Headlines:

បង្កើត​គេហទំព័រ «៥០០០​ឆ្នាំ​» អប់រំ​ពុទ្ធសាសនិក

  • Prev
  • 1 of 2
  • Next

ភ្នំពេញ : ប្រជា​ពល​រដ្ឋ​ខ្មែរ​រាប់​លាន​នាក់​កាន់​ព្រះពុទ្ធ​សាសនា​ ប៉ុន្តែ​បុគ្គល​ដែល​មាន​ការ​យល់​ដឹង​ច្បាស់​អំពី​ពុទ្ធសាសនា​មាន​ចំនួន​ តិច​តួច​នៅ​ឡើយ។ ​

ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​ព្រះ​ពុទ្ធសាសនា​ទៅ​ដល់​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ លោក​ ស្រុង​ ចាន់ណា ពុទ្ធសាសនិក​ដ៏​ស្មោះស្ម័គ្រ​អាយុ​៣០​ឆ្នាំ សុខ​ចិត្ត​ចំណាយ​ពេល​វេលា ​និង​ថវិកា​ផ្ទាល់​ខ្លួន​ រៀបចំ​ចង​ក្រង​បង្កើត​គេហទំព័រ​ថ្មី​ឈ្មោះ​ថា​ «៥០០០​ឆ្នាំ» សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ស្វែង​យល់​ពី​ព្រះធម៌​ឲ្យ​បាន​កាន់​តែ ​ច្បាស់ ​ចៀស​វាង​កំហុស​ឆ្គង​តទៅ​ទៀត​។

លោក​ ស្រុង​ ចាន់ណា ជា​ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Mobility One និយាយ​ថា​៖ «ខ្ញុំ​បង្កើត​គេហ​ទំព័រ​នេះ​ ក្នុង​គោល​បំណង​បញ្ជ្រាប​ព័ត៌​មាន​អំពី​ចំណេះ​ដឹង​ និង​បទពិសោធ​ល្អៗ​ ដែល​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​នៃ​យើង​បាន​សម្តែង​ឡើង​ ជា​ការ​ដាស់​តឿន​ដល់​សតិ​អារម្មណ៍​មនុស្ស​គ្រប់រូប​ដែល​កំពុង​វិលវល់​នៅ​ ក្នុង​វាល​វដ្តសង្សារ​ដ៏​ធំធេង​នេះ​»​។

អ្នក​បង្កើត​វិបសាយ www.5000-years.org ​ដើម្បី​ផ្សព្វ​ផ្សាយ​សាសនា​ព្រះពុទ្ធ រូប​នេះ​យល់​ឃើញ​ថា​ ការ​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ពុទ្ធសាសនា​នៅ​កម្ពុជា​មាន​កម្រិត​នៅ​ឡើយ​ ព្រោះ​កម្មវិធី​បង្រៀន​ ព្រះធម៌​គឺ​ធ្វើ​ឡើង​តែ​នៅ​តាម​ទី​អារាម។​ ស្រប​ពេល​ដែល​បច្ចេក​វិទ្យា​កំពុង​រីក​ដុះ​ដាល​លើ​វិស័យ​ទូរគមនាគមន៍ ​លោក​ក៏​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ការ​ផ្សព្វផ្សាយ​ព្រះធម៌​ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ជា​បណ្តាញ​ទំនាក់​ទំនង​ដ៏ធំ​មួយ​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​កម្ពុជា​នា ​ពេល​បច្ចុប្បន្ន​នេះ ​ព្រោះ​ពួក​គេ​អាច​សិក្សា​ស្វែង​យល់​ពី​ព្រះធម៌​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​មិន​ថា​នៅ​ផ្ទះ​ នៅ​សាលារៀន ​ឬ​នៅ​ទីណា​ ពេល​ណា​នោះ​ទេ​។

លោក​បន្ត​ថា​ ព្រះធម៌​ជា​ឃ្លាំង​ទ្រព្យ​ដ៏​ល្អ​បំផុត​នៃ​សេចក្តី​សុខ​ បើ​បុគ្គល​មាន​ធម៌​ នោះ​សេចក្តី​សុខ​នឹង​កើត​មាន​ ចំពោះ​បុគ្គល​ប្រណិប័តន៍​តាម ហើយ​ក៏​អាច​ឲ្យ​សង្គម​ទាំង​មូល​មាន​សុខ​សន្តិភាព​ដែរ​។

យោង​តាម​លោក ស្រុង​ ចាន់ណា ធម៌​ក្នុង​សាសនា​ព្រះពុទ្ធ បុគ្គល​ណា​សាប​ព្រោះ​ពូជណា​បាន​ផល​ពី​ពូជនោះ​។

ទោះ​បី​ជា​លោក​រវល់​ការងារ​ខាង​ក្រៅ​និង​ការ​ងារ​បង្កើត​គេហ​ទំព័រ​ក៏​ ដោយ ​ក៏​លោក​មាន​ពេល​ច្រើន​ចូល​រួម​ជា​មួយ​គ្រួសារ​ដែរ​ ហើយ​គ្រួសារ​លោក​ក៏​បាន​គាំទ្រ​គំនិត​លោក​ឲ្យ​ធ្វើ​ដូច្នេះ​ផង​ដែរ​។​

ពុទ្ធសាសនិក​ដ៏​ស្មោះស្ម័គ្រ​រូប​នេះ​ថ្លែង​ថា​៖ «មួយ​ជីវិត​ខ្ញុំ​ ក្រៅ​ពី​ព្រះពុទ្ធ​សាសនា​គឺ​ខ្ញុំ​មិន​មាន​ជំនឿ​លើ​សាសនា​ណា​ឡើយ ​ជី​ដូន ជីតា​ខ្ញុំ​ជា​អ្នក​ជឿ​ជាក់​ធម៌​ព្រះពុទ្ធ ដូច្នេះ​ខ្ញុំ​ក៏​មិន​ ខុស​ពី​ជី​ដូន​ជីតា​ខ្ញុំ​ដែរ​»​។

អ្នក​ស្រី​ ចន​ សុធា​ ជា​ភរិយា​ថ្លែង​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ដោយ​ទឹក​មុខ​រីក​រាយ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ឲ្យ​គាត់​ធ្វើ​ការងារ​​នេះ​។​ កិច្ចការ​មាន​ប្រយោជន៍​ដល់​សង្គម​ខ្ញុំ​មិន​ដែល​ជំទាស់​ឡើយ​ ហើយ​ការ​ងារ​ក្នុង​ផ្ទះ​មិន​ជា​ច្រើន​ណាស់​ណា​ដែរ​ ពួក​យើង​មាន​ពេល​ច្រើន​សម្រាប់​សម្រាក​លំហែ​បាន»​។​

អ្នក​ស្រី​និយាយ​ថា​ គេហ​ទំព័រ​ដែល​បង្កើត​តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​នេះ​មាន​អ្នក​ចូល​មើល​ ប្រមាណ​ជា​១០០០​នាក់​ក្នុង​មួយ​ថ្ងៃ។ ពុទ្ធ​បរិស័ទ​​អាច​ចូល​ទាញ​យក​អត្ថបទ​ ឬ​ស្តាប់​ការ​សម្តែង​ព្រះធម៌​ ពុទ្ធ​ប្រវត្តិ​សង្ខេប គម្ពីរ​ព្រះត្រៃ​បិដក​ សៀវភៅ​ធម៌​ ការ​បង្រៀន​ព្រះធម៌​ កំណាព្យ​ស្មូត​ និង​កម្មវិធី​ពុទ្ធ​សាសនា​ជា​ច្រើន​ទៀត​។

លោក​ ស្រុង​ ចាន់ណា ​ប្ដេជ្ញា​ខិតខំ​ចង​ក្រង​ប្រមូល​ឯកសារ​ទាក់​ទង​នឹង​ព្រះធម៌​នេះ​បន្ថែម​ ទៀត​ ដើម្បី​ឲ្យ​កូន​ខ្មែរ ​ទាំង​អស់​មាន​ឱ​កាស​បាន​ស្វែង​យល់​ពី​ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​ខ្លួន។​

សម្រាប់​ពុទ្ធសាសនិក​វ័យ​ក្មេង​រូបនេះ ការ​អាន​ និង​ស្តាប់​ព្រះធម៌ ​គឺជា​ផ្លូវ​មួយ​ដែល​ត្រួស​ត្រាយ​វិបត្តិ​នៅ​ក្នុង​ចិត្ត​មនុស្ស​គ្រប់​ គ្នា​ឲ្យ​ជ្រះ​ថ្លា ​ចេះ​ដឹង​ខុស​ ត្រូវ​ ស​និង​ខ្មៅ​ មាន​សីលធម៌​ក្នុង​ខ្លួន​ និង​ចេះ​អត់​ឱន​ អធ្យា​ស្រ័យ​គ្នា​ ចេះ​ទទួល​ខុស​ត្រូវ​និង​ចេះ​ដឹកនាំ​ដំណើរ​ជីវិត​របស់​ខ្លួន​ទៅ​រក​ទីបរម​សុខ ​ ដូច​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា នត្ថិ ​សន្តិ ​បរំ​ សុខំ ​(​គ្មាន​សេចក្តី​សុខ​ណា​ស្មើ​ នឹងសេចក្តី​ស្ងប់​នោះ​ឡើយ​)​ ។

លោក​និយាយ​ថា៖​ «​ខ្ញុំ​ចង់​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ទាំង​អស់ ​គប្បី​យក​ពេល​វេលា​ដែល​សមគួរ​ ពី​ការងារ​ឬ​ការ​សិក្សា ​ស្វែង​យល់​ពី​ព្រះធម៌​ឲ្យ​បាន​ច្រើន​ សម្រាប់​ជា​មាគ៌ា​ដឹក​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​រក​សេចក្តី​សុខ​ទាំង​អស់​គ្នា​គឺ ​ព្រះ​និពាន្វ»​៕



This content has been locked. You can no longer post any comments.
Show/hide comments
...
បង​ប្រុស​ពិត​ជា​គួ
ramana on July 03, 2012 Report
vote down vote up Votes: 0
...
នេះ​ជា​ការធ្វើ​ទាន
ទឹម បឿន on July 03, 2012 Report
vote down vote up Votes: 0
...
បងប្រុសស្រុង ចាន់ណា ខ្ញុំសែនរីករាយឥតឧប
Mut Somoeun on April 04, 2012 Report
vote down vote up Votes: +1
...
Proudly supported by SERVING WEB SOLUTION - www.servingweb.com
Y SILINE on April 04, 2012 Report
vote down vote up Votes: +1
busy