ប៉មៗ !!! «ឲ្យតែឮសំឡេងស៊ីផ្លេឡានសំរាម...ដូចកូនក្មេងបានឃើញម៉ែមកពីផ្សារអ៊ីចឹង!»
គឺម្នាក់ៗ នាំគ្នារត់ប្រញិបប្រញាប់ ញាប់ដៃ ញាប់ជើង ទុកកិច្ចការផ្ទះមួយចំនួនចោលមួយឡែកសិន នាំគ្នារត់រកធុង ឬក៏ស្បោងសំរាមមកចាក់ដាក់ក្នុងឡាន ឬក៏កន្លែងខ្លះដាក់ក្នុងរទេះអូស។ ពេលខ្លះពលរដ្ឋ សុខចិត្ត ឲ្យអ្នកអូសរទេះសំរាមថែម ៥០០ រៀលទៀត។ នេះគឺមកតែពីការប្រមូលសំរាមមិនទៀងទាត់ម៉ោងពេលរបស់ក្រុមហ៊ុន ស៊ីនទ្រី។ ហេតុអ្វីបានជាក្រុមហ៊ុនប្រមូលសំរាមមួយនេះ ធ្វើឫកធ្វើពាខ្លាំងម្ល៉េះ? មានអ្វីនៅពីក្រោយការធ្វើមិនដឹងមិនឮពីសំរាមនៅពេលបុណ្យទាន ឬក៏ចូលឆ្នាំម្តងៗ?
ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ និងចូលឆ្នាំហើយ ២-៣ ថ្ងៃបន្ទាប់មក ម្នាក់ៗខំចាំស្តាប់សូរសំឡេងស៊ីផ្លេរឡានសំរាមទៀត តែចាំបាត់ៗចាំបានត្រឹមតែចាំពុំមានឃើញអ្នកមកប្រមូលសំរាមមកទេ។ ធ្វើឲ្យសំរាម ត្រូវបានគេយកទៅបោះចោលនៅពេលយប់ៗគរដូចភ្នំ ហើយកន្លែងខ្លះ ហោះហើរពាសវាលពាសកាល ទាំងនៅកណ្តាលរាជធានីភ្នំពេញ និងនៅតាមបុរីនានា។ ពេលទុកយូរទៅជះក្លិនស្អុយយ៉ាងអសោច ហើយអ្នកដែលវេទនាទទួលក្លិនស្អុយប៉ះពាល់សុខភាពទាំងនេះជាងគេ គឺអ្នកដែលនៅក្បែរកន្លែងដែលគេយកសំរាមមកចាក់ចោល នៅក្បែរៗថ្នល់។ អ្នកខ្លះយកសំរាមមកចាក់នោះ ដោយមិនគិតពីផលលំបាកដល់ម្ចាស់ផ្ទះដែលរស់នៅក្បែរនោះទេ ផ្ទះខ្លួនឯងចេះចង់ស្អាតចង់ល្អ ហើយដើរទៅចាក់ដាក់មុខផ្ទះរបស់គេ ហេតុអ្វីបានជាមិនទុកសំរាមចងក្របួចដាក់ក្នុងផ្ទះខ្លួនឯងមួយ គ្រាសិន? តើភាពរញ៉េរញ៉ៃអនាធិបតេយ្យដើរដាក់សំរាមមុខផ្ទះគេ ផ្ទះឯង ដែលនៅនឹងផ្លូវកាច់ជ្រុង ឬក៏ផ្ទះបិទទ្វារចាក់សោចោល ទៅដើរលេងចូលឆ្នាំអស់ បណ្តាលមកពីក្រុមហ៊ុនស៊ីនទ្រី?
បញ្ហាចម្បងគឺក្រុមហ៊ុនស៊ីនទ្រីដែលជាអ្នកដេញថ្លៃទទួលខុសត្រូវ ក្នុងការប្រមូលសំរាមទាំងអស់នៅរាជធានីភ្នំពេញ នៅក្នុងឱកាសបុណ្យទាន ឬក៏ចូលឆ្នាំក៏ដោយ ពីព្រោះក្រុមហ៊ុនយកលុយពីប្រជាពលរដ្ឋពេញថ្លៃ ដែលចងផ្អោបជាមួយនឹងវិក្កយបត្រភ្លើងគឺគេចមិនរួចទេ។ មានតាំង១ដុល្លារ តាមផ្ទះធម្មតា រហូតផ្ទះវិឡា ២០ ដុល្លា ក៏មានក្នុង ១ ខែ ហើយបើបើកធ្វើអាជីវកម្មនោះតម្លៃមួយផ្សេងទៀត។ ហេតុអ្វីបានជាមិនបម្រើសេវាឲ្យបានល្អដល់ប្រជាពលរដ្ឋ? មិនមែនឆ្លើយយករួចខ្លួនថា មកពីកម្មករប្រមូលសំរាមទៅលេងស្រុកចូលឆ្នាំស្ទើរតែទាំងអស់ ហើយពុំមានអ្នកមកធ្វើការ ដោយមិនខ្វល់ពីអ្នកណាស្អុយសំរាមនោះទេ។ ចុះហេតុអ្វីជាក្រុមហ៊ុនសន្តិសុខ និងមន្រ្តីបូលិស ដែលមានប្រាក់ខែរដ្ឋតិចតួច អាចនៅធ្វើការបាននៅពេលបុណ្យទាន ឬក៏ចូលឆ្នាំម្តងៗ? បើមិនជឿសាកល្បងមើល មានគ្រោះថ្នាក់ចរាចរណ៍ បើមិនមានសមត្ថកិច្ចប៉ូលិសមកដល់ភ្លាម តិចលោស្ងាត់ៗលួចបាញ់បោះលេង ស្មានតែអត់មានប៉ូលិសពេលចូលឆ្នាំគឺមានវាសនាដូច កែន សារ៉ា អតីតមន្ត្រីខុទ្ទកាល័យ នាយករដ្ឋមន្រ្តីកំពុងជាប់ឃុំខ្លួន នៅពន្ធធនាគាព្រៃសតាំងពីពេលចូលឆ្នាំថ្មីមកម្ល៉េះ។
យើងទទួលស្គាល់ហើយសិទ្ធិសេរីភាពរបស់បុគ្គលិក ក្នុងការឈប់សម្រាកពេលបុណ្យទាន ឬចូលឆ្នាំម្តងៗ។ តែសម្រាប់ការងារខ្លះ គឺតម្រូវឲ្យមានអ្នកប្រចាំការដែរ ហើយឈប់សម្រាកឆ្លាស់វេនគ្នា គឺប្រសិទ្ធភាពការងារ នៅតែមានដដែល ហើយបុគ្គលិកក៏មានឱកាសឈប់សម្រាកជួបជុំគ្រួសារបានដូចគ្នា។ បើនិយាយពីការទៅលេងស្រុកវិញ គឺប្រជាពលរដ្ឋមួយភាគធំក៏ទៅលេងស្រុកដែរ ហើយខ្លះក៏ទៅដើរកម្សាន្តខេត្តឆ្ងាយៗ ខ្លះក៏ទៅលេងក្រៅប្រទេសដែរ អ៊ីចឹង សំរាមក៏ថយចុះមួយភាគធំដែរ។ ហេតុអ្វីក៏ក្រុមហ៊ុនស៊ីនទ្រីធ្វើមិនបាន សម្អាតឲ្យអស់សំរាមនៅពេលបុណ្យចូលឆ្នាំនេះ? ហេតុអ្វី បានជាសាលារាជធានីភ្នំពេញមិនមានចំណាត់ការទៅលើក្រុមហ៊ុននេះ ចំពោះការប្រមូលសំរាម? នេះមកពីមានតែក្រុមហ៊ុនតែមួយ គ្មានការប្រកួតប្រជែងក្នុងការប្រមូលសំរាម ទុកឲ្យធ្វើផ្គរធ្វើភ្លៀងស្រេចតែនឹងចិត្តដូច្នេះ? ឬមួយក៏មកពីស៊ីនទ្រី មានសែស្រឡាយធំៗ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងនៅសាលារាជធានី ដែលតែងតែទទួលលាភសក្ការៈឬសែនព្រេនពីស៊ីនទ្រីបានជាស្ទះមិន ហ៊ានធ្វើអ្វីស៊ីនទ្រី? ហេតុអ្វីបានជា កន្លងមកដាក់ដេញថ្លៃប្រមូលសំរាមយ៉ាងម៉េចចេះតែជាប់តែក្រុមហ៊ុនស៊ីនទ្រីនេះ? បើទោះបីជាបុគ្គលិកក្រុមហ៊ុននេះ បានត្អូញត្អែរថា ការដែលមិនមកយកទៀងទាត់នេះ គឺមកពីពុំមានរថយន្ត និងរទេះអូសគ្រប់គ្រាន់ទេ ធ្វើឲ្យជួនកាល ក៏ខកខានមកប្រមូល ១ ថ្ងៃ ២ ថ្ងៃក៏មាន។ សាលារាជធានី គួរតែបង្កើនចំនួនក្រុមហ៊ុនប្រមូលសំរាម ប្រកួតប្រជែងបន្ថែមទៀត ដើម្បីឲ្យសមស្រប ទៅនឹងតម្រូវការ ជាមួយនឹងទិសស្លោករបស់សាលារាជធានីភ្នំពេញដែលថា «ទីក្រុងស្អាត សេវាល្អ!» សម្រាប់ប្រកួតប្រជែងទីក្រុងស្អាតនៅអន្តរជាតិ មិនមែនទុកសំរាមស្វាគមន៍ភ្ញៀវទេសចរ និងទទួលទេវតាឆ្នាំថ្មីនោះទេ គឺមិនស័ក្តិសមទៅនឹងទិសស្លោកឆ្នាំថ្មីនេះថា «ភ្នំពេញ ជារាជធានីដ៏ស្រស់ប្រិមប្រិយ» នោះឡើយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
ភ្នំពេញ ប៉ុស្តិ៍







