ក្រុងឌូបៃៈ បច្ចុប្បន្នពិភពលោកកំពុងតែមានទំនោរទៅរកការវិនិយោគលើសំណង់ សណ្ឋាគារនៅខាងក្រោមទឹកដ៏ប្រណីតយ៉ាងច្រើនព្រោងព្រាត។ សណ្ឋាគារក្រោមទឹកសព្វថ្ងៃមាននៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិក នៅទីក្រុងវាសស្ទឺរ៉ា ប្រទេសស៊ុយអែត នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម និងទីក្រុងអេស្តង់ប៊ុល ប្រទេសតួកគី។ សំណង់អគារទាំងនោះ មានខ្លះបានសាងសង់សម្រាប់បម្រើការងារពាណិជ្ជកម្មរួចរាល់ហើយ ខណៈខ្លះទៀតកំពុងតែដំណើរការសាងសង់។
ដោយឡែកសណ្ឋាគារ Water Discus Hotel គឺជាគម្រោងថ្មីនៃសណ្ឋាគារក្រោមទឹកក្នុងទីក្រុងឌូបៃ។ បច្ចុប្បន្នក្រុមហ៊ុនសំណង់ Drydocks World និង BIG InvestConsult របស់ស្វីសកំពុងតែសហការគ្នាសាងសង់អគារក្រោមទឹកដទៃទៀត ក្រៅពីសណ្ឋាគារ Water Discus Hotel ជាស្នាដៃរបស់ពួកគេ។
សណ្ឋាគារនៅក្រោមទឹកដ៏ល្អប្រណីតនេះត្រូវបានគូសគម្រោងដោយក្រុម វិស្វករប្រទេសប៉ូឡូញ បើយើងមើលទៅវាហាក់ដូចជាថាសហោះដ៏ធំមួយ ដែលអណ្តែងលើអាកាសអ៊ីចឹង។ មួយផ្នែកនៃសណ្ឋាគារនេះត្រូវគេសង់នៅអណ្តែតលើផ្ទៃទឹក មានសសរបីទ្រ និងមួយផ្នែកឯទៀតស្ថិតនៅប្រហែលជា ១០ ម៉ែត្រនៅក្រោមផ្ទៃមហាសាគរតែម្តង។ វាត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកទេសទំនើបទាន់សម័យ ដូចជាជណ្តើរឡើងជើង និងជណ្តើរយន្តជាដើម។ សណ្ឋាគារមានបន្ទប់ចំនួន២១ សម្រាប់ភ្ញៀវដែលហ៊ានជះប្រាក់ មានកន្លែងលោតទឹកលេងកម្សាន្ត ព្រមទាំងបារ៍ផងដែរ។
ចំពោះលោកអ្នកបារម្ភពីបញ្ហាសុវត្ថិភាព សណ្ឋាគារ Water Discus Hotel នេះត្រូវបានសង់ឡើងធន់នឹងការបោកបក់នៃរលកទឹកសមុទ្រ សូម្បីតែក្នុងករណីមានព្យុះរលកយក្សស៊ូណាមិ។ ប្រព័ន្ធសុវត្ថិភាពមួយទៀតគឺ នៅពេលណាមានគ្រោះមហន្តរាយកើតឡើង អគារក្នុងទឹកនឹងផុសអណ្ដែតលើផ្ទៃទឹកភ្លាមៗផងដែរ៕ PR
ភ្នំពេញ ប៉ុស្តិ៍







