Headlines:

វិធីសាស្ត្រ​វះកាត់​សម្រក​ក្បាល​ពោះ​ឲ្យ​រាង​ស្លីម

120425_22a

ភ្នំពេញ : វិធីសាស្ត្រ​វះកាត់​សម្រក​ក្បាល​ពោះ ដែល​ភាសា​អង់គ្លេស​ហៅថា Abdominoplasty ឬ​Tummy Tuck ជា​វិធីសាស្ត្រ​ដែល​កំពុង​ពេញ​និយម​ក្នុង​វិស័យ​វះកាត់​កែ​សម្ជស្ស។

បែបបទ​ក្នុង​ការ​រស់​នៅ ​និង​របប​អាហារ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​បុគ្គល​គ្រប់​រូប​មាន​បញ្ហា​ក្បាល​ពោះ​ធំ។

ចំពោះ​ស្ត្រី បញ្ហា​បាត់បង់​រាងរៅ​នៅ​លើ​ផ្នែក​ពោះ និង​ចង្កេះ​ ច្រើន​តែ​បណ្តាល​មក​ពី​ការ​យារ​ធ្លាក់​ក្រោយ​ពី​មាន​គភ៌​ ឬ​ក្រោយ​ពី​ព្យាបាល​ជំងឺ​ធាត់​ជាដើម។

ពេល​មានគភ៌ ស្បែក​ពោះ​របស់​ស្ត្រី​តឹងណែន ជា​ហេតុ​បណ្តាល​ឲ្យ​ដាច់​ស្រទាប់​កូឡាហ្សែន​ក្រោម​ស្បែក និង​បង្ក​ទៅ​ជា​សង្វារ​ ដែល​ជា​កង្វល់​មួយ​សម្រាប់​ស្ត្រី​ផង​ដែរ​។ ការ​ឡើង​នូវ​ទំហំ​ពោះ និង​ការ​កើត​ឡើង​នូវ​បញ្ហា​ស្បែក​ពោះយារ​ធ្លាក់ បណ្តាល​ឲ្យ​បុរស-ស្ត្រី​គ្រប់​រូប​ពិបាក​ក្នុង​ការ​រស់​នៅ ឬ​ការ​ស្លៀក​ពាក់​ពុំ​បាន​សមសួន​ជាដើម។

វិធីសាស្ត្រ​ជាច្រើន​អាច​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំង​នេះ។ ក្នុង​ករណី​កក​ខ្លាញ់​នៅ​ពោះ យើង​អាច​ប្រើ​នូវ​វិធីសាស្ត្រ​មិន​បាច់​វះកាត់​ដូចជា មេហ្សូតេរ៉ាពី បំបាត់​ខ្លាញ់ និង​កាបុកស៊ីតេរ៉ាពី ជាដើម។ ចំណែក​ឯ​បញ្ហា​ស្បែក​យារ​ធ្លាក់​អាច​កែកុន​បាន​តាម​រយៈ​ម៉ាស៊ីន រ៉ាដ្យូហ្វ្រេកង់ (Radio Frequency) ។

រីឯ​ការ​វះកាត់​សម្រក​ក្បាល​ពោះ ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ​សម្រាប់​ព្យាបាល​បញ្ហា​កក​ខ្លាញ់ និង​ការ​យារ​ធ្លាក់​ស្បែក​ពោះ។

ជា​គោលការណ៍ ការ​វះកាត់​នេះ​មាន​គោលបំណង​យក​ចេញ​នូវ​ខ្លាញ់​ស្បែក ដែល​យារ​ធ្លាក់​ចេញ ហើយ​ទន្ទឹម​នឹង​នោះ​ដែរ សាច់​ដុំពោះ​ដែល​ធូរ​រលុង​ក្រោយ​ពេល​ពពោះក៏​ត្រូវ​បាន​ធ្វើ​ឲ្យ​តឹងណែន ផង​ដែរ។

ការ​វះកាត់​ត្រូវ​អនុវត្ត​ជាមួយ​ជំនួយ​ពី​ថ្នាំ​សណ្តំ​នៅ​ក្នុង​បន្ទប់​ វះកាត់​ដែល​មាន​សុវត្ថិភាព​បង្ការ​រោគ។ មុន​ពេល​វះកាត់ វេជ្ជបណ្ឌិត​នឹង​ធ្វើ​ការ​ថ្លឹងថ្លែង​អំពី​ទំហំ​នៃ​ការ​វះកាត់ និង​បរិមាណ​ខ្លាញ់​ស្បែក​ត្រូវ​យក​ចេញ ជាពិសេស​វាយ​តម្លៃ​ថា​ ត្រូវ​ធ្វើ​ការ​បន្តឹង​សាច់​ដុំ​ពោះ​ដែរ ឬ​អត់? ស្នាម​នៃ​ការ​វះកាត់​គឺ​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ថ្ងាស​ក្រោម អាច​ត្រូវ​បាន​បិទ​បាំង​ដោយសារ​ខោខ្លី​បាន។ ក្នុង​ករណី​ល្មមៗ យើង​ធ្វើ​ការ​វះកាត់​ត្រឹម​តែ​ផ្នែក​ក្រោម​ផ្ចិត​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់ ការ​វះកាត់​ត្រូវ​ធ្វើ​ឲ្យ​បាន​ធំ​ ហើយទីតាំង​របស់​ផ្ចិត​ត្រូវ​ប្តូរ​មក​លើ​ប្រមាណ ៨ សង់ទីម៉ែត្រ​ខាង​លើ​ទីតាំង​ចាស់។ ក្រោយ​ពេល​វះ​កាត់ វេជ្ជបណ្ឌិត​នឹង​ចាក់​បញ្ចូល​នូវ​បំពង់​សម្រាប់​បង្ហូរ​ឈាម ដែល​សេស​សល់​ចេញ​ពី​កន្លែង​វះកាត់ ដើម្បី​ការពារ​ការ​កកឈាម ឬ​ការ​បង្ករ​រោគ​ផ្សេងៗ។ ថ្នេរ​ទាំងឡាយ​អាច​ត្រូវ​បាន​កាត់​ចេញ​នៅ​១០​ថ្ងៃ​ក្រោយ​ប្រតិបត្តិ​ការ​ វះកាត់ ឬ​ អាច​យូរ​ជាង​នេះ​ក្នុង​ករណី​ចាំបាច់។

ថ្វីដ្បិត​តែ​ការ​វះកាត់​នេះ​ផ្តល់​នូវ​ភាព​ពេញ​ចិត្ត​ដល់​អតិថិជន ប៉ុន្តែ​វា​ក៏​អាច​មាន​បញ្ហា​ជាច្រើន​ ដែល​អាច​កើត​ឡើង ក្រោយ​ពី​ឆ្លង​កាត់​ការ​វះកាត់​ដូចជា បញ្ហា​លទ្ធផល​ពុំ​សូវ​ល្អ​ បញ្ហា​ការ​បង្ក​រោគ បញ្ហា​ការ​រលួយ​ឬ​ដំបៅ​​នៅ​លើ​ទីតាំង​វះកាត់​ជាដើម។

ការ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត មុន​ពេល​សម្រេច​ចិត្ត​ទទួល​ការ​វះកាត់ ​មាន​សារៈសំខាន់​បំផុត​ដើម្បី​បាន​​យល់​ដឹង​ពី​វិធីសាស្ត្រ​វះកាត់ ផល​លំបាក​ក្រោយ​ការ​វះកាត់ ឬ​សិក្សា​ពី​វិធីសាស្ត្រ​គួប​ផ្សំ​ផ្សេងៗ ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ពេញចិត្ត។

ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​គ្លីនិក Pearl Medical Center តាម​ទូរស័ព្ទ ០៨៨ ៣៣ ៧៧ ៧៧៧ អ៊ីមែល seihachirplast@yahoo.fr និងវិបសាយ​ www.pearlmedicalcenter.net៕



This content has been locked. You can no longer post any comments.
Show/hide comments
busy