឡើងតាមជញ្ជាំងមានអាវុធវែងខ្លី។មុនពេល ចាប់បានចោរមានការភ័យខ្លាចយ៉ាងខ្លាំងក៏ដើរថយក្រោយ ផុតដំបូលធ្លាក់មកដី ហើយរត់ចូលក្នុងផ្ទះអ្នកស្រុកផ្សេងមួយទៀត ដែលនៅជាប់គ្នានោះ ប៉ុន្តែត្រូវអស់លក្ខណ៍គឺត្រូវប៉េអឹមភ្ជង់កាំភ្លើង ចាប់ជាប់រើលែងរួច៕
ទំនាស់រឿងលុយរវាងម្ចាស់ហាងនិងភ្ញៀវបាញ់រះឡើងលើផ្អើលប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖ ជនប្រដាប់អាវុធមួយក្រុមដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ កំពុងចាត់ការស្រាវជ្រាវ ដើម្បីនាំខ្លួនមកសាកសួរ ហើយអាចឈានទៅផ្តន្ទាទោសតាមច្បាប់បន្ទាប់ពីពួកគេបានបាញ់ បោះសេរីបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលកំពុងលង់ លក់ក្នុងដំណេក កាលពី ថ្ងៃទី១៤ វិច្ឆិកា នៅខណ្ឌចំការមន។ តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍ ផ្ទុះ អាវុធខាងលើនេះបានឱ្យដឹងថា ដំបូងឡើយមានមនុស្ស៣នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូចូលទៅផឹកស៊ីក្នុងហាង ក៏មានការទាស់ទែងជាមួយម្ចាស់ហាងពីរឿងអាប់លុយ ដោយភាគីខាងភ្ញៀវនិយាយថា បានឱ្យលុយប្រភេទក្រដាស៥០ដុល្លារ សម្រាប់ទូទាត់ថ្លៃផឹកស៊ីទៅម្ចាស់ហាង តែភាគីម្ចាស់ហាងនិយាយថា បានទទួលតែ២០ដុល្លារ ប៉ុណ្ណោះ ។ ផ្តើមចេញពីបញ្ហានេះភ្ញៀវទាំង៣នាក់នោះ ទាត់ធាក់តុកៅអីដួលរេលពេញហាង ហើយនាំគ្នាចេញមកក្រៅដកកាំភ្លើងខ្លីបាញ់រះឡើងលើ បង្កការភ័យខ្លាចទាំងយប់អធ្រាត្រដល់អ្នករស់នៅជិតខាង៕
ចាប់ជនបរទេសម្នាក់ពីបទប្រើអំពើអាសទៅលើអនីតិជន
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៣ វិច្ឆិកាសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ភេទប្រុសអាយុ៤៦ឆ្នាំពីបទប្រព្រឹត្ត អំពើអាសលើអនីតិជន អាយុក្រោម១៥ឆ្នាំ និងទិញពេស្យាចារកុមារ ។ ការឃាត់ខ្លួនបុរសអង់គ្លេសរូបនេះ ត្រូវបានសមត្ថកិច្ច ឱ្យដឹងថា ជនល្មើសបានជិះម៉ូតូ១គ្រឿងទៅកាន់វត្តប្រាសាទ ស្ថិតក្នុង ខណ្ឌសែនសុខ ហើយពេលទៅដល់ទីនោះ គេបានប្រមែប្រមូលក្មេងវត្ត និងក្មេងក្រៅវត្តក្រោមអាយុ១៥ឆ្នាំឱ្យជួបជុំគ្នា រួចចាក់រូបភាពអាសអាភាសឱ្យមើលតាមរយៈទូរស័ព្ទដៃប្រភេទទំនើប។ ការចាក់រូបភាពអាសអាភាសឱ្យមើលបែបនេះធ្វើឱ្យក្មេង ៗមានអារម្មណ៍ផ្លូវភេទ ហើយគ្រូបង្រៀនអង់គ្លេសរូបនោះបានប្រើដៃលេង ដើម្បីឱ្យតណ្ហារបស់គេអណ្តែតអណ្តូងទៅតាមនោះដែរ ។ ដោយការប្រព្រឹត្តបែបអាសលើក្មេងៗអនីតិជននៅក្នុងទីអារាមយ៉ាង ដូច្នេះ អាចារ្យវត្តក៏រាយការណ៍ប្រាប់សមត្ថកិច្ច ទើបមានការឃាត់ខ្លួន ។ ប៉ុន្តែនៅពេលសមត្ថកិច្ចទៅដល់គ្រូបង្រៀនអង់គ្លេសរូបនេះដឹង ខ្លួនទាន់ ក៏ឡើងជិះម៉ូតូបំណងរត់គេចរហូតធ្លាក់ទឹកត្រពាំងមួយ ក៏ត្រូវនគរបាលទៅទាន់ឃាត់ខ្លួននាំទៅកាន់ការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ៕
បុរសចិត្តក្លាហានហ៊ានលូកស្ទាប់គូទប្រពន្ធគេនៅក្នុងផ្សារ
រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុ២៨ឆ្នាំដើរលេងតាមផ្សារប្រទះឃើញស្ត្រីម្នាក់មានរូបរាងស្រស់ ស្អាតស្លៀកខោរឹបតឹងណែនក្បំគួរឱ្យក្នាញ់អត់ទ្រាំមិនបានក៏លូក ដៃស្ទាបប្រដាប់ភេទ និងកំប៉េះគូទធ្វើឱ្យនាងស្រែកភ្ញាក់ផ្អើលឆោឡោពេញផ្សារ ។ បុរសនោះព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបុរសជាប្តីរបស់នារីរងគ្រោះ និងប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់បានពេលជននោះរត់ចូលតាមផ្លូវ ទាល់កាលពី ថ្ងៃទី១៥ ខែវិច្ឆិកានៅ ខណ្ឌដង្កោ។ នារីរងគ្រោះរៀបរាប់ប្រាប់សមត្ថកិច្ចថា ខណៈពេលនាងកំពុងឈរទិញផ្កាដោយមិនដឹងខ្លួន ស្រាប់តែជននោះដើរទៅជិតនាងរួចលូកដៃស្ទាបប្រដាប់ភេទ និងចាប់ច្របាច់កំប៉េះគូទរបស់នាងទៀតផង។ ដោយសារខឹងការមើលងាយពីជននោះនាងក៏ស្រែកជេរស្រាប់តែគេប្រុង វាយនាង តែត្រូវនាងរើសដុំថ្មដើម្បីការពារខ្លួន និងទូរស័ព្ទហៅប្តីឱ្យមកជួយ។ប៉ូលិសកសាងសំណុំរឿងដើម្បីបញ្ជូនជនជាប់ចោទទៅកាន់តុលាការ៕
ខឹងមិនព្រមទទួលខុសត្រូវប្តឹងប៉ូលិសឲ្យចាប់តែម្តង
រាជធានីភ្នំពេញ ៖ យុវជនម្នាក់១៩ឆ្នាំអាយុបានក្លាយ ជាអ្នកទោសព្រោះជាប់ចោទចាប់រំលោភសេពសន្ថវៈនារីម្នាក់អាយុ១៩ឆ្នាំ នៅក្នុងបន្ទប់ជួល ហើយត្រូវក្រុមគ្រួសារខាងស្រីប្តឹងឱ្យប៉ូលិសប៉ុស្តិ៍ ចាប់ខ្លួនកាលពីថ្ងៃទី១៤ វិច្ឆិកា ដោយក្រុមគ្រួសារខាងស្រីហៅគេឱ្យទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីសម្រុះសម្រួលគ្នា រួចក៏ដាក់ពាក្យបណ្តឹងឱ្យប៉ូលិស ឃាត់ខ្លួនតែម្តង ។ ប្រភពដដែលបន្តទៀតថា ពេលទៅដល់ប៉ុស្តិ៍ប៉ូលិស ជនសង្ស័យមិនកែប្រែពាក្យសម្តីរបស់ខ្លួនឡើយ គឺនៅតែព្រមទទួលខុសត្រូវ ដដែល ហើយភាគីខាងស្រីឱ្យជននោះហៅឪពុកម្តាយទៅជួបពិភាក្សា និងដឹងឮ ប៉ុន្តែដោយគេពុំមានប្រភព ដើម្បីហៅឪពុកម្តាយមកបាន ទើបក្រុមគ្រួសារខាងស្រីសម្រេចដាក់ពាក្យប្តឹងឱ្យប៉ូលិសឃាត់ខ្លួន និងទាមទារសំណងចំនួន២ពាន់ដុល្លារ ។ភ្លាមនោះប៉ូលិសប៉ុស្តិ៍បានរាយការណ៍ទៅថ្នាក់លើ ប៉ុន្តែបន្ទាប់មកស្រាប់តែនារីរងគ្រោះអះអាងថា «ខ្លួនអាណិតយុវជននោះ និងថា ពួកគេស្រឡាញ់គ្នា ដូច្នេះសុំដកពាក្យបណ្តឹងវិញ» តែប៉ូលិសប៉ុស្តិ៍អះអាងមិនអាចដោះលែងជនជាប់ចោទបានទេ ព្រោះជ្រុលរាយការណ៍ទៅថ្នាក់លើហើយ ។ ប៉ូលិសបានបញ្ជូនជនជាប់ចោទទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីចាត់ការបន្ត ៕
ឃាត់ខ្លួនប្ដីប្រពន្ធ១គូពីបទធ្វើអត្តសញ្ញាប័ណ្ណក្លែងក្លាយ
ខេត្តកំពង់ចាម ៖ នគរបាលបាន ចុះបង្ក្រាបរោងពុម្ពមួយកន្លែង កាលពីថ្ងៃទី១៥ វិច្ឆិកាព្រមទាំងបានឃាត់ខ្លួន២នាក់ប្តីប្រពន្ធដែលជាប់សង្ស័យពីបទផលិត អត្តសញ្ញាណប័ណ្ណ ក្លែងក្លាយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បី
សួរនាំ ។ប៉ូលិសបានប្រាប់ឱ្យដឹងថា មានប្រជាពលរដ្ឋម្នាក់ ភេទប្រុស អាយុ
១៩ឆ្នាំ រស់នៅ ស្រុកចំការលើ បានចុះឈ្មោះរៀនភាសាកូរ៉េនៅសាលាឯកជនមួយក្នុងខេត្តកំពង់ធំ ដើម្បីប្រឡងទៅធ្វើជាពលករស្របច្បាប់នៅប្រទេសកូរ៉េខាងត្បូង ។តែសង្ស័យថា អត្តសញ្ញាណប័ណ្ណក្លែងក្លាយ ហើយបានកោះហៅឪពុកម្តាយរបស់យុវជននេះយកមកសួរនាំនៅការិយាល័យស្ថិតិអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តទើបដឹងថាក្លែងក្លាយ ពិតប្រាកដមែន ។ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រោងពុម្ព២នាក់ប្តីប្រពន្ធជាមួយនោះដែរបានដកហូតនូវកំព្យូទ័រចំនូន២គ្រឿង ព្រមទាំងឧបករណ៍មួយចំនួនទៀតដែលជាប់ពាក់ព័ន្ធផលិតអត្តសញ្ញាណ ប័ណ្ណក្លែងក្លាយនាំមកកាន់ស្នងការដ្ឋានខេត្តដើម្បីសួរនាំកសាង សំណុំរឿង ៕
ចោរស្រីដៃឆើតហ៊ានលួចកាបូបក្នុងផ្សារទំនើប
រាជធានីភ្នំពេញ៖ ស្ត្រីរូបស្រស់ម្នាក់អាយុ២៥ឆ្នាំត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ ឱ្យនគរបាលប៉ុស្តិ៍ ក្រោយពីស្ត្រីនោះបន្លំលួចកាបូបលុយនៅផ្សារផេនសូល នៅខណ្ឌដូនពេញ កាលពី ថ្ងៃទី១៤ វិច្ឆិកា ។ យោងតាមបណ្តឹងម្ចាស់កាបូប ភេទប្រុស អាយុ២៩ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ រូបលោកនិងប្រពន្ធកំពុងលក់សំល្លៀកបំពាក់នារី កាបូប និងគឿងអលង្ការ ក្នុងផ្សារផេនសូល នៅពេលនោះបានឃើញ ជនសង្ស័យ ដើរចូលទៅក្នុងតូបរបស់គាត់គោលបំណងទិញគ្រឿងអលង្ការ ខណៈពេលមានភ្ញៀវជាច្រើនទៀតចូលទិញដែរ។ ស្រាប់តែជនល្មើស បានបន្លំលួចកាបូបដៃដាក់លុយ ដែលទុកនៅលើខ្នងទូ ដើរចេញទៅខាងក្រៅ ដើម្បីគេចខ្លួនស្របពេលនោះ មានបុគ្គលិករបស់គាត់ឃើញ ក៏ស្រែកហៅគ្នីគ្នាដេញតាម។ពេលឃើញម្ចាស់កាបូបដេញតាមនារីដៃដល់ បានបោះកាបូបលុយនោះចោល ហើយធ្វើជាឈរស្ងៀមហាក់មិនដឹងអី ក៏ប៉ុន្តែម្ចាស់កាបូបនៅតែចាប់ខ្លួនដដែល និងរកឃើញកាបូបលុយវិញផងដែរ នគរបាលបាននិយាយថា នារីជាប់សង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ៕
ជនវិកលចរិកលបកាប់បុរសម្នាក់មិនដឹងមូលហេតុ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់អាយុ២២ឆ្នាំត្រូវជនវិកលចរិតលបកាប់ពីក្រោយប្រេះលលាដ៍ក្បាល ខណៈកំពុងដើរពីរនាក់ប្រពន្ធត្រឡប់មកពីមុជទឹកអណ្តូង ស្នប់ក្នុងភូមិបណ្តាលឱ្យរងរបួសធ្ងន់ កាលពី ថ្ងៃទី ១៤ វិច្ឆិកា នៅស្រុកបសេដ្ឋ។ប្រពន្ធជនរងគ្រោះបានប្រាប់ថា យប់កើតហេតុទាំង២នាក់ប្តីប្រពន្ធបាននាំគ្នា ទៅមុជទឹកអណ្តូងស្នប់នៅក្នុងភូមិ បន្ទាប់ពីមុជហើយប្តីបានយួរទឹកមួយធុងដើរពីក្រោយ ។ លុះដើរមកជិតដល់ផ្ទះ មិនដឹងជាមនុស្សវិកលចរិតចេញមកពីទិសណាទេ បានលបកាប់ពីក្រោយមួយដាវ ត្រូវក្បាលដួលប្រកាច់តែម្តង ហើយជនវិកលចរិតនោះបានយារដាវកាប់ត្រូវដងខ្លួនជាច្រើន កន្លែងទៀត។ ភ្លាមនោះប្រពន្ធបានរត់ទៅស្រែកហៅអ្នកភូមិឱ្យមកជួយពេល អ្នកភូមិទៅដល់បានស្រែកឃាត់ហើយជនដៃដល់នោះបានរត់គេចទៅពួននៅផ្ទះបងប្អូនឯចុងភូមិ។ចំណែកជនវិកលចរិតរូបនោះត្រូវបានក្រុមគ្រួសារជនរងគ្រោះប្ដឹង ទៅសមត្ថកិច្ចឱ្យចាប់ខ្លួនយកទៅសាកសួរហើយដែរ៕
គ្រាន់តែចូលរាំវង់ភូមិគេត្រូវម្ចាស់ភូមិវាយរបួសធ្ងន់
ខេត្តកំពង់ស្ពឺ ៖ យុវជន២នាក់រងរបួសធ្ងន់ដោយសារក្មេងទំនើងក្នុងភូមិ វាយនឹងដំបង ខណៈពេលកំពុងរាំធុងបាស់ក្នុងកម្មវិធីបុណ្យអំបុកស្រូវថ្មី នៅស្រុកភ្នំស្រួចកាលពី ថ្ងៃទី១៤ វិច្ឆិកា។ស្ដ្រីម្នាក់ដែលជាកម្មករដាំដំឡូងមីនៅស្រុក ភ្នំស្រួចនោះ ពេលមានកម្មវិធីបុណ្យនៅក្នុងភូមិរបស់ខ្លួនបានបបួល យុវជនជាកម្មករដាំដំឡូងមីជាមួយគ្នាទៅចូលរួមបុណ្យនោះដែរ។ ពួកគេបាននាំគ្នាជិះរថយន្ដកូរ៉េគ្នាប្រមាណ២០នាក់ទៅលេងបុណ្យ ពេលទៅដល់ភ្លាមមិនទាន់ទាំងបានចូលបច្ច័យបុណ្យផង ត្រូវអ្នកភូមិហៅឱ្យចូលរាំលេងនឹងគេសិន។ ទើបនឹងរាំមិនទាន់បានមួយបទផង ស្រាប់តែមានក្មេងទំនើងក្នុងភូមិនាំគ្នាយកដំបងទៅវាយក្បាលក្រុម យុវជនជាកម្មករដាំដំឡូងមីនោះ ត្រូវចំឈ្មោះពេជ រ៉ានុត អាយុ២៥ឆ្នាំ ឃើញដូច្នេះមិត្ដភក្ដិឈ្មោះយ៉ិន ថេន អាយុ២៥ឆ្នាំ បានចូលទៅជួយក៏ត្រូវក្មេងទំនើងវាយបន្ថែមទៀត ឯស្ត្រីជាម្ចាស់ភូមិក៏ចូលទៅអន្តរាគមន៍យកខ្លួនទៅពាំង ទើបពួកទំនើងឈប់វាយ។បុរសត្រូវជាឪពុកជនរងគ្រោះបានឱ្យដឹងថា វាជាទម្លាប់នៅក្នុងភូមិទៅហើយ ឱ្យតែចាក់ធុងបាស់រាំលេង ពេលមានយុវជនចំណូលថ្មីចូលរាំជាមួយ គឺក្មេងៗនៅក្នុងភូមិនាំគ្នាព្រួតវាយមិនខាន ។ ជនរងគ្រោះដែលត្រូវគេវាយក្នុងពិធីរាំលេងនោះរបួសជាច្រើននាក់ តែរបួសស្រាលក្នុងនោះ២នាក់របួសធ្ងន់រហូតទ្រមខ្លួន និងប៉ោងក្បាលគឺ បុរសឈ្មោះពេជ រ៉ានុត ឯម្នាក់ទៀតឈ្មោះយិន ថេន ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈទាំងយប់៕
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរ៉ឺម៉កកង់៣
រាជធានីភ្នំពេញ៖ រថយន្តម៉ាកតូយ៉ូតា មួយគ្រឿង បានបើកបោះពួយឡើងចិញ្ចើមផ្លូវទៅបុករ៉ឺម៉កកង់៣ ឈប់ចតស្ងៀម បណ្តាលឱ្យក្រឡាប់ ហើយរថយន្តបានជ្រុលទៅបុកបង្គោលភ្លើងគោមបំភ្លឺផ្លូវបាក់ជាប់ រសៀលថ្ងៃទី១៦ វិច្ឆិកា នៅតាមផ្លូវជាតិលេខ៥ ភូមិទី២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។វាពុំបណ្តាលមនុស្សណាផ្សេងទៀតស្លាប់ និងរងរបួសឡើយ ប៉ុន្តែអ្នកបើកបរបានរថយន្តរត់គេចខ្លួនបាត់។ តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតាមួយគ្រឿង បានធ្វើដំណើរ ក្នុងទិសដៅពីជើងចូលមករាជធានីភ្នំពេញ ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអ្វីទេ ស្រាប់តែរថយន្តបានរេចង្កូតមកស្តាំដៃឡើងចិញ្ចើមផ្លូវ ទៅបុករ៉ឺម៉កកង់៣ ដែលឈប់ចតស្ងៀម បណ្តាលឱ្យក្រឡាប់ផ្ងារកង់ ហើយរថយន្តនោះជ្រុលទៅបុកបង្គោលភ្លើងគោមបំភ្លឺផ្លូវ បណ្តាលឱ្យបាក់ទ្រេតធ្លាក់អំពូលភ្លើង ហើយរថយន្តជាប់ទៅមុខលែងរួច។តាមព័ត៌មានឱ្យដឹងថា អ្នកបើកបរដេកលក់មួយភាំង បានជាជ្រុលចង្កូតឡើងចិញ្ចើមផ្លូវបែប ។ នគរបាលការិយាល័យចរាចរជើងគោកបាននាំយកថយន្ត និងរ៉ឺម៉កទៅកាន់ការិយាល័យដើម្បីដោះស្រាយ ៕
បុរសម្នាក់មកលេងជីតាត្រូវក្មេងស្ទាវកាប់
ខេត្តកំពង់ចាម៖ យុវជនអាយុ១៨ឆ្នាំម្នាក់ ដែលបានមកលេងតានៅស្រុកកំណើត ស្ថិតនៅ ស្រុកជើងព្រៃ ត្រូវបានក្រុមក្មេងពាលមួយក្រុមដែលមានគ្នាចំនួន៥ នាក់ប្រដាប់ដោយដាវសាមូរ៉ៃស្ទាក់កាប់ដាច់កដៃខាងឆ្វេង ក្នុងខណៈពេលដែលដើរចេញមកពីមើលគេរាំវិញនៅវេលាម៉ោង១១យប់ថ្ងៃទី១២ វិច្ឆិកា ។យុវជនរងគ្រោះត្រូវបានក្រុមសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកក្រុមជនដៃដល់វិញត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បានម្នាក់បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត។នគរបាលស្រុកជើងព្រៃបានឱ្យដឹង ថា យប់ថ្ងៃកើតហេតុ នៅវត្តមានដាក់បាស់រាំកម្សាន្តលេងសប្បាយ ដោយមានក្មេងចាស់ប្រុសស្រី ហើយអ្នករងគ្រោះ និងក្រុមសាច់ញាតិបានទៅមើលគេរាំលេងផងដែរ។ស្របពេលដើរដល់ត្រង់ចំណុចផ្ទះរបស់ឈ្មោះជនរងគ្រោះ ស្រាប់តែមានម៉ូតូចំនួន២គ្រឿង ជិះគ្នា៥នាក់ មកពីក្រោយ។ ក្រុមអ្នកជិះម៉ូតូបានស្រែកឡើងថា «ដើរពេញតែផ្លូវរកតែជិះម៉ូតូមិនកើត» ដោយសារតែឮបែបនេះក៏មានការឈ្លោះប្រកែកគ្នាឡើងតឹងសរសៃ.កឈានដល់ ប្រើអំពើហិង្សាហើយរំពេចនោះត្រូវបានក្រុមអ្នកជិះម៉ូតូ ទាញដាវកាប់មកលើអ្នករងគ្រោះត្រូវខ្នងនិងដាច់.កដៃខាងឆ្វេងដួលទៅលើដី ចំណែកពួកជនដៃដល់៥នាក់បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់៕
បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ តែមិនគ្រោះថ្នាក់ដល់ជីវិត
រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុ៥៤ឆ្នាំ ឆក់ខ្សែភ្លើងដួលប្រកាច់ននះននៀលក្នុងភក់ ខណៈពេលកំពុងដើរបម្រុងចូលទៅតខ្សែភ្លើង ដែលដាច់ធ្លាក់ចូលទៅក្នុងភក់ក្បែរផ្ទះ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ វិច្ឆិកាខណ្ឌដង្កោ។ ជនរងគ្រោះ មុខរបររត់រ៉ឺម៉កម៉ូតូត្រូវបានប្រពន្ធប្រាប់ឱ្យដឹងថា នៅព្រឹកកើតហេតុនេះ ប្ដីរបស់គាត់ឃើញខ្សែភ្លើងនៅខាងក្រៅផ្ទះដាច់ជ្រុះទៅលើដីភក់ ក៏ដើរចូលទៅចាប់តខ្សែភ្លើងនោះ មិនទាន់ទាំងបានតផង ទើបតែដើរចូលទៅលូកដៃចាប់ខ្សែភ្លើង ស្រាប់តែឆក់ទទ្រាក់ទទ្រើកតែម្ដង។នាងបានបញ្ជាក់ថា កន្លែងដែលខ្សែភ្លើងដាច់ធ្លាក់នោះនៅកៀនផ្ទះខាងក្រៅជាប់នឹងពាង ទឹកជាកន្លែងងូតទឹកនិងបោកគក់ខោអាវជាដើម ដូច្នេះមានទឹកសើមបែកភក់តិចៗ ទើបខណៈពេលប្ដីគាត់ដើរចូលទៅគ្រាន់តែលូកដៃទៅប៉ះនឹងខ្សែភ្លើងនោះ ភ្លាម ស្រែកអួយជួយផងទទ្រាក់ទទ្រើកតែម្ដង។ ពេលឃើញប្ដីឆក់ខ្សែភ្លើងដូច្នេះក៏រហ័សរត់ទៅបិទបារ៉ែតភ្លើងនៅ ក្នុងផ្ទះ ស្រាប់តែប្ដីបានដួលប្រកាច់ននៀលញាក់ទទ្រើកសន្លប់នៅក្នុងភក់ ទៅហើយ ។ភ្លាមនោះអ្នកជិតខាង លើកដាក់លើគ្រែយកទឹកលាងភក់ប្រលាក់ពេញខ្លួនចេញអស់ទើប ដឹងខ្លួនវិញ រួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈតែម្ដង៕
ប៉ូលិសបង្ក្រាបប្តីប្រពន្ធរត់ពន្ធសត្វពៃ្រ
ខេត្តកណ្តាល ៖ សត្វព្រៃមានអណ្តើក និងពស់ដឹកតាមម៉ូតូបម្រុងនាំចេញទៅលក់នៅប្រទេសវៀតណាម ត្រូវបានប៉ូលិសប៉ុស្តិ៍ច្រកទ្វារជ្រៃស្ទាក់ចាប់បាននៅព្រឹក ១៦ វិច្ឆិកា នៅ ឃុំសំពៅលូន ស្រុកកោះធំ ។នាយប៉ុស្តិ៍បានឱ្យដឹងថា សត្វព្រៃដែលសមត្ថកិច្ចស្ទាក់ចាប់បានមានពស់ថ្លាន់ច្រកបាវ ទម្ងន់២០គីឡូក្រាម ពស់ចាន់តាមម២០គីឡូក្រាម និងអណ្តើក២៨ក្បាល ។ លោកបានបញ្ជាក់ថា ដោយមានការសង្ស័យទៅលើម៉ូតូមួយគ្រឿងដឹកកញ្ឆេរពីរសងខាង គ្របជិត និងមានអ្នកជិះពីលើម្នាក់ទៀត រកស៊ីដឹកបទល្មើសក៏ឆែកឆេរដោយមានកិច្ចសហការជាមួយប៉ូលិសវរការ ពារព្រំដែន និងកាំកុងត្រូលប្រចាំនៅច្រកទ្វារផងដែរ ។ ចំណែកម្ចាស់អាយុ៤៩ឆ្នាំ និងប្រពន្ធអាយុ៤៧ឆ្នាំ ត្រូវឃាត់ខ្លួនរងចាំការកាត់ទោស៕
រថយន្តធន់ធ្ងន់ក្រឡាប់ផ្ងាជើងពេលឈប់នៅចិញ្ចើមផ្លូវ
ខេត្តតាកែវ ៖ រថយន្តដឹកស្រូវ១គ្រឿងបានក្រឡាប់បះជើងចាក់ស្រូវចោលក្នុង ទឹកប្រឡាយកាលពីថ្ងៃទី១៥ វិច្ឆិកានៅ ក្រុងដូនកែវ ខេត្តតាកែវ ខណៈពេលឈប់នៅកន្លែងកើតហេតុផុងដីចិញ្ចើមផ្លូវ ។ មន្ត្រីចរាចរក្រុងដូនកែវឱ្យដឹងថា រថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយកង់១៨ ដឹកស្រូវពេញមកពីខេត្តផ្សេងសំដៅយកទៅលក់នៅស្រុកយួនតាមច្រក ព្រែកតាម៉ៅ ស្រុកគិរីវង់ ។ រថយន្តនេះដឹកស្រូវពីលិចទៅកើត លុះដល់ចំណុចកើតហេតុឈប់ផ្ទេរស្រូវចេញស្រាប់តែផុងកង់ផ្នែកខាង ស្តាំពីខាងក្រោយបណ្តាលឱ្យក្រឡាប់តែម្តង។មន្ត្រីសាធារណការដែលប្រចាំការនៅកន្លែងជញ្ជីង ថ្លឹងរថយន្តដឹកលើសតោនឱ្យដឹងថា រថយន្តនេះពេលពិនិត្យទៅដឹកអត់លើសតោនទេ គឺប្រមាណជា៣៥តោនគ្រប់ចំនួនតោនដែលច្បាប់បានកំណត់ ។ ហេតុដែលរថយន្តផុងដីមកពីឈប់ជាប់មាត់ប្រឡាយពេក៕
សូមមិត្តអ្នកអាន ចូលរួមផ្តល់ព័ត៌មាន ទាក់ទិននឹងឧក្រិដ្ឋកម្មផ្សេងៗ រួមមានការរំលោភសេពសន្ថវៈ អំពើហិង្សាក្នុងគ្រួសារ និងអំពើល្មើសច្បាប់នានា តាមរយៈទូរស័ព្ទ ០១២ ៩២១ ០៥៣/០១២៥១៧៩៤៥/ ០២៣ ២១៤ ៣១១។ ឬអ៊ីមែល:pk@phnompenhpost.com/editors@phnompenhpost.com
ភ្នំពេញ ប៉ុស្តិ៍

