Headlines:

ការ​អប់រំ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ហាក់​ខុស​ពី​តម្រូវ​ការ​ទីផ្សារ​ការងារ

120207_04
យុវជន​ តេន សុភាន់ អាយុ ១៩ ឆ្នាំ កំពុង​ជួស​ជុល​ម៉ាស៊ីន​ម៉ូតូ នៅ​​ក្នុង​មជ្ឈមណ្ឌល​​បណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ​ក្នុង​ខេត្ត​បាត់ដំបង​​។ យុវជន​​រូប​នេះ បាន​​បោះ​បង់​​ការ​​សិក្សា​​ត្រឹម​​ថ្នាក់​​ទី​៩។ រូបថត រស់ សុធា

នេះ​ជា​សំណួរ និង​ចម្លើយ​រវាង​លោក Vincent Maclsaac ជាមួយ​បុគ្គលិក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក ឌី សមស៊ីដេត លោក Karin Schelzig Bloom លោក Yasushi Hirosato និង​លោក Peter Brimble។

តើ​ជំនាញ​ណា​ខ្លះ​ដែល​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ​អប់រំ​ មិន​ត្រូវ​តាម​ជំនាញ​វិស័យ​ឯកជន​ចង់​បាន​ត្រូវ​គេ​ប្រកាស​ជា​ផ្លូវ​ការ? ហើយ​តើ​បញ្ហា​នេះ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​យ៉ាង​ដូចម្តេច?

ប្រព័ន្ធ​អប់រំ​ថ្មី​ហាក់​បី​ដូច​ជា​កំពុង​ផលិត​និស្សិត​បញ្ចប់​ការ​សិក្សា ​ជំនាញ​ដូច​ជា​ភាសា​បរទេស ពាណិជ្ជ​កម្ម ច្បាប់ ហិរញ្ញវត្ថុ គណនេយ្យ​ដែល​ជានិច្ច​កាល​មាន​ការ​ផ្គត់ផ្គង់​ច្រើន​ជាង​តម្រូវ​ការ។ វិស័យ​ឯកជន​ជា​ពិសេស​សហ​គ្រាស​ខ្នាត​តូច និង​មធ្យម​ត្រូវ​ការ​អ្នក​បច្ចេក​ទេស​ដែល​មាន​ជំនាញ​គ្រប់គ្រាន់។ យ៉ាង​​ណា​ក្តី ប្រព័ន្ធ​អប់រំ​បច្ចុប្បន្ន​ជា​ទូទៅ​នៅ​តែ​ផលិត​ចេញ​និស្សិត​បញ្ចប់​ការ​ សិក្សា​ដែល​មាន​ជំនាញ​មិន​គ្រប់​គ្រាន់ និង​មាន​មហិច្ឆតា​មិន​ពិត​ប្រាកដ។ ភាព​ខុស​គ្នា​នេះ​ធំ​ធេង ហើយ​នាំ​ទៅ​ដល់​ស្ថានភាព​ខ្វះ​ការងារ​ធ្វើ ឬ​គ្មាន​ការ​ងារ​ធ្វើ​ធ្ងន់ធ្ងរ ខណៈ​និស្សិត​បញ្ចប់​ការ​សិក្សា​ហក់​ចូល​ក្នុង​ទីផ្សារ​ការងារ​ជាមួយ​នឹង​ ជំនាញ និង​សមត្ថភាព​មិន​ស័ក្តិ​សម។ វា​ក៏​នាំ​ទៅ​ដល់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​​មិន​អស់​លទ្ធភាព​ជា​ទូទៅ​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត គេ​ត្រូវ​ទទួល​ស្គាល់​ថា ការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​ផ្នែក​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន​ យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​កម្ពុជា​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ការ​សម្រប​ខ្លួន​នៃ​អ្នក​ផ្តល់​សេវា​អប់រំ​ និង​បណ្តុះ​បណ្តាល​ទៅ​នឹង​តម្រូវ​ការ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​នេះ​ក៏​ទាម​ ទារ​នូវ​ការ​ខិតខំ​ជម្នះ​ខ្លាំង​ក្លា​ផង​ដែរ។

ខណៈ​វិស័យ​កសិកម្ម​កាន់​តែ​មាន​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ច្រើន​ជាង​មុន វា​នឹង​ត្រូវ​ការ ​ការ​ប្រើ​ប្រាស់​កម្លាំង​មនុស្ស​តិច​ជាង​មុន។ តើ​គេ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ធានា​ថា ការណ៍​នេះ​មិន​នាំ​ឲ្យ​មាន​អត្រា​អ្នក​គ្មាន​ការ​ងារ​ធ្វើ​ខ្ពស់​ជាង​មុន​?

យុទ្ធសាស្ត្រ ADB ក្នុង​ប្រទេស​នេះ​ផ្តោត​ទៅ​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​ការ​រីក​ចម្រើន​ជា​រួម​ជាមួយ​នឹង​វិធី​សាស្ត្រ​ចម្រុះ​សំដៅ​ធ្វើ ​ការ​អភិវឌ្ឍ​ទី​ជន​បទ ដោយ​ផ្តោត​ទៅ​លើ​តំបន់​ដែល​ប្រជាជន​ក្រីក្រ​បំផុត​រស់​នៅ។ ដោយ​ប្រជា​ពលរដ្ឋ​ជិត ៧៥​ភាគរយ មាន​មុខ​របរ​ខាង​កសិកម្ម ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បង្ក​បង្កើន​ផល​កសិកម្ម​ប្រកួត​ប្រជែង​ គ្នា និង​សហគ្រាស​កសិ-ពាណិជ្ជ​កម្ម​នឹង​បង្កើន​ការងារ និង​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ថែម​ទៀត។ យ៉ាង​ណា​ក្តី ខណៈ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​កសិកម្ម​នៅ​ទ្រឹង​ដើរ​ផ្ទុយ​នឹង​សកម្ម​ភាព​កំពុង ​កើត​មាន​នៃ​គ្រួសារ​ខ្នាត​តូច ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ទី​ក្រុង និង​ទី​ជន​បទ​នឹង​មាន​ភាព​ចាំបាច់​ដើម្បី​ធ្វើ​ជា​កាតាលីករ​ជួយ​បង្កើន​ ប្រាក់​ចំណូល​ទាំង​សម្រាប់​ប្រជាជន​នៅ​ទី​ជនបទ និង​ទី​ក្រុង។ ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​សហគមន៍​ជនបទ និង​ទីក្រុង​ដែល​មាន​ការ​រីក​ចម្រើន​នឹង​មាន​ការ​កើន​ឡើង ហើយ​សហគមន៍​ជន​បទ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​អាច​រក​ទីផ្សារ និង​សេវា​សង្គម​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​បាន។

ដើម្បី​ធានា​ថា វិស័យ​កសិកម្ម​ដែល​កាន់​តែ​មាន​ការ​ប្រើប្រាស់​គ្រឿង​យន្ត​ច្រើន​ជាង​មុន​ មិន​ធ្វើ​ឲ្យ​មាន​អត្រា​គ្មាន​ការងារ​ធ្វើ​កើន​ឡើង​ជា​ទូទៅ​ព្រោះ​កសិកម្ម​ ត្រូវ​ការ​កម្លាំង​ពលកម្ម​តិច​ជាង​មុន​ទេ​នោះ វិធី​សាស្ត្រ ២ កំពុង​ត្រូវ​បាន​អនុវត្ត​តាម​យុទ្ធសាស្ត្រ​របស់ ADB ប្រចាំ​ប្រទេស​នេះ​ ដែល​ទី ១ ជំរុញ​ការ​រីក​ចម្រើន​នៃ​ក្រុង​លំដាប់​ទី ២ ដោយ​ធ្វើ​ឲ្យ​ក្រុង​ទាំង​នោះ​ក្លាយ​ជា​ប៉ូល​រីក​ចម្រើន និង​ប្រភព​ការងារ​ក្នុង​តំបន់ និង​ទី ២ ពង្រឹង​ស្ថាប័ន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​រៀបចំ​យុវជន​កម្ពុជា​សម្រាប់​អាជីព​ដែល​មាន​ច្រើន​ឡើងៗ។

ពលរដ្ឋ​ជន​បទ​ប្រឈម​មុខ​នឹង​បន្ទុក​ជា​ច្រើន​ក្នុង​ការ​សម្រេច​បាន​ការ​ អប់រំ​មូលដ្ឋាន ដោយ​អត្រា​បោះ​បង់​ចោល​ការ​សិក្សា​មាន​ខ្ពស់​នៅ​កម្រិត​ក្រោយ​បឋម​សិក្សា។ តើ​គេ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​យុវជន​នៅ​តាម​ជន​បទ​ដែល​ពុំ​មាន​ឱកាស ទទួល​បាន​ការ​អប់រំ​ដូច​មាន​សម្រាប់​យុវជន​នៅ​តាម​ទី​ប្រជុំ​ជន និង​ក្រុង​ផ្សេង​ទៀត?

អត្រា​ទទួល​បាន​ការ​អប់រំ​នៅ​តំបន់​ជន​បទ​នៃ​ប្រទេស​កម្ពុជា​ខណៈ​កំពុង​មាន ការ​ផ្លាស់​ប្តូរ​នៅ​ជំនាន់​យុវជន​ថ្មី​នៅ​តែ​មាន​ទាប ជា​ពិសេស​សម្រាប់​ស្ត្រី។ ឧទាហរណ៍ ពីរ​ភាគ​បី​នៃ​ស្ត្រី​នៅ​តាម​ជន​បទ​ដែល​មាន​អាយុ​ច្រើន​ជាង ២៥ ឆ្នាំ​រៀន​ពុំ​បាន​ចប់​ថ្នាក់​បឋម​សិក្សា​នោះ​ទេ។ ក្មេងៗ​ដែល​ពុំ​បាន​រៀន​ចប់​មធ្យម​សិក្សា​បឋម​ភូមិ​(ថ្នាក់​ទី ៩)​ពុំ​អាច​មាន​សិទ្ធិ​ចូល​រៀន​វគ្គ​អប់រំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បច្ចេក​ទេស​ជា​ផ្លូវ​ការ​(TVET)​ដែល​ដំណើរ​ការ​ដោយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​(MOLVT)​ឡើយ។ កិច្ច​ខិត​ខំ​ជា​ច្រើន​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​អភិវឌ្ឍ​កម្ម​វិធី​ បំប៉ន​ដែល​ជួយ​នាំ​អ្នក​ដែល​បាន​បោះ​បង់​ចោល​ការ​សិក្សា​ឲ្យ​ត្រូវ​តាម​ ស្តង់ដារ​ចាំបាច់​សម្រាប់​កម្ម​វិធី TVET។ យ៉ាង​ណា​ក្តី សម្រាប់​មនុស្ស​ជា​ច្រើន សូម្បី​តែ​វគ្គ​បំប៉ន​ក៏​មិន​មែន​ជា​ជម្រើស​ត្រឹម​ត្រូវ​ឡើយ ប្រសិន​បើ​ពួក​គេ​បោះ​បង់​ចោល​ការ​សិក្សា​ឆាប់​ពេក។ កម្ម​វិធី TVET ក្រៅ​ប្រព័ន្ធ​អាច​ជួយ​ពួក​គេ​បាន។ កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​តាម​មូលដ្ឋាន​របស់ MOLVT អាច​ជួយ​ក្រុម​គ្រួសារ​ក្រីក្រ​កែ​លម្អ​ជំនាញ​ជា​ពិសេស​មួយ​ចំនួន និង​បង្កើន​ប្រាក់​ចំណូល។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហ​គ្រាស​សង្គម​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ សម្រាប់​ប្រជាជន​ដែល​មិន​អាច​បញ្ចប់​ការ​សិក្សា​នៅ​តាម​សាលា​រៀន​បាន។

តើ​អ្វីខ្លះ​ជា​គ្រោះ​ថ្នាក់​នៃ​ការ​បរាជ័យ​មិន​អាច​ដោះស្រាយ​បញ្ហា​គ្មាន ​ការ​ងារ​ធ្វើ​គ្រប់​គ្រាន់ ឬ​គ្មាន​ការ​ងារ​ធ្វើ​នៅ​តាម​តំបន់​ជន​បទ​នៃ​ប្រទេស​កម្ពុជា​បាន?

បញ្ហា​គ្មាន​ការងារ​គ្រប់​គ្រាន់ និង​គ្មាន​ការងារ​ធ្វើ​នៅ​តាម​ទី​ជន​បទ​ក្នុង​ប្រទេស​កម្ពុជា​អាច​នាំ​ទៅ​ ដល់​បញ្ហា​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ទាំង​ទៅ​កាន់​ក្រុង​ធំៗ ​ដូច​ជា​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប ព្រម​ទាំង​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ផ្សេង​ៗ​ទៀត។ ការ​ធ្វើ​ចំណាក​ស្រុក​នាំ​មក​ជាមួយ​នូវ​ហានិភ័យ​រង​ការ​ជួញ​ដូរ និង​កេង​ប្រវ័ញ្ច ដូច​ករណី​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​ច្រើន​ករណី​កន្លង​មក ជា​ឧទាហរណ៍​ស្រាប់។ ភាព​ក្រីក្រ និង​កង្វះ​ការងារ​ធ្វើ​ក្នុង​ស្រុក​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជន​បទ​ដែល ​ភាគ​ច្រើន​ពុំ​ធ្លាប់​ស្គាល់​រាជ​ធានី​ភ្នំពេញ​ប្រថុយ​ធ្វើ​ចំណាក​ស្រុក។ ការ​ជួញ​ដូរ​មិន​មែន​ប៉ះ​ពាល់​តែ​ស្ត្រី​ទេ បុរស​ក៏​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ផង​ដែរ។ ឱកាស​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បច្ចេក​ទេស​ផ្លូវ​ការ និង​ក្រៅ​ផ្លូវ​ការ​ដែល​ត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ​ក្នុង​ស្រុក​ អាច​ជួយ​កាត់​​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ឲ្យ​គ្រួសារ​ពួក​គេ​រស់​នៅ​ជួប​ ជុំ​គ្នា ហើយ​បង្កើន​ប្រាក់​ចំណូល​ក្នុង​ស្រុក​ផង​ដែរ។ កិច្ច​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទាំង​បរិមាណ និង​គុណភាព​ការងារ​តាម​ខេត្ត​នានា និង​ការ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​ជា ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​ចាក់​ស្រែះ​យ៉ាង​ជ្រៅ ក្នុង​សង្គម​ទាំង​នេះ។

កម្មវិធី​បំពាក់​បំប៉ន​ជំនាញ​ជួយ​ឲ្យ​យុវជន​ដែល​បោះបង់​ចោល​សាលា​រៀន មាន​ច្រក​ថ្មី​ដើម្បី​វិល​ត្រឡប់​ចូល​ក្នុង​ប្រព័ន្ធ​អប់រំ​វិញ​នៅ​ទី​ បំផុត។ តើ​គម្រោង​សាក​ល្បង​នេះ​ទទួល​បាន​ជោគជ័យ​ប៉ុន​ណា​ហើយ? តើ​វា​នឹង​ត្រូវ​កែ​លម្អ និង​ពង្រីក​ដែរ​ឬ​ទេ?

ចាប់​ពី​ឆ្នាំ ២០១០ មក កម្ម​វិធី​បំប៉ន​ជំនាញ​ត្រូវ​បាន​អនុវត្ត​សាកល្បង​ក្នុង​ខេត្ត​កំពត បាត់ដំបង រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ដោយ​ប្រើ​ប្រាស់​វិធីសាស្ត្រ​៣​ផ្សេង​គ្នា​ដើម្បី​ជួយ​បង្ហាត់​បង្រៀន​យុវជន​ នូវ​មុខ​វិជ្ជា​គណិត​វិទ្យា វិទ្យាសាស្ត្រ និង​ភាសា​ខ្មែរ។ ក្នុង​គំរូ​មួយ វគ្គ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ខេត្ត។ ក្នុង​គំរូ​ផ្សេង​ទៀត វា​ត្រូវ​បាន​ផ្តល់​ឲ្យ​តាម​រយៈ​អង្គការ​មិនមែន​រដ្ឋាភិបាល។ វិធី​សាស្ត្រ​ទី ៣ គឺ​តាម​សហគមន៍ ដោយ​គ្រូ​បង្ហាត់​(សិស្ស​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី ១២)​ធ្វើ​ការ​ជាមួយ​ក្រុម​យុវជន​ក្នុង​សហគមន៍​របស់​ពួក​គេ។ លទ្ធ​ផល​បឋម​បង្ហាញ​ថា គំរូ​តាម​សហគមន៍​មាន​ប្រសិទ្ធ​ភាព​ជា​ពិសេស។ កម្មវិធី​នេះ​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ជួយ​អ្នក​ដែល​ទើប ​តែ​បោះ​បង់​ចោល​ការ​សិក្សា​ថ្មីៗ​ពី​ថ្នាក់​ទី ៨ និង ៩។ សិស្ស​បោះ​បង់​ចោល​ការ​សិក្សា​ត្រូវ​បាន​សម្ភាស​ដើម្បី​បញ្ជាក់​ពី​ការ​តាំង ​ចិត្ត​របស់​ពួក​គេ​ចំពោះ​ឱកាស​រៀន​សូត្រ​បន្ត​ទៀត​ជា​ពិសេស​ការ​អប់រំ​ វិជ្ជា​ជីវៈ និង​បច្ចេក​ទេស។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​បាន​ប្តេជ្ញា​ត្រៀម​ធនធាន និង​ដៃ​គូ​ដើម្បី​ពង្រីក​កម្មវិធី​នេះ​នៅ​ទូទាំង​ប្រទេស ក្រោយ​ពី​ការ​សាក​ល្បង​បាន​ចប់​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។

តើ​កិច្ច​សហ​ប្រតិបត្តិការ​របស់​វិស័យ​ឯកជន​មាន​សារៈ​សំខាន់​ប៉ុនណា​ដែរ​ ចំពោះ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​ថ្នាក់​សាកល​វិទ្យាល័យ ពហុ​បច្ចេក​ទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា?

កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​វិស័យ​ឯកជន​ជា​កត្តា​សំខាន់​មួយ​នៅ​ក្នុង​ការ ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ថ្នាក់​សាកល​វិទ្យាល័យ ពហុបច្ចេក​ទេស និង​វិជ្ជាជីវៈ​កាន់​តែ​ត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ។ ការ​ចូល​រួម​បន្ត​របស់​វិស័យ​ឯកជន​នៅ​តាម​ស្ថាប័ន​បណ្តុះ​បណ្តាល​នានា​គួប​ ផ្សំ​នឹង​ឆន្ទៈ​ទទួល​ប្រព័ន្ធ​នេះ​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ ​បង្កើត​កម្មវិធី និង​កម្មវិធី​សិក្សា​ដែល​ស្រប​តាម​តម្រូវ​ការ​អាជីវកម្ម និង​សហគមន៍​ជា​រួម។ លើស​ពី​នេះ​ទៀត ភាព​ជា​ដៃ​គូ​រវាង​វិស័យ​រដ្ឋ​ និង​ឯកជន​លើ​ផ្នែក​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​អាច​ជួយ​ជា​ហិរញ្ញ​វត្ថុ​ដល់​ មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ដែល​តម្រង់​គោលដៅ​ទៅ​រក​ឧស្សាហកម្ម​ជាក់​លាក់ ដូច្នេះ​បង្កើត​បាន​ជា​ស្ពាន​ចម្លង​រវាង​វគ្គ​បណ្តុះ​បណ្តាល​ទៅ​កន្លែង ការងារ។

ការ​កើន​ឡើង​ចំនួន​សាកលវិទ្យាល័យ​ឯកជន​ស្រប​ទៅ​នឹង​ការ​កើន​ឡើង​ផ្នែក​ទីផ្សារ និង​ការ​ផ្សព្វ​ផ្សាយ​កម្រិត​សិក្សា​ដែល​សាកល​វិទ្យាល័យ​ទាំង​នោះ​ផ្តល់ ឲ្យ។ តើ​បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ការ​កំណត់​ខុស​ពី​ជំនាញ​ដែល​ចាំបាច់​សម្រាប់ ឱកាស​ការងារ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ?

នេះ​ជា​ក្តី​បារម្ភ​យ៉ាង​ច្បាស់​ណាស់​នៅ​ប្រទេស​កម្ពុជា។​សាកល​វិទ្យាល័យ ​មួយ​ចំនួន​គ្រាន់​តែ​ជា​កន្លែង​ផ្តល់​សញ្ញា​បត្រ​ដែល​បង្កើត​ចេញ​នូវ​ ចំនួន​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​ខ្វះ​ជំនាញ​ចាំបាច់​សម្រាប់​​ការងារ​ ផ្តល់​ប្រាក់​ចំណូល​ប៉ុណ្ណោះ ហើយ​ប្រាកដ​ណាស់ ស្ថាន​ភាព​នេះ​អាច​ធ្វើ​ឲ្យ​និស្សិត​យល់​ខុស​ពី​ទី​ផ្សារ​ការងារ។ បើ​និយាយ​ឲ្យ​ងាយ​យល់ និស្សិត​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ការ​អប់រំ​នៅ​សាកល​វិទ្យាល័យ​ច្រើន​ជាង វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដែល​មាន​ការពាក់​ព័ន្ធ​ជាង។

យុវជន​រៀន​ចប់​វិទ្យាល័យ​ក៏​គួរ​ទទួល​បាន​ការ​ណែនាំ​ឲ្យ​ជ្រើសរើស​ឯកទេស ​សិក្សា​ជំនាញ​ក្រោយ​ថ្នាក់​មធ្យម​សិក្សា​របស់​ពួក​គេ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ផង​ដែរ បើ​មិន​អ៊ីចឹង​ទេ​នៅ​ពេល​ពួក​គេ​ដឹង​ថា វគ្គ​ដែល​ពួក​គេ​បាន​ជ្រើស​រើស​អាច​​មិន​ពាក់​ព័ន្ធ​នឹង​ទីផ្សារ​ការងារ ពួក​គេ​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ក្រោយ​ពេល​ បញ្ចប់​ការ​សិក្សា។ ភ្នាក់ងារ​ជាតិ​ការងារ​ដែល​ទើប​តែ​បង្កើត​ឡើង​ថ្មីៗ​នេះ​កំពុង​បង្កើត​កិច្ច ​ខិតខំ​សំខាន់​ដើម្បី​ដោះស្រាយ​ការ​ប្រើ​ប្រាស់​នេះ។ យ៉ាង​ណា​ក្តី និស្សិត​បញ្ចប់​ការ​អប់រំ​ថ្នាក់​ខ្ពស់​ជា​ច្រើន​រក​ការងារ​ធ្វើ​ពាក់​ ព័ន្ធ​នឹង​ជំនាញ​ឯក​ទេស​ពួក​គេ​ពុំបាន​ឡើយ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ចំណង់​ការងារ​របស់​ពួក​គេ​ធ្លាក់​ចុះ ការ​លើក​ទឹក​ចិត្ត និង​ទំនុក​ចិត្ត​ទាប ព្រម​ទាំង​ទទួល​បាន​ប្រាក់​ខែ​ទាប​ផង​ដែរ។

អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ច្រើន​បាន​រៀបចំ​ធ្វើ​ការ​បណ្តុះ​បណ្តាល​ វិជ្ជាជីវៈ តែ​ថា​ តើ​វា​ចាំបាច់​ឲ្យ​មាន​ប្រព័ន្ធ​ស្តង់ដារ​ថ្នាក់​ជាតិ​ដើម្បី​ផ្តល់​ វិញ្ញាបនបត្រ​ដែល​អនាគត​និយោជក​អាច​ជឿ​ជាក់​បាន​ដែរ​ឬ​ទេ?

ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ធ្វើ​ឡើង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាំបាច់​ត្រូវ​បញ្ចូល​ក្នុង​ក្រប​ខ័ណ្ឌ​សញ្ញា​បត្រ​ជាតិ និង​ត្រូវ​បញ្ជាក់​ថា​ មាន​តម្លៃ​ស្មើ​កម្មវិធី​បណ្តុះ​បណ្តាល​ក្រៅ​ផ្លូវ​ការ​នានា​ដែល​ធ្វើ​ឡើង​ ដោយ MOLVT។ យើង​បាន​កត់​សម្គាល់​ឃើញ​ថា កម្ម​វិធី​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជា​ច្រើន​ធ្វើ​ឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្តោត​លើ​ការ​បង្កើត​ប្រាក់​ចំណូល​សម្រាប់​កុមារ និង​យុវជន​ងាយ​រង​គ្រោះ​សម្រាប់​ជួយ​បន្ថយ​ទុក្ខ​លំបាក​ភ្លាមៗ​របស់​ពួក​គេ ​ប៉ុណ្ណោះ។ មជ្ឈ​មណ្ឌល​វិជ្ជាជីវៈ​ឯកជន និង​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ទំនើប​ជាង​មជ្ឈ​មណ្ឌល​ បណ្តុះ​បណ្តាល​របស់​រដ្ឋ។

ការ​ផ្លាស់​ប្តូរ​កំពុង​កើត​ឡើង​ដើម្បី​ពង្រីក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ ពហុ​បច្ចេកទេស​តាម​ភូមិ​ភាគ​នានា។ តើ​លោក​អាច​ជួយ​ប្រាប់​ពី​វឌ្ឍនភាព​ថ្មីៗ​របស់​វា និង​ផ្តល់​ទស្សនៈ​ជា​ទូទៅ​នៃ​យុទ្ធសាស្ត្រ​នេះ​បាន​ទេ?

ការ​ទទួល​បាន​ឱកាស​អប់រំ​បច្ចេកទេស និង​វិជ្ជាជីវៈ​ប្រកប​ដោយ​សមភាព​សម្រាប់​ពលរដ្ឋ​ជន​បទ​គឺជា​គន្លឹះ​ឆ្ពោះ ​ទៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជន​បទ និង​បង្កើត​ជំនាញ​ការងារ​ពាក់ព័ន្ធ។ ADB ជួយ​គាំទ្រ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង TVET និង​មជ្ឈ​​មណ្ឌល​បណ្តុះ​បណ្តាល​តាម​ខេត្ត។ ដោយ​សារ TVET ត្រូវ​មាន​ការ​ឆ្លើយ​តប​ខ្ពស់​ចំពោះ​ពិភព​ការងារ អន្តរាគមន៍​មិន​អាច​ត្រូវ​កំណត់​តែ​នៅ​តំបន់​ទីក្រុង​បាន​ទេ។ តម្រូវ​ការ​ជំនាញ​តាម​ខេត្ត​នានា​មាន​ខ្ពស់​ខាង​ផ្នែក​សំណង់ គ្រឿង​យន្ត និង​បច្ចេក​វិទ្យា​ទំនាក់​ទំនង និង​ព័ត៌មាន​វិទ្យា​ដែល​រួម​ទាំង​ជំនាញ​ទំនាក់​ទំនង​ភាសា​អង់គ្លេស​ផង​ដែរ។ គម្រោង​សំខាន់​មួយ​នា​ពេល​បច្ចុប្បន្ន​របស់ ADB TVET ជួយ​ស្តារ​ឡើង​វិញ និង​បង្កើត​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ថ្នាក់​ភូមិ​ភាគ​ក៏​ដូច​ជា​តាម​ខេត្ត​ ដើម្បី​ពង្រីក​ការ​ទទួល​បាន TVET ដែល​មាន​គុណភាព​ទៅ​ដល់​យុវជន​តាម​ទី​ជនបទ។

អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា ប្រជាជន​វ័យ​ក្មេង​ជាទ្រព្យ​ធន​របស់​កម្ពុជា​។ តើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​អាច​ចូល​រួម​ចំណែក​យ៉ាង​ណា​ដើម្បី​ធានា​ ថា មនុស្ស​ជំនាន់​នេះ​មាន​ឱកាស​ធ្វើ​ឲ្យ​សក្តានុពល​ភាព​នេះ​ក្លាយ​ជា​ការ​ពិត ពេញ​លេញ?

ប្រជាជន​វ័យ​ក្មេង​ភាគ​ច្រើន​នៃ​ប្រទេស​កម្ពុជា​មាន​សក្តានុពល​ភាព​ ផ្តល់​នូវ​ភាព​ចំណេញ​ខាង​ប្រជា​សាស្ត្រ ព្រោះ​ចំនួន​ប្រជាជន​មាន​ការងារ​ធ្វើ​មាន​ច្រើន​ជាង​ពលរដ្ឋ​មិន​ធ្វើ​ការ ឬ​គ្មាន​ការងារ​ធ្វើ ជា​ពិសេស​នៅ​ពេល​យុវជន​ទាំង​នោះ​មាន​ជំនាញ និង​ការ​អប់រំ​ខ្ពស់ មាន​សុខភាព​ល្អ និង​អាច​រក​ចំណូល​បាន។ ផ្ទុយ​ទៅ​វិញ​គឺជា​មនុស្ស​ជំនាន់​ដែល​គ្មាន​សង្ឃឹម​សម្រាប់​ការងារ​ល្អ ដែល​អាច​ជា​បញ្ហា​សម្រាប់​គ្រួសារ សេដ្ឋ​កិច្ច និង​សង្គម។ បើ​ក្រុម​យុវជន​មិន​អាច​រក​ការងារ​ធ្វើ​បាន​ស្ថិត​ស្ថេរ​ទេ​នោះ អារម្មណ៍​ខក​ចិត្ត និង​ខ្ជិល​អាច​បង្ក​ឲ្យ​មាន​ជា​ឧបសគ្គ​សំខាន់​ចំពោះ​ក្រុម​យុវជន​ខ្លួន​ពួក​ គេ តែ​ក៏​ធ្វើ​ឲ្យ​ខាត​បង់​សេដ្ឋ​កិច្ច និង​ខូច​សង្គម​ផង​ដែរ។

អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​បទ​ពិសោធ​នៅ​ថ្នាក់​មូល​ដ្ឋាន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​យុវជន និង​ធានា​ថា មនុស្ស​ជំនាន់​ក្រោយ​មាន​ឱកាស​ធ្វើ​ឲ្យ​សក្តានុពល​ភាព​នេះ​ក្លាយ​ជា​ការ​ ពិត​ពេញ​លេញ​បាន។ កម្ពុជា​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​ដែល​កំពុង​ផ្តល់​សេវា​ ខាង​ផ្នែក​អប់រំ បណ្តុះ​បណ្តាល និង​សុខភាព​ជា​ដើម។ អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ការ​លើក​ស្ទួយ​ការ​ចូល​រួម​ របស់​ពលរដ្ឋ និង​វប្បធម៌​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​របស់​យុវជន​ក៏​មាន​តួនាទី​សំខាន់​ផង​ ដែរ៕ CR



This content has been locked. You can no longer post any comments.
Show/hide comments
busy