ផ្សារមូលបត្រកម្ពុជា ដែលទើបតែចាប់បដិសន្ធិ យុវជនកម្ពុជាពុំទាន់យល់ច្បាស់ពីជំនួញបែបថ្មីនេះ ដូច្នេះអ្វីដែលគួរតែបើកដំណើរការបន្ដទៀត ច្បាស់ជាវិស័យអប់រំស្ដីពីចំណេះដឹងផ្សារហ៊ុន។ ពាក់ព័ន្ធនឹងប្រព័ន្ធអប់រំផ្សារមូលបត្រ LIFT សូមណែនាំប្រិយមិត្ដឲ្យបានស្គាល់នូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ហិរញ្ញវត្ថុ (GFG Financial Centre) របស់ក្រុមហ៊ុន Gold Financial Global Co., Ltd ដែលបានចុះឈ្មោះជួញដូរ Forex តាមអ៊ីនធឺណិតដំបូងគេបង្អស់នៅកម្ពុជា។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលហិរញ្ញវត្ថុ បានផ្ដល់សេវាកម្មរៀបចំផែនការ ការស្រាវជ្រាវផ្នែកទីផ្សារ និងវគ្គបណ្ដុះបណ្ដាល។ គួរឲ្យកត់សម្គាល់ថា ក្រុមហ៊ុន Gold Financial Global Co., Ltd ផ្ដល់សេវាកម្មប្រឹក្សាផ្នែកហិរញ្ញវត្ថុ ជំនួញជួញដូររូបិយប័ណ្ណបរទេស មាស ប្រាក់ ប្រេង និងវត្ថុមានតម្លៃជាច្រើនទៀត។ មួយវិញទៀត ក្រុមហ៊ុន បានបើកវគ្គបណ្ដុះបណ្ដាលខ្លីៗដល់សិស្សនិស្សិតលើជំនាញហិរញ្ញវត្ថុ ផងដែរ។
លោក អ៊ីវ ពិសិដ្ឋ ដែលជាប្រធានគ្រប់គ្រងផ្នែកបណ្តុះបណ្តាល និងវិភាគចំពោះទីផ្សារហិរញ្ញវត្ថុប្រចាំក្រុមហ៊ុនបើកសម្ពោធរយៈ ពេល២ឆ្នាំមកហើយ បានថ្លែងថា ក្រុមហ៊ុន Gold Financial Global Co., Ltd មិនបានផ្តោតសំខាន់លើប្រាក់ចំណេញពីវគ្គបណ្តុះបណ្តាលនេះទេ ប៉ុន្តែក្រុមហ៊ុនចង់បង្កើនធនធានមនុស្សផ្នែកហិរញ្ញវត្ថុនេះ។ ដូច្នេះ តម្រូវការបុគ្គលិកជំនាញ ពិតជាចាំបាច់ណាស់ដើម្បីបម្រើការចំពោះផ្នែកនេះ។
លោក ពិសិដ្ឋ បានរៀបរាប់ថា៖ «យើងនឹងអនុញ្ញាតឲ្យបេក្ខជនទាំងអស់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល នេះ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការយល់ដឹងអំពីមុខងារនៃទីផ្សារ ដូចជា វិធីសាស្រ្តនៃការវិភាគ ជំនាញអន្តរទំនាក់ទំនងជាមួយនឹងក្រុមវិភាគផ្សេងៗទៀត។ វគ្គខ្លីៗនេះក៏ផ្ដោតចម្បងលើកត្តាដែលជះឥទ្ធិពល ទៅដល់តម្លៃឡើងចុះ ការការពារ និងយុទ្ធសាស្រ្តនៃការជួញដូរផងដែរ»។
ថ្មីៗនេះ GFG បានបើកវគ្គបណ្តុះបណ្តាល «វិថីឆ្ពោះទៅជីវភាពសុខដុម» ដែលចែកជា៥វគ្គ។ វគ្គនេះបានផ្តល់នូវចំណេះដឹងជាមូលដ្ឋាន និងការអនុវត្តន៍យុត្ដិសាស្រ្ដលក់ដោយផ្ទាល់ ដើម្បីពង្រឹងនូវទស្សនៈហិរញ្ញវត្ថុជាសកល។ ម្យ៉ាងវិញទៀត វគ្គបណ្តុះបណ្តាលនេះ បានជួយបង្កើនចំណេះដឹងប្រជាជនស្ដីពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងអប់រំយុវជនជាច្រើននូវជំនាញដើម្បីសម្របខ្លួនទៅតាមតម្រូវការ ទីផ្សារ។
លោក ពិសិដ្ឋ បានបញ្ជាក់ថា៖ «ក្រុមហ៊ុនរបស់យើងតែងតែផ្តល់ឱកាសល្អៗសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីធ្វើការរួមគ្នាជាមួយនឹងពួកយើង។ ជាក់ស្ដែង ពួកគេត្រូវបានអនុញ្ញាតឲ្យប្រើទ្រឹស្ដីដែលបានសិក្សាមកអនុវត្ដ ហើយសិស្សឆ្នើមចំនួន៥នាក់ នឹងត្រូវជ្រើសរើសឲ្យបម្រើការងារនៅក្នុងក្រុមហ៊ុននេះផ្ទាល់»។
ជាមួយនឹងបន្ទប់រៀនផាសុកភាពដែលបំពាក់ដោយឧបករណ៍ទំនើបៗ សិស្ស-និស្សិត មានឱកាសសិក្សានូវវគ្គជំនាញខ្លីៗនេះ ជាមួយនឹងគ្រឹះស្ថាន GFG ក្នុងតម្លៃថោកសមរម្យបំផុត។ លោក អ៊ីវ ពិសិដ្ឋ បានបង្ហើបប្រាប់ថា អ្នកចូលរួមទាំងអស់ចំណាយត្រឹមតែ១០ដុល្លារប៉ុណ្ណោះសម្រាប់ ការចុះឈ្មោះចូលរៀនក្នុងមួយវគ្គ។ ពួកគេនឹងទទួលបានការសិក្សាជាមួយនឹងគ្រូជំនាញដែលមានវិជ្ជាជីវៈ និងបទពិសោធពីទីក្រុងហុងកុង និងប្រទេសវៀតណាម។
ប្រធានគ្រប់គ្រងផ្នែកបណ្ដុះបណ្ដាលរូបនេះ បានបន្ដថា វគ្គសិក្សានីមួយៗតម្រូវឲ្យមានអ្នកចូលរួមចំនួន៦០នាក់ ហើយបេក្ខជនទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមស្មើៗគ្នា បើទោះបីជាពួកគេពុំបានបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុក៏ដោយ។
លោក ពិសិដ្ឋ បានលើកឡើងថា៖ «លក្ខណៈពិសេសក្រុមហ៊ុនគឺ គ្រប់វគ្គទាំងអស់គឺផ្តោតសំខាន់ទៅលើកម្រិតបឋម និងមធ្យម ដូច្នេះចំពោះអ្នកមានចំណាប់អារម្មណ៍លើផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុ សូមមកចូលរួមឲ្យបានច្រើនដើម្បីពង្រឹកដល់សមត្ថភាពរបស់ខ្លួន»។
តាមរយៈការសង្កេតរបស់លោក អ៊ីវ ពិសិដ្ឋ បានឲ្យដឹងថា សិស្សជាច្រើនដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលពីក្រុមហ៊ុនរបស់លោក អាចទទួលបាននូវឱកាសការងារជាច្រើននៅក្នុងក្រុមហ៊ុន ហិរញ្ញវត្ថុនានា ជាពិសេសនៅក្នុងទីផ្សារមូលបត្រទៀតផង។
ដើម្បីទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការងារដ៏សមប្រកប អ្នកអាចមកចូលរួមជាមួយ GFG ដែលគ្រាន់តែចំណាយប្រាក់បន្ដិចបន្ដួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា GFG មានទីតាំងស្ថិតនៅផ្ទះលេខ ៣១ ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្ថិតនៅចំពីមុខផ្សារទំនើប City Mall៕
ភ្នំពេញ ប៉ុស្តិ៍






