Headlines:

ទស្សនៈ​របស់​ព្រឹទ្ធបុរសជន​ជាតិ​ជប៉ុន ជុំវិញ​ទំនាក់​ទំនង​រវាង​ជប៉ុន​និង​ចិន

120427_02
លោក Masahiro Kawai ព្រឹទ្ធ​បុរស ​និង​ជា​​នាយក​​ប្រតិបត្តិ​នៃ​​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​។ រូបថត សហ​ការី

ការីនិពន្ធ​ផ្នែក​របាយការណ៍ ពិសេស លោក Stuart Alan Becker បាន​ជួប​ជាមួយ​លោក Masahiro Kawai ព្រឹទ្ធ​បុរស និង​ជា​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្នុង​ អំឡុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ពេល​ថ្មីៗ​នេះ​មក​កាន់​រាជធានី​ភ្នំពេញ។

ការងារ​របស់ ADBI ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សិក្ខា​សាលា​ស្រាវជ្រាវ និង​រៀបចំ​គោល​នយោបាយ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​អនុវត្ត​ល្អ​បំផុត និង​គំនិត​ផ្តួច​ផ្តើម​កសាង​សមត្ថ​ភាព និង​បណ្តុះ​​បណ្តាល​ជា​ច្រើន។ យោង​តាម​គេហ​ទំព័រ​របស់​ADBI គេ​មាន​បំណង​ក្លាយ​ខ្លួន​ជា​មជ្ឈ​មណ្ឌល​នាំ​មុខ​គេ​សម្រាប់​ការ​បង្កើត និង​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ចំណេះ​ដឹង​ក្នុង​ការ​អភិវឌ្ឍ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក។

លោក Masahiro បាន​ចូល​រួម​ជាមួយ ADBI នៅ​ដើម​ឆ្នាំ ២០០៧ ក្រោយ​ធ្វើ​ជា​ប្រធាន​ការិយាល័យ​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់​(OREI)​របស់ ADB។ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​សេដ្ឋ​កិច្ច​ពី​សាកល​វិទ្យាល័យ​តូក្យូ និង​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ពី​សាកល​វិទ្យាល័យ Stanford លោក Kawai បាន​ប្រែ​ក្លាយ​ខ្លួន​ឯង​ទៅ​ជា​អ្នក​ជំនាញ​ឈាន​មុខ​គេ​ផ្នែក​អភិវឌ្ឍន៍ សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បូព៌ា ហើយ​បាន​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ និង​អត្ថ​បទ​ជា​ច្រើន​ទាក់ទង​នឹង​ប្រធាន​បទ​នោះ និង​ប្រធាន​បទ​ដទៃ​ទៀត​ដែល​រួម​មាន​សាកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច សមាហរណកម្ម​ហិរញ្ញវត្ថុ​ក្នុង​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ដែល​រួម​ទាំង​អំពី ​វិបត្តិ​អាស៊ី​និង​ពី​ប្រព័ន្ធ​រូបិយ​ប័ណ្ណ​អន្តរ​ជាតិ​ផង​ដែរ។

លោក​ធ្លាប់​ធ្វើ​ជា​អ្នក​ពិគ្រោះ​យោបល់​នៅ​គណៈ​អភិបាល​នៃ Federal Reserve System និង​នៅ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ដែល​ទាំង ២ នេះ​ស្ថិត​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ លោក Kawai ធ្លាប់​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​នៃ​សាកល​ វិទ្យាល័យ​តូក្យូ ហើយ​ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម​សេដ្ឋវិទូ​នៅ​ធនាគារ​ពិភពលោក​ប្រចាំ​ តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និង​ជា​អនុរដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​របស់​ជប៉ុន​ផង​ដែរ។

តើ​ទំនាក់​ទំនង​អនាគត​របស់​ជប៉ុន​ជាមួយ​ចិន​ នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? តើ​លោក​ជា​អ្នក​មាន​សុទិដ្ឋិ​និយមឬ​ តើ​អនាគត​នឹង​ជួប​តែ​នូវ​ភាព​តានតឹង និង​ការ​ស្អប់​ខ្ពើម និង​ការ​ប្រកួត​ប្រជែង​គ្នា​ឬ?

ខ្ញុំ​ជា​អ្នក​មាន​សុទិដ្ឋិ​និយម​ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​បំផុត​ ម្នាក់។ ទំនាក់​ទំនង​ជប៉ុន​-​ចិន​មាន​ប្រវត្តិ​ជា​យូរ​លង់​មក​ហើយ។ ប្រទេស​ជប៉ុន​បាន​ចម្លង​សាសនា និង​វប្បធម៌​ចិន​ជា​ច្រើន។ សាសនា​ព្រះ​ពុទ្ធ​ឆ្លង​កាត់​តាម​ចិន​ពី​ប្រទេស​ឥណ្ឌា​ក៏​ដូច​ជា​តួ អក្សរ​ផ្ចង់ និង​តួ​អក្សរ​ចិនតាម​ពិត​ទៅ​ស្ទើរ​តែ​អ្វី​ៗ​គ្រប់​យ៉ាង​។ ​ដូច្នេះ ជប៉ុន​មាន​ការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ចិន ប៉ុន្តែ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ទសវត្សរ៍ ១៨០០ គឺ​ជា​ការ​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ជប៉ុន។ ចិន​ស្ថិត​នៅ​ក្រោម​អាណា​និគម​របស់​មហា​អំណាច​លោក​ខាង​លិច វា​មាន​សង្គ្រាម​អាភៀន ហើយ​ជប៉ុន​ដឹង​ថា ខ្លួន​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ថែ​រក្សា​ឯករាជ​ភាព​របស់​ខ្លួន។​ ដូច្នេះ ជប៉ុន​បាន​បើក​ចំហ​សេដ្ឋកិច្ច និង​រៀន​សូត្រ​ពី​ប្រទេស​លោក​ខាង​លិច​។ ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​គឺជា​ឧបសគ្គ​សំខាន់​បំផុត​សម្រាប់​ជប៉ុន ព្រោះ​តែ​ចំណង់​របស់​ខ្លួន​ចង់​ក្លាយ​ជា​ប្រទេស​កាន់​តែ​រឹងមាំ កាន់​តែ​ប្រកួត​ប្រជែង និង​កាន់​តែ​មាន​បច្ចេក​វិទ្យា​ទំនើប។

ជប៉ុន​ចង់​រៀនសូត្រ​ពី​ប្រទេស​លោក​ខាង​លិច។ ទោះ​បី​ចិន​មាន​អារ្យធម៌​អស្ចារ្យ​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​នៅ​ពេល​នោះ អាស៊ី​បាន​តាម​ពី​ក្រោយ​ប្រទេស​លោក​ខាង​លិច​ផ្នែក​បច្ចេក​វិទ្យា។ ជប៉ុន​បាន​រៀន​សូត្រ​ជាច្រើន​ពី​ចិន ហើយ​ក្រោយ​មក​ពី​ប្រទេស​លោក​ខាង​លិច។ ជា​អកុសល វា​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ជប៉ុន និង​ចិន នៅ​មុន និង​ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី ២។ ក្រោយ​សង្គ្រាម ចិន​បាន​បន្ត​មាន​សេដ្ឋកិច្ច​បិទ​ជិត តែ​បាន​បើក​ចំហ​ជា​បណ្តើរៗ។

ពីរ​ពាន់​ឆ្នាំ​មុន ចិន និង​ឥណ្ឌា​រួម​គ្នា​មាន​សេដ្ឋកិច្ច​រហូត​ដល់ ៦០% នៃ​សេដ្ឋកិច្ច​ពិភពលោក។ ការ​រះ​ឡើង​ថ្មីៗ​នេះ​ជា​ការ​ងើប​ឡើង​វិញ​របស់​ប្រទេស​ចិន​នៅ​ក្នុង​សេដ្ឋកិច្ច​សកល​លោក ហើយ​ពិត​ណាស់ នេះ​ជា​ការ​អភិវឌ្ឍ​ថ្មី​ថ្មោង​មួយ​សម្រាប់​ចិន ដែល​កើត​មាន​ឡើង​ក្នុង​ពេល ២ សតវត្សរ៍​ចុង​ក្រោយ​នេះ។ អ្នក​រាល់​គ្នា​ត្រូវ​តែ​រៀន​សូត្រ​ពី​ការ​ងើប​ឡើង​របស់​ចិន។ ជប៉ុន​បាន​រៀន​សូត្រ​ជា​ច្រើន​ពី​ចិន ប៉ុន្តែ​ឥឡូវ​នេះ ជប៉ុន និង​ចិន​ត្រូវ​រួម​សហការ​គ្នា​ដើម្បី​ធានា​ថា ភាព​រុង​រឿង​សេដ្ឋកិច្ច​នៅ​អាស៊ី​នឹង​បន្ត​មាន ដូច្នេះ​ទើប​កំណើន​សេដ្ឋកិច្ច​សាកល និង​ភាព​រុង​រឿង​នៃ​មនុស្ស​ជាតិ​អាច​រក្សា​ឲ្យ​គង់​វង្ស​បាន។ វា​មាន​សង្គ្រាម​កើត​ឡើង​នៅ​ទី​នេះ និង​ទីនោះ ជន​ជាតិ​បារាំង និង​អាល្លឺម៉ង់ ប្រទេស​ជិត​ខាង​គ្នា​ហាក់​ដូច​ជា​មាន​សង្គ្រាម​នឹង​គ្នា​ជា​ច្រើន។ វា​មាន​បញ្ហា​ទឹក​ដី​ជា​ច្រើន ប៉ុន្តែ​យើង​ត្រូវ​ការ​គ្រប់​គ្រង​វិវាទ​បែប​នោះ ហើយ​យើង​មាន​ភាព​ស៊ីវិល័យ​ជាង​មុន ដូច្នេះ​យើង​មិន​ត្រូវ​ប្រើ​អាវុធ​ដើម្បី​ដោះស្រាយ​បញ្ហា​ទេ យើង​អាច​ចរចា​គ្នា​បាន។

ខ្ញុំ​ជា​អ្នក​មាន​សុទិដ្ឋិ​និយម​ប្រយ័ត្ន​ប្រយែង​ម្នាក់ ព្រោះ​កំណើន​សេដ្ឋកិច្ច និង​ប្រយោជន៍​នៃ​ការ​បន្ត​ដំ​ណើរ​ការ​រីកចម្រើន​នេះ​ធំ​ធេង​ខ្លាំង​ណាស់ ហើយ​បើ​លោក​ចង់​បង្កើត​កំណើន ហើយ​ទំនាក់​ទំនង​រុង​រឿង និង​សុខ​សន្តិភាព​សំខាន់​ខ្លាំង​ណាស់ ហើយ​យើង​ដឹង​ពី​បញ្ហា​នោះ។ បញ្ហា​តូច​ៗ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​និន្នាការ​វិជ្ជមាន​ខុស​ផ្លូវ​បាន​។

តើ​អ្វី​ជា​ក្តី​បារម្ភ​អំពី​ប្រទេស​ចិន​ទៅ​ថ្ងៃ​អនាគត ហើយ​អ្វី​ជា​អនាគត​វិជ្ជ​មាន?

ជា​ការ​ពិត​ណាស់ ទស្សន​វិជ្ជា​មាន​អំពី​ចិន​គឺ​ថា ទោះ​បី​ទំហំ​សេដ្ឋកិច្ច​ប្រទេស​នេះ​រីក​ចម្រើន​ក្តី វា​នៅ​តែ​មាន​ផ្នែក​ដ៏​ធំ​ដែល​កម្រិត​ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ​នៅ​តែ​ទាប ​ដដែល ហើយ​ការ​អប់រំ​នៅ​តែ​មាន​​កម្រិត ដូច្នេះ​នោះ​ប្រាប់​យើង​ថា វា​នៅ​តែ​មាន​សក្តានុពល​ធំ​ធេង។

កំណើន​សេដ្ឋកិច្ច​អាច​នឹង​បន្ត ទោះ​បី​ចំនួន​កម្មករ​អាច​នឹង​ថយ​ចុះ​ពី​ឆ្នាំ​២០១៥ ទៅ ២០៥០ កម្មករ​ប្រមាណ​២០០ លាន​នាក់​នឹង​លែង​មាន​ទៀត។ ចិន​បាន​បញ្ចូល​កម្លាំង​ពលកម្ម​របស់​ខ្លួន ៣០០ លាន​នាក់​ចាប់​តាំង​ពី​ឆ្នាំ ១៩៨០​មក​ទល់​ឥឡូវ​នេះ អ៊ីចឹង​វា​នៅ​តែ​ជា​ការ​ប្រែ​ក្រឡាស់​ធំ​ដដែល តែ​យ៉ាង​ណា​ក្តី កំណើន​ផលិត​ភាព​នឹង​ស្ថិតស្ថេរ​ជាមួយ​នឹង​កំណើន​សេដ្ឋ​កិច្ច។ នោះ​ជា​ចំណុច​វិជ្ជ​មាន។

ប្រទេស​ចិន​ត្រូវ​គ្រប់​គ្រង​បញ្ហា​នេះ​ដោយ​ប្រយ័ត្ន​ប្រយែង ហើយ​ទស្សនៈ​សំខាន់​ខ្លាំង​មួយ​គឺ​អភិបាល​កិច្ច។ ការ​កើន​ឡើង​ចំនួន​អ្នក​ដែល​យល់​ថា សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បាន​ព្រងើយ​កន្តើយ​នៅ​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ ចិត្ត​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។ មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​តវ៉ា​ជា​ច្រើន ដូច្នេះ​ប្រព័ន្ធ​យុត្តិ​ធម៌​ត្រូវ​តែ​មាន​ការ​កែ​ប្រែ​ឲ្យ​បាន​ខ្លាំង​ក្លា ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ថែម​ទៀត​ទៅ​លើ​គុណ​ភាព​ ជីវិត​របស់​ប្រជាជន ជា​ជាង​គិត​តែ​ពី​អត្រា​កំណើន GDP តែ​មួយ​នោះ ដូច្នេះ​ វា​មាន​ន័យ​ជា​ការ​ដោះ​ស្រាយ​បញ្ហា​វិសម​ភាព កាលា​នុវត្ត​ភាព​មិន​ស្មើ​គ្នា​ចំពោះ​ប្រជាជន​អាស្រ័យ​ទៅ​តាម​ទី​កន្លែង​ដែល ​ពួក​គេ​មក កន្លែង​ដែល​ពួក​គេ​ចាប់​កំណើត និង​ឪពុក​ម្តាយ​ពួក​គេ​ជា​អ្នក​ណា។ ខ្ញុំ​គិត​ថា អ្នក​គ្រប់​គ្នា​គួរ​ទទួល​បាននូវ​​កាលា​នុវត្ត​ភាព​ប្រសើរ និង​កាន់​តែ​ស្មើ​គ្នា​ចំពោះ​សមិទ្ធ-​ផល​សេដ្ឋ​កិច្ច និង​សង្គម​។

ការ​ធ្វើ​ឲ្យ​ហិន​ហោច​បរិស្ថាន​គឺ​ជា​ក្តី​បារម្ភ​មួយ។

អ្នក​ដែល​មិន​អាច​គេច​ផុត​ពី​ការ​បំពុល​បរិ​ស្ថាន​មើល​ទៅ​ជា​អ្នក​ដែល​មាន​ ប្រាក់​ចំណូល​ទាប ដូច្នេះ​រដ្ឋា​ភិបាល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ ហើយ​សំណាង​ណាស់ ថ្នាក់​ដឹក​នាំ​ចិន​ដឹង​យ៉ាង​ច្បាស់​អំពី​ប្រភេទ​នៃ​បញ្ហា​ដែល​ខ្ញុំ​លើក​ឡើង។ សំណួរ​គឺ​ថា តើ​ក្តី​ព្រួយ​បារម្ភ​ទាំង​នេះ​អាច​ត្រូវ​គេ​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​គោល​នយោបាយ​ជាក់​ស្តែង​យ៉ាង​ដូច​ម្តេច។ ការ​អនុវត្ត​គោល​នយោ​បាយ​គឺ​មិន​មែន​ជា​ការងារ​សាមញ្ញ​​នោះ​ទេ។

ចិន​ជា​ប្រទេស​ធំ​ដែល​មាន​ខេត្ត និង​តំបន់​ស្វយ័ត​ច្រើន ដូច្នេះ​អ្វី​ដែល​ថ្នាក់​ដឹក​នាំ​កំពុង​គិត​នៅទី​ក្រុង​ប៉េកាំង​អាច​មិន​ ត្រូវ​បាន​អនុវត្ត​នៅ​ថ្នាក់​រដ្ឋ​បាល​ក្នុង​តំបន់។ ប្រទេស​នេះ​មាន​ប្រព័ន្ធ​គណបក្ស​តែ​មួយ តែ​នៅ​តែ​វិមជ្ឈ​ការ​ខ្លាំង។ ប្រទេស​ធំ​ដែល​មាន​ប្រព័ន្ធ​គណបក្ស​តែ​មួយ​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព ខ្លាំង​ណាស់​ក្នុង​ការ​បន្ត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន។

គោល​នយោបាយ​មក​ទល់​ពេល​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​​ជំរុញ​កំណើន​ សេដ្ឋកិច្ច ប៉ុន្តែ​វា​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត ហើយ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​នេះ បើ​មិន​អ៊ីចឹង​ទេ កំណើន​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​អនាគត​អាច​នឹង​យឺត។

ថ្លែងពី​ប្រទេស​កម្ពុជា​៖ តើ​អ្វី​ដែល​ជា​ឧបសគ្គ​ចម្បង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កម្ពុជា?​

កម្ពុជា​ហាក់​ដូចជា​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​គឺ​បញ្ហា​ទុន​មនុស្ស ការ​អប់រំ ការ​វិនិយោគ​ក្នុង​វិស័យ​អប់រំ ការ​បង្កើន​ជំនាញ​ ចំណេះ​ដឹង និង​សមត្ថភាព​របស់​ប្រជាជន។

ឧបសគ្គ​មួយ​ទៀត​គឺ​កម្ពុជា​ត្រូវ​ការ​ពិពិធកម្ម ទាក់ទង​នឹង​ផលិតកម្ម។ ​ខ្ញុំ​គិត​ថា វិស័យ​ផលិត​ប្រមូល​ផ្តុំ​តែ​ក្នុង​វិស័យ​វាយនភ័ណ្ឌ។ រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​កាន់​តែ​ចម្រុះ​ថែម​ទៀត​ជា​ការ​ចាំបាច់។

កម្ពុជា​មាន​ធនធាន​ធម្ម​ជាតិ​ច្រើន ប៉ុន្តែ​ការ​គ្រប់គ្រង​ធន​ធាន​ធម្មជាតិ និង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​ធនធាន​នោះ​ ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​។

ការ​បង្កើន​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​សេដ្ឋកិច្ចទាំង​មូល​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ។ ​ការ​បង្កើន​កម្រិត​ស្ថាប័ន​ក៏​សំខាន់ ហើយ​វា​ទាក់ទង​នឹង​បញ្ហា​ទី​១ គឺ​ប្រជាជន​គ្រប់​ជំនាញ និង​កម្រិត​អប់រំ ត្រូវ​តែ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ ​ប្រទេស​ត្រូវ​ការ​មន្រ្តី​រដ្ឋាភិបាល​មាន​សមត្ថ​ភាព​ជាច្រើន​នាក់​ថែម​ ទៀត ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ហើយ​ប្រទេស​ជាច្រើន​មក​កម្ពុជា ហើយ​ជួយ​ក្នុង​ការ​គ្រប់​គ្រង​ដំណើរ​ការ​អភិវឌ្ឍ​នេះ រួម​ជា​មួយ​នឹង​​ភាគី​ពាក់ព័ន្ធ​អន្តរ​ជាតិ​ដទៃ​ទៀត ហើយ​វា​ត្រូវ​ការ​សមត្ថភាព​ខ្ពស់​ពី​សំណាក់​រដ្ឋាភិបាល។

រដ្ឋាភិបាល​មិន​រុញ​ច្រាន​សេដ្ឋកិច្ច​នោះ​ទេ។ វិស័យ​ឯកជន​ត្រូវ​តែ​បំប៉ន ហើយ​រដ្ឋាភិបាល​ត្រូវ​បង្កើត​បរិស្ថាន​ផ្តល់​លទ្ធភាព​មួយ ​គោល​នយោបាយ​មាន​តម្លាភាព និង​អាច​ព្យាករ​បាន ​ជាមួយ​នឹង​ក្របខ័ណ្ឌ​រឹងមាំ គាំទ្រ​ដោយ​អ្នក​បង្កើត​គោល​នយោបាយ​មាន​សមត្ថភាព។ ចុង​ក្រោយ ប្រទេស​កម្ពុជា​ជា​ប្រទេស​​តូច​បំផុត​ក្នុង​អាស៊ាន ដូច្នេះ ការ​ធ្វើ​សមាហរណកម្ម​ថែម​ទៀត​ជា មួយ​នឹង​ប្រទេស​ជិត​ខាង និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្រៅ​អាស៊ាន​នឹង​មាន​សារៈ​សំខាន់​បំផុត​ព្រោះ​ប្រទេស​តូច​មិន​អាច​ថ្កុំ​ថ្កើង​ទេ បើ​មិន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។

កម្ពុជា​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ស្ថានការណ៍​មិន​ល្អ​ ហើយ​មាន​ភាព​ក្រីក្រ​ច្រើន ប៉ុន្តែ​នៅ​ពេល​ណា​អនុវត្ត​គោលនយោបាយ​ទាំង​នេះ ខ្ញុំ​គិត​ថា ភាព​ក្រីក្រ​អាច​កាត់​បន្ថយ​បាន​ ក្នុង​រយៈ​ពេល​តែ​ពីរ ឬ​បី​ទសវត្សរ៍​ប៉ុណ្ណោះ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​ឧបករណ៍​នៃ​គោល​នយោបាយ​ជប៉ុន។ តើ​ពិត​ទេ?​ហេតុ​អ្វី?​

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​តែងតែ​មាន​ដើម​កំណើត​ជប៉ុន ​ហើយ​វា​ជា​ការ​ជ្រើស​រើស​របស់​ម្ចាស់​ភាគ​ហ៊ុន​របស់​យើង​។ វា​មិន​មែន​ដោយ​សារ​ជប៉ុន​ជា​ប្រទេស​មាន​ភាគ​ច្រើន​ច្រើន​នោះ​ទេ។ ​ជប៉ុន និង​សហរដ្ឋ​អាមេរិក​មាន​ចំណែក​ភាគហ៊ុន​ស្មើ​គ្នា​ក្នុង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ព្រោះ​ជប៉ុន​បាន​ផ្តល់​ហិរញ្ញវត្ថុ​ច្រើន​ដល់​មូល​និធិ​អភិវឌ្ឍន៍​អាស៊ី​ ដែល​ផ្តល់​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​ដល់​ប្រទេស​ក្រីក្រ។ ​ជប៉ុន​បាន​ផ្តល់​ប្រាក់​ច្រើន​ដល់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី មិន​ចំពោះ​តែ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទៀត​មូលនិធិ​ដទៃ​ទៀត និង​ធនធាន ដែល​អាច​ប្រើ​ជា​ជំនួយ​បច្ចេក​វិទ្យា​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដទៃ​ទៀត​។

ជប៉ុន​បាន​ផ្តល់​ទំនិញ​សាធារណៈ​ជាច្រើន​ដល់​ប្រទេស​ជាច្រើន។ គោលនយោបាយ​ជប៉ុន​គឺ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ប្រទេស​ក្រីក្រ។

យុទ្ធសាស្រ្ត​ជំនួយ និង​ការ​រួម​ចំណែក​របស់​ជប៉ុន​ត្រូវ​តែ​គាំទ្រ​ដោយ​ម្ចាស់​ភាគ​ហ៊ុន​ក្នុង​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដូច្នេះ ខ្ញុំ​មិន​គិត​ថា ​ការ​និយាយ​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជា​ឧបករណ៍​គោលនយោបាយ​ជំនួយ​ជប៉ុន​មិន​មែន​ជា​ រឿង​ត្រឹម​ត្រូវ​នោះ​ទេ។ ជប៉ុន​បាន​ធ្វើ​ការ​ជាមួយ​នឹង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក និង​ទីភ្នាក់ងារ​អន្តរជាតិ​ដទៃ​ទៀត​ដូច​ជា​អង្គ​ការ​សហប្រជាជាតិ ​​ដូច្នេះ ជប៉ុន​បាន​ធ្វើ​ការ​ជាមួយនឹង​ស្ថាប័ន​អន្តរ​ជាតិ​ជា​ច្រើន។ ជា​ជាង​ដាក់​កំណត់​ការ​គិត​​ពី​ខាង​ក្រៅ ទាំង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​ការ​តាម​របៀប​ជាក់ ​ស្តែង ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។ ប្រជាជន​នៅ​លោក​ខាង​លិច​ជា​ច្រើន​នាក់​​អាច​យល់​ថា គោល​នយោបាយ​ជំនួយ​ជប៉ុន​មិន​អស្ចារ្យ​ទេ ប៉ុន្តែ​ជប៉ុន​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​​ជាច្រើន ដែល​ទីបំផុត​ជួប​ការ​រីក​ចម្រើន ដូច្នេះ គោល​នយោបាយ​ដែល​បាន​អនុវត្ត​ ហាក់​បី​ដូច​ជា​មាន​ប្រសិទ្ធភាព​។ អ្នក​ខ្លះ​ក្នុង​ស្ថាប័ន​ស្រាវ​ជ្រាវ​សហរដ្ឋ​អាមេរិក បាន​គិត​ថា ជំនួយ​របស់​ជប៉ុន​ស្ថិត​នៅ​បាត​តារាង​ ចំណែ​ក​ឯ​ប្រទេស​ហូឡង់ និង​ស៊ុយអែត​វិញ​គឺ​នៅ​កំពូល​តារាង ។ ប៉ុន្តែ​ការ​ពិត ជំនួយ​ជប៉ុន​​មាន​ប្រសិទ្ធភាព​ណាស់។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្ទាល់​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​នៅ​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ ហើយ​យើង​មាន​បុគ្គលិក​តិច​ជាង​ធនាគារ​ពិភពលោក នៅ​អាស៊ី ប៉ុន្តែ​ប្រតិបតិ្តការ​របស់​យើង​មាន​ទំហំ​ធំ​ជាង​ពួក​គេ។

តើ​ទីផ្សារ​ណា​រឹងមាំ​ជាង ហើយ​មិន​សូវ​ជួប​បញ្ហា៖ អឺរ៉ុប ឬ​អាមេរិក​ខាង​ជើង?

ទីផ្សារ​ទាំង​ពីរ​ជួប​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ ក្នុង​រយៈ​ពេល​ខ្លី ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​កើត​ឡើង ប៉ុន្តែ​នៅ​សហរដ្ឋ​អាមេរិក បញ្ហា​បំណុល​ជា​បញ្ហា​ធំ​។ ​បំណុល​ជាតិ​នៅ​ទីនោះ ហើយ​ថា ​តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​ នៅ​បន្ត​ជា​បញ្ហា ព្រោះ​ទីផ្សារ​អាច​ព្រួយបារម្ភ​ពី​បញ្ហា​ប្រាក់​ដុល្លារ​អាមេរិក។ ​ត្រង់​ចំណុច​នេះ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​ល្អ​ប្រសើរ​ជាង ​អឺរ៉ុប ដែល​ជួប​បញ្ហា​ធំ​ក្នុង​ប្រទេស​ដូច​ជា ក្រិច​អ៊ីតាលី និង​អេស្ប៉ាញ ដែល​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ពង្រឹង​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ។

សេដ្ឋកិច្ច​ប្រទេស​ទាំង​នេះ​មិន​ល្អ​ទេ​ ហើយ​ខ្ញុំ​គិត​ថា ការ​រីក​ចម្រើន​សេដ្ឋកិច្ច​មាន​ការ​យឺតយ៉ាវ​ និង​ទាប​ជាង​សហរដ្ឋអាមេរិក។ បញ្ហា​បំណុល​ជាតិ​ជា​បញ្ហា​ក្នុង​ប្រទេស​អឺរ៉ុប​ភាគ​ច្រើន​នៅ​ភាគ​ខាង​ត្បូង ហើយ​វិស័យ​ធនាគារ​នឹង​បន្ត​ជា​បញ្ហា​ព្រួយ​បារម្ភ ព្រោះ​ធនាគារ​អឺរ៉ុប​ជាប់​សញ្ញាបត្រ​ច្រើន​ ដែល​បាន​គាំទ្រ​ដោយ​គោលនយោបាយ EC​B ​មក​ដល់​ពេល​នេះ៕ CR/TK