ភ្នំពេញៈ ការរក្សាទុនទុក ងាយនឹងបាត់បង់ដោយសារការប្រឈម នឹងហានិភ័យមានកាន់តែច្រើន ខណៈដែលទីផ្សារមូលបត្រ កម្មសិទ្ធិសកល បានបិទនៅត្រីមាសដែលមិនសូវដំណើរការល្អ។
វិនិយោគិនព្រួយបារម្ភថា ពួកគេនឹងបាត់បង់ឱកាសកំណើនកាន់តែច្រើន។ ក្នុងចំណោមទីផ្សារហិរញ្ញវត្ថុធំៗចំនួន ៧៨កន្លែង នៅលើពិភពលោក ពិន្ទុចំនួន ៦៦ បង្ហាញផលវិជ្ជមាននៅត្រីមាសដំបូង ហើយ ៥០ភាគរយ សម្រេចបានកំណើនពីរខ្ទង់ មានតែ១២ភាគរយប៉ុណ្ណោះដែលបង្ហាញផលអវិជ្ជមាន។
នៅអាមេរិក DOW បានកើន ៨,១៤ភាគរយ ហើយ S&P 500 បានកើនឡើង១២ភាគរយ។ នេះជាលទ្ធផលល្អបំផុតនៅត្រីមាសទីមួយតាំងពីឆ្នាំ១៩៩៨មក។ ផ្សារមូលបត្រ Nasdaq បានកើនឡើង១៨,៦៧ភាគរយ ហើយនេះជាលទ្ធផលល្អជាងគេបំផុត ចាប់តាំងពីឆ្នាំ១៩៩១មក ដោយសារ Apple បានកើនឡើង៥០ភាគរយ។ ភាគហ៊ុន Nikkei 225 របស់ជប៉ុន ទទួលបានលទ្ធផលល្អ ក្នុងចំណោមទីផ្សារធំៗ ដោយមានកំណើន១៩,៣ភាគរយ ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល២៤ឆ្នាំ។ ភាគហ៊ុនរបស់ក្រុមហ៊ុននាំចូលនៅតែកើន ដោយសារប្រាក់យ៉េនឆ្លាក់ចុះ។
វិធានការជាក់ស្តែង ត្រូវបានយកទៅអនុវត្តនៅទីផ្សារកំពុងរីកចម្រើន។ ទីផ្សារដែលទទួលបានលទ្ធផលល្អជាងគេបំផុតនៅលើពិភពលោក គឺ Bolsa De Valores De Caracas របស់ប្រទេសវ៉េណេស៊ុយអេឡា ដែលបានកើនឡើង ៧១,៩៦ភាគរយ ដោយសារប្រាក់ចំណូលពីប្រេង បានកើនឡើងខ្ពស់ ខណៈពេលដែលប្រេងឆៅ( NYMEC) កើនឡើង ៤,២៤ភាគរយ រៀងរាល់ត្រីមាស ដោយមួយបារ៉ែល ថ្លៃពី ៩៧ ទៅ ១១០ដុល្លារអាមេរិក។
នៅអាស៊ី សន្ទស្សន៍ MSCI នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើង១៣,៥ភាគរយ។ ក្រៅពីកំណើនគួរឲ្យស្ងើចសរសើរនៅប្រទេសជប៉ុន សន្ទស្សន៍ផ្សារហ៊ុនហូជីមិញនៅប្រទេសវៀតណាម កើនឡើង ២៥,៤៥ភាគរយ KSE កើនឡើង២១,៩៨ភាគរយ និង Sensex របស់ឥណ្ឌា១០,៤ភាគរយ។
ទីផ្សារដែលទទួលលទ្ធផលអន់ជាងគេបំផុតគឺស្រីលង្កាដែលធ្លាក់ ចុះ១០,៩ភាគរយ បន្ទាប់មកគឺទីផ្សារនៅអឺរ៉ុបដែលប្រឈមនឹងវិបត្តិបំណុល ពិសេសគឺអេស្ប៉ាញ ដែលធ្លាក់ចុះ៧,៦៥ភាគរយ។ ប្រទេសដែលទទួលបានលទ្ធផលអន់គួរឲ្យកត់សម្គាល់ក្នុងត្រីមាសនេះគឺ ចិន ដែលមានកំណើនតែ ២,៤ភាគរយប៉ុណ្ណោះ ខណៈកាណាដា កើន២,៨ភាគរយ។
នៅអាមេរិក ភាគហ៊ុនហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ជាវិស័យដែលទទួលបានលទ្ធផលល្អជាងគេ។ ជាទូទៅ ភាគហ៊ុនធនាគារនៅអឺរ៉ុប និងរូបិយប័ណ្ណរបស់ទីផ្សារកំពុងរីកចម្រើន ក៏ទទួលបានលទ្ធផលល្អផងដែរ។ ទីផ្សារទាំងនោះបានកើនឡើងដោយសារកត្តាមួយចំនួន។
អាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក នៅតែកើនឡើងដដែល ដោយសារវិស័យឧស្សាហកម្មរីកចម្រើន ការងារនៅតែបន្តកើនឡើង កំណើនទំនុកចិត្តរបស់អតិថិជន កំណើន GDP ៣ភាគរយ នៅត្រីមាសទី៤ និង១,៧ភាគរយ សម្រាប់រយៈពេលពេញមួយឆ្នាំ និងគោលនយោបាយរូបិយវត្ថុធូររលុងរបស់ធនាគារកណ្តាលអាមេរិក ដោយសារអត្រាមូលនិធិរបស់ធនាគារកណ្តាល(Fed)មានអត្រា០,១២ភាគរយ៕ CS
ភ្នំពេញ ប៉ុស្តិ៍

