ក្រុងហាណូយៈឱនភាពពាណិជ្ជកម្មរបស់វៀតណាមបានធ្លាក់ចុះនៅខែមីនានេះ ដោយសារការនាំចេញបានស្ទុះងើប ដែលកត្តានេះជួយគាំទ្រដល់តម្លៃរូបិយប័ណ្ណដុងប្រទេសនេះ។
យោងតាមទិន្នន័យជាបឋម ដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅនៅទីក្រុងហាណូយកាល ពីម្សិលមិញ បានឲ្យដឹងថា ឱនភាពពាណិជ្ជកម្មនេះ បានធ្លាក់ចុះនៅត្រឹមចំនួន ១៥០លានដុល្លារពីចំនួន ២៧៩លានដុល្លារកាលពីខែកុម្ភៈ។ ដោយឡែកនៅក្នុងរយៈពេលបីខែដើមឆ្នាំ២០១២នេះ គម្លាតនេះ មានទំហំសរុប ២៥១លានដុល្លារ។
កាលពីឆ្នាំមុន ឱនភាពពាណិជ្ជកម្មវៀតណាម បានធ្លាក់ចុះ ដែលជួយបង្កើនទំនុកចិត្តលើរូបិយប័ណ្ណដុងដែលត្រូវបានទម្លាក់ថ្លៃ ៧ភាគរយកាលពីកុម្ភៈឆ្នាំ២០១១ ហើយការធ្លាក់ចុះឱភាពនេះផងដែរ ក៏បានផ្តល់លទ្ធភាពដល់ប្រទេសនេះឲ្យចាប់ផ្តើមបង្កើនទុនបម្រុង រូបិយប័ណ្ណអន្តរជាតិរបស់ខ្លួនជាថ្មី។
ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងនៅតំបន់អឺរ៉ុប អាចកាត់បន្ថយតម្រូវការផលិតផលរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ មួយនេះដែលធ្វើឲ្យការនាំចេញធ្លាក់ចុះ។
លោក Thomas Harr ប្រធានផ្នែកយុទ្ធសាស្រ្តប្តូរប្រាក់ប្រចាំក្រុមហ៊ុន Standard Chartered Plc បានថ្លែងមុនពេលទិន្នន័យនេះចេញផ្សាយថា៖ «ប្រការសំខាន់នោះគឺថាវៀតណាមមិនដើរត្រឡប់ទៅរកឱនភាពពាណិជ្ជកម្មដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះវិញទេ ដែលឱនភាពនេះ នឹងដាក់បន្ទុកលើតម្លៃប្រាក់ដុង»។
ប្រាក់ដុង បានឡើងថ្លៃប្រហែល ១ភាគរយនៅឆ្នាំនេះ ធៀបនឹងប្រាក់ដុល្លារ ខណៈការធ្លាក់ចុះអតិផរណា ជួយបង្កើនអារម្មណ៍វិនិយោគិន។ ក្រុមហ៊ុន Standard Chartered បានឲ្យដឹងក្នុងរបាយការណ៍មួយនៅខែមុនថា ការធ្លាក់ចុះទំហំឱនភាពពាណិជ្ជកម្ម ជួយគាំទ្រដល់រូបិយប័ណ្ណ។
ទុនបម្រុងបរទេស
អ្នកគ្រប់គ្រងមូលនិធិប្រចាំក្រុមហ៊ុន Dragon Capital ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានឲ្យដឹងនៅក្នុងឯកសារស្រាវជ្រាវមួយនៅក្នុងខែនេះថា ភាពប្រសើរឡើងនៃគម្លាតពាណិជ្ជកម្មនាពេលថ្មីៗនេះ អាចជួយគាំទ្រដល់ការបង្កើនទុនបម្រុងបរទេសរហូតដល់ចំនួន១៨ពាន់ លានដុល្លារ ពីចំនួន១៥ពាន់លានដុល្លារកាលពីឆ្នាំ២០១១។
ទិន្នន័យកាលពីម្សិលមិញ បានបង្ហាញថា ការនាំចេញ បានកើនឡើងដល់ចំនួន ៩,១៥ពាន់លានដុល្លារកាលពីខែមីនាពីចំនួន ៨,៣ពាន់លានដុល្លារកាលពីខែកុម្ភៈ។ នៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០១២នេះ ការនាំចេញបានស្ទុះងើប២៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ២៤,៥ពាន់លានដុល្លារ។
ការនាំចេញសម្លៀកបំពាក់ ដែលជាការនាំចេញធំបំផុតរបស់វៀតណាម បានកើនឡើង ១៥ភាគរយនៅត្រីមាសទីមួយនេះ ដល់ ៣,២ពាន់លានដុល្លារ។ រីឯការនាំចូលវិញ បានកើនដល់ ៩,៣ពាន់លានដុល្លារនៅខែនេះ ពីចំនួន៨,៦ពាន់លានដុល្លារកាលពីខែកុម្ភៈ៕ KC
ភ្នំពេញ ប៉ុស្តិ៍







