ភ្នំពេញៈ នៅលើពិភពលោកយើងនេះមិនថា ជនជាតិខ្មែរ ចិន ឬសាសន៍អ្វីឡើយ ពួកគេតែងតែមានជំនឿរៀងៗខ្លួន ដោយមានអ្នកខ្លះមានជំនឿលើសាសនាផ្សេងៗ ខ្លះជឿលើអារក្សអ្នកតា បាតុភូតធម្មជាតិ និងទៅលើដើមឈើ ឬក៏ព្រៃភ្នំជាដើម។
ហេតុនេះហើយក្នុងការសាងសង់ ឬជ្រើសរើសផ្ទះស្នាក់នៅ គឺជារឿងសំខាន់ដែលពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោកតា គ័ង ទី បច្ចុប្បន្នមានអាយុ១០៣ឆ្នំា ជាចិនសែមួយរូបដែលបានចាប់អាជីពនេះតំាងពីនៅយុវវ័យមកនោះ បានបំភ្លឺអំពីបញ្ហានេះជាមួយលោក គង់ លាងហួរ អ្នកយកព័ត៌មានប៉ុស្តិ៍ អចលនទ្រព្យ អំពីការទិញអចលនទ្រព្យបែបណា ដើម្បីបានជួបសេចក្តីសុខ និងមានលាភសំណាង។
តើផ្ទះបែរមុខទៅទិសខាងណា ដែលល្អជាងគេក្នុងចំណោមទិសទំាងបួន?
ការសង់ផ្ទះ គឺអាចបែរមុខទៅទិសទំាងបួនបានទាំងអស់ ប៉ុន្តែផ្ទះដែលបែរមុខទៅទិសល្អជាងគេគឺខាងត្បូង បន្ទាប់មកផ្ទះបែរមុខទៅទិសខាងជើង ចំណែកផ្ទះបែរមុខទៅទិសខាងកើតមិនសូវល្អទេ ព្រោះទិសខាងកើត គឺជាទិសសម្រាប់តែសាងសង់ព្រះវិហារ រីឯទិសខាងលិចវិញមិនល្អទេ ដោយសារទិសនេះនំាឲ្យអ្នកស្នាក់នៅលិចលង់ ទៅតាមទិសខាងលិច។
តើការទទួលទានដំណេកគួរបែរក្បាលទៅទិសណាទើបល្អ?
ផ្ទះដែលបែរមុខទៅទិសខាងត្បូងល្អ ហេតុនេះការទទួលទានដំណេកក៏ត្រូវបែរក្បាលមកទិសខាងត្បូងដែរទើបល្អ។
ហេតុអ្វីបានជាទិសខាងត្បូង ជាទិសល្អជាងគេ?
ទិសខាងត្បូងល្អ ព្រោះជាទិសនំាលាភ ជាទិសនំាឲ្យយើងរកលុយចូល ព្រោះបើផ្ទះយើងបែរមុខទៅទិសខាងត្បូងដឹងតែមានលាភចូលផ្ទះ។ បើយើងរៀបចំផ្ទះបានល្អទៀតនោះ យើងនឹងមានលាភសំណាងកាន់តែច្រើន។
ផ្ទះបែរមុខទៅទិសខាងត្បូង តើចង្ក្រានបាយ និងអ្នកដំាបាយគួរបែរមុខទៅទិសខាងណា?
បើផ្ទះបែរមុខទៅទិសខាងត្បូង ចង្ក្រានបាយត្រូវបែរមុខមកទិសខាងត្បូង ចំណែកអ្នកដំាបាយ ត្រូវបែរមុខទៅទិសខាងជើងទើបជាការល្អ ព្រោះវានឹងធ្វើឲ្យយើងទទួលយកលាភបន្ថែមទៀត។
ជាធម្មតាក្នុងផ្ទះតែងតែមានដាក់កៅអីជាគ្រឿងលម្អ តើការរៀបចំសម្ភារទំាងនោះគួរបែរមុខទៅទិសណាមួយទើបល្អ?
នៅពេលយើងរៀបចំផ្ទះជីដូនតា កុងម៉ា និងជំនាងផ្ទះត្រូវទិសអស់ហើយនោះ ការរៀបចំដាក់កៅអីទំាងនោះដាក់នៅទីតំាងណា បែរទៅទិសខាងណាក៏បាន ដែរ ប៉ុន្តែត្រូវឲ្យកៅអីនោះបែរខ្នងទៅជាប់នឹងជញ្ជំាង ឬជ្រុងណាមួយ ទើបជាការប្រពៃបំផុតដើម្បីកុំឲ្យមានភាពល្ហល្ហេវ នៅខាងក្រោយកន្លែងដែលយើងអង្គុយនំាឲ្យបាត់បង់អស់អារម្មណ៍សុខសាន្តរបស់យើង។
តើទ្វាររណបនៃខាងក្រោយផ្ទះគួរមានភាពស៊ីមេទ្រីជាមួយផ្លូវចូលពីមុខមកដែរឬទេ?
ប្រសិនបើផ្លូវចូលមកទ្វារខាងក្រោយ មានភាពស៊ីមេទ្រីជាមួយផ្លូវចូលពីមុខមក ជាសញ្ញាមិនល្អទេ ព្រោះវាធ្វើឲ្យទ្រព្យសម្បត្តិដែលយើងរកបានលេចធ្លាយទៅអស់។ បើផ្ទះយើងមានលក្ខណៈបែបនេះ យើងមិនត្រូវបើកទ្វារខាងក្រោយនោះចំហទេ។ យើងត្រូវបិទវាឲ្យជិត ឬដាក់វំាងននបិទបាំង ទប់លាភសំណាងដែលយើងរកបានកុំឲ្យវាលេចធ្លាយអស់ទៅវិញ៕
ភ្នំពេញ ប៉ុស្តិ៍






