Headlines:

សំណុំ​រឿង​ឈូក បណ្ឌិត​នៅ​តែ​មិន​ទាន់​មាន​ចំណាត់​ការ​ច្បាស់​លាស់

ការ​ដាក់​ឈ្មោះ​កូន​ម្នាក់ៗ​ គឺ​អាស្រ័យ​ទៅ​នឹង​ជំនឿ សាសនា ភាសា​ ជន​ជាតិ ខ្លះ​ទៅ​តាម​ហុងស៊ុយ ហើយ​ខ្លះ​ ក៏​ដាក់​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត ​របស់​ឪពុក​ម្តាយ​ ឬ​ក៏​ក្រុម​គ្រួសារ​ស្រឡាញ់​ដាក់​ឈ្មោះ​ឲ្យ​។ មាន​ជំនឿ​ថា ​ឈ្មោះ​គឺជា​ការ​កំណត់​វាសនា​ឲ្យ​កូន​ ដែល​ជា​ទូទៅ​ ឪពុក​ម្តាយ ខិតខំ​ស្វែងរក​បើក​គម្ពីរ វច្ចនានុក្រម​ ឬ​រក​នឹក​ដាក់​ឈ្មោះ​កូន​ឲ្យ​សម​ប្រកប ​ដោយ​មិន​គិត​ពី​ពណ៌​សម្បុរ​ ឬ​ក៏​ស្អាត​ មិន​ស្អាត​ទេ ​ដូច​ជា ៖ ឈ្មោះ​ បុប្ផា​ គន្ធា ហ្គេច​ បណ្ឌិត​ ពុទ្ធិ​ ឧត្តម​ គិរី​...​ជាដើម​។ តែ​ជាក់​ស្តែង​ ឈ្មោះ​ មិន​សុទ្ធ​តែ​សម​ប្រកប​ ទៅ​តាម​គន្លង​ធម៌​ ដូច​ការ​រំពឹង​ទុក ​របស់​ឪពុក​ម្តាយ​នោះ​ទេ​ មាន​អ្នក​ខ្លះ​ឈ្មោះ​សុទ្ធ​តែ​បណ្ឌិត​ ដែល​ជា​ពាក្យ​មួយ ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ និង​ជា​ទីពេញ​និយម​សព្វ​ថ្ងៃ​នេះ​ផង​ តែ​បែរ​ក្លាយ​ទៅ​ជា​ជាប់​កុន ក្នុង​រឿង​មនុស្ស​ឃាត​ ដោយ​ចេតនា​ទៅ​វិញ​។ តើ​ហេតុ​អ្វី បាន​បណ្ឌិត​នេះ​ ក្លាយ​ទៅ​ជា​ដូច្នេះ​?​ ហើយ​សម្អាង​លើ​ច្បាប់​អ្វី ដែល​ធ្វើ​ឲ្យ​ជន​ជាប់​សង្ស័យ​ បណ្ឌិត​នេះ ត្រូវ​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​?​ ឬ​ក៏​មាន​យ័ន្ត​អ្នក​ធំ​នៅ​ពី​ក្រោយ​ខ្នង​?​ បើ​ដូច្នេះ តើ​ឯណា​ទៅ​ នីតិរដ្ឋ​នៅ​ស្រុក​ខ្មែរ​?

បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​ រវល់​រឿង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើក​ទី ​២០ កាល​ពី​សប្តាហ៍​មុន​នេះ​ក៏​ដោយ​ តែ​ក៏​ករណី​ឈូក បណ្ឌិត ​ដែល​បាន​បាញ់​កម្មករ​ឲ្យ​រង​របួស​ជា​ទម្ងន់​ ២ នាក់​ និង​ស្រាល​ម្នាក់​ជាង​ ១​ ខែ​កន្លង​ទៅ​នេះ នៅ​ក្រុង​បាវិត ដែល​ជា​រឿង​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដែល​ត្រូវ​តែ​មាន​ចំណាត់​ការ​សំណុំ​រឿង​បទ​ល្មើស​ជាក់ស្តែង​នេះ ហើយ​រឿង​តុលាការ​ស៊ើប​អង្កេត​ មិន​ពាក់ព័ន្ធ ទៅ​នឹង​ប្រជុំ​អាស៊ាន​ទេ ហេតុ​អ្វី​បាន​ជា​ស្ងាត់​ជ្រាប ដូច​ចោរ​លួច​សេះ​អ៊ីចឹង?

ចំពោះ​រឿង​ដំរី​ស្លាប់​មួយ​ទាំង​មូល​នេះ អាច​យក​ចង្អេរ​មក​បាំង​ជិត​ដែរ​ឬ​ទេ? បើ​ទោះ​បីជា​មាន​ការ​ជួយ​អន្តរាគមន៍​ពី​សង្គម​ស៊ីវិល ​និង​ក្រុមហ៊ុន​ធំៗ ល្បី​ៗ​មួយ​ចំនួន​ដូចជា​ក្រុមហ៊ុន​ភូម៉ា (PUMA) រឿង​មិន​ចំណាត់ការ​លើ​ករណី បណ្ឌិត​តែ​ឈ្មោះ​នេះ​ក្តី ក៏​ករណី​នេះ ​នៅ​តែ​ជាប់​គាំង​ដដែល​។ ជា​លទ្ធផល បាន​ត្រឹម​តែ​ដក​តំណែង​ជន​ជាប់​ចោទ​ ឈូក​ បណ្ឌិត​ពី​ចៅ​ហ្វាយ​ក្រុង​បាវិត​នេះ​ទេ​ ដោយ​លោក​ នាយក​រដ្ឋ​មន្រ្តី​ ធ្វើ​អ្វី​បណ្ឌិត​នេះ​មិន​កើត​ទេ។

បើ​តាម​សារ​ព័ត៌​មាន​ក្នុង​ស្រុក​នានា បាន​ផ្សាយ​រួច​ហើយ​ថា​ បណ្ឌិត​មាន​តែ​ឈ្មោះ​រូប​នេះ ​កំពុង​ស្នាក់​នៅ​ផ្ទះ​ឧប​នាយក​រដ្ឋ​មន្ត្រី​ ១​រូប តែ​មិន​ដឹង​ថា​ ជា​បុរស ឬ​ស្រ្តី​នោះ​ទេ​។ បើ​ពិចារណា​ទៅ​លើ​ផ្នែក​យេនឌ័រ ដែល​រាជ​រដ្ឋាភិបាល ​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​លើក​ស្ទួយ​នោះ ​ប្រសិន​ឧបនាយក​រដ្ឋ​មន្រ្តី​នោះ ជា​បុរស​វិញ​ គឺ​បុរស​នាំគ្នា​ជួយ​លាក់​បិទ​បាំង​ ស៊ុំ​គ្រលំ​ទៅ​លើ​បុរស​គ្នា​ឯង​ នាំគ្នា​ធ្វើ​បាប​ស្រ្តី​ទន់ខ្សោយ គឺជា​រឿង​អាក្រក់​មួយ​ទៅ​ហើយ​។ តែ​ប្រសិន​ឧប​នាយក​រដ្ឋ​មន្រ្តី​នោះ​ ជា​ស្រ្តី​វិញ​ បញ្ហា​ឈូក​ បណ្ឌិត ​គឺ​កាន់​តែ​អាក្រក់​ទៅ​ទៀត ​ពីព្រោះ​បុរស​ជា​អ្នក​បាញ់​ស្ត្រី​ឲ្យ​របួស​ជា​ទម្ងន់ ​តែ​បែរ​ជា​មេដឹកនាំ​ជា​ស្ត្រី​ ទៅ​ជា​ជួយ​បុរស​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទៅ​វិញ។ តើ​ហេតុអ្វី​បាន​ជា​គេ​នៅ​តែ​ឲ្យ​តម្លៃ​បុរស​ដដែល​ បើ​ទោះ​បី​ជា​​បាញ់​ស្រ្តី​ហើយ​ក៏​ដោយ ក៏ពុំ​ដាក់​ទាស ទៅ​តាម​ច្បាប់ ឲ្យ​បាន​ធ្ងន់ធ្ងរ?

នេះ​មក​ពី​យល់​ញាតិ​ឃ្លាត​ពី​ច្បាប់​ និង​យេនឌ័រ​ ឬ​មួយ​ជា​ទម្លាប់​អាក្រក់​មួយ​ នៅ​ស្រុក​ខ្មែរ​ឲ្យ​តែ​អ្នក​ណា​ធំ​អ្នក​ហ្នឹង​ឈ្នះ​?

បើ​និយាយ​ពី​ការ​លើក​ស្ទួយ​ផ្នែក​សមភាព​ សមធម៌​យេនឌ័រ​វិញ​ ឧប​នាយក​រដ្ឋ​មន្រ្តី​ជា​បុរស​ពុំ​លើក​ស្ទួយ​ប៉ុន្មាន​ទេ ​តែ​បើ​ឧបនាយក​រដ្ឋ​មន្រ្តី​ជា​ស្ត្រី​វិញ​ គឺ​គាត់​ខិតខំ​ប្រឹងប្រែង​តាំង​ទ្រឹស្តី​យេនឌ័រ​មិន​ទាន់​ចូល​ស្រុក​ ខ្មែរ​មក​ម្ល៉េះ។ ប្រសិន​បើ​ឧបនាយក​រដ្ឋ​មន្រ្តី​ជា​ស្រ្តី​ជួយ​បិទ​បាំង​ចំពោះ​បញ្ហា​ជន​ ជាប់​សង្ស័យ​ឈូក​ បណ្ឌិត​នេះ​វិញ​ វា​គឺជា​រឿង​អសកុសល្យ ចំពោះ​ស្រ្តី​ខ្មែរ​ទាំង​អស់​ ហើយ​ស្នាដៃ​ និង​សមិទ្ធផល ដែល​បាន​សាង​ តាំង​ពី​នៅ​សមាគម​នារី​ទសវត្យរ៍​ឆ្នាំ ៨០​មក​ម្ល៉េះ​ត្រូវ​បាន​សាប​រលោប​អស់ ហើយ​គ្មាន​ន័យ​ខ្លឹម​សារ ​សម្រាប់​ស្រ្តី​ខ្មែរ ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ជា​ស្រ្តី និង​តំណាង​ស្រ្តី​ខ្មែរ​ទាំង​មូល​ទេ​។​

ប្រសិន​បើ​មើល​ទៅ​លើ​នយោបាយ​វិញ ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​ស្រុក​ខ្មែរ ​បើ​ប្រធាន​គណៈបក្ស​ប្រឆំាង​សមរង្ស៊ី ​គ្រាន់​តែ​ដក​តម្រុយ​បង្គោល​ព្រំដែន ​កម្ពុជា-វៀតណាម​ ដែល​គាត់​ថា វា​ជា​ការ​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា​ពី​សំណាក់​វៀតណាម ​សោះ ​ក៏​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ដដែល​ លើ​ពាក្យ​បណ្តឹង ហ្នឹង និង​ការ​កាត់​ទោស​យ៉ាង​ទាន់​ហន់ ដូច​ផ្លេក​បន្ទោរ រក​តែ​លោក​ សម រង្ស៊ី​រត់​ដាក់​មេផាយ​ទៅ​ផ្ទះ​នៅ​ស្រុក​បារាំង​ ប៊ិះ​តែ​មិន​ទាន់​។ ​ហើយ​បើ​មើល​ខ្សែ​បន្ទាត់​នៃ​ការ​ដឹក​នាំ ក្នុង​ជួរ​បក្ស​ដូច​គ្នា​វិញ ប្រសិន​បើ​ជន​ជាប់​សង្ស័យ​ឈ្មោះ​ឈូក​ បណ្ឌិត​រូប​នេះ ស្ថិត​នៅ​ក្រោម​ខ្សែ​បន្ទាត់​លោក​ ជា​ ស៊ីម​ ឬ​ក៏​លោក​ ស ​ខេង​ វិញ​នោះ ​ករណី​ឈូក បណ្ឌិត​ គឺ​មាន​វាសនា​ដូច​ ឈឿន​ ចាន់​ថន​ ហៅ​ម៉ៅ ​និង​ ផេង ​គន្ធា​បូរី​ អ៊ីចឹង​ដែរ​។​

តែ​បណ្ឌិត​មាន​តែ​ឈ្មោះ​រូប​នេះ ​បាន​ដឹង​ច្បាស់​ខ្លួន​ឯង​ហើយ​ថា​ បើ​គាត់​ធ្វើ​អ្វី​មួយ​ខុស​គាត់​នឹង​មាន​យ័ន្ត​ខ្នង​បង្អែក​ក្រាស់ៗ​ តាម​ជួយ​គាត់​ហើយ​ បាន​ជា​មិន​គោរព​ការ​ព្រមាន​ថ្មីៗ​របស់​លោក​ឧបនាយក​រដ្ឋ និង​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ដែល​ជា​មេ​របស់​ជន​ជាប់​ចោទ​ឈូក បណ្ឌិត​ផ្ទាល់ ​បាន​ប្រកាស​ មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា ទៅ​លើ​បាតុ​ករ​ ឬ​ក៏​យក​សមត្ថកិច្ច​ប្រដាប់​អាវុធ​ទៅ​ឡោមព័ទ្ធ​ទេ។​

សំណួរ​ សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ថ្នាក់​ដឹក​នាំ​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​បែរ​ទៅ​ជា​ ធ្វើ​ជា​ខ្នង​បង្អែក​ ឧបករណ៍​ ឬ​យ័ន្ត​ឲ្យ​អ្នក​ប្រព្រឹត្ត​ប្រឆាំង​នឹង​ច្បាប់​ទៅ​វិញ​?​ ហេតុ​អ្វី​បាន​ជា​អន់​ដល់​ថ្នាក់​ហ្នឹង​ មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង​ជា​អ្នក​ធំ​ មាន​កិត្តិយស​ត្រង់​ណា​បន្តិច​សោះ​? ការ​ដែល​ចេះ​តែ​ធ្វើ​ជា​យ័ន្ត​ការពារ​អ្នក​ប្រព្រឹត្ត​ខុសហ្នឹង​ហើយ បាន​ជា​អ្នក​ប្រព្រឹត្ត​ទាំង​អស់ តែង​ក្អេង​ក្អាង​ ឲ្យ​តែ​ហា​ឡើង​ វ៉ៃខ្នោះ​ឥឡូវ​ បាញ់​ចោល​ឥឡូវ​ តេ​ទៅ​លោក​ស្នង​ការ​ឥឡូវ​ តេ​ទៅ​លោក​អគ្គ​ស្នងការ​ឥឡូវ​...​។ល។​​ ហេតុ​អ្វី​បាន​ជា​គេ​ហា​ឡើង​ប្រមាថ​ជីវិត​មនុស្ស​ដូច​សត្វ​ធាតុ​ដូច​កាល​ ពី​សម័យ​ខ្មែរ​ក្រហម​អ៊ីចឹង​? ឬ​មួយ​ក៏​សល់​ចំហាយ​កាល​ពី​របប​នោះ​មិន​ទាន់​អស់​? ពូកែ​ណាស់ បាន​តែ​ជាមួយ​ខ្មែរ​គ្នា​ឯង​ គ្រាន់​តែ​លើស​ខ្វះ​មួយម៉ាត់​មួយ​ក​ផង ក៏​មិន​បាន​ដែរ​។

ករណី​បណ្ឌិត​នេះ ​មាន​ចៅក្រម​ខ្លះ ​បាន​បកស្រាយ​ថា ការ​ដែល​ចំណាត់​ការ​ ឬ​មិន​ចំណាត់​ការ​សំណុំ​រឿង​នេះ វា​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​ដោយ​ខ្លួន​ឯង​? ចុះ​ហេតុ​អ្វី​បាន​ជា​ក្លាយ​ទៅ​ជា​ទី​ពេញ​និយម ពេល​ហៅ​ជន​ជាប់​ចោទ​ទន់ខ្សោយ​ទៅ​សាក​សួរ​ តែ​បែរ​ជា​ចាប់​ខ្លួន​គេ​ទៅ​វិញ​? ឧទាហរណ៍៖ ករណី​លោក សេង គុណ​ការ បុគ្គលិក​អង្គការ ស្បៀង​អាហារ​ពិភពលោក ពេល​ហៅ​ទៅ​សាកសួរ​តែ​បែរ​ជា​ចាប់​ឃុំ​ ហើយ​បាន​ចេញ​ដីកា​ពេល​ក្រោយ​ទៅ​វិញ​ ហើយ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ ខែ​លេង​។​ គ្រាន់​តែ​ចម្លង​ចេញ​ ហើយ​ចែក​រំលែក​អត្ថបទ​របស់​គេហរ​ទំព័រ​ខេអាយ​(KI) ប្រឆាំង​នឹង​រដ្ឋាភិបាល ឲ្យ​គ្នា​ឯង​មើល​សោះ​ហ្នឹង​ក៏​មាន​ទោស​ដែរ​។​ ចំណែក​ឯ​ជន​សង្ស័យ​ឈូក បណ្ឌិត ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា ហើយ​បាន​សារភាព​ថា បាន​បាញ់​មែន​វិញ បែរ​ជា​អាច​មាន​សេរីភាព ទៅ​អង្គុយ​ទទួល​ទាន​គុយទាវ​នៅ​ក្នុង​ហាង​យ៉ាង​គ្រហឺរ​ៗ?

ហ្នឹង​ហើយ ​ដែល​ហៅ​ថា​ ឆន្ទានុសិទ្ធិ​ របស់​តុលាការ​កម្ពុជា​បច្ចុប្បន្ន​? ​ឯណា​ទៅ​យុត្តិធម៌​សង្គម​? ឬ​មួយ​យុត្តិធម៌​សង្គម​ដាក់​លក់​នៅ​ជុំវិញ​សាលា​ដំបូង​ សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​?​ ឲ្យ​អ្នក​ណាធំ​ ឬ​អ្នក​មាន​លុយ​ដឹង​តែ​ពី​ឈ្នះ​ហើយ​ស្រុក​ខ្មែរ​?

ប្រសិន​បើ​រាជរដ្ឋាភិបាល និង​តុលាការ មិន​មាន​ចំណាត់​ការ​ចំពោះ​និទ្ទណ្ឌភាព ជន​ជាប់​ចោទ​ឈូក បណ្ឌិត​នេះ​ទេ ​គឺ​ធ្វើ​ឲ្យ​ទាំង​ប្រជា​ពលរដ្ឋ ទាំង​វិនិយោគទុន​ធំៗ អស់​ជំនឿ​ទុក​ចិត្ត​ ព្រោះ​កម្ពុជា​នៅ​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ពីព្រោះ​ករណី​បាញ់​កម្មករ ធ្វើ​ឲ្យ​អ្នក​ទិញ​ម៉ាក​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​មិន​ប្រើប្រាស់​ផលិត​ផល​ទាំង​នោះ​ទេ​ ព្រោះ​ផលិតផល​មិន​គោរព​សិទ្ធិ​កម្មករ ហើយ​ការ​ដែល​ចេះ​តែ ​លើក​ទឹក​ចិត្ត​ ឲ្យ​ប្រព្រឹត្ត​ខុស​ដូច​ករណី​ឈូក​ បណ្ឌិត​នេះ​ គឺ​ស្រុក​ខ្មែរ​ ប្រៀប​ដូច​ការ​ដឹក​នាំ​រដ្ឋ​ កាល​ពី​សម័យ​បុរាណ​សតវត្សរ៍​ទី ​១៦​ និង​ទី​ ១៩ ​ដូច​គ្នា ទៅ​នឹង​ទ្រឹស្តី​របស់​លោក​អេលីត​(Elite)​ថា​៖«​រដ្ឋ ត្រូវ​បាន​បង្កើត​ឡើង ដោយ​មនុស្ស​មួយ​ក្រុម គឺ​រដ្ឋ បាន​ធ្វើ​សកម្មភាព គ្រប់​យ៉ាង ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​ក្រុម​របស់​ខ្លួន​តែ ប៉ុណ្ណោះ ហើយ​ច្បាប់​ត្រូវ​ជាន់ឈ្លី​ដោយ​រដ្ឋ»៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ​  soprach.tong@phnompenhpost.com



This content has been locked. You can no longer post any comments.
Show/hide comments
...
Law of Kingdom of Cambodia is good....I knew...But when and who will practice that LAW?......I wish I can live to see......10, 20, 30, 40, or 80 years later.....
Lida on April 11, 2012 Report
vote down vote up Votes: +2
busy