ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិដែលមានការងារជំរុញលើក កម្ពស់ការអប់រំ នៅថ្ងៃនេះ បានគូសបញ្ជាក់អំពីតួនាទីដែលថា បច្ចេកវិទ្យាព័ត៌មាន និងប្រាស្រ័យទាក់ទង អាចដើរតួនាទីក្នុងការធានាឲ្យបាននូវការអប់រំដែលមានគុណភាព និងឱកាសស្មើភាពក្នុងការទទួលបាននូវការអប់រំ សូម្បីតែនៅក្នុងប្រទេសដែលដើរក្រោយគេ និងមានធនធានមានកំណត់ក៏ដោយ។
លោកស្រី Irina Bokova អគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNES- CO) បានប្រាប់ក្រុមប្រតិភូនៅកិច្ចប្រជុំកំពូលពិភពលោកសម្រាប់ ក្រុមរដ្ឋមន្រ្តីវិស័យអប់រំ ដែលកំពុងប្រជុំនៅទីក្រុងឡុងដ៍ថា៖ «ភាពរីកចម្រើន គឺអាចធ្វើទៅបាន ដោយមិនចាំបាច់លើកឡើងអំពីបញ្ហាថវិកា។ វា គឺជាការធ្វើឲ្យស៊ីគ្នា គឺសមត្ថភាពនៃការធ្វើឲ្យស៊ីគ្នាជាមួយនឹងតម្រូវការ»។
លោកស្រី Bokova បានថ្លែងប្រាប់ក្នុងវេទិកាដែលមានប្រធានបទ ការរៀនពីភាពល្អប្រសើរបំផុតសម្រាប់ពិភពលោកនៃការផ្លាស់ប្តូរ នេះថា៖ «នេះមានន័យថាជាការធ្វើឲ្យមានការច្នៃប្រឌិតបំផុត ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា។ វាមានន័យថា ការកសាងភាពជាដៃគូច្នៃប្រឌិតជាមួយវិស័យឯកជនដូចជាតាមរយៈ អង្គការសម្ព័ន្ធភាពពិភពលោកនៃដៃគូរួមគ្នាសម្រាប់ការអប់រំ (Global Alliance of Corporate Partners for Education) ដែលកំពុងមានគោលបំណងបង្កើតឡើងនៅឆ្នាំនេះ»។
លោកស្រី បានគូសបញ្ជាក់ពីតម្រូវការធ្វើឲ្យវិស័យអប់រំជា៖ «អំណាចកែប្រែឲ្យមានសេចក្តីថ្លៃថ្នូររបស់មនុស្ស» ព្រមទាំងសម្រាប់ការផ្លាស់ប្តូរសង្គម សេដ្ឋកិច្ច និងនយោបាយ»។
លោកស្រី Bokova បានបន្ថែមថា៖ «នៅក្នុងពេលវេលានៃភាពមិនច្បាស់លាស់អំពីបញ្ហាសេដ្ឋកិច្ច សារនេះមិនមានភាពសំខាន់ខ្លាំងទេ»។
លោកស្រី បន្ថែមថា អ្នកជំនាន់ក្រោយទាមទារឲ្យមានការអប់រំមួយដែលបំពាក់ពួកគេ នូវជំនាញទំនើបៗ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗសម្រាប់ទីផ្សារការងារ។
លោកស្រី បានបន្តថា៖ «បច្ចេកវិទ្យា អាចជាកម្លាំងជំរុញឲ្យមានការអប់រំប្រកបដោយអានុភាព ប៉ុន្តែវាត្រូវតែរួមបញ្ចូលទៅក្នុងការរៀន និងការអប់រំដោយវិធីសាស្រ្តបង្រៀនថ្មីៗ។ នៅក្នុងប្រទេសជាច្រើន បានអំពាវនាវឲ្យមានការផ្លាស់ប្តូរមួយឆ្ពោះទៅរកអន្តរសកម្ម និងការរៀនផ្អែកលើគម្រោង»។
លោកស្រី បានចង្អុលបង្ហាញថា អង្គការ UNESCO កំពុងធ្វើការងារកែលម្អជំនាញរបស់គ្រូ និងជំរុញលើកកម្ពស់ស្តង់ដារសមត្ថភាពតាមរយៈគម្រោង «ក្របខ័ណ្ឌសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសម្រាប់គ្រូ» ដែលបង្កើតឡើងនូវសេចក្តីណែនាំផ្សេងៗ ដើម្បីជួយក្រុមអ្នកអប់រំអភិវឌ្ឍន៍ជំនាញ ធ្វើការប្រើប្រាស់បច្ចេកវិទ្យាឲ្យអស់ពីសមត្ថភាពដើម្បីធ្វើ ឲ្យការរៀនសូត្រប្រសើរឡើង។
លោកស្រី បានមានប្រសាសន៍បន្តថា៖ «ការស្រាវជ្រាវបង្ហាញថា ជ័យជម្នះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងប្រាស្រ័យទាក់ទងក្នុងវិស័យអប់រំពឹងពាក់យ៉ាងខ្លាំងទៅលើ សមត្ថភាពគ្រូក្នុងការបញ្ចូលបច្ចេកវិទ្យាទាំងនេះទៅក្នុង ដំណើរការបង្រៀន»។
លោកស្រី បានសង្កត់ធ្ងន់ទៀតថា ក្របខ័ណ្ឌការងាររបស់ UNESCO គឺជាផ្នែកស្នូលមួយនៃទស្សនវិស័យរបស់ខ្លួនចំពោះការផ្តល់ភាពជា អ្នកដឹកនាំពិភពលោកសម្រាប់ការបណ្តុះបណ្តាលគ្រូ។
ក្របខ័ណ្ឌការងារ ដែលអាចចម្លងចេញពីគេហទំព័ររបស់ UNESCO គឺជាការសហការមួយរវាងដៃគូវិស័យឯកជនដូចជាក្រុមហ៊ុន Cisco ក្រុមហ៊ុន Intel និងក្រុមហ៊ុន Microsoft ព្រមទាំងអង្គការសង្គមអន្តរជាតិដើម្បីបច្ចេកវិទ្យាក្នុងវិស័យ អប់រំ និងក្រុមអ្នកជំនាញមកពីអង្គការ Commonwealth of Learning។
លោកស្រី បានថ្លែងបន្តថា៖ «ខ្ញុំជឿជាក់ថា ភាពជាដៃគូវិស័យសាធារណៈ គឺជាទម្រង់ថ្មីមួយនៃ«អំណាចស៊ីវិល» ដែលនឹងជួយកំណត់ទ្រង់ទ្រាយសតវត្សរ៍ទី២១»។
លោកស្រី ក៏បានសង្កត់ធ្ងន់ផងដែរ អំពីតម្រូវការធ្វើឲ្យការអប់រំបង្កើតនូវសហគមន៍ស្ថិរភាព សង្គមតាមរយៈការជំរុញភាពជាពលរដ្ឋល្អ និងការគោរពសិទ្ធិមនុស្ស។
លោកស្រី បានប្រកាសថា UNESCO ចាប់ផ្តើមគម្រោងគំនិតផ្តួចផ្តើមមួយជាមួយសហរដ្ឋអាមេរិកស្តីពី ការបង្រៀនអំពីការគោរព សម្រាប់មនុស្សទាំងអស់ ដែលជាកម្មវិធីថ្មីមួយស្តីពីការប្រឆាំងការរើសអើងពូជសាសន៍ និងភាពអត់ឱន។
អំពីបញ្ហាចូលរៀននៅសាលាបឋមសិក្សា លោកស្រី Bokova បានថ្លែងថា បើទោះបីមានការប្រសើរឡើងគួរឲ្យចាប់អារម្មណ៍ តាំងពីឆ្នាំ២០០០ ពិភពលោកនៅតែមិនទាន់ស្ថិតនៅលើផ្លូវបំពេញបាននូវគោលដៅអប់រំមូលដ្ឋានសាកលនៅឆ្នាំ២០១៥។
មានកុមារចំនួន៦៧លាននាក់នៅក្រៅសាលាបឋមសិក្សាក្នុងឆ្នាំ ២០០៧ និងមានចំនួនស្រដៀងគ្នានេះដែរចំពោះសិស្សជំទង់អនុវិទ្យាល័យ ហើយនៅតែមានមនុស្សពេញវ័យចំនួនប្រហែល៧៩៣លាននាក់ជុំវិញពិភពលោក មិនចេះអក្សរដែលពីរភាគបីនៃពួកគេ គឺជាស្រ្តី។
លោកស្រី Irina Bokova បានបន្ថែមឲ្យដឹងទៀតថា៖ គ្រូចំនួន១,៩លាននាក់បន្ថែមទៀត គឺត្រូវការដើម្បីសម្រេចឲ្យបាននូវការអប់រំចម្បងជាសកលនៅ ឆ្នាំ២០១៥៕ PS/អ.ស.ប
ភ្នំពេញ ប៉ុស្តិ៍


