Headlines:

ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋ​កម្ម​ ដែល​​កើត​ឡើង​ពី​ថ្ងៃ​ទី ០៤ ដល់ ០៩ កុម្ភៈ ​ឆ្នាំ ​២០១២

ក្រុមហ៊ុន​ និង​សមត្ថកិច្ច​ប៉ុន​ប៉ង​បិត​បាំង​ព័ត៌​​មាន​បុគ្គលិក​ក្រុម​ហ៊ុន​ម្នាក់​ស្លាប់

ភ្នំពេញ៖​បុគ្គលិក​ក្រុម​ហ៊ុន​ម្នាក់​អាយុ​២៧ឆ្នាំ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ ​បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ចូល​រួម​ស៊ី​ផឹក​ជា​មួយ​នឹង​មិត្ត​ភក្តិ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជ​ធានី​ភ្នំពេញ។សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា​ អ្នក​រួម​ការ​ងារ​ម្នាក់​របស់​បុរស​ដែល​ស្លាប់​នោះ​បាន​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​នៅ​ក្នុង​ក្រុម​ហ៊ុន​ដែល​គេ​ធ្វើ​ការ​ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ពី​ហេតុការណ៍​ស្លាប់​នោះ។សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​សាក​សព​តែ​មិន​មាន​សន្និដ្ឋាន​ពី​ការ​ស្លាប់​នោះ​ទេ។ទាំង​ក្រុមហ៊ុន​ និង​សមត្ថកិច្ច​ចង់​រក្សា​ការ​ស្លាប់​នោះ​មិន​អោយ​គេ​ដឹង៕

ដេក​យប់​ភ្លេច​បិត​ទ្វារ​ក្រុម​ចោរ​ចូល​ប្លន់​ម៉ូតូ​ និង​គ្រឿង​អលង្ការ

ភ្នំពេញ៖បុរស​ពីរ​នាក់​បាន​ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង​ប្លន់​ម៉ូតូ​២គ្រឿង​និង​ខ្សែ​ក​ប្លាទីន​មួយ​ខ្សែ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ខណ្ឌ​ដង្កោ​រាជ​ធា​នីភ្នំ​ពេញ។សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ​ម្ចាស់​ផ្ទះម្នាក់​អាយុ​៤៥​ឆ្នាំ​បាន​ចូល​ដេក​ភ្លេច​បិទ​ទ្វារ​របង​ផ្ទះ។ពេល​នោះ​ចោរ២​នាក់​មាន​អាវុធ​ខ្លីមួយ​ដើម​បាន​ចូល​ទៅ​ភ្ជង់​ប្លន់​យក​ម៉ូតូ​២​គ្រឿង​ពីរ​ជន​រង​គ្រោះ​ពីរ​នាក់​អាយុ២៥​ និង​២៦​ឆ្នាំ​។ពេល​នោះ​មាន​ស្ត្រី​ម្នាក់​ទៀត​អាយុ​៥៥​បាន​ចុះ​ពី​លើ​ផ្ទះ​មក​មើល​បន្ទាប់​ពី​ឮ​សំលេង​រញ៉េរញ៉ៃ​ហើយ​ត្រូវ​ពួក​ចោរ​ប្លន់​ខ្សែ​ក​ប្លាទីន​មួយ​ខ្សែ​ទំងន់​៥ជី។បន្ទាប់​មក​ពួក​ចោរ​បាន​ជិះ​ម៉ូតូ​ដែល​ប្លន់​បាន​ម្នាក់​មួយ​រត់​គេច​ខ្លួន​បាត់។សមត្ថកិច្ច​កំពុង​តែ​ស្រាវ​ជ្រាវ​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ដើម្បី​ធ្វើ​ការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលា​ការ៕

បង​បង្កើត​​គាស់​ផ្ទះ​ប្អូន​ស្រី​លួច​ទ្រព្យ​សម្បត្តិ​ផ្គាប់​ចិត្ត​ស្រី​ស្នេហ៍

ភ្នំពេញ៖បុរស​អាយុ​៣៣ឆ្នាំ​ម្នាក់​និង​សង្សារ​របស់​គេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​ប្អូន​ស្រី​របស់​បុរស​រូប​នោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​គេ​ពី​បទ​គាស់​ផ្ទះ​លួច​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជ​ធានី​ភ្នំពេញ។សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​ខណៈ​ពេល​ដែល​ប្អូន​ស្រី​រង​គ្រោះ​ជាប់​រវល់​ទៅ​លេង​ស្រុក​កំណើត​ឯ​ខេត្ត​កណ្តាល​ជន​សង្ស័យ​បាន​គាស់​ផ្ទះ​របស់​នាង​លួច​ទ្រព្យសម្បត្តិ​មាន​ទូរទស្សន៍​មាស​ដែល​សរុប​ជា​ទឹក​ប្រាក់​ចំនួន​១៨០ដុល្លា​អា​មេរិក។បន្ទាប់​មក​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​និង​សង្សារ​របស់​គេ​ម្នាក់​អាយុ​២៣ឆ្នាំ​។បុរស​រូបនោះ​បាន​សារភាព​ថា​ពិត​ជា​បាន​ធ្វើ​សកម្មភាព​នោះ​មែន​ព្រោះ​គេ​គ្មាន​លុយ​ផ្គប់​ចិត្ត​សង្សារ​បស់​គេ៕

បុ​រស​ស​សៃ​ប្រសាទ​ធ្វើ​អត្តឃាត​រត់​ចូល​គោ​យន្ត​ម្ចាស់​គោយន្ត​វន្ត័ក

ប៉ៃលិន៖បុរស​មាន​ជំងឺ​សសៃ​ប្រសាទ​ម្នាក់​អាយុ​៤១ឆ្នាំ​ត្រូវ​បាន​គោយន្ត​បុក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​លើ​ផ្លូវ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន។សាក្សី​ម្នាក់​អាយុ​៥៥​ឆ្នាំ​បាន​អោយ​ដឹង​ថា​ បុរស​ដែល​ស្លាប់​នោះ​មាន​ជំងឺ​សសៃ​ប្រសាទ​។​គេ​បាន​រត់​នៅ​តាម​ផ្លូវ​ហើយ​ស្រែក​ថា​ពិបាក​ចិត្ត​ណាស់​មិន​ចង់​រស់​ទេ។បន្ទាប់​មក​គេ​បំរុង​នឹង​រត់​ចូល​គោយន្ត​អោយ​បុក​ស្លាប់​តែ​ត្រូវ​អ្នក​ភូមិ​ឃាត់។ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ដដែល​នោះ​គេបាន​រត់​ចូល​គោយន្ត​ដឹក​ដំឡូង​មី​មួយ​គ្រឿង។​គោយន្ត​បាន​បុក​គេ​និង​កិន​ក្បាល​បុរស​រូប​នោះ​បែក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ​ហើយ​ទាក់​ទង​ហៅ​គ្រួសារ​ជន​រង​គ្រោះ​មក​យក​សាក​សព។រីឯ​គោយន្ត​ត្រូវ​សមត្ថកិច្ច​រឹប​អូស​ទុក​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ។

ប្រពន្ធ​ប្តឹង​ប៉ូលិស​អោយ​ចាប់​ប្តី​លាក់​កាំ​ភ្លើង​នៅ​ផ្ទះ

ភ្នំពេញ៖​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​អាយុ​៥២ឆ្នាំ​ដាក់​ពន្ធាគារ​កាល​ពី​ថ្ងៃ​ចន្ទ​ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​។ហេតុ​ការណ៍​ដែល​នាំ​អោយ​មាន​ការ​ចាប់​ខ្លួន​បុរស​ដែល​ជា​អតីត​ទាហាន​រូប​នោះ​បញ្ជូន​ទៅ​តុលាការ​គឺ​ដោយ​សារ​តែ​ប្រពន្ធ​របស់​គេ​បាន​រាយ​ការ​ណ៍មក​សមត្ថកិច្ច​ពី​រឿង​ប្តី​របស់​គាត់​បាន​លាក់​កាំ​ភ្លើង​ទុក​នៅ​ក្នុង​ផ្ទះ។ សមត្ថកិច្ច​បាន​អះអាង​ថា​ការ​រាយ​ការណ៍​នោះ​គឺ​ដោយ​សារ​តែ​ប្រពន្ធ​រូប​នោះ​ខឹង​នឹង​បុរស​ជា​ប្តី​ដែល​ចុះ​ចោល​ផ្ទះ​បន្ទាប់​ពី​ពួក​គេ​ឈ្លោះ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កមករា​ឆ្នាំ​២០១២​នេះ។ជន​សង្ស័យ​បាន​សារភាព​ថា​ខ្លួន​បាន​ទិញ​កាំ​ភ្លើង​នោះ​តម្លៃ​២០​ដុល្លា​រ​ពី​មន្ត្រីសមត្ថ​កិច្ច​ម្នាក់​កាល​ពី​ឆ្នាំ​១៩៩៨។ប៉ុន្តែ​គេ​មិន​ដែល​យក​វា​ទៅ​ប្រើប្រាស់​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ទេ​គ្រាន់​តែ​ទុក​វា​ដើម្បីការ​ពារ​ផ្ទះ​ប៉ុណ្ណោះ៕

ខឹង​ប្រពន្ធ​មិន​រៀប​ចំ​បាយ​ឲ្យ​ស៊ី​​ទាញ​កាំបិត​កាប់ក្បាល

ស្វាយ​រៀង៖ស្ត្រី​អាយុ​៣៦​ឆ្នាំ​ម្នាក់​បាន​រង​របួស​ក្បាល​យ៉ាង​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​ប្តី​របស់​នាង​បាន​កាប់​នាង​មួយ​កាំបិត​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយ​រៀង​ពេល​នាង​កំពុង​តែ​ដេក​បំបៅ​ដោះ​កូន​ដែ​ល​មានជំងឺ​។ស្ត្រី​រង​គ្រោះ​បាន​និយាយ​នៅ​ពេល​កំពុង​សម្រាក​ព្យាបាល​​នៅ​ឯ​មន្ទីរ​ពេទ្យ​ថា​ប្តី​នាង​ជា​កម្មករ​សំណង់​ម្នាក់​នៅ​ភ្នំពេញ។គាត់​បាន​ទៅ​មើល​កូន​ឈឺ​តែ​មិន​សូវ​គិត​គូ​មើល​កូន​ប៉ុន្មាន​នោះ​ទេ​គិត​តែ​ពី​ផឹក​ស្រា។នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ប្តី​នាង​បាន​ចេញ​ពី​ផ្ទះ​ទាំង​ព្រលឹម​ទៅ​ផឹក​ស្រា​ជាមួយ​នឹង​អ្នក​ភូមិ។នាង​រៀប​ចំដាំ​ស្ល​រួច​រាល់​ហើយ​យក​កូន​ទៅ​ពេទ្យ​ដាក់​សេរ៉ូម​ដល់​ល្ងាច​ទើប​មក​ផ្ទះ​វិញ ប្តី​ក៏​បាន​មក​ដល់​ផ្ទះ​ដែរ​។នៅ​ពេល​ដែល​នាង​កំពុង​តែ​ដេក​បំបៅ​ដោះ​កូន​ឈឺ​ស្រាប់​តែ​ប្តី​កាប់​នាង ​ខឹង​​ទាញ​កាំបិត​​​តាំង​តោ​ចំក្បាល​ហូរ​ឈាម​ពេញ​ខ្លួន។ ដៃ​ម្ខាង​ឱប​​កូន​ និង​ដៃ​ម្ខាង​ទៀត​ខ្ទប់​ក្បាល​ដែល​បែក​ស្រែក​អោយ​គេ​ជួយ។អ្នក​ជិត​ខាង​បាន​ចូល​មក​ឃាត់​ហើយ​រាយការណ៍​ទៅ​ប៉ូលិស​និង​ជួយ​យក​នាង​ទៅ​មន្ទីរ​ពេទ្យ។ប៉ូលិស​បាន​ឃាត់​ខ្លួន​ប្តី​របស់​នាង​។ប្តី​រូប​នោះ​បាន​អះអាង​ថា​គេ​ខឹង​នឹង​ប្រពន្ធ​មិន​រៀប​ចំ​បាយ​ទឹក​អោយ​គេ​ហូប​បែរ​ជា​ទៅ​បំបៅ​កូន​ធ្វើ​ព្រ​ងើយ។ទោះ​យ៉ាង​ណា​ប៉ូលិស​គ្រាន់​តែ​ធ្វើ​ការ​អប់រំ​បុរស​ជា​ប្តី​នោះ​ហើយ​ដោះ​លែង​អោយ​ទៅ​ផ្ទះ​វិញ៕

ប្រចណ្ឌប្តី​ទៅ​វាយ​គេ​ដល់​ផ្ទះ​គេ​វាយ​វិញ​ដេក​ពេទ្យ​ទាំង​ពីរ​នាក់

ស្វាយរៀង៖​ស្ត្រី​ម្នាក់​អាយុ៣២​ឆ្នាំ​បាន​រង​របួស​ពេញ​ខ្លួន​បន្ទាប់​ពី​ស្ត្រី​អ្នក​ភូមិ​ជាមួយ​គ្នា​ម្នាក់​អាយុ​៤៧ឆ្នាំ​បាន​វាយ​នាង ​និង​គល់​ឬស្សី​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ផ្ទះ​នាង​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយ​ជ្រុំ​ខេត្ត​ស្វាយ​រៀង។ស្ត្រី​រង​គ្រោះ​បាន​អោយ​ដឹង​ថា ​ស្ត្រី​ម្នាក់​នោះ​បាន​ប្រចណ្ឌ​នាង​ជាមួយ​នឹង​ប្តី​របស់​នាង​ហើយ​ចេះ​តែ​ជេរ​នាង​ជា​ច្រើន​លើក​ច្រើន​សារ​តែ​នាង​មិន​ដែល​ត​នោះ​ទេ។​នៅ​ថ្ងៃ​កើត​ហេតុ​ស្ត្រី​រូប​នោះ​បាន​មក​ដល់​ផ្ទះ​របស់​នាង​ហើយ​ជេរ​នាង​ជា​ខ្លាំង​ និង​បាន​យក​គល់​ឬស្សី​វាយ​លើ​រូប​នាង​បណ្តាល​អោយ​របួស​ក្បាល​ និង​ខ្លួន។នាង​បាន​វាយ​ដណ្តើម​បាន​គល់​ឬស្សី​នោះ​ហើយ​វាយ​ការ​ពារ​ខ្លួន​វិញ​ធ្វើ​អោយ​ស្ត្រី​នោះ​របួស​ដែរ។នាង​បាន​អះអាង​ថា​នាង​មិន​ដែល​មាន​ទំនាក់​ទង​ស្នេហា​ជាមួយ​នឹង​ប្តី​របស់​ស្ត្រី​នោះ​ទេ​ព្រោះ​នាង​ក៏​​មាន​ប្តី​ដែរ​។​ស្ត្រី​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​ដេក​នៅ​មន្ទីរ​ពេទ្យ​តែ​មួយ​។ប៉ូលិស​កំពុង​តែ​ចាត់​ការ​លើ​រឿង​នោះ​ព្រោះ​ភាគី​ទាំង​ពីរ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក៕

គ្រូ​មត្តេយ្យ​ម្នាក់​ត្រូវ​ម្តាយ​សិស្ស​វាយ​បែក​ក្បាល​រឿង​ចែក​បបរ

ប៉ៃលិន៖​អ្នក​គ្រូ​បង្រៀន​សាលា​មត្តេយ្យ​ម្នាក់​អាយុ​២១​ឆ្នាំ​ត្រូវ​បាន​ម្តាយ​សិស្ស​របស់​នាង​ម្នាក់​អាយុ​៤២​ឆ្នាំ​វាយ​បែក​ក្បាល ​នៅ​នឹង​សាលារៀន​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ៃលិន​ខេត្ត​ប៉ៃលិន​​កាល​ពី​ថ្ងៃ​សុក្រ​។​អ្នក​គ្រូ​រូប​នេះ​បាន​អះ​អាង​ថា​សាលា​របស់​នាង​តែង​តែ​ចែក​បបរ​ដល់​សិស្ស​សម្រាប់​អាហារ​ពេល​ព្រឹក​នៅ​វេលា​ម៉ោង៩។​នៅ​ថ្ងៃ​កើត​ហេតុ​កូន​ស្រី​របស់​ស្ត្រី​រូប​នោះ​មិន​បាន​នៅ​ចាំ​យក​បបរ​ហូប​នោះ​ទេ​ដោយ​បាន​ចេញ​ទៅ​ផ្ទះ​បាត់។ពេល​មក​វិញ​បបរ​អស់​ទៅ​ហើយ។ម្តាយ​របស់​សិស្ស​នោះ​ខឹង​ព្រោះ​ថា​ មិន​ចែក​បបរ​អោយ​កូន​របស់​គាត់​ហើយ​បាន​វាយ​​ក្បាល​នាង​នឹង​ដង​កាំបិត​បែក​ក្បាល​ហូរ​ឈាម​។នាង​ត្រូវ​បាន​គេ​ជួយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។គេ​មិន​ដឹង​ថា​ អ្នក​គ្រូ​រូប​នេះ​ប្តឹង​ម្តាយ​សិស្ស​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ៕

វាយ​គេ​ពីរ​នាក់​រត់​ចូល​ប្រឡាយ​ហែល​គេច​ខ្លួន​ប៉ូលិស​ពទ្ធ័​ចាប់​បំពាក់​ខ្នោះ​ដៃ

កំពង់​ឆ្នាំង៖ប៉ូលិស​ខេត្ត​កំពុង​ឆ្នាំង​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​អាយុ​២៥​ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​ជន​រូប​នោះ​បាន​វាយ​គេ​ពីរ​នាក់​នៅ​ក្នុង​ក្រុង​កំពង់​ឆ្នាំង​។ប៉ូលិល​បាន​អោយ​ដឹង​ថា ​ជន​សង្ស័យ​​មាន​ទំនាស់​ជាមួយ​នឹង​បុរស​ចំណាស់​ម្នាក់​ហើយ​កាប់​បុរស​រូប​នោះ​នឹង​ពូថៅ​ហើយ​រត់​គេច​ខ្លួន​បាត់​។មួយ​ថ្ងៃ​ក្រោយ​មក​ជន​នោះ​ត្រឡប់​ចូល​ភូមិ​វិញ​ហើយ​មាន​ជម្លោះ​ និង​អ្នក​ភូមិ​ម្នាក់​។ពេល​នោះ​គេ​បាន​វាយ​អ្នក​ភូមិ​នោះ​នឹង​ដំបង​ឈើ​មួយ​ហើយ​បាន​រត់​គេច​ខ្លួន​ម្តង​ទៀត​។ជន​រង​គ្រោះ​បាន​ប្តឹង​មក​ប៉ូលិស​។ប៉ូលិស​បាន​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ភូមិ។ពេល​ឃើញ​ប៉ូលិស​ជន​សង្ស័យ​រត់​ចូល​ប្រឡាយ​​បំរ៉ុង​ហែល​គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​ក្រុម​ប៉ូលិស​ពទ្ធ័ចាប់​ខ្លួន​បាន​ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ៕

បុរស​ជា​កសិករ​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​បាញ់​ស្ត្រី​ម្នាក់​បាក់​ភ្លៅ

កែប៖​បុរស​ម្នាក់​អាយុ​៤៨​ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទពី​បទ​​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា​លើ​ស្ត្រី​ម្នាក់​នៅ​ក្នុង​ក្រុង​កែប​ខេត្ត​កែប​។ប៉ូលិស​បាន​អោយ​ដឹង​ថា​ ជន​សង្ស័យ​ឈ្លោះ​គ្នា​ជាមួយ​នឹង​ស្ត្រី​រង​គ្រោះ​។ពេល​នោះ​ជន​សង្ស័យ​ដែល​ជា​កសិករ​បាន​យក​កាំ​ភ្លើង​អាកា​មួយ​ដើម​បាញ់​ស្ត្រី​រង​គ្រោះ​ចំ​ភ្លៅ​ហើយ​រត់​គេច​ខ្លួន​។គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​។ ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នោះ​បន្ទាប់​ពី​គេ​ចូល​ផ្ទះ​វិញ​ហើយ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលា​ការ៕​

ប្រុស​ស្រី​៦​នាក់​ផឹក​ស៊ី​ស្រវឹង​បោក​ចាន​ឆ្នាំង​ត្រូវ​បូលិស​ឃាត់​ខ្លួន

បាត់​ដំបង៖​​ មនុស្ស​៦​នាក់​ក្នុង​នោះ​ប្រុស​៤​នាក់​ស្រី​២​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ស្ថិត​នៅ​ក្រុង​បាត់​ដំបង​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៦​កុម្ភៈ​បន្ទាប់​ពី​ស្រវឹង​ស្រា​ដោយ​បាន​ប្រើ​អំពើ​ហិង្សា​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​នៅ​ក្នុង​ហាង។​ម្ចាស់​ហាង​និយាយ​ថា​នៅ​ក្នុង​ថ្ងៃ​កើត​ហេតុ​ពួក​គេ​បាន​មក​ផឹក​ស្រា​ជួប​ជុំ​ផឹក​ស៊ី​នៅ​ក្នុង​ហាង​។​នៅ​ដល់​ពួក​គេ​ផឹក​ស្រា​ស្រវឹង​ពួក​គេ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ភ្ញៀវ​ដើរ​ជេរ​បង្ក​ការ​ភ័យ​ខ្លាច​ និង​បំផ្លាញ​របស់​របរ​ដូច​ជា​កែវ​ចាន​បែក​ខ្ចេច​ខ្ចី។​ភ្លាម​នោះ​ម្ចាស់​ហាង​បាន​ទូរ​សព្ទ​ទៅ​ប៉ូលិស​បាន​ចាប់​ខ្លួន​ពួក​គេ​យក​ទៅ​ឃុំ​មួយ​យប់​។​លុះ​ដឹង​ខ្លួន​ឡើង​ពួក​េក​នៅ​តែ​ប្រកែក​ថា​មិន​បាន​បោក​ចាន​ឆ្នាំង​នោះ​ទេ​ព្រោះ​ស្រវឹង​មិន​ដឹង​ខ្លួន។​យ់ាង​ណា​ក៏​ដោយ​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ព្រោះ​ម្ចាស់​ហាង​ផ្តឹង​ទារ​សំណង​ការ​ខូច​ខាត៕

ចោរ​ម្នាក់​ត្រូវ​ពលរដ្ឋ​ពលរដ្ឋ​ព្រួត​វាយ​ប៊ិះ​ស្លាប់

ភ្នំពេញ៖ ចោរ​អាយុ​២២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​គ្នា​បណ្តាល​ឲ្យ​របួស​ធ្ងន់​បន្ទាប់​ពី​ចោរ​មួយ​នេះ​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​រាជ​ធានី​ភ្នំពេញ​កាល​ពី​អង្គារ៍​ទី​៧​កុម្ភៈ។ប៉ូលិស​និយាយ​ថា ​ប្រ​ជា​ពលរដ្ឋ​បាន​ព្រួត​វាយ​ចោរ​ម្នាក់​នេះ​បន្ទាប់​ធ្វើ​សកម្មភាព​លួច​ហើយ​ជិះ​រត់​។​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​ដោយ​កំហឹង​។​ប្រជាពលរដ្ឋ​និយាយ​ថា​ពួក​គេ​បាន​ឃើញ​ចោរ​លួច​នៅ​នឹង​មុខ​តែ​ម្តង។​ចោរ​នោះ​បាន​រង​របួស​ធ្ងន់​ធ្ងរ​តែ​ត្រូវ​ប៉ូលិស​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា។​ប៉ូលិស​និយាយ​ថា​ ពួក​គេ​មិន​គួរ​នាំ​គ្នា​ព្រួត​វាយ​ទាំង​កំរោល​នោះ​ទេ​អាច​ក្លាយ​ជា​បទ​ល្មើស គួរ​ណា​នាំ​គ្នា​ប្រគល់​ឲ្យ​ប៉ូលិស​ដើម្បី​ចាត់​ការ​តាម​ច្បាប់។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ជន​នេះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យា​បាល​មុខ​ពេល​បញ្ជូន​ទៅ​កាន់​តុលាការ៕​

ពីរ​នាក់​ចាប់​ខ្លួន​ព្រោះ​ជួញ​ដូរ​គ្រឿង​ញៀន

ឧត្តរ​មាន​ជ័យៈ៖​បុរស​ពីរ​នាក់​អាយុ​២៩​ឆ្នាំ​និង​២២​ឆ្នាំ​ត្រូវ​បា​ចាប់​ខ្លួន​បន្ទាប់​ពី​ចោទ​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​នៅ​ស្រុក​សំរោង​ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី​អង្គារ​ទី​៦​កុម្ភៈ។ ​ប៉ូលិស​បាន​រឹប​អូស​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន១៧​កញ្ចប់​ស្មើ​នឹង​៨៦​គ្រាប់​និង​ឧបករណ៍​មួយ​ចំនួន​ទៀត។​ប៉ូលិស​និយាយ​ថា ​មុខ​ពេល​ឈាន​ទៅ​រក​ការ​​ចាប់​ខ្លួន​ប៉ូលិស​​បាន​តាម​ដាន​ជា​យូរ​មក​ហើយ​ក៏​ដូច​ជា​មាន​ការ​ត្អូញ​ត្អែរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​ពួក​គេ​ល្បី​ក្នុង​ការ​ជួញ​ដូរ​នៅ​ក្នុង​ភូមិ​នេះ។​ប៉ូលិស​បាន​ចាប់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ត្រៀម​លក់​គ្រឿង​ញៀន។​ពួក​គេ​បាន​សារ​ភាព​នូវ​ទង្វើល​របស់​ខ្លួន​ថា​បាន​លក់​យូរ​ហើយ​។​ប៉ូលិស​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ៕​

ប្រពន្ធ​យក​សង្សាមក​ដេក​ក្នុងផ្ទះ​ ត្រូវ​បុរស​ជា​ប្តី​តាម​ទាន់

ភ្នំ​ពេញ៖​ប៉ូលិស​ខណ្ឌ​ឬស្សី​កែរ​រាជ​ធានី​ភ្នំពេញ​បាន​ឃុំ​ខ្លួន​ដើម្បី​យក​មក​អប់​រំ​នូវ​ប្តី​ប្រពន្ធ​មួយ​គូ​​និង​បុរស​ម្នាក់​ពាក់​ព័ន្ធ​នឹង​ការ​ឈ្លោះ​គ្នា​ក្នុង​ផ្ទះ​សំណាក់​កាល​ពី​ចន្ទ​៦​កុម្ភៈ។​ប៉ូលិស​និយថា​ប្រពន្ធ​បាន​យក​អតីត​សង្សា​មក​ដេក​នៅ​ផ្ទះ​សំណាក់​ក៏​ត្រូវ​បុរស​ជា​ប្តី​តាម​ទាន់​រួច​ក៏​ឈ្លោះ​ប្រកែក​​គ្នា​ផ្អើល​អ្នក​ជិត​ខាង​។​តែ​អ្វី​ដែល​មិន​នឹក​ស្មាន​នោះ​គឺ​ថា​ បែរ​ជា​ស្រី្ត​ម្នាក់​នោះ​មក​វាយ​ប្តី​របស់​ខ្លួន​វិញ។​ប៉ូលិស​បាន​នាំ​ពួក​គេ​ទៅ​កាន់​ការិយាល័យ​ប៉ូលិស​បាន​មក​ធ្វើ​កិច្ច​សន្យា​។​រីឯ​ប្រពន្ធ​វិញ​បើ​ត្រូវ​ប្តី​ប្តឹង​ថា​សាហា​ស្មន់​នោះ​នាង​ប្រាកដ​ជា​ត្រូវ​ចាប់​ខ្លួន៕​​

 

ស្រ្តីចំណាស់​ម្នាក់​ស្លាប់​ និង​ចៅ​ស្រី​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ

 

ភ្នំពេញ៖​ស្រ្តី​ចំណាស់​អាយុ​៧២​ឆ្នាំ​ម្នាក់​ស្លាប់​ និង​ចៅ​ស្រី​របួស​ធ្ងន់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្ថិត​នៅ​ខណ្ឌ​មាន​ជ័យ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ។​ប៉ូលិស​និយាយ​ថា​អំឡុង​ពេល​ស្រ្តី​ និង​កុមារ​ជិះ​ក្នុង​រ៉ឺមក​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ជិះ​បុក​បណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​នោះ​ធ្លាក់​ពី​លើ​រ៉ឺមក​ស្លាប់​មួយ​រំពេច​។​ រី​ឯ​ចៅ​ស្រី​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។​​អ្នក​បើក​បរ​នោះ​បាន​គេ​ចខ្លួន​បាត់​​។​ប៉ូលិស​កំពុង​តាម​ស៊ើបដើម្បី​ធ្វើ​ការ​ចាប់​ខ្លួន ​ ​រីឯអ្នក​មើល​ឃើញ​ហេតុការណ៍​បាន​អាណិត​ស្រ្តី​ចំណាស់​និង​ចៅ​នោះ​ដែល​រង​គ្រោះ
ធ្ងន់​ធ្ងរ​៕​​

បី​នាក់​ជាប់​ទោស​ព្រោះ​លួច​កុំ​ព្យូ​ទ័រ​ជន​បរ​ទេស​

ភ្នំពេញៈ៖​បុរស​អាយុ​១៦​ឆ្នាំ ១៧ឆ្នាំ និង ៣២ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ទី​០៤​កុម្ភៈ ​​បន្ទាប់​ពី​សង្ស័យ​ថា​លួច​កុំ​ព្យូទ័រ​យួរ​ដៃ​ចំនួន​៣​គ្រឿង​ពី​ជន​បរទេស​ម្នាក់​ស្ថិត​នៅ​ខណ្ឌ​ដូន​ពេញ​ក្រុង​ភ្នំពេញ។​ប៉ូលិស​និយាយថា​ បុរស​បី​នាក់​នោះ​បាន​គាស់​ផ្ទះ​ជន​សង្ស័យ​ដែល​ជា​ជន​ជាតិ​ចក្រ​ភព​អង់​គ្លេស​មាន​អាយុ​៥០​ឆ្នាំ។​ជន​សង្ស័យ​ទាំង​បី​នាក់​បាន​រត់​គេច​ខ្លួន​តែ​ត្រូវ​បាន​ជន​សង្ស័យ​ប្រទះ​ឃើញ​ក៏​រាយ​ការណ៍​ទៅ សមត្ថកិច្ច​ដើម្បី​ធ្វើ​ការ​ចាប់​ខ្លួន។​ជន​សង្ស័យ​បាន​សារភាព​នូវ​ទង្វើល​របស់​ខ្លួន។​ប៉ូលិស​បាន​រៀប​ចំ​ឯក​សារ​ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ៕

ចាប់​ជន​សង្ស័យ​ពីរ​នាក់​រឿង​កាប់​គេ​ឲ្យ​របួស​ធ្ងន់​ព្រោះ​គំនុំ

បន្ទាយ​មាន​ជ័យ៖​បុរស​ពីរ​នាក់​អាយុ​១៦​និង​២៦​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​គេ​ចាក់​ជន​រង​គ្រោះ​ឲ្យ​របួស​នៅ​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ប៉ូលិស​និយាយ​ថា​ បុរស​ពីរ​នាក់​បាន​ចាក់​ជន​រង​គ្រោះ​ដែល​មាន​អាយុ​២៦​ឆ្នាំ​ឲ្យ​ធ្លាយ​ពោះ​នឹង​កាំ​បិត​ហើយ​បាន​រត់​គេច​ខ្លួន​នៅ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ដើរ​តាម​ផ្លូវ​តែ​ម្នាក់​ឯង។​ជន​រង​គ្រោះ​បាន​រង​គ្រោះ​ជា​ទម្ងន់​បណ្តាល​ឲ្យ​សន្លប់​ធ្ងន់​នៅ​កន្លែង​កើត​ហេតុ​ជា​មួយ​នឹង​ថ្លុក​ឈាម។​នៅ​ពេល​នោះ​ដែល​សាច់​ញាតិ​បាន​ប្រទះ​ឃើញ​និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ចាប់​ជន​សង្ស័យ​ពីរ​នាក់​ទៀត​ដែល​ពាក់​ព័ន្ឋ។​ជន​សង្ស័យ​បាន​សារ​ភាព​ថា​មក​ពី​ខ្លួន​ខឹង​ជន​រង​គ្រោះ​ដែល​យក​ប្រពន្ឋ​ខ្លួន​។​យ៉ាង​ណា​ក៏​ដោយ​ប៉ូលិស​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​ពីរ​នេះ​ទៅ​កាន់​តុលាការ៕

បើក​បុក​គេ​ហើយ​ប្រើ​អំពើ​ហិង្សា​ទៀត​ត្រូវ​ប៉ូលិស​ក្របួច​បាន​

សៀម​រាប​៖​បុរស​អាយុ​៤៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ក​របួស​ស្នាម​ហើយ​ប្រើ​អំពើ​ហិង្សា​ទៀត​ទៅ​លើ​គូ​ស្នេហ៍​កាល​បី​ថ្ងៃ​អាទិត្យ​ទី​០៥​កុម្ភៈ​នៅ​ក្រុង​សៀម​រាប។​ប៉ូលិស​និយាយ​ថា​ជន​សង្ស័យ​បាន​ជិះ​រ៉ឺក​ម៉ក​កង់​បី​​ក្នុង​​បំណង​ជិះ​បុក​ជន​រង​គ្រោះ​តែ​ម្តង។​រួច​ហើយ​ក៏​ប្រើ​អំពើ​ហិង្សា​​រួច​ក៏​ព្យា​យាម​រត់​គេច​ខ្លួន​តែ​នៅ​តែ​ប៉ូលិស​ចាប់​បាន​ដដែល។​តែ​នៅ​ពេល​ប៉ូលិស​ចាប់​ខ្លួន​បុរស​រូប​នេះ​បាន​បដិសេធ​ទង្វើ​របស់​ខ្លួន។​សាក្សី​និយាយ​ថា​បុរស​ជា​មនុស្ស​ឃោ​ឃៅ​​មិន​គួរ​ណា​បង្ក​គ្រោះ​ថ្នាក់​ហើយ​ថែម​ទាំង​ប្រើ​អំពើ​ហិង្សា​ទៀត​៕​

ប៉ូលិស​ឆ្មក់​ចាប់​បុរស​៤​នាក់​ពាក់​ព័ន្ធ​​នឹង​សេព​គ្រឿង​ញៀន

ភ្នំពេញ៖​ប៉ូលិស​ចាប់​ខ្លួន​បុរស​៤​នាក់​ដែល​សេព​គ្រឿង​ញៀន​នៅ​ក្នុង​ផ្ទះ​ជួល​ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​​សែន​ជ័យ​រាជ​ធានី​ភ្នំពេញ​កាល​ពី​សៅរ៍​ទី​០៤​មករា។​ប៉ូលិស​និយាយ​ថា​ ប៉ូលិស​បាន​ចូល​ឆ្មក់​ចាប់​​ក៏​ឃើញ​ពួក​គេ​កំពុង​ជក់​គ្រឿង​ញៀន។​ប៉ូលិស​បាន​រឹប​អូស​ឃើញ​ថ្នាំ​ញៀន​១១​កញ្ចប់​ និង​ឧប​ករណ៍​ថ្នាំ​ជក់​ផ្សេង​ទៀត​។ពួក​គេ​តែង​តែ​ទិញ​ថ្នាំ​យក​ទៅ​ជក់​ដោយ​គ្មាន​ចូល​សាលា​រៀន​។​ឪពុក​ម្តាយ​និយាយ​ថា​ពួក​គេ​ពិបាក​ប្រ​ដៅ​ណាស់។​ប៉ូលិស​ថែម​ទៀត​សង្ស័យ​ថា​ពួក​គេ​ពាក់​ព័ន្ឋ​ជួញ​ដូរ​គ្រឿង​ញៀន​ផង​ដែរ​តែ​ពួក​គេ​បដិសេធ។​ប៉ូលិស​បាន​បញ្ចូន​ពួក​គេ​ទៅ​កាន់​តុលាការ៕

ដើរ​កាច់​ម៉ូតូ​គេ​ត្រូវ​ជាប់​អន្ទាក់​ប៉ូលិស

រាជ​ធានី​ភ្នំពេញ​៖​បុរស​អាយុ​៣៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បន្ទាប់​ពី​លួច​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ហេតុ​ការណ៍​ស្ថិត​នៅ​ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​០៥កុម្ភៈ។​ជន​រង​គ្រោះ​និយាយ​ថា​រូប​គេ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​រួច​ក៏​ចូល​ទៅ​សំរាក​។​ជន​រង​គ្រោះ​និយាយ​ថា​រូប​គេ​បាន​ចាក់​សោរ​ម៉ូតូ​យ៉ាង​ត្រឹម​ត្រូវ​ប៉ុន្តែ​ចោរ​នោះ​នៅ​តែ​មាន​ជំនាញ​លួច​ទៀត​។​ម្ចាស់​ម៉ូតូ​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​ជិះ​ម៉ូតូ​របស់​ខ្លួន​ទើប​រាយ​ការណ៍​ទៅ​ប៉ូលិស​ដើម្បី​ចាប់​ជន​នេះ​ភ្លាមៗ។​ជន​សង្ស័យ​បាន​សារ​ភាព​នៅ​ទង្វើ​របស់​ខ្លួន​ហើយ​និយាយ​ថា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ខ្លួន​បាន​លួច​ឆក់​ប្លន់​នោះ។​បច្ចុប្បន្ន​ប៉ូលិស​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់៕

តួ​អង្គ​ប្រុស​ស្លាប់​តួ​អង្គ​ស្រី​របួស​ធ្ងន់​ដោយ​សារ​សាសង​គ្នា​នៅ​ផ្លូវ​ស្ងាត់​ត្រូវ​ចោរ​ប្លន់

ភ្នំពេញ៖ បុរស​អាយុ​២១​ឆ្នាំ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ហេតុ​រី​មិត្ត​​ស្រី​រង​របួស​ធ្ងន់​ធ្ងរ​ បន្ទាប់​ពី​ចោរ​ពីរ​នាក់​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​នៅ​ខណ្ឌ​ដង្កោ​រាជ​ធានី​ភ្នំពេញ។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ពួក​គេ​បាន​និយាយ​ផ្តោះ​ផ្តង​ស្នេហា​នៅ​កន្លែង​ស្ងាត់​បន្ទាប់​មក​មាន​បុរស​ពីរ​នាក់​យក​កាំ​បិត​មក​ចាក់​ខាង​ប្រុង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​រីឯ​ស្រ្តី​រង​របួស​ធ្ងន់​ធ្ងរ​ត្រូវ​បាន​យក​​សង្រ្គោះ​បន្ទាន់​។​ពួក​គេ​បាន​ស្រែក​ឲ្យ​គេ​ជួយ​ដែរ​តែ​មិន​ល្អ​ព្រោះ​កន្លែង​នោះ​ស្ងាត់​ពេក​គ្មាន​មនុស្ស​សោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​ចោរ​យក​ម៉ូតូ​ទៅ​បានដោយ​ងាយ​ស្រួល៕​

លួច​ញយ​ដង​លួច​ចុង​ក្រោយ​ជាប់​អន្ទាក់​ប៉ូលិស

កំពង់​ធំ៖​បុរស​អាយុ​២១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​លួច​ម៉ូតូ​ជន​រង​គ្រោះ​នៅ​ស្រុក​ស្ទឹង​សែន​​ខេត្ត​កំពង់​ធំ​កាល​ពី​ថ្ងៃ​សុក្រ ទី​៣​មករា​។​ប៉ូលិស​និយាយ​ថា​បុរស​៤​នាក់​ដែល​បាន​ប្រព្រឹត្ត​នូវ​បទ​ល្មើស​លួច​ម៉ូតូ​ដែល​ទុក​នៅ​មុខ​ហាង​ខា​រ៉ា​អូ​ខេ។​ជា​សំណាង​ល្អ​ប៉ូលិស​ដែល​ដើរ​ល្បាត​បាន​ប្រទះ​ឃើញ​ភ្លាមៗ​រួច​ក៏​ចាប់​ខ្លួន​តែ​ម្តង​ប៉ុន្តែ​ប៉ូលិស​ចាប់​បាន​តែ​ម្នាក់​នោះ​ទេ​រី​៣​នាក់​ជា​ពាក់​ពួក​បាន​រត់​គេច​ខ្លួន​បាត់។​ប៉ូលិស​បាន​រក​ឃើញ​ថា​ជន​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​ជន​នេះ​ប្រព្រឹត្ត​បទ​ល្មើស​លួច។​ប៉ូលិស​បាន​បញ្ជូន​ជន​នេះ​ទៅ កាន់​តុលាការ​និង​ស្វែង​រក​ចាប់​ជន​សង្ស័យ​ផ្សេង​ទៀត៕

បុរស​ពីរ​នាក់​និង​ស្រ្តី​ម្នាក់​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

កណ្តាល៖​បុរស​ពីរ​នាក់​និង​ស្រ្តី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​គេ​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ស្រុក​សំរោង​ទង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​សៅរ៏​ទី​០៤​កុម្ភៈ។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​ចាប់​ខ្លួន​ពួក​គេ​ខណៈ​ដែល​ពួក​គេ​កំពុង​សេព​គ្រឿង​ញៀន​នៅ​ក្នុង​ផ្ទះ​ជួល។​ប៉ូលិស​បាន​ចូល​ឆ្មក់​ពួក​គេ​បន្ទាប់​ពី​អ្នក​ជិត​ខាង​ត្អូញ​ត្អែរ​ថា​ពួក​គេ​ល្បី​ខាង​លក់​ថ្នាំ​។​ប៉ូលិស​បាន​រឹប​អូស​យ៉ា​ម៉ា​មួយ​កញ្ចប់​ធំ។​ពួក​គេ​បាន​សារភាព​នូវ​ទង្វើ​របស់​ខ្លួន។​មនុស្ស​ដែល​ពាក់​ព័ន្ឋ​ករណី​នេះ​បាន​រត់​គេច​ខ្លួន​អស់​។​បច្ចុប្បន្ន​ប៉ូលិស​បាន​បញ្ជូន​ជន​នេះ​ទៅ​កាន់​តុលាការ៕​

ហេតុ​តែ​ចង់​ប្លន់​ម៉ូតូ​គេ​កាប់​ជន​រង​គ្រោះ​ឲ្យ​ស្លាប់​មួយ​រំពេច

បន្ទាយ​មាន​ជ័យ៖​បុរស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​គេ​វាយ​តប់​លើ​បុរស​អាយុ​២៧​ឆ្នាំ​ម្នាក់​រហូត​ដល់​ស្លាប់​ភ្លាមៗ​ដែល​ហេតុ​ការណ៍​នេះ​ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃ​សៅរ៏​ទី​៤​កុម្ភៈ។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​បាន​និយាយ​ជា​មួយ​មិត្ត​ភក្តិ​របស់​គេ​ក៏​ស្រាប់​តែ​ជន​សង្ស័យ​បី​នាក់​យក​ចប​ជីក​មក​វាយ​សំពោង​ជន​សង្ស័យ​បណ្តាល​ឲ្យ​ស្លាប់​តែ​ត្រូវ​បាន​មិត្ត​ភក្តិ​ស្រែក​ឲ្យ​គេ​ជួយ​ទើប​ជន​សង្ស័យ​ទាំង​បី​នាក់​នេះ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន។​ពួក​គេ​បាន​សារ​ភាព​ថា​ពួក​គេ​មាន​បំណង​ចង់​ប្លន់​ម៉ូតូ​តែ​មិន​បាន​ជោគ​ជ័យ។​បច្ចប្បន្ន​ប៉ូលិស​បញ្ជូន​ជន​ទាំង​បី​នាក់​នេះ​ទៅ​កាន់​តុលាការ៕​

លួច​ទូរ​សព្ទ័​គេ​យក​ទៅ​លក់​ត្រូវ​គេ​សង្ស័យ​ចាប់​បាន

ភ្នំពេញ៖​បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​បន្ទាប់​ពី​លួច​ទូរ​ស័ព្ទ​ទំនើប​មួយ​គ្រឿង​នៅ​ខណ្ឌ​មាន​ជ័យ​ក្រុង​ភ្នំពេញ​កាល​ពី​សៅរ៏​ទី​៤​កុម្ភៈ។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ពួក​គេ​បាន​លក់​ទូរ​សព្ទ័​ទំនើប​មួយ​គឺ​Iphone 4 ឲ្យ​អ្នក​លក់​នៅ សូរិយា​។​ស្រាប់​តែ​អ្នក​លក់​សង្ស័យ​ថា​ជា​របស់​ចោរ​ក៏​ប្តឹង​ប៉ូលិស​គាប់​ជួន​ប៉ូលិស​កំពុង​តាម​ចាប់​ជន​សង្ស័យ​នេះ​ផង​ព្រោះ​មាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា​បាត់​ទូរ​សព័្ទ។​ពួក​គេ​បាន​សារ​ភាព​រួច​ប៉ូលិស​ក៏​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ៕​​

 

សូម​មិត្ត​អ្នក​អាន ចូល​រួម​ផ្តល់​ព័ត៌មាន​ ​ទាក់ទិន​នឹង​ឧក្រិដ្ឋ​កម្ម​ផ្សេង​ៗ រួមមាន​ការ​រំលោភ​សេព​សន្ថវៈ ​ អំពើ​ហិង្សា​​ក្នុង​គ្រួសារ និង​អំពើ​ល្មើស​ច្បាប់​នានា​ តាមរ​យៈទូរស័ព្ទ​​ ០១២​ ៩២១ ​០៥៣/០១២​៥១៧​៩៤៥​។ ឬអ៊ីមែល:pk@phnompenhpost.com/editors@phnompenhpost.com/reporters@phnompenhpost.com

 

 

 

 

 



This content has been locked. You can no longer post any comments.
Show/hide comments
busy