អ្នកទិញអាចទិញខុនដូដែលមានបន្ទប់គេងមួយនៅក្នុងតំបន់ អភិវឌ្ឍន៍ថ្មីមួយហៅថាក្រុងសែនសុខ (Sen Sok Town) មានទីតាំងនៅជាយខណ្ឌទួលគោកតាមបណ្ដោយផ្លូវ៥៩៨លក់ក្នុងតម្លៃ៤៨ ០០០ដុល្លារ។ ដំណាក់កាលដំបូងនៃការបង្កើតនេះគ្រោងនឹងបញ្ចប់រួចរាល់នៅខែមេសា ២០១៣។
នៅពេលតំបន់អភិវឌ្ឍន៍ដែលចំណាយប្រាក់អស់៩លានដុល្លារបើកការដាក់ បង្ហាញលក់ផ្ទះល្វែងទំនើបៗរបស់ខ្លួន នៅសប្ដាហ៍ក្រោយ(ថ្ងៃទី១៣ខែធ្នូ)នោះ នឹងមានការបញ្ចុះតម្លៃ៥ភាគរយសម្រាប់អ្នកទិញ១០នាក់ដំបូង។
ម្ចាស់គម្រោងលោក ជឹម សុធា ដែល ឪពុករបស់លោកឈ្មោះ ជឹម ឃាន ជាអ្នកបង្កើតតំបន់មានផ្ទៃដី៦,៣ហិកតានេះបាននិយាយថា៖ «យើងនឹងធ្វើការបញ្ចុះតម្លៃរហូតដល់ថ្ងៃអាទិត្យ»។ ដីនេះជាកម្មសិទ្ធិរបស់គ្រួសារលោក ជឹម តាំងពីយូរមកហើយ។
លោក ជឹម បាននិយាយថា៖ «ឥឡូវយើងគិតថា វាដល់ពេលដើម្បីធ្វើការអភិវឌ្ឍតំបន់នេះហើយ ព្រោះយើងបានដឹងថា មានតម្រូវការសំណង់អគារខ្ពស់ៗ ជាច្រើនសម្រាប់ភ្ញៀវបរទេសដែលបានចំណាយប្រាក់ជាច្រើនទៅលើការជួល អគារ។ យើងកំពុងព្យាយាមផ្ដល់គំនិតថ្មីមួយក្នុងការទិញខុនដូ ព្រោះអ្នកចំណាយប្រាក់ជាច្រើនទៅលើការជួលផ្ទះ អ្នកអាចយកលុយដែលជួលនោះមកទិញផ្ទះជាកម្មសិទ្ធិរបស់ខ្លួនបាន»។
លោកChris Ponniahនាយកប្រតិបត្តិនៃក្រុមហ៊ុនHB Consultancy Cambodia ដែលគេបានតែងតាំងជាភ្នាក់ងារប្រតិបត្តិខាងទីផ្សារនោះបានថ្លែង ថា ឥឡូវនេះដល់ពេលវេលាសម្រាប់អ្នកចង់ទិញអគារទទួលបានអត្ថ ប្រយោជន៍ក្នុងការបញ្ចុះតម្លៃថ្មីៗនេះទៅតាមអគារដែលមាន១បន្ទប់ ២បន្ទប់ និង៣បន្ទប់នៅក្នុងតំបន់អភិវឌ្ឍន៍ដែលគាត់និយាយថា ពេលមកផ្ទះដូចជាចូលរមណីយដ្ឋានមួយអ៊ីចឹង។
លោកPonniah បានថ្លែងថា៖ «គំនិតនេះចង់មានន័យថា ពេលអ្នកទៅផ្ទះ អ្នកគិតថាដូចជាកំពុងដើរចូលទៅក្នុងរមណីយដ្ឋានដ៏ស្រស់ស្អាតមួយអ៊ីចឹង»។
ដំណាក់កាលដំបូងនៃការអភិវឌ្ឍនេះមានអគារ១៣៥ខ្នងដែលនៅសល់៨៣ខ្នង ទៀតសម្រាប់លក់ ហើយ៥៣ខ្នងទៀតបានលក់ឲ្យអ្នកទិញបរទេស មានដូចជា ហុងកុង ចិន និងម៉ាឡេស៊ីដែលបានទិញ៤ខ្នងមាន១៥ជាន់។
នៅកន្លែងនេះមានគំរូអគារដែលមាន១បន្ទប់ដែលរំពឹងថាអ្នកទិញអាចមើល ឃើញគ្រឿងតុទូ និងសំណង់អគារជាច្រើន។ ខុនដូជាច្រើនបានធ្វើរួចពាក់កណ្ដាលហើយដែលមានទូដាក់ចានក្នុងផ្ទះបាយ ចង្រ្កានហ្គាស និងបំពង់ស្រូបផ្សែងហើយកញ្ចប់ផ្សេងទៀតត្រូវបានផ្ដល់ឲ្យសម្រាប់ ធ្វើការជ្រើសរើស។
អគារទាំងនេះអាចមានទំហំជាច្រើនដូចជា អគារដែលមានបន្ទប់១ទំហំ៦១ម៉ែត្រក្រឡាថ្លៃ៤៨ ០០០ដុល្លារ អគារប្រភេទB មានពីរបន្ទប់ទំហំ១៣៣ម៉ែត្រក្រឡាថ្លៃពី១០៨ ០០០ដុល្លារទៅ១២ម៉ឺនដុល្លារ អគារប្រភេទ C មានពីរបន្ទប់ទំហំ៩៨ម៉ែត្រក្រឡាថ្លៃពី៨ម៉ឺនដុល្លារទៅ៨៦ ០០០ដុល្លារ អគារប្រភេទ D មានពីរបន្ទប់ទំហំ១២៨ម៉ែត្រក្រឡាថ្លៃពី១០៣ ០០០ដុល្លារដល់ ១១៥ ០០០ដុល្លារ និងអគារមានពីរបន្ទប់ទំហំ៩១ម៉ែត្រក្រឡាថ្លៃពី៧៣ ០០០ដុល្លារទៅ៧៩ ០០០ដុល្លារ។
នៅសល់អគារតែមួយគត់ដែលមានបីបន្ទប់ ព្រោះអគារភាគច្រើនបានលក់ទៅឲ្យក្រុមវិនិយោគិនអស់ហើយ។
ការដាក់បង្ហាញនេះបើកនៅថ្ងៃអង្គារទី១៣ធ្នូ ហើយនឹងបើករយៈពេល៧ថ្ងៃ គឺមួយសប្ដាហ៍ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច។ បើចាប់អារម្មណ៍ចង់ទិញសូមទាក់ទងទៅកន្លែងដាក់បង្ហាញតាមទូរស័ព្ទ លេខ០២៣៦៦៨៨៦៨៨ ឬលេខ ០៦៧៩១៩៦២៨៕ PN
ភ្នំពេញ ប៉ុស្តិ៍







