ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ពិធី​សារ​បន្ថែម​លើ​សន្ធិ​សញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ

ជា​លើក​ដំបូង និង​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​សិទ្ធិ​កុមារ កុមារ​ត្រូវ​បាន​ផ្តល់​លទ្ធភាព​ទទួល​បាន​យុត្តិធម៌​កម្រិត​អន្តរជាតិ​តាម​រយៈ ​នីតិវិធី​បណ្តឹង​ដែល​បាន​អនុម័ត​នា​ពេល​ថ្មីៗ​នេះ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រុម​អង្គការ​មិន​មែន​ រដ្ឋាភិបាល​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ពី​ទីក្រុង​ហ្សឺណែវ។​

ដើម្បី​ឲ្យ​នីតិវិធី​នេះ អាច​អនុវត្ត​បាន​ជាក់​ស្តែង​សម្រាប់​ជន​រង​គ្រោះ​ជា​កុមារ បណ្តា​ប្រទេស​នានា ចាំ​បាច់​ត្រូវ​ចុះ​ហត្ថលេខា និង​អនុម័ត​ពិធីសារ​បន្ថែម​លើ​សន្ធិសញ្ញា​ស្តី​ពី​សិទ្ធិកុមារ មុន​ពេល​សន្ធិសញ្ញា​នេះ ចូល​ជា​ធរមាន និង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ពិធី​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​របស់​អង្គការ​សហប្រជាជាតិ ដែល​បើក​ឱកាស​ឲ្យ​ចុះ​ហត្ថលេខា និង​អនុម័ត​ពិធី​សារ​បន្ថែម​លើ​សន្ធិសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ ​ទីក្រុង​ហ្សឺណែវ។

ប្រទេស​ចំនួន​២០ មក​ពី​ជុំ​វិញ​ពិភពលោក មាន​ដូច​ជា ប្រទេស​អូទ្រីស ប៊ែលហ្ស៊ិក ប្រេស៊ីល ឈីលី កូស្តារីកា ហ្វាំង​ឡង់ អាល្លឺម៉ង់ អ៊ីតាលី ឡុច​ហ្សំ​ប៊ួរ ម៉ាល់ឌីវ ម៉ាលី ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក ប៉េរ៉ូ ព័រទុយ​ហ្គាល់ សឺបៀរ ស្លូវ៉ាគី ស្លូវ៉េនី អេស្បាញ និង​អ៊ុយរ៉ុយហ្គាយ បាន​បង្ហាញ​ភាព​ជា​អ្នក​ដឹក​នាំ​យ៉ាង​ម៉ឺងម៉ាត់ និង​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ចំពោះ​កិច្ច​គាំ​ពារ​សិទ្ធិ​របស់ កុមារ​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​ពិធីសារ​បន្ថែម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។ ​

ការ​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​នេះ គឺ​ជា​ការ​បោះ​ជំហាន​លើក​ដំបូង​ដ៏​សំខាន់​មួយ តែ​ប្រទេស​ទាំង​នោះ ក៏​នឹង​នៅ​តែ​ចាំបាច់​ត្រូវ​អនុម័ត​ពិធី​សារ​នេះ​ ដើម្បី​អនុវត្ត​ជាមួយ​បទប្បញ្ញាត្តិ​របស់​ខ្លួន ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រទេស​ចំនួន ១០ ដែរ ដែល​ត្រូវ​អនុម័ត​ពិធីសារ​នេះ​ មុន​ពេល​យក​វា​ទៅ​អនុវត្ត​។

តំណាង​ឲ្យ​សមាជិក និង​ដៃ​គូ​របស់​ខ្លួន លោក​ស្រី Lisa Myers ប្រធាន​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដើម្បី​សម្ព័ន្ធ​សិទ្ធិកុមារ (NGO Group for the CRC) ​បាន​ឲ្យ​ដឹង​ថា​៖​ «​វា​ជា​ក្តី​សង្ឃឹម​របស់​យើង​ថា ប្រទេស​នីមួយៗ នឹង​គោរព​តាម​តួនាទី​របស់​ខ្លួន​ចំពោះ​កុមារ តាម​រយៈ​ការ​ចុះ​ហត្ថលេខា និង​អនុម័ត​ឧបករណ៍​ច្បាប់​នេះ ដោយ​មិន​ពន្យារ​ពេល​។ យើង​ត្រូវ​ធានា​ថា ឧបករណ៍​ច្បាប់​ថ្មី​នេះ នឹង​ចូល​ជា​ធរមាន​យ៉ាង​ឆាប់​រហ័ស ដើម្បី​យក​មក​អនុវត្ត​ចំពោះ​កុមារ​ដែល​ត្រូវ​ការ​ច្បាប់​នេះ»។​

ពិធីសារ​បន្ថែម​នេះ នឹង​ពង្រឹង​ដល់​សន្ធិសញ្ញា​ស្តី​ពី​សិទ្ធិ​របស់​កុមារ និង​ពិធី​សារ​ដែល​មាន​ស្រាប់​ក្នុង​សន្ធិសញ្ញា​ស្តី​ពី​ការ​លក់​កុមារ ពេស្យាកម្ម​កុមារ និង​កាម​សាស្រ្ត​កុមារ និង​សន្ធិសញ្ញា​ស្តី​ពី​ការ​ចូល​រួម​របស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ​។ ពិធីសារ​បន្ថែម​នេះ នឹង​ផ្តល់​ជូន​កុមារ និង​អ្នក​តំណាង​របស់​កុមារ ប្រសិន​បើ​កុមារ​ទាំង​នោះ មិន​អាច​ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន នូវ​លទ្ធភាព​ប្តឹង​ឧទ្ធរណ៍​ទៅ​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្តី​ពី ​សិទ្ធិកុមារ​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​អន្តរជាតិ​ ទទួល​បន្ទុក​តាម​ដានការ​អនុវត្ត​សន្ធិសញ្ញា និង​ពិធីសារ​បន្ថែម​របស់​ខ្លួន​។ ​

ការ​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​បន្ថែម​នៅ​អង្គការ​សហប្រជាជាតិ គឺជា​សមិទ្ធផល​នៃ​ការ​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម​របស់​សម្ព័ន្ធ​ អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​តំណាង​ឲ្យ​អង្គការ​ផ្នែក​សិទ្ធិកុមារ និង​សិទ្ធិ​មនុស្ស​ជុំវិញ​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។ សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឧបករណ៍​ច្បាប់​ថ្មី​នេះ ដើម្បី​ផ្តល់​កិច្ច​គាំ​ពារ​ដល់​កុមារ​ ឲ្យ​ស្មើភាព​នឹង​មនុស្ស​ពេញ​វ័យ​នៅ​កម្រិត​អង្គការ​សហប្រជាជាតិ​។

សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល នឹង​បន្ត​បំពេញ​ការ​ងារ​របស់​ខ្លួន ដើម្បី​ធានា​ឲ្យ​បាន​ថា​ពិធីសារ​បន្ថែម​ទីបី​នេះ នឹង​អាច​ចូល​ជា​ធរមាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ដោយ​សារ​ការងារ​ប្រកប​ដោយ​បទ​ពិសោធ​ស្តី​ពី​ពិធីសារ​នា​ពេល​កន្លង​មក បាន​បង្ហាញ​ថា ពិធី​សារ​លើ​ទី​បី​នេះ មាន​សារៈ​សំខាន់។ សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏​នឹង​ធ្វើ​ការងារ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​ចំណេះ​ដឹង​អំពី​ពិធី​សារ​ទី​បី​នេះ​ផង​ដែរ​ដល់​មនុស្ស​ពេញ​វ័យ ក៏​ដូចជា​កុមារ​ និង​ការ​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ជា​សាធារណៈ ដើម្បី​ធានា​ថា ពិធី​សារ​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​ពិត​ប្រាកដ​មួយ​ចំពោះ​កិច្ច​គាំពារ​សិទ្ធិ​របស់​កុមារ​ជុំវិញ​ពិភពលោក៕

(ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សម្ព័ន្ធ​សិទ្ធិកុមារ គឺ​ជា​បណ្តាញ​ការងារ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ចំនួន​៨០ ដែល​សហការ​គ្នា​សម្រប​សម្រួល​ការ​អនុវត្ត​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​សិទ្ធិ​កុមារ​) BP



This content has been locked. You can no longer post any comments.
Show/hide comments
busy