Headlines:

កិច្ច​សម្ភាស​ជាមួយ​មន្ត្រី​ MAG​ទាក់​ទង​ការ​ដោះ​មីន​នៅ​កម្ពុជា

111206_02a
111206_02a
111206_02a
  • Prev
  • 1 of 5
  • Next

លោក Alistair Moir  ប្រធាន​ប្រចាំ​ប្រទេស​នៃ​អង្គការ​ MAG (Mines Advisory Group បាន​ផ្តល់​កិច្ចសម្ភាស​​ទាក់​ទង​​នឹង​សកម្មភាព​អង្គការ​របស់​លោក​​ និង​បញ្ហា​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដល់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ដូច​ត​ទៅ៖

មនុស្ស​ជាច្រើន​យល់​ថា មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ មិន​មែន​ជា​ការ​គំរាម​កំហែង​ដ៏​គ្រោះ​ថ្នាក់​នៅ​កម្ពុជា​ទៀត​ឡើយ ពីព្រោះ​​ផ្ទៃ​ដី​យ៉ាង​ធំ​ធេង​ត្រូវ​បាន​បោស​សម្អាត ហើយ​តួលេខ​នៃ​គ្រោះ​ថ្នាក់ បាន​ធ្លាក់​ចុះ។ តើ​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​មាន​សារៈសំខាន់​ដូច​ម្ដេច​ដែរ?

សំណល់​គ្រាប់​មីន មិន​ត្រឹម​តែ​ជា​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ប្រជាជន​ប៉ុណ្ណោះ​ទេ។ ផ្ទៃ​ដី​មាន​គ្រាប់​មីន គឺ​ជា​ឧបសគ្គ​ដ៏​ចម្បង​ចំពោះ​ការ​អភិវឌ្ឍ​ជន​បទ។ វា​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ជាប់​ក្នុង​ភាព​ក្រី​ក្រ។ គ្រាប់​មីន​បាន​រាំង​ស្កាត់​លទ្ធភាព​ចូល​ទៅ​តាំង​ទី​ជា​ថ្មី​នៅ​លើ​ដី​ធ្លី រាំង​ស្ទះ​ដល់​ការ​ធ្វើ​កសិកម្ម និង​ការ​អភិវឌ្ឍ​សេវា​សំខាន់ៗ ដូចជា សាលា​រៀន មណ្ឌល​សុខភាព និង​អណ្ដូង​ទឹក។ មាន​តួលេខ​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង ២៧ ០០០ ចាប់​តាំង​ពី​ MAG ចាប់​ផ្ដើម​ប្រតិបត្តិការ​កាល​ពី​ឆ្នាំ​១៩៩២។ តួលេខ​គ្រោះ​ថ្នាក់​ដោយ​សារ​មីន បាន​បង្ហាញ​នូវ​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ តួលេខ​បង្ហាញ​ថា​មាន​ករណី​គ្រោះ​ថ្នាក់​ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ៣៥២​ករណី​កាល​ពី​ឆ្នាំ​២០០៧, ២៧១​ករណី​នៅ​ឆ្នាំ​២០០៨ និង ២៤៣​ករណី​នៅ​ឆ្នាំ​២០០៩។ ទោះជា​យ៉ាងណា នៅ​ក្នុង​តួលេខ​ឆ្នាំ​២០១០ អត្រា​គ្រោះ​ថ្នាក់​ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ បាន​កើន​ឡើង​ជា​ថ្មី មាន​ចំនួន​សរុប​ដល់​ទៅ​២៨៦​ករណី។ កំណើន​នៃ​ចំនួន​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​នេះ អាច​​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​ចំនួន២​ករណី​បង្ក​ឡើង​ដោយ គ្រាប់​មីន​ប្រឆាំង​រថក្រោះ​នៅ​អំឡុង​ឆ្នាំ​២០១០។ ទោះ​បីជា​ផ្នែក​បោស​សម្អាត​មីន មាន​ដំណើរ​វិវត្តន៍​ដ៏​ខ្លាំង​ក្លា​នៅ​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​គ្រោះ​ ថ្នាក់​ថ្មីៗ​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​ក្ដី ក៏ផ្ទៃ​ដី​រាប់​សិប​គីឡូ​ម៉ែត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​គ្រប​ដណ្ដប់​ទៅ ​ដោយ​គ្រាប់​មីន។ ដោយ​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​ទទួល​រង​គ្រោះ​ខ្លាំង​ជាង​គេ មាន​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មានជ័យ ជាទី​ដែល​អង្គការ MAG កំពុង​ប្រតិបត្តិការ​នា​ពេល​បច្ចុប្បន្ន​នេះ​ សហគមន៍​នានា​កំពុង​តែ​តស៊ូ​រស់​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់ជាទី​ដែល​ពុំ​ មាន​គ្រាប់​មីន។ MAG ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​របស់​ខ្លួន​នៅ​កម្រិត​ មូលដ្ឋាន ដើម្បី​​​បញ្ជ្រាប​ការ​បោស​សម្អាត​មីន​ជាមួយ​នឹង​ការ​អភិវឌ្ឍ ការ​បោស​សម្អាត​ផ្ទៃ​ដី​អាទិភាព​ខ្ពស់ និង​កម្រិត​ផល​ប៉ះ​ពាល់​ឲ្យ​នៅ​ទាប​តាម​រយៈ​សកម្មភាព​អភិវឌ្ឍន៍​ក្រោយ​បោស​ សម្អាត។

តួលេខ​គ្រោះ​ថ្នាក់ តែង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វិធី​វាស់​វែង​ជោគ​ជ័យ​នៃ​កិច្ច​ខិត​ខំ​ ប្រឹង​ប្រែង​បោស​សម្អាត​មីន ប៉ុន្តែ តើ​​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​គ្រោះ​ថ្នាក់​ ជា​លទ្ធផល​របស់​ប្រជា​ពល​រដ្ឋ​គេច​ផុត​ពី​ផ្ទៃ​ដីធំៗ​សម្បូរ​ដោយ​មីន ដោយ​សារ​តែ​លទ្ធផល​នៃ​សមាសភាព​សិក្សា​ស្វែង​យល់​អំពី​ការ​បោស​សម្អាត​មីន មែន​ឬ​ទេ?

តួ​លេខ​គ្រោះថ្នាក់​ដោយ​សារ​គ្រាប់​មីន ផ្ដល់​នូវ​ការ​បង្ហាញ​នៃ​ភាព​ងាយ​រង​គ្រោះ​របស់​សហគមន៍​មួយ ប៉ុន្តែ មិន​មែន​ជា​មធ្យោបាយ​កំណត់​ស្ដង់ដារ​នោះ​ឡើយ។ សកម្មភាព​អប់រំ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​របស់​អង្គការ MAG ផ្ដល់​ឲ្យ​សហគមន៍​នូវ​ចំណេះ​ដឹង​សម្រាប់​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នា​ ពេល​អនាគត ហើយ​ការ​ធ្លាក់​ចុះ​នៃ​តួ​លេខ​គ្រោះ​ថ្នាក់ ជា​ការ​ពិត អាច​ជា​បច្ច័យ​ចំពោះ​មនុស្ស​ដែល​បាន​ដឹង​កាន់​តែ​ច្រើន​អំពី​គ្រោះ​ថ្នាក់​ បង្ក​ឡើង​ដោយ​​កាក​សំណល់​នៃ​សង្គ្រាម។ ទោះ​ជា​យ៉ាង​ណា គេ​ត្រូវ​ពិចារណា​ថា សហគមន៍​ជាច្រើន​បាន​រស់​នៅ​ជាមួយ​នឹង​ការ​គំរាម​កំហែង​ប្រចាំ​ថ្ងៃ​នេះ​អស់​ រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​ពួក​គេ​សុទ្ធ​តែ​បាន​ដឹង​ពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​គ្រាប់​រំសេវ​នៅ ​តាម​ភូមិដ្ឋាន​របស់​ពួក​គេ។ គ្រោះ​ថ្នាក់​នៅ​តែ​កំពុង​កើត​ឡើង ហើយ​នេះ​មិន​មែន​ដោយ​សារ​តែ​ពួក​គេ​មិន​បាន​ដឹង​ពី​គ្រោះ​ថ្នាក់​ទាំង​នោះ​ ឡើយ ប៉ុន្តែ សហគមន៍​តែង​តែ​ប្រឈម​មុខ​នឹង​ជម្រើស​មាន​កម្រិត ហើយ​យើង​កំពុង​ស្វែង​រក​មនុស្ស​ទាំង​នោះ​ដែល​តែង​តែ​ប្ដូរ​ជីវិត​ដើម្បី​ ទ្រ​ទ្រង់​ជីវភាព​រស់​នៅ​របស់​ពួកគេ និង​ចិញ្ចឹម​គ្រួសារ​ពួកគេ។ តាម​រយៈ​ដៃ​គូ​អភិវឌ្ឍន៍​របស់​យើង និង​ការ​បោស​សម្អាត​មីន និង​វិធី​សាស្ត្រ​អភិវឌ្ឍន៍​របស់​យើង យើង​អាច​ពង្រីក​សកម្មភាព​បោស​សម្អាត​មីន​ដោយ​មនុស្ស​ធម៌​របស់​យើង​តាម​រយៈ​ វិធានការ​អន្តរាគមន៍​ដោយ​និរន្តរភាព ដើម្បី​ធានា​បាន​ថា តំបន់​​ទាំង​ឡាយ​ដែល​ពី​មុន​ត្រូវ​កាត់​ផ្ដាច់​ដោយសារ​តែ​​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​តាំង​ទី​លំនៅ​ជាថ្មី ការ​កសាង​អណ្ដូង​ទឹក សាលារៀន និង​មណ្ឌល​សុខភាព កែ​លម្អ​ផ្លូវ​ថ្នល់ និង​បង្កើន​លទ្ធភាព​សម្រាប់​រៀប​ចំ​ដី​ស្រែ​កសិកម្ម។

ហេតុ​អ្វី​បាន​ជា​ការ​បង្កើន​ធនធាន​សម្រាប់​ការ​បោស​សម្អាត​មីន មាន​សារៈ​សំខាន់​ ហើយ​​​តើ​កន្លែង​ណា​ដែល​ធនធាន​ទាំង​នោះ​ គួរ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ?

ជា​លទ្ធផល​នៃ​សង្គ្រាម​អស់​រយៈ​ពេល​ជិត ៣​ទសវត្សរ៍ ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាច្រើន ដែល​រង​គ្រោះ​យ៉ាង​ខ្លាំង​ក្លា​បំផុត​ដោយសារ​គ្រាប់​មីន​នៅ​ទូទាំង​ពិភព​លោក ប្រជាជន​នៅ​តាម​ជន​បទ​ប្រហែល ៨០​ភាគរយ ពឹង​ផ្អែក​សំខាន់​ទៅ​លើ​វិស័យ​កសិកម្ម ឬ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​កសិកម្ម។ ដូច្នេះ ប្រជាជន​កម្ពុជា​នៅ​តែ​ពុំ​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​ខាង​សង្គម និង​សេដ្ឋកិច្ច ដោយ​សារ​តែ​ការ​គំរាម​កំហែង​នៃ​គ្រាប់​មីន គ្រាប់​បែក​ចង្កោម គ្រាប់​បែក​ទម្លាក់​ពី​យន្ត​ហោះ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដទៃ​ទៀត។ ការ​បង្កើន​ធនធាន​សម្រាប់​បោស​សម្អាត​មីន មាន​សារៈ​សំខាន់​ដើម្បី​ឲ្យ​កម្ពុជា​អាច​ឈាន​ដល់​គោល​ដៅ​គ្មាន​ផល​ប៉ះ​ពាល់ និង​គ្មាន​គ្រាប់​មីន។ ការ​បោស​សម្អាត​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះគឺជា​អាទិភាព​ចម្បង​សម្រាប់​រាជ​រដ្ឋាភិបាល​ កម្ពុជា ដែល​ត្រូវ​បាន​បង្ហាញ​ជូន​​តាម​រយៈ​ការ​បញ្ជូល​នូវ​ការ​បោស​សម្អាត​មីន​នៅ​ ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​នៅ​​គោល​ដៅ​អភិវឌ្ឍន៍​សហវត្សរ៍​លើក​ទី ៩ របស់​កម្ពុជា (CMDG) សម្រាប់​ការ​បោស​សម្អាត​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ជួយ​ដល់​ជន​រង​គ្រោះ។ សកម្មភាព​បោស​សម្អាត​មីន​របស់ MAG ជួយ​រាជ​រដ្ឋាភិបាល​កម្ពុជាឲ្យ​ឈាន​ទៅ​សម្រេច​តាម​ការ​ប្ដេជ្ញា​ចិត្ត​ អនុវត្ត​តាម​សន្ធិ​សញ្ញា​អូតាវ៉ា និង​ការ​ប្ដេជ្ញា​ចិត្ត​តាម​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ តាម​រយៈ​ការ​ជួយ​រៀប​ចំ​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន និង​ការ​ជួយ​ទ្រ​ទ្រង់​ដល់​​ការ​អន្តរា​គមន៍​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​នៅ​លើ​ផ្ទៃ​ដី​នៅ​ក្រោយ​ការ​បោស​សម្អាត​រួច។

ចំពោះ​ប្រតិបត្តិករ​ផ្ដល់​មូលនិធិ និង​ការ​ដាក់​ពង្រាយ​ធនធាន​បោស​សម្អាត​មីន​នៅ​កម្ពុជា ផ្ដោត​សំខាន់​ទៅ​លើ​ការ​បោស​សម្អាត​ផ្ទៃ​ដី​ដែល​មានគ្រាប់​មីន​នៅ​ភាគ​ ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ ព្រមជាមួ​យ​​ធនធាន​​បន្តិច​បន្ដួច​ផ្សេង​ទៀត ផ្ដោត​សំខាន់​ទៅ​លើ​ការ​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ភាគ​ខាង​ កើត​ប្រទេស​កម្ពុជា។ វិធីសាស្ត្រ​របស់ MAG គឺ​ត្រូវ​បន្ថែម និង​កោត​សរសើរ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ ទូទាំង​ប្រទេស​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​គ្រាប់​មីន​នៅ​សេស​សល់​នៅ​កម្ពុជា។

ទោះ​បី​ជា​ពួ​ក​គេ​បាន​ជ្រាប​ពី​ទី​កន្លែង​ដែល​មាន​បង្កប់​គ្រាប់​មីន​ក្តី ក៏​នៅ​តែ​មាន​ប្រជា​ជន​មួយ​ចំនួន​ជម្នះ​ចូល​ទៅ​កាន់​តំបន់​ព្រៃ​ទាំង​នោះ​ ដោយ​កត្តា​ភាព​ក្រី​ក្រ​ជំរុញ​។ តើ​យើង​អាច​មាន​វិធាន​ការ​យ៉ាងណា​ដើម្បី​កាត់​បន្ថយ​នូវ​បញ្ហា​នេះ​បាន​?​

ទី​កន្លែង​ទាំង​នោះ​ភាគ​ច្រើន​មាន​ប្រជាជន​រស់​នៅ​ស្ថិត​ក្រោម​បន្ទាត់​ ក្រី​ក្រ ​(កំណើន​គ្រួសារ​ដែល​ខ្វះ​ខាត​ដី​ធ្លី​សម្រាប់​ដាំ​ដុះ) ដូច្នេះ​ប្រជាជន​ទាំង​នេះ​ នឹង​យក​ដី​នោះ​មក​ប្រើ​ប្រាស់​សម្រាប់​តម្រូវ​ការ​ចាំ​បាច់​របស់​ពួក​គាត់ បើ​ទោះ​បី​ជា​ដឹង​ថា វា​ជា​ដី​ដែល​មាន​បង្កប់​គ្រាប់​មីន​ក៏​ដោយ​ (​សកម្ម​ភាព​របស់​ពួក​គាត់​ជាការ​ចូល​ទៅ​បេះ​ផ្សិត កាប់​ដើម​ប្ញស្សី ដោយ​ដី​ទាំង​នោះ​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ជា​យូរ​មក​ហើយ​ដែល​ប្រជាជន​នា ពេល​បច្ចុប្បន្ន​គិត​ថា​ជា​ចម្ការ​មីន)។

តំបន់​ដែល​ជា​ចម្ការ​មីន​ទាំង​អស់​នោះ​ភាគ​ច្រើន​សម្បូរ​ប្រជា​ជន ដែល​មក​ទន្ទ្រាន​យក​ដី​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ខ្លួន​ព្រោះ​តែ​នៅ​ទី​ ជន​បទ​ភាព​ក្រី​ក្រ​មាន​កំណើន​កើន​ឡើង​ខ្ពស់។

នេះ​ក៏​ជា​ផល​ប៉ះ​ពាល់​មួយ​ដែល​បាន​កើន​ឡើង​ដោយ​សារ​តែ​គ្រួសារ​មួយ​ចំនួន​ ខ្វះ​ខាត​ដី និង​គ្រួសារ​ខ្លះ​ទៀត​រស់​នៅ​ដោយ​អាស្រ័យ​នឹង​ការ​ងារ​នៅ​ទី​នោះ​តាម​រយៈ​ ការ​រក​កម្រៃ​ប្រចាំ​ថ្ងៃ។ តែ​ក៏​មាន​គ្រួសារ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ទៅ​រស់​នៅ​តំបន់​នោះ ​សម្រាប់​ជា​ប្រភព​នៃ​​ការ​រក​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ទាំង​ដឹង​ថា វា​ជា​តំបន់​មាន​បង្កប់​គ្រាប់​មីន​ក៏​ដោយ។

MAG​ បាន​មាន​ទំនាក់​ទំនង​ដៃគូ​ជា​មួយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​អភិវ​ឌ្ឍ​ជន​បទ ​ក្នុង​រយៈ​ពេល​យូរ​មួយ។ តើ​ហេតុ​អ្វី​បាន​ជា​វា​មាន​សារៈសំខាន់​បែប​នេះ?

នៅ​ក្នុង​គម្រោង​នៃ​យុទ្ធ​សាស្រ្ត​របស់​ជាតិ ក្រុម​ការ​ងារ MAG បាន​ចាប់​ដៃ​គូ​ក្នុង​ស្រុក និង​ដៃ​គូ​អភិវឌ្ឍ​ន៍អន្តរ​ជាតិ​ជា​ច្រើន រួម​ជា​មួយ​នឹង​អាជ្ញាធរ​ជាតិ​ផង​ដែរ។ ក្រុម MAG និង​ដៃ​គូ​ជា​អង្គ​ការ​មួយ​ចំនួន​បាន​ពិចារ-​ណា​ថា វា​ជា​ការ​សម្អាត​មីន​ គឺ​ជា​ចំណែក​នៃ​ការ​ចូល​រួម​អភិ​វឌ្ឍ​មួយ​ដ៏​សកម្ម​។

ឆ្លង​កាត់​ការ​ចាប់​ដៃ​គូ​ជា​ច្រើន​មក ​ក្រុម​ការ​ងារMAG អះ​អាង​ថា ក្រោយពី​អន្តរា​គមន៍​នៃ​ការ​បោស​សម្អាត​មីន គឺ​យើង​អាច​ផ្តល់​ឲ្យ​សហ​គមន៍​មួយ​ចំនួន​ទទួល​បាន​នូវ​ធន​ធាន និង​ចំណេះ​ដឹង​ច្រើន​ដែល​តម្រូវ​ឲ្យ​ប្រជា​ជន​អាច​ប្រើ​ប្រាស់​ដី​ទាំង​នោះ បាន​ក្នុង​រយៈ​ពេល​យូរ​សម្រាប់​ការ​បង្ក​បង្កើន​ផល​របស់​ពួក​គេ។ យុទ្ធ​វិធី​នេះ​មិន​ត្រឹម​តែ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការ​ងារ​របស់ MAG ទទួល​បាន​នូវ​មូលនិធិ​ផ្គត់​ផ្គង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ឲ្យ​ក្រុម​ការ​ងារ MAG របស់​យើង​មាន​វិសាល​ភាព​បន្ត​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ កម្ពុជា​ និង​សម្រេច​នូវ​គោល​ដៅ​នៃ​ការ​អភិវឌ្ឍ​សហ​ស្សវត្សរ៍​របស់​កម្ពុជា​ទៀត​ផង។

ការ​សហ​ការ​នេះ​បាន​បន្ត​នូវ​សក្ដានុ​ពល​របស់​ខ្លួន​ជាង ១ ទស​វត្សរ៍​មក​ហើយ​ក្រោម​កម្ម​វិធី​មួយ​ឈ្មោះ​ថា ជីវិត​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ( Life With Dignity) ដែល​ដើម​ឡើយ​ជា​មូលនិធិ​របស់ Lutheran World Foundation បន្ទាប់​មក​បាន​ក្លាយ​ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​របស់​ជាតិ ឬ NGO LWD នា​ខែ​មករា​ឆ្នាំ​នេះ​។ ចំណែក​ដៃ​គូ​សហ​ការ​ដទៃ​ទៀត​មាន​ដូច​ជា​អង្គ​ការ​ Finn Church Aid ​នៅ​ឆ្នាំ​១៩៩៩ អង្គ​ការ​ World Vision ប្រចាំ​កម្ពុជា​នៅ​ឆ្នាំ​១៩៩៤ អង្គ​ការ CARE នៅ​ឆ្នាំ​២០០៦ និង​ស្ថាប័ន​សេវា​កម្ម​គ្រិស្ត​បរិស័ទ​(Church World Service) និង​ដៃ​គូ​អង្គការ​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា សមាគម​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួសារ​កម្ពុជា​នៅ​ឆ្នាំ​១៩៩៨។

ក្រុម​ការ​ងារ MAG និង​ដៃ​គូ​អភិវឌ្ឍន៍​នានា​របស់​ខ្លួន​បាន​ខិត​ខំ​ពង្រឹង​សមត្ថ​ភាព​យល់​ ដឹង​ដល់​ប្រជា​ពល​រដ្ឋ​ឲ្យ​យល់​ច្បាស់​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​នៃ​ សកម្ម​ភាព​របស់​ពួក​គាត់​ផង​ដែរ។ ក្រុម​ MAG បាន​ធ្វើ​ការ​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍​មួយ​ចំនួន និង​សហគមន៍​ក្នុង​ស្រុក​ដទៃ​ទៀត​ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ពី​ តម្រូវ​ការ​ក្នុង​ស្រុក ហើយ​គម្រោង​នោះ​វា​សម​ស្រប​ជា​មួយ​ប្រជាជន​ដែល​ពាក់​ព័ន្ធ​យ៉ាង​ណា​នៅ​ ក្នុង​កិច្ច​ការ​អភិវឌ្ឍ។

ហេតុ​អ្វី​ការ​សម្អាត​គ្រាប់​មីន​ត្រូវ​ចំណាយ​ពេល​យូរ​អង្វែង? កម្ពុជា​បាន​ទទួល​ជំនួយ​ពី​សន្ធិ​សញ្ញា​អូតាវ៉ា (Ottawa Treaty) ១០​ឆ្នាំ តើ​ពេល​វេលា​នេះ​វា​សម​ស្រប​សម្រាប់​ផែន​ការ​សម្អាត​ចម្ការ​មីន និង​គ្រឿង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទះ​ទាំង​អស់​បាន​ឬ​ទេ?

ការ​សម្អាត​ចម្ការ​មីន​ គឺ​យុទ្ធនាការ​មួយ​មាន​សកម្ម​ភាព​យឺត និង​មាន​ភាព​អំណត់​។ ទោះ​បី​យើង​មាន​ក្រុម​ការ​ងារ MAG បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់ ជា​មួយ​នឹង​ដៃ​គូ​សហ​ការ​នានា​ដើម្បី​សម្អាត​គ្រាប់​មីន​នោះ​ក្តី យើង​នៅ​តែ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​សម្រាប់​បន្ត​ដែរ​។ នៅ​ឆ្នាំ​២០០៩​ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ជំនួយ​រយៈ​ពេល ១០ ឆ្នាំ បន្ថែម​ទៀត​ពី​សន្ធិ​សញ្ញា​អូតាវ៉ា​( Ottawa Treaty) ដើម្បី​បន្ត​កិច្ចការ​របស់​ខ្លួន​សម្រាប់​យុទ្ធនាការ​សម្អាត​គ្រាប់​មីន​នៅ​ទូទាំង​ប្រទេស​តែ​ម្តង​។

វា​ក៏​នៅ​ពុំ​ទាន់​ច្បាស់​លាស់​ដែរ​សម្រាប់​ការ​បញ្ជាក់​ពី​ពេល​វេលា​ សម្អាត​គ្រាប់​មីន​នៅ​កម្ពុជា​នោះ ហើយ​​ជោគ​ជ័យ​នៃ​យុទ្ធនាការ​របស់​យើង​ក៏​វា​អាស្រ័យ​លើ​សំណើ បន្ថែម​ពី​ម្ចាស់​ជំនួយ​ដែរ សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​សម្អាត​ចម្ការមីន និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា។ កម្ពុជា​ គឺ​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​គ្រាប់​មីន​កប់​ក្នុង​ដី​ខ្ពស់​ជាង​គេ​នៅ​ លើ​ពិភព​លោក ហើយ​ក្រុម​ការងារ​ MAG នៅ​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ដូច​មុន​ដើម្បី​ជួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​នូវ​សុវត្ថិភាព​ប្រជា​ជន​កម្ពុជា ក៏​ដូច​ជា​ការ​ជួយ​ផ្គត់​ផ្គង់​ពួក​គាត់​ឲ្យ​មាន​ការ​អភិវឌ្ឍ​រីក​លូត​លាស់ ​ផង​ដែរ៕ DT/PR



This content has been locked. You can no longer post any comments.
Show/hide comments
busy