នៅសប្តាហន៍នេះ អ្នកយកព័ត៌មានរបស់យើង រកបានយុវជនមួយរូបដែលមានចំណូលចិត្ត និងមានស្នាដៃខ្ពស់ក្នុងការសរសេរកម្មវិធី។ យុវជនរូបនោះនឹងចែករំលែកនូវបទពិសោធដល់ប្រិយមិត្ត
«ទៅថ្ងៃអនាគត ខ្ញុំចង់បន្តការសិក្សារហូតដល់ថ្នាក់អនុបណ្ឌិតផ្នែកព័ត៌មាន វិទ្យា ខ្ញុំនឹងមិនបោះបង់ចោលការងារជាអ្នកព័ត៌មានវិទ្យាដែលខ្ញុំស្រឡាញ់ នោះទេ» នេះជាសម្តីរបស់លោក ឈៀង ច័ន្ទរ័ត្ន។
ទាក់ទងទៅនឹងមហិច្ឆតាផ្នែកព័ត៌មានវិទ្យានេះ នៅពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់កម្មវិធីថ្មីណាមួយនៅលើ ប្រព័ន្ធទូរស័ព្ទ ឬកុំព្យូទ័រ អ្នកប្រហែលជាគិតថា វាគួរឲ្យស្មុគស្មាញ និងរញ៉េរញ៉ៃខ្លះដែរ ពីព្រោះអ្នកពុំទាន់អាចប្រើប្រាស់ស្ទាត់នៅឡើយ។ ជាងនេះ ទៅទៀត តើអ្នកធ្លាប់ងឿងឆ្ងល់ទេនៅពេលអ្នកចូលទៅផ្សារទំនើបទិញទំនិញ ចំពោះម៉ាស៊ីនគិតលុយ ហេតុអ្វីបានជាវាស្គាល់មុខទំនិញ និងវាមានបង្ហាញនូវព័ត៌មានច្បាស់លាស់ម្ល៉េះ?
ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ LIFT សូមណែ នាំយុវជនឆ្នើមប្រចាំសប្ដាហ៍មួយរូបដែលលោកមានសមត្ថភាពសរសេរកូដ កម្មវិធីផ្សេងៗ និងមានចំណេះដឹងខ្ពស់ផ្នែកព័ត៌មានវិទ្យា។
លោក ឈៀង ច័ន្ទរ័ត្ន វ័យ២៧ឆ្នាំ គឺជាអ្នកសរសេរកូដកម្មវិធីកុំព្យូទ័រម្នាក់ ដែលមានបទពិសោធតាំងពីទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីឆ្នាំ២០១០។
ថ្វីដ្បិតតែលោក ច័ន្ទរ័ត្ន មិនទាន់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតក៏ដោយ ក៏លោកនៅមានសមត្ថភាពសរសេរកូដច្រើនគួរសម ដូចជា កូដដែលពាក់ព័ន្ធនឹងការបញ្ចូល និងបញ្ចេញទិន្នន័យ (Data Loader) ការគ្រប់គ្រងប្រព័ន្ធរបាយការណ៍ (Reporting System) និងកូដកម្មវិធីសម្រាប់គ្រប់គ្រងចំណូល ចំណាយ និងស្តុកទំនិញជាដើម។
ជាក់ស្តែង កាលពីប៉ុន្មានឆ្នាំកន្លងទៅ លោកបានសរសេរកូដកម្មវិធីសម្រាប់គ្រប់គ្រងលើប្រព័ន្ធលក់ និងរៀបចំប្រាក់បៀវត្សរ៍ឲ្យរោងពុម្ពសារិនបោះពុម្ព ហើយលោក ច័ន្ទរ័ត្ន ក៏ធ្លាប់បានសរសេរកូដកម្មវិធីឲ្យសាលារៀនមួយសម្រាប់គ្រប់គ្រង បញ្ជីអវត្តមាន មុខវិជ្ជា ពិន្ទុប្រចាំឆ្នាំផងដែរ។
លោក ច័ន្ទរ័ត្ន បានបង្ហើបឲ្យដឹងថា៖ «បើចង់សរសេរកូដកម្មវិធីណាមួយ គឺមិនមែនជារឿងដែលងាយស្រួលឡើយ ពីព្រោះវាត្រូវការទាំងពេលវេលា និងប្រើខួរក្បាលយ៉ាងខ្លាំង»។
លោក បានពន្យល់ថា មុននឹងចាប់ផ្តើមសរសេរកូដកម្មវិធីមួយ អ្នកសរសេរត្រូវពិភាក្សាជាមួយនឹងអតិថិជនរបស់ខ្លួន ថាតើពួកគេត្រូវការអ្វី? បន្ទាប់មកប្រមូលទិន្នន័យ និងធ្វើការវិភាគលើទិន្នន័យទាំងនោះ មុននឹងចាប់ផ្តើមសរសេរកូដ។ ម្យ៉ាងវិញទៀត ក្រោយពីសរសេរកូដមួយរួច ពួកគេត្រូវសាកល្បងទៅលើកូដនោះ ថាតើវាដំណើរការប្រក្រតីឬទេនៅមុនពេលដាក់ឲ្យប្រើប្រាស់។ ក្រៅពីការងារសរសេរកូដកម្មវិធីកុំព្យូទ័រ លោក ច័ន្ទរ័ត្ន ក៏ជាអ្នករៀបចំ និងបង្កើតគេហទំព័រឲ្យអង្គការរ៉ាក់ (RHAC)ផងដែរ។
យុវជនសម្បុរស្រអែមរូបនេះ បានបន្ដទៀតថា ការបង្កើតគេហទំព័រមួយ មិនមែនសម្រាប់តែការចូលទៅមើលប៉ុណ្ណោះទេ ប៉ុន្ដែអ្នកសរសេរកូដត្រូវបែងចែកជាពីរផ្នែក។ កូដទី១ គឺសម្រាប់អ្នកប្រើប្រាស់ធម្មតាអាចចូលទៅមើលឬផ្តល់ជាយោបល់ ចំណែកឯកូដមួយទៀតសម្រាប់ការប្រើប្រាស់របស់អង្គការ ឬស្ថាប័ន ផ្ទាល់ ដោយពួកគេអាចកែប្រែ បញ្ចូល ឬបង្ហោះនូវព័ត៌មានថ្មីៗទាំងឡាយបាន។
លោក ច័ន្ទរ័ត្ន បានបន្ថែមទៀតថា កម្មវិធីសម្រាប់គម្រោងធំមួយចំនួនត្រូវការរៀបចំ និងសរសេរជាលក្ខណៈក្រុម ពីព្រោះវាមានការងារជាច្រើនដែលត្រូវរៀបចំ និងសរសេរ។ ប៉ុន្តែចំពោះគម្រោងតូចៗ យើងត្រូវការមនុស្ស២ទៅ៣នាក់ ហើយចំពោះកូនកម្មវិធីខ្លះទៀត លោកមានលទ្ធភាពសរសេរកូដ និងរៀបចំរចនាតែម្នាក់ឯងប៉ុណ្ណោះ។
យ៉ាងណាមិញ ការងារជាអ្នកសរសេរកម្មវិធី តម្រូវឲ្យលោកចេះអត់ធ្មត់ និងមានគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីទទួលបាននូវកូដកម្មវិធីមួយ និងអាចបម្រើដល់សេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។
យុវជនបង្កើតកូដកម្មវិធីរូបនេះ បានរៀបរាប់ថា៖ «ការងារនេះពិតជាមានសម្ពាធខ្លាំងណាស់ មានពេលខ្លះ ខ្ញុំត្រូវឆ្លៀតយកម៉ោងគេងទាំងអស់ដើម្បីបង្ហើយគម្រោងនីមួយៗ ប៉ុន្តែនៅពេលដែលយើងដាក់ចិត្តស្រឡាញ់អាជីពនេះ មិនថានឿយហត់ប៉ុណ្ណានោះទេ យើងត្រូវតែតស៊ូរហូតបានសម្រេច»៕
ភ្នំពេញ ប៉ុស្តិ៍







