បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ មិនថាប្រទេសកំពុងអភិវឌ្ឍន៍ ឬក៏ប្រទេសអភិវឌ្ឍន៍នោះទេ ប្រទេសនីមួយៗត្រូវតែខិតខំរត់តាមសាកលភាវូបនីយកម្មដ៏ទំនើបទាន់ សម័យនេះ។ សម័យកាលបច្ចេកវិទ្យាជឿនលឿន អ្នកដែលងាយទទួលយកឥទ្ធពលនេះឆាប់រហ័សជាងគេ នោះគឺយុវជន តាមរយៈការប្រើប្រាស់ផលិតផលទំនើបៗ និងប្រព័ន្ធអ៊ីនធឺណិត។
សប្ដាហ៍នេះ LIFT សូមលើកយកផលិតផលទូរស័ព្ទស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Nokia គឺទូរស័ព្ទដៃ Nokia N9 មកបង្ហាញជូនដល់ប្រិយមិត្ដទាំងអស់បានជ្រាប។ ចំណុចពិសេសរបស់ Nokia N9 ដ៏ស្អាតសង្ហានេះ គឺល្បឿនលឿននៃប្រព័ន្ធអ៊ីនធឺណិត រហូតដល់ 1GB ដែលសឹងតែស្មើនឹងល្បឿនរបស់កុំព្យូទ័រយួរដៃផងដែរ។
ពាក់ព័ន្ធនឹងផលិតផលស៊េរីថ្មីនេះ កញ្ញា ម៉េត សុម៉ាលីស ជាបុគ្គលិកផ្តល់ព័ត៌មាន និងជាបេឡាការិនីប្រចាំនៅក្រុមហ៊ុន Nokia បាននិយាយប្រាប់ថា៖ «ទូរស័ព្ទស៊េរីថ្មីនេះ អាចផ្ដល់អត្ថប្រយោជន៍ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធនូវល្បឿនដ៏លឿន បំផុត»។
ជាងនេះទៅទៀត ចំពោះអ្នកដែលចូលចិត្ដប្រើបណ្ដាញទំនាក់ទំនងសង្គមតាមរយៈអ៊ីនធឺណិត មិនចាំបាច់ដោនឡូតកម្មវិធីដំឡើង Facebook, Twitter ឬក៏ Skype នោះទេ។
កញ្ញា ម៉ាលីស បានបន្ដថា៖ «ផលិតផលចុងក្រោយនេះ ត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការរបស់អ្នកដែលចូលចិត្ដ ប្រើប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គមមួយចំនួន។ យើងសម្គាល់ឃើញថា អ្នកដែលចូលចិត្ដប្រើសេវាកម្មទាំងនោះ ភាគច្រើនជាយុវវ័យអាយុចន្លោះពី ១៨ ទៅ ២៩ឆ្នាំ»។ កញ្ញា បានបន្ថែមថា Nokia N9 បន្ទះដ៏ស្ដើងនេះ ត្រូវបានដាក់លក់សឹងតែគ្រប់ហាងទូរស័ព្ទទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងក្រុមហ៊ុន Nokia តែម្ដង។ វាត្រូវបានរចនាឡើងជា២ប្រភេទ ទីមួយមានអង្គចងចាំ 16GB ក្នុងតម្លៃ ៤៦០ដុល្លារ និងអង្គចងចាំ 64GB ក្នុងតម្លៃ៤៨៥ដុល្លារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Nokia កាលពីខែមករាកន្លងមក បានឲ្យដឹងថា Nokia N9 អាចត្រូវបានប្រើជាភាសាខ្មែរ ដែលមានកម្មវិធីឈ្មោះថា «KhmerMeego»។ សេចក្ដីប្រកាសដដែល បានបន្ដថា កម្មវិធីនេះ ត្រូវបានបង្កើតជាចម្បងសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទចង់អាន ព័ត៌មាន ឆ្លើយឆ្លងសារនៅក្នុងបណ្ដាញសង្គមជាភាសាខ្មែរ។
លោក Jerry Manus នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Nokia ប្រចាំប្រទេសកម្ពុជា និងឡាវ បានថ្លែងថា៖ «ដើម្បីផ្ដល់ភាពងាយដល់អ្នកប្រើប្រាស់ Nokia N9 ក៏អាចត្រូវបានប្រើសម្រាប់ផ្ញើជារូបភាព ដោយគ្រាន់តែផ្អែកខ្នងរបស់វាទៅនឹងទូរស័ព្ទដៃមួយផ្សេងទៀត និងមិនចាំបាច់ប្រើកម្មវិធីប៊្លូធូសនោះទេ។ ពិសេសជាងនេះទៀត អ្នកអាចប្រើវិធីដដែលនេះដើម្បីតភ្ជាប់ជាមួយគ្រឿងបំពងសំឡេងផង ដែរ»។
កញ្ញា ម៉ាលីស បានបញ្ជាក់ប្រាប់ថា ថ្វីដ្បិតតែ Nokia N9 ផ្ទុកកម្មវិធីយ៉ាងច្រើនក្ដី ក៏កម្មវិធីទាំងនោះ មិនដូចគ្នានឹងកម្មវិធីរបស់ទូរស័ព្ទដៃក្រុមហ៊ុនដទៃដែរ។ កញ្ញា បានឲ្យដឹងពីមូលហេតុថា៖ «យើងមិនអាចប្រៀបធៀប Nokia N9 ជាមួយនឹងទូរស័ព្ទដៃរបស់ក្រុមហ៊ុនដទៃបានទេ ពីព្រោះទូរស័ព្ទដៃទំនើបៗទាំងអស់សុទ្ធតែមានលក្ខណពិសេសខុសៗពី គ្នា»៕
ភ្នំពេញ ប៉ុស្តិ៍







