លោក បាន គីមូន បានចាប់ផ្តើមអាណតិ្តទី២របស់លោក ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយសន្យាពង្រឹងអំណាចជាដៃគូដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំ របស់ពិភពលោក ដូចជាដោះស្រាយការប្រែប្រួលអាកាសធាតុ ប្រយុទ្ធប្រឆំាងភាពក្រីក្រ និងផ្តល់អំណាចដល់ស្រី្តនិងក្មេងស្រី។
ក្នុងបទសម្ភាសមួយជាមួយនឹងមជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ និងវិទ្យុអង្គការសហប្រជាជាតិ ដើម្បីគូសបញ្ជាក់ពីការចាប់ផ្តើមអាណតិ្តទី ២ របស់លោក លោក បាន គីមូន អាយុ ៦៧ ឆ្នាំ បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវឯកភាពគ្នា ជាពិសេសក្នុងចំណោមបណ្តារដ្ឋជាសមាជិក និងប្រជាជាតិរបស់រដ្ឋជាសមាជិក។
លោក បានថ្លែងថា៖ «រួមគ្នា គ្មានអ្វីមិនកើតទេ។ ប្រសិនបើយើងពង្រឹងភាពជាដៃគូនេះក្នុងចំណោមរដ្ឋាភិបាល សហគមន៍ពាណិជ្ជកម្ម អង្គការសង្គមស៊ីវិល និងសប្បុរសធម៌ ខ្ញុំគិតថា ភាពជាដៃគូដែលមានអំណាចទាំងអស់នេះ អាចនាំយើងទៅរកទិសដៅត្រឹមត្រូវ»។
លោក បាន គីមូន បានលើកឡើងជាថ្មីម្តងទៀតនូវអាទិភាពសម្រាប់អាណតិ្តទី២ ដោយដាក់ចេញនូវឱកាស ៥ ដែលលោកបានរកឃើញសម្រាប់អង្គការសហប្រជាជាតិគឺ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បង្ការវិបតិ្ត និងគ្រោះថ្នាក់ធម្មជាតិ និងបណ្តាលមកពីមនុស្ស ធ្វើឲ្យពិភពលោកកាន់តែមានសុវតិ្ថភាព និងសន្តិសុខថែមទៀត ជួយប្រទេស និងប្រជាជនក្នុងអន្តរកាល និងជំរុញការផ្តល់អំណាចយេនឌ័រ។
លោក បាន គីមូន មានប្រសាសន៍ថា៖«យើងត្រូវតភ្ជាប់ចំណុចផ្សេងៗរវាងការប្រែប្រួល អាកាសធាតុ វិបតិ្តស្បៀង កង្វះទឹកប្រើប្រាស់ កង្វះថាមពល និងការផ្តល់អំណាចដល់ស្រ្តី និងបញ្ហាសុខភាពពិភពលោក។ ទាំងនេះជាបញ្ហាជាប់ទាក់ទងគ្នា»។
លោក បាន គីមូន ដែលចាប់ផើ្តមអាណតិ្តទី ២ រយៈពេល ៥ ឆ្នាំ ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា «អំណាចប្រជាជន» និងការពង្រឹងសាកលភាវូបនីយកម្មជាការអភិវឌ្ឍធំបំផុត ចាប់តាំងពីលោកចូលកាន់តំណែងដំបូងជាអគ្គលេខាធិការអង្គការ សហប្រជាជាតិកាលពីឆ្នាំ ២០០៧។ លោក ថា៖ «យើង បានមើលឃើញប្រជាជនជាច្រើននាក់ គឺប្រជាជនដែលបាត់បង់ឱកាស ដែលទទួលការគាបសង្កត់ ដែលចង់បានលទិ្ធប្រជាធិបតេយ្យ សេចក្តីថ្លែថ្នូរ និងសិទិ្ធមនុស្ស។ យើងមានការទទួលខុសត្រូវធំ ដើម្បីជួយពួកគេក្នុងការផ្លាស់ប្តូរទៅរកលទិ្ធប្រជាធិបតេយ្យ»។ «ជាមួយនឹងការពង្រឹងសាកលភាវូបនីយកម្ម យើងមើលឃើញរឿងជាច្រើនដែលកំពុងកើតឡើងនៅលើពិភពលោក។ មានគំនិតល្អជាច្រើន និងមនុស្សជាច្រើនដែលចង់តភ្ជាប់គ្នា...យើងត្រូវជួយប្រទេស ផ្លាស់ប្តូរទាំងនេះ ដើម្បីសម្រេចឲ្យបានក្នុងពេលឆាប់ៗ។ ការរួបរួមគ្នាពឹងផ្អែកលើយើង»។
លោក បាន គីមូន លើកឡើងថា ជំនួបរវាងលោកជាមួយនឹងក្មេងប្រុសម្នាក់ នៅប្រទេស Kiribati ដែលជារដ្ឋកោះប៉ាស៊ីហ្វិកខាងត្បូង ក្នុងដំណើរទស្សនកិច្ចកាលពីឆ្នាំមុន ដែលជាប្រទេសទទួលរងការគំរាមកំហែងដោយសារការឡើងកម្ពស់ទឹកសមុទ្រ នោះថា ជាឧទាហរណ៍នៃការជឿជាក់ និងការរំពឹងទុកយ៉ាងធំ ដែលប្រជាជននៅលើពិភពលោកមានចំពោះអង្គការសហប្រជាជាតិ។
លោក បាន គីមូន បានរំឭកថា៖ «ក្មេងប្រុសនោះសុំខ្ញុំឲ្យជួយដោះស្រាយបញ្ហាការប្រែប្រួលអាកាស ធាតុ។ ផ្ទះ និងវប្បធម៌របស់យើងអាចបាត់បង់ ក្នុងពេលតែមួយយប់»។ លោក បានបន្តថា នេះជាមូលហេតុដែលបញ្ហាការប្រែប្រួលអាកាសធាតុនៅតែជារបៀបវារៈ ទី១ សម្រាប់ពិភពលោក។
លោកអគ្គលេខាធិការ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ដែលត្រូវធ្វើឲ្យអង្គការសហប្រជាជាតិកាន់តែទំនើប ក្នុងអាណតិ្តទី ២ របស់លោក ដើម្បីជួយអង្គការសហប្រជាជាតិដែលមានសមាជិក ១៩៣ ប្រទេសនាពេលបច្ចុប្បន្នអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មី។
លោក បានបន្ថែមឲ្យដឹងទៀតថា៖ «បច្ចេកវិជ្ជាដើរលឿនជាងការគិតរបស់យើង គំនិតប្រជាជន និងរបៀបធ្វើការងារ។ យើងត្រូវធ្វើឲ្យអង្គការរបស់យើងកាន់តែរហ័ស មានប្រសិទ្ធភាព មានតម្លាភាព និងមានការទទួលខុសត្រូវ»៕ TK /អ.ស.ប
ភ្នំពេញ ប៉ុស្តិ៍


