Headlines:

IPO របស់​ Facebook​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល

ភ្នំពេញៈ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​ឧសភា តម្លៃ​ IPO របស់ Facebook នឹង​ត្រូវ​កំណត់។ មួយ​ថ្ងៃ​បន្ទាប់ ការ​រំពឹង​ទុក​អំពី​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​នេះ នៅ​លើ​ទីផ្សារ​ទិញ​លក់ នឹង​អាច​កើន​ឡើង​ខ្ពស់​ជាង​តម្លៃ​នៅ​ពេល​ធ្វើ IPO។

ក្រុមហ៊ុន​នេះ​រំពឹង​ថា​នឹង​ប្រកាស​លក់​ភាគ​ហ៊ុន​ ៣៣៧,៥​លាន​ហ៊ុន​នៃ​ភាគ​ហ៊ុន​ ២,១​ពាន់​លាន​ហ៊ុន​។ ភាគ​ហ៊ុន​សរុប​មាន ២,៨​ពាន់​លាន​ហ៊ុន​រាប់​បញ្ចូល​ទាំង​ទុន​បុគ្គលិក ក្នុង​តម្លៃ​ពី ២៨ដុល្លារ ទៅ៣៥​ដុល្លារ ក្នុង​មួយ​ហ៊ុន។

ទឹក​ប្រាក់​ប្រហែល​ជា ១១,៨​ពាន់​លាន​ដុល្លារ​ ដែល​ទទួល​បាន​ពី IPO នឹង​ធ្វើ​ឲ្យ​ Facebook ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ធ្វើ IPO អ៊ីនធឺណិត​ធំ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ក្រុមហ៊ុន​នេះ​នឹង​មាន​មូលធន​ទីផ្សារ​ជិត​១០២​ពាន់​លាន​ដុល្លារ​។

Google ​បង្កើន​ដើម​ទុន​បាន ១,៦៧​ពាន់​លាន​ដុល្លារ​ពី IPO ក្នុង​ឆ្នាំ​២០០៤ ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អ៊ីនធឺណិត​ដ៏​ធំ​នេះ​មាន​ដើម​ទុន​ទីផ្សារ​រហូត​ដល់​ ២៣​ពាន់​លាន​ដុល្លារ​។ ៨​ឆ្នាំ​ក្រោយ​មក ដើម​ទុន​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ បាន​កើន​ឡើង​ដល់ ១៩៨​ពាន់​លាន​ដុល្លារ​។

IPO ថ្មី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក គឺ IPO របស់​ក្រុមហ៊ុន Visa ជា​ក្រុមហ៊ុន​សាជីវកម្ម​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ចម្រុះ​ជាតិ​សាសន៍ ដែល​បាន​បង្កើន​ដើម​ទុន​របស់​ខ្លួន​រហូត​ដល់​១៧,៩​ពាន់​លាន​ដុល្លារ​។ ធនាគារ​កសិកម្ម​ចិន ដែល​បង្កើន​ដើម​ទុន​របស់​ខ្លួន​ រហូត​ដល់​១៩,២​ពាន់​លាន​ដុល្លារ​ ជា IPO ធំ​ជាង​គេ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​

គេ​ជឿ​ថា​១៥​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក មាន​គណនី​ Facebook។

ក្រុម​ហ៊ុន​នេះ​អះអាង​ថា មាន​អ្នក​ប្រើ​ប្រាស់ Facebook ៩០០​លាន​នាក់ ក្នុង​នោះ ៨៤៥​លាន​នាក់​ប្រើ Facebook ជា​រៀង​រាល់​ខែ ហើយ​៤៨៣​លាន​នាក់ ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ប្រើ​ប្រាស់​បាន​ចុច​ «ចូល​ចិត្ត» ឬ «បញ្ចេញ​យោបល់​» ចំនួន ២,៧​ពាន់​លាន​នាក់ ក្នុង​មួយ​ថ្ងៃ។

ទន្ទឹម​នឹង​នេះ​ដែរ រូបថត ២៥០​លាន​រូប​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​នេះ​។ កាល​ពី​ខែ​មុន ក្រុម​ហ៊ុន​នេះ បាន​​ទិញ​ភាគ​ហ៊ុន​ Instagram ក្នុង​តម្លៃ ១​ពាន់​លាន​ដុល្លារ​ ដើម្បី​ចែក​រំលែក​រូប​ថត​តាម​ទូរស័ព្ទ​ចល័ត​ដោយ​ឥត​គិត​ថ្លៃ។

Facebook រក​ប្រាក់​ចំណូល​បាន ៣,៧​ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០១១ ដោយ​កើន​ឡើង​លើស​ឆ្នាំ​២០១០ ចំនួន ៨៨​ភាគ​រយ ហើយ​រក​ប្រាក់​ចំណេញ​បាន​១​ពាន់​លាន​ដុល្លារ​។ នៅ​ត្រី​មាស​ទីមួយ ឆ្នាំ​២០១២ ក្រុម​ហ៊ុន​នេះ រក​ប្រាក់​ចំណូល​បាន ១​ពាន់​លាន​ដុល្លារ​ កើន​លើស​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​មុន៤៥​ភាគ​រយ ប៉ុន្តែ​ប្រាក់​ចំណូល​សុទ្ធបាន​ធ្លាក់​ចុះ ១២​ភាគរយ។ ទាំង​ប្រាក់​ចំណូល ទាំង​ប្រាក់​ចំណេញ បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ត្រី​មាស​ទី​បួន ឆ្នាំ​២០១១។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ រក​ប្រាក់​ចំណូល​បាន ៤,៣៩​ដុល្លារ ពី​អ្នក​ប្រើប្រាស់​ម្នាក់ ធៀប​នឹង Google ដែល​រក​បាន​ដល់​ទៅ ៣០​ដុល្លារ​ និង Yahoo ៨​ដុល្លារ​ ក្នុង​ម្នាក់។

ការ​ផ្សាយ​ពាណិជ្ជកម្ម ស្មើ​នឹង​៨២​ភាគរយ ឬ ៨៧២​លាន​ដុល្លារ​នៃ​ប្រាក់​ចំណូល​នៅ​ត្រី​មាស​ទី​មួយ​របស់ Facebook។ ចំនួន​នេះ​ស្មើ​នឹង ១​ភាគរយ​នៃ​ការ​ចំណាយ​សរុប​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ពិភព​លោក ដែល​មាន​តម្លៃ​៥០៧​ពាន់​លាន​ដុល្លារ​។ ប្រាក់​ចំណូល​ផ្សេង​ទៀត​របស់ Facebook បាន​មក​ពី​ឥណទាន Facebook ដែល​ជា​ប្រព័ន្ធ​ទូទាត់​ការ​ទិញ​ application និង​ហ្គេម​របស់ Facebook ដែល​រក​ប្រាក់​ចំណូល​បាន ១៨៦​លាន​ដុល្លារ​។

ប្រាក់​ចំណូល​ពី Zynga ដែល​បាន​ផលិត​ហ្គេម Farmville និង​ហ្គេម​ផ្សេង​ៗ​ទៀត នៅ​លើ​ Facebook ស្មើ​នឹង ១២​ភាគ​រយ​នៃ​ប្រាក់​ចំណូល​សរុប​របស់ Facebook កាល​ពី​ឆ្នាំ​២០១១។

ទោះ​បី​ចំនួន និង​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​នេះ ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្តី ប៉ុន្តែ​ការ​វិនិយោគ​នៅ​លើ​ក្រុម​ហ៊ុន​នេះ មិន​មែន​គ្មាន​ហានិភ័យ​នោះ​ទេ ជា​ពិសេស​គឺ​នៅ​ថ្ងៃ​ធ្វើ​ការ​ជួញ​ដូរ​ដំបូង។

IPO អ៊ីនធឺណិត​ពេល​ថ្មីៗ​នេះ ដូចជា IPO របស់ Pandora Media និង Groupon ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ផល​ចំណេញ នៅ​ថ្ងៃ​ធ្វើ IPO ហើយ​ក្រោយ​មក វា​នឹង​ធ្លាក់​ចុះ។ ឧទាហរណ៍ ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ នៅ​តែ​លក់​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ពេល​បិទ​ឈប់​លក់​នៅ​ថ្ងៃ​ដំបូង។

រដ្ឋាករ​ទឹក​ភ្នំពេញ ជា​ឧទាហរណ៍​ដ៏​ល្អ​នៅ​ក្នុង​ស្រុក ដែល​តម្លៃ​របស់​វា​បាន​ឡើង​ខ្ពស់​ជាង​តម្លៃ​ពេល​ធ្វើ IPO ប៉ុន្តែ​បន្ទាប់​មក បាន​ធ្លាក់​ចុះ​វិញ ទាប​ជាង​តម្លៃ​ពេល​ចាប់​ផ្តើម​បើក​លក់​នៅ​ថ្ងៃ​ដំបូង៕ CS



This content has been locked. You can no longer post any comments.
Show/hide comments
busy