ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ហេតុអ្វី​បាន​ជា​មាន​ខ្ទម​អ្នកតា​ដាក់​នៅ​ក្បែរ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរ?

  • Prev
  • 1 of 2
  • Next

ភ្នំពេញ : នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ប្រជាជន​ខ្មែរ​បាន​យាង​ទេវតា​មក​សេពសោយ​នៅ​រានទេវតា​របស់​ពួក​គេ។ ប៉ុន្តែ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​កន្លង​ផុត​ទៅ គេ​តែង​រើរាន​ទេវតា​របស់​ពួក​គេ​គ្រវែង​ចោល។ ចំណែក​​ទេវតា​វិញ គឺ​ត្រូវ​គង់​នៅ​រហូត​ដល់​មួយ​ឆ្នាំ​ឯណោះ។ បើ​រើរាន​ទេវតា​ចេញ​ទៅ​ហើយ តើ​ទេវតា​នោះ​ត្រូវ​ទៅ​គង់​ឯណា​ទៅ?

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ទំនៀម​ទម្លាប់​ខ្មែរ​នៃ​ពុទ្ធសាសនបណ្ឌិត្យ លោក​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ វ័យ ៨២ ឆ្នាំ បាន​មាន​ប្រសាសន៍​ថា អសន:ទេវតា ដែល​គេ​ធ្វើ​ដាក់​តាម​ផ្ទះ​គឺជា​កន្លែង​សម្រាប់​យាង​ទេវតា​ឲ្យ​មក​គង់​នៅ។ ប្រជាជន​ខ្មែរ​តែង​មាន​អសន:ទេវតា​នេះ​នៅ​តាម​ផ្ទះ និង អុជធូប​បន់ស្រន់​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង។

លោក​ព្រឹទ្ធាចារ្យ​បាន​បន្ត​ថា៖ «​នៅ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​សង់​ខ្ទម​ទេវតា​ទាំង​នោះ​ជា​បណ្តោះ​អាសន្ន ដើម្បី​ស្វាគមន៍​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។ បន្ទាប់ពី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បញ្ចប់​ទៅ ពួក​គាត់​ក៏​រុះរើ​វា​ចេញ​។ តែ​ប្រជាពលរដ្ឋ​នៅ​តែ​មាន​បំណង​ចង់​ឲ្យ​ទេវតា​បន្ត​នៅ​ក្បែរ​ពួក​គេ​។ ដូច្នេះ​​ហើយ​បាន​ជា​ពួក​គាត់​បាន​អញ្ជើញ​ឲ្យ​ពពួក​ទេវតា​មក​នៅ​តាម​ថែ​ រក្សា​ពួក​គាត់។ នៅពេល​យាង​ទេវតា​មក តើ​ឲ្យ​ទេវតា​ទៅ​នៅ​ឯណា? ម្លោះ​ហើយ​គេ​បាន​សង់​អសន:​នេះ ដើម្បី​ទេវតា​នោះ​ឯង»។

គួរ​បញ្ជាក់​ថា ទីតាំង​នៃ​អសន:​ទេវតា ​អាច​ដាក់​វា​បាន​នៅ​ខាង​មុខ ឬ ខាង​ក្រោយ​ផ្ទះ​ក៏​បាន​ដែរ​។ តែ​លៃលក​យ៉ាង​ណា​ឲ្យ​វា​ស្ថិត​ក្នុង​បរិវេណ​នៃ​របង​ផ្ទះ​។ គេ​ហៅ​វា​ថាជា​អសនៈ​ទេវតា។ អសនៈទេវតា​អាច ​មាន​ទំហំ​តូច មធ្យម ឬ​ធំ គឺ​អាស្រ័យ​លើ​ទ្រព្យធន​របស់​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ ​ប្រាក់​ធ្វើ។

លោក​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ មាន​ប្រសាសន៍​ទៀត​ថា៖ «​តាម​ទំនៀម​ទម្លាប់​តរៀង​មក ប្រជាពលរដ្ឋ​បាន​ដុតធូប និង​អុចទៀន រួម​ទាំង​មាន​សែន​នំចំណី ឬ​ផ្លែឈើ​មួយ​ចំនួន​បន់ស្រន់​នា​ថ្ងៃ​សីល​។ ពួក​គេ​បាន​បន់​ឲ្យ​ទេវតា ឲ្យ​ជួយ​បីបាច់​ថែរក្សា​ក្រុម​គ្រួសារ​ពួក​គេ​។ តែ​វា​ក៏​មិន​ទាស់​អ្វី​ដែរ ប្រសិន​ជា​ប្រជាជន​អុជ​ធូប​បន់​ស្រន់​ជារៀង​រាល់​ថ្ងៃ​នោះ​»។

លោក​ព្រឹទ្ធាចារ្យ បាន​កត់​សម្គាល់​ថា មាន​ភូមិ​នៅ​ទី​ជន​បទ​ខ្លះ​បាន​សង់​ខ្ទម​នោះ​នៅ​ក្នុង​កណ្តាល​ភូមិ​ពួក​ គេ។​ ខ្ទម​នេះ​គេ​ហៅ​ «ព្រះ​ភូមិវិញ» មិន​មែន «អសនៈ​ទេវតា» ទេ។ វា​ជា​ទីកន្លែង​សក្ការ​បូជា​សម្រាប់​អ្នក​ភូមិ​ទាំង​មូល​តែ​ម្តង។ នៅ​ទី​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​បួង​សួង​ និង​បែរ​បន់​ដល់​អ្នក​តា​ភូមិ​ឲ្យ​ជួយ​ថែរក្សា​ភូមិ​ដ្ឋាន​ពួក​គាត់​ដែរ។ ជារឿយៗ​បន្ទាប់​ពី​រដូវ​ច្រូត​កាត់​ ឬ ប្រមូល​ផល​ (ចន្លោះ​ខែ​មករា ឬ កុម្ភៈ) ប្រជា​ពល​រដ្ឋ​នឹង​ប្រារព្ធ​ពិធីបុណ្យ​ដារលាន ដោយ​ជ្រើស​យក​ទី​កន្លែង​នៅ​ក្បែរ «ខ្ទម​ព្រះភូមិ» នោះ​តែ​ម្តង ដោយ​មាន​ការ​ធ្វើ​ពិធីសែន​ដោយ​នំចំណី ម្ហូប​អាហារ​ សាច់ ផ្លែ​ឈើ និង​ស្រា​ជាដើម។

គេ​ក៏​សង្កេត​ឃើញ​ថា មាន​ការ​សង់​ខ្ទម​ទាំង​នោះ​នៅ​ក្រោម​ដើម​ឈើ​ធំៗ​នានា តាម​តំបន់​ព្រៃ​ នៅ​តាម​ដង​ទន្លេ បឹងបួ នៅ​ក្នុង​វាល​ស្រែ​ ឬ​កន្លែង​តាម​ដង​ផ្លូវ​នានា​ដែល​តែង​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹកញយ​។ ការ​សាង​សង់​ខ្ទម​ទាំង​នោះ​គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​ព្រលឹង​វិញ្ញាណ អារក្ស​អ្នកតា ឬទេវតា មក​ស្នាក់​នៅ​ក្នុង​ខ្ទម​ទាំង​នោះ​ ជួយ​ថែ​រក្សា​ពួក​គេ​ ឬទី​កន្លែង​នោះ​តែ​ម្តង​។

បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្លះ បាន​យក​ធាតុ​ (ឆ្អឹង) សាច់​ញាតិ​ដែល​ស្លាប់​ទៅ​ហើយ​ក៏​មាន​ទៅ​ដាក់​ក្នុង​នោះ​ដែរ ដោយ​សារ​ពួក​គាត់​ពុំ​មាន​លទ្ធភាព​សាង​សង់​ចេតិយ​ដាក់​បញ្ចុះ​សព ឬ​ពុំចង់​យក​ទៅ​តម្កល់​នៅ ​ឯ​វត្ត​អារាម។ លោក​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ឲ្យ​ដឹង​ទៀត​ថា វា​ពុំ​មាន​បញ្ហា​អ្វី​ចោទ​ឡើយ​ចំពោះ​ការ​ដាក់​ធាតុ​សាច់​ញាតិ និង​ទេវតា​ឲ្យ​នៅ​ជាមួយ​គ្នា​នោះ។

កាល​ពី​ដើម​ឡើយ ប្រជាពលរដ្ឋ​បាន​សង់​ខ្ទម​នោះ​ពី​ដើម​ឬស្សី ឬឈើ​។ ប្រជា​ពលរដ្ឋ​នៅ​ទីជន​បទ​នានា​ នៅ​តែ​រក្សា​ការ​ធ្វើ​បែប​នោះ​ដដែល​នៅ​ឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន​អាសន​ទេវតា ឬ ខ្ទម​អ្នកតា​ត្រូវ​ធ្វើ​ដោយ​​ស៊ីម៉ងត៍​អស់​ហើយ។ តែ​ទោះ​ជា​យ៉ាង អ្នក​ធ្វើ​ខ្ទម​អ្នក​តា​សម្រាប់​លក់ មិន​អាច​ធ្វើ​ម៉ូដ​តាម​តែ​ចិត្ត​ចង់​នោះ​ទេ​។ លោក ​សុង​ ហេង​ អ្នក​ធ្វើ​ខ្ទម​អ្នក​តា​ នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​បានគេ​ណែនាំ​ឲ្យ​ប្រកាន់​យក​រចនា​ម៉ូដ​បែប​ខ្មែរ​ជានិច្ច។

លោក​បាន​បន្ត​ថា៖ «​យើង​ធ្លាប់​បាន​ធ្វើ​វា​ជា​ម៉ូដ​ផ្សេង​គ្នា​ដែរ តែ​ក្រោយៗ​មក​យើង​នៅ​ត្រូវ​បាន​គេ​ប្រាប់​ថា ឲ្យ​រក្សា​បែប​បទ​ជា​ខ្មែរ​។ ម៉ូដ​ខ្ទម​ទាំង​នោះ​ត្រូវ​បាន​គេ​ចម្លង​មក​ពីតាម​ប្រាសាទ​បុរាណ​នានា​។ យើង​ធ្វើ​វា​ស្រដៀង​នឹង​វិហារ​យើង​ដែរ​»។

រចនាប័ទ្ម​របស់​ខ្មែរ​គឺ​យក​សត្វ​ពស់​នាគ​រាជ​មួយ​គូ​ធ្វើ​ជា​របង​ការ​ពារ​ ដោយ​យក​ក្បាល​ជា​ខ្លោង​ទ្វារ​។ នៅ​ក្បែរ​ក្បាល​នាគ មាន​រូប​តោ​ពីរ​ទៀត​ជា​ឆ្មាំ​ការ​ពារ។ នៅ​ផ្នែក​ខាង​មុខ​គេ​បន្សល់​ធ្លារ​រាង​ធំ​ទូលាយ​បន្តិច​ ដើម្បី​ដាក់​គ្រឿង​តង្វាយ​នានា និង កំប៉ុង​ជើង​ធូប​ជាដើម។  ចំណែក​ខ្ទមវិញ មាន​សណ្ឋាន​ដូច​អាស្រម​របស់​ឥសី​អង្គុយ​ធ្វើ​សមាធិដែរ។ អាសន:ទេវតា​ខ្លះ​សង់​មាន​សសរ​ចំនួន ៤ ឬ ១២។ ចុង​សសរ​ខាង​លើ​ជាប់​នឹង​ខ្ទម​នោះ មាន​រចនា​រូប​គ្រុឌ។ នៅ​ជ្រុង​ដំបូល​សុទ្ធ​តែ​មាន​រូប​សត្វ​នាគ​។ ខណៈ​ក្បឿង​ដែល​គេ​ប្រក់​នោះវិញ គឺ​មាន​ស្រកា​នាគ។

លោក សុង ហេង បាន​បន្ថែម​ថា វា​ពុំ​មាន​ការ​លំបាក​ឡើយ​ក្នុង​ការ​សាង​សង់​ខ្ទម​នេះ ដោយ​សារ​តែ​លោក​មាន​ពុម្ព​រួច​ទៅ​ហើយ​សម្រាប់​ធ្វើ​វា​លក់​នៅ​មុខ​ផ្ទះ​ ក្នុង​សង្កាត់​ចោម​ចៅ​ ដែល​ជាទី​សម្បូរ​ភ្ញៀវ​មក​រក​មើល​ទិញ​ខ្ទម​អ្នក​តា​នេះ​តែ​ម្តង​។

ចំណែក​អ្នក​ធ្វើ​ខ្ទម​អ្នក​តា​មួយ​រូប​ទៀត​នៅ​សង្កាត់​ចោម​ចៅ​ គឺ​លោក ស្រៀង​ វាស្នា វ័យ​២១​ឆ្នាំ បាន​និយាយ​ថា តម្លៃ​ខ្ទម​អ្នក​តា​នេះ​ មាន​តម្លៃ​ខុសៗ​គ្នា​តាម​ទំហំ និង​ការ​រចនា​នានា​។ ចំពោះ​ខ្ទម​តូច​មួយ​​តម្លៃ​ប្រហែល​ជា ​១០០ ដុល្លារ ​អាមេរិក ខណៈ​សម្រាប់​ខ្ទម​ដែល​មាន​លក្ខណៈ​ពិសេស​វិញ​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ​១៥ ០០​ដុល្លារ​អាមេរិក​ឯ​ណោះ។

លោក​ស្រៀង វាស្នា បាន​បន្ត​ថា៖«ពណ៌​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​លើក​តម្លៃ​ឲ្យ​ថ្លៃ​ដែរ​។ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​និយម​ជ្រើស​យក​ពណ៌​ទឹក​មាស»៕ PR



This content has been locked. You can no longer post any comments.
Show/hide comments
busy