Headlines:

ជម្រាប​សួរ​ប្រិយមិត្ត

តើ​អ្នក​ស្គាល់​ផ្សារ​ភាគ​ហ៊ុន​ទេ​? ខ្ញុំ​ធ្លាប់​បាន​ដឹង​ពី​ការ​លេង​ភាគហ៊ុន​ខ្លះ​ដែរ នៅ​ពេល​ខ្ញុំ​មើល​ភាពយន្ត​ចិន​ ​ហើយ​ខ្ញុំ​ស្វែងរក​ឃើញ​ថា​ មាន​អ្នក​ខ្លះ​បាន​សម្លាប់​ខ្លួន​ដោយ​សារ​តែ​លេង​ភាគ​ហ៊ុន​ចាញ់​អស់​លុយ​ ច្រើន​ និង​អ្នក​ខ្លះ​ទៀត​រីក​រាយ​នៅ​ពេល​ឈ្នះ​បាន​លុយ​ច្រើន។​ នៅ​ពេលថ្មី​ៗ​នេះ ​ផ្សារ​ភាគ​ហ៊ុន​ចាប់​ផ្តើម​មាន​ចរាចរ​នៅ​ព្រះ​រាជា​ណាចក្រ កម្ពុជា ហើយ​មាន​មនុស្ស​ម្នា​ និង​ក្រុមហ៊ុន​ជា​ច្រើន​រំភើប​ចំពោះ​ការ​មក​ដល់​ថ្មី​នេះ​។ នៅ​ក្នុង​នោះ​រដ្ឋាករ ទឹក​ភ្នំពេញ​បាន​ចាប់​ផ្តើម​ផ្តល់​ការ​លក់​ហ៊ុន​មុន​គេ​នៅ​កម្ពុជា​ ក្នុង​តម្លៃ​​ដំបូង៦ ៣០០​រៀល (១,៥៧ដុល្លារ) ​ក្នុង​មួយ​ហ៊ុន​។​ ចំណែក​ឯ​ក្រុមហ៊ុន​ទូរគមនាគមន៍ កម្ពុជា និង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ការ​ចុះ​បញ្ជី​។​ ចុះ​ចំណែក​យុវវ័យ​កម្ពុជា​វិញ​ តើ​អ្នក​មាន​ការ​យល់​ដឹង​ប៉ុណ្ណា​ដែរ​អំពី​ទីផ្សារ​ភាគ​ហ៊ុន​?​ តើ​ផ្សារ​ភាគ​ហ៊ុន​មាន​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ចំពោះ​យុវវ័យ​?

ដោយ​សារ​តែ​វា​ទើប​តែ​មាន​វត្ត​មាន​នៅ​កម្ពុជា​ មាន​និស្សិត​មួយ​ចំនួន​នៅ​តាម​មហា​វិទ្យាល័យ​បាន​ចាប់​អារម្មណ៍​ចំពោះ​ ប្រធាន​បទ​នេះ​សម្រាប់​ធ្វើ​ជា​និក្ខេបបទ​ស្រាវជ្រាវ​។​ ទោះជា​យ៉ាង​ណា ក៏​មាន​សាលា​មួយ​ចំនួន​មាន​គោលការណ៍​មិន​អនុញ្ញាត​ឲ្យ​និស្សិត​ធ្វើ​ និក្ខេបបទ​ពី​វាទេ។​ អ្នក​យក​ព័ត៌មាន​របស់​យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​វិភាគ​ចំពោះ​បញ្ហា​នេះ​។

យ៉ាងណាមិញ ក៏​មិន​សូវ​ជា​មាន​មនុស្ស​ច្រើន​បាន​យល់​ដឹង​ជ្រៅជ្រះ​ពី​ដំណើរ​ការ​ ​និង​វិធី​លេង​ភាគ​ហ៊ុន​នេះ​ទេ។​ តើ​ការ​លេង​ភាគហ៊ុន​ផ្តល់​នូវ​គុណ​សម្បតិ្ត និង​គុណ​វិបត្តិ​អ្វីខ្លះ​ដល់​អ្នក ជាពិសេស​ចំពោះ​យុវវ័យ ផ្ទាល់​?​ កាល​យល់​ដឹង​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​លេង​មុន​ ពេល​ពួក​គេ​សម្រេច​ចិត្ត​ថា​លេង​។​

នៅ​សប្តាហ៍​នេះ​ដែរ ​យើង​រក​បាន​មនុស្ស​ម្នាក់​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ទិន្នន័យ និង​ប្រតិបតិ្ត​សន្ទស្សន៍​ទី​ផ្សារ​ នៃ​ក្រុមហ៊ុន​ទីផ្សារ​មូលបត្រ​កម្ពុជា​ ដែល​ចូល​ខ្លួន​មក​ចែក​រំលែក​នូវ​ចំណេះ​ដឹង ​និង​បទពិសោធ​ការ​ងារ​នៅ​ក្នុង​ផ្សារ​ភាគហ៊ុន​។​ តើ​ហេតុ​អ្វី​បាន​ជា​កញ្ញា​រូប​នោះ​មាន​ចំណូល​ចិត្ត​ផ្នែក​នេះ​?​

ជាង​នេះ​ទៅ​ទៀត​ ក៏​មាន​យុវជន​ម្នាក់​ដែល​ជា​ឈ្មួញ​ជើងសា​នៅ​ក្រុម​ហ៊ុន​ផ្សារ​មូល​បត្រ ដែលលោក​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ពន្យល់​ព័ត៌មាន​ដល់​អតិថិជន និង​ជា​តំណាង​ទិញ​លក់​ប័ណ្ណ​ភាគ​ហ៊ុន​ក្នុង​ផ្សារ​មូល​បត្រ។​ តើ​ហេតុ​អ្វី​បាន​ជា​គាត់​ចូល​ចិត្ត​អាជីព​នេះ ​និង​តើ​ធ្វើ​យ៉ាង​ដូច​ម្តេច​ទើប​គាត់​បាន​ក្លាយ​ជា​ឈ្មួញ​ជើងសា? សូម​ចូល​ទៅ​អាន​អត្ថបទ​ខាង​ក្នុង​។​

ខណៈ​ពេល​ដែល​ផ្សារ​ភាគ​ហ៊ុន​លេច​ជា​រូប​រាង​នៅ​កម្ពុជា​ មាន​យុវវ័យ​មួយ​ចំនួន​ក៏​មាន​បំណង​សិក្សា​ពី​ជំនាញ​នេះ​ដែរ​។​ យើង​រក​បាន​ក្រុម​ហ៊ុន​មួយ​ដែល​មាន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​នេះ ​ដើម្បី​បម្រើ​ដល់​តម្រូវ​ការនេះ និង​មាន​តម្លៃ​ថោក​សមរម្យ​។​

បើ​សិន​ជា​អ្នក​ចាប់​អារម្មណ៍​ពី​ផ្សារ​ភាគ​ហ៊ុន​ សូម​កុំ​ឲ្យ​ខក​ខាន​អាន​លេខ​នេះ​ឲ្យ​សោះ ​ហើយ​សូមផ្ញើជា​គំនិត​ និង​យោ​បល់​បន្ថែម​មក​យើង​ខ្ញុំ​តាម​រយៈ​ lift@phnomepenhpost.com។ ​សូម​ជូន​ពរ​ដល់​វិនិយោគិន​ទាំង​ឡាយ​ និង​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​ជួប​តែ​សំណាង​ល្អ​។​ សូមអរគុណ!