ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

បទសម្ភាសជាមួយលោក ហ៊ុន ម៉ានី

120524_01b
120524_01c
120524_01d
120524_01e
  • Prev
  • 1 of 4
  • Next

អ្នក​យក​ព័ត៌មាន​របស់​ទស្សនា​វដ្តី LIFT នៃ​កា​សែត ភ្នំពេញ ប៉ុស្តិ៍ លោក មែរ ច័ន្ទ​ប៉ូលី​ដេត  និង​កញ្ញា ដា​រ៉េត រ៉ូហ្សា​លីន បាន​អង្គុយ​សំណេះ​សំ​ណាល​​ជា​មួយ​លោក ហ៊ុន ម៉ានី ដែល​ជា​កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន។  លោក ហ៊ុន ម៉ានី ​ជា​អ្នក​ដឹក​​​នាំ​ក្រុម «​យុវជន​ក្នុង​បុព្វហេតុ​មាតុ​ភូមិ​»។

មនុស្ស​ជា​ច្រើន​ជឿ​ថា កូន​មន្រ្តី​ជាន់​ខ្ពស់​ ឬ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​មួយ​ចំនួន​ មាន​ចរិត​ទំនើង​ ច្រ​លើស​បើស និង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​ឡើយ​។ កាល​ណា​គ្រួសារ​របស់​គេ​កាន់​តែ​មាន​ឋានៈ​​ខ្ពង់​ខ្ពស់​នៅ​ក្នុង​សង្គម អ្នក​ដទៃ​តែង​តែ​មាន​អារម្មណ៍​ថា អាកប្ប​កិ​រិ​យា​របស់​ពួក​គេ​កាន់​តែ​មិន​គប្បី​ចំពោះ​អ្នក​ដទៃ។​ ប៉ុន្តែ​ការ​យល់​ឃើញ​ដូច​នេះ​មិន​ត្រឹម​ត្រូវ​ឡើយ ​នៅ​ពេល​ដែល​គេ​និ​យាយ​ទៅ​ដល់​កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន គឺលោក​ ហ៊ុន ម៉ានី។

នៅ​ពេល​ចុះពី​លើ​រថយន្ត យុវជន​ម្នាក់​ប្រកប​ដោយ​ចរិត​សុភាព​រាប​សា ​ពាក់អាវពណ៌​ផ្ទៃ​មេឃ​ ខោ​ពណ៌​​ខ្មៅ លោក ហ៊ុន​ ម៉ានី បាន​ស្វាគមន៍​អ្នក​យក​ព័ត៌​មាន​របស់​ទស្សនាវដ្តី LIFT  និង​​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​ក្នុង​ការិ​យា​ល័យរបស់​លោក​ក្នុង​ឥរិយាបថសុភាព​រាប​សានិង​សាមញ្ញ។​ លោក ហ៊ុន​ ម៉ានី បា​ន​អនុញ្ញាត​ឲ្យ​អ្នក​យក​ព័ត៌​មាន​របស់​ LIFT ធ្វើកិច្ច​សម្ភាស​​ពិសេស​ជា​មួយ​​លោក​​ទាក់​ទិន​នឹង​ក្រុម​យុវជន​មួយ​ដែល​មាន​ឈ្មោះ​ថា «យុវជន​ក្នុង​បុព្វ ហេតុ​មាតុ​ភូមិ» ដែល​​ជា​ក្រុម​​មួយបង្កើត​ឡើង​ដោយ​រូប​លោក​ផ្ទាល់ ហើយ​បាន​និង​កំពុង​ដំណើរ​ការ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ ។ ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសផ្ទាល់​ជា​មួយ​លោក ហ៊ុន ​ម៉ានី៖

សៈ តើ​លោក​អាច​ធ្វើ​ការ​រៀប​រាប់​ពី​ប្រវត្តិ​ខ្លះ​ៗ​របស់​ក្រុម​យុវជន​នេះ​បាន​ទេ​?

ចៈ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​យុវ​ជ​នស្ម័គ្រ​ចិត្ត ដែល​ពួក​គេ​ទាំង​នោះ​មាន​ទស្សនវិស័យ​រួម​គ្នា ពោល​គឺ​ពួក​គេ​បាន​មើល​ឃើញ​ពី​បុព្វ​ហេតុ​ល្អ​ៗនៃ​ការលះ​បង់​របស់​យុវជន​ជំនាន់​មុន​ក្នុង​បុព្វ​ហេតុ​​​​ជាតិ​​មាតុ​ភូមិ។ យុវជន​យើង​យល់​ថា ​ការ​ដឹង​គុណ និង​យុត្តិ​ធម៌​ត្រូវ​តែ​ផ្តល់​ឲ្យ​ដល់​យុវជ​ន​ជំ​នាន់​​មុន​​ទាំង​​នោះ​សម្រាប់​ការ​លះ​បង់​របស់​ពួក​គាត់ តាម​រយៈ​ការ​ផ្តល់កិត្តិយស ការរក្សា​នូវ​កេរដំណែល​ដែល​ពួក​គាត់​បាន​បន្សល់​ទុក និង​ការ​ជំរុញ​អ្វី​ៗ​ទាំង​នោះ​ឲ្យ​វិវឌ្ឍ​ទៅ​មុខ។ សមា​ជិក​របស់​ក្រុម​នេះ គឺ​សុទ្ធ​តែ​ជា​យុ​​វជន​ស្ម័គ្រ​ចិត្ត​ទាំង​អស់។ ក្រុម​នេះ​មិន​ទាន់​មាន​រចនា​សម្ព័ន្ធ​ផ្លូវ​ការនៅ​ឡើយ​ទេ។ ប៉ុន្តែ សម្រាប់​​ពេល​បច្ចុប្បន្ន ខ្ញុំ​ផ្ទាល់​ត្រូវបាន​គេ​គាំ​ទ្រ​ឲ្យ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល និង​ដឹក​នាំ​ក្រុម។ ជា​​ក្រុម​ស្ម័គ្រ​ចិត្ត​មួយ យើង​មិន​មាន​គោល​ការណ៍​កម្រិត​ចំនួន​សមាជិក​ចូល​រួម​ឡើយ ពោល​គឺ​អ្នក​ដែល​មើល​ឃើញ​ពីបុព្វ​ហេតុ​ដត្រឹម​ត្រូវ​របស់​ក្រុមនេះ​អាច​ចូល​រួម​ជា​មួយ​យើង​បាន​ទាំង​អស់​។ នា​ពេល​បច្ចុប្បន្ន​នេះ យើង​មាន​សមា​ជិក​ជា​ច្រើន​មក​ពី​ប្រភព​ផ្សេងៗ​គ្នា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សាស្រ្តា​ចារ្យ​នៅ​តាម​សាកល​វិទ្យា​ល័យ បុគ្គ​​លិក​អង្គការ​មិន​មែន​រដ្ឋា​ភិបាល មន្រ្តី​រាជ​រដ្ឋា​ភិ​បាល ​វិនិយោ​គិន​ មេធាវី និង​បុគ្គលិក​ក្រុម​ហ៊ុន​ឯក​ជន​នា​នា ដែល​អ្នក​ទាំង​នោះ​មានការ​ជឿ​ជាក់ និង​មាន​ ទស្សន​វិស័យ​រួម​ជា​មួយ​យើង។

សៈ តើ​ក្រុម​របស់​លោក​មាន​គោល​បំណង និង​ទិស​ដៅ​ចុង​ក្រោយ​យ៉ាង​ណា​ដែរ?

ចៈ យើង​ទាំង​អស់​គ្នា​បាន​ដឹង​យ៉ាង​ច្បាស់​ថា ថ្នាល​ដែល​យើង​កំពុង​តែ​បណ្តុះ​តាំង​ពីដើម​រហូត​មក​ដល់​បច្ចុប្បន្ន  ត្រូវ​បាន​បង្កើត​ឡើង ដោយ​យុវ​ជន​ជំនាន់​មុន។ ដូច្នេះ គោល បំណង​របស់​យើង គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់​ពី​បញ្ហា​នេះ ​ដើម្បី​ឲ្យ​ពួក​គេ​ជួយ​ធ្វើ​យ៉ាង​ណា​ថែ​​រក្សា​​ថ្នាល​នេះ​​ឲ្យ​បាន ​និង​ធ្វើការ​លើក​ស្ទួយ ក៏​ដូច​ជា​អភិវឌ្ឍ​នូវ​ថ្នាល​នេះ​ឲ្យ​កាន់​តែ​ប្រ​សើរ​ឡើង។ យើងមានទស្សនៈ​វិស័យ​ចំពោះ​សង្គម កម្ពុជា ថាជា​សង្គម​មួយ​ដែល​យុវជន​គ្រប់​ស្រ​ទាប់​វណ្ណះ និងនិន្នាការ មិនត្រូវ​បាន​រើស​​​អើង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ និងចាត់ទុកថា ជាកម្លាំងស្នូល​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​មាតុ​ភូមិ​កម្ពុជា​ទាំង​អស់​គ្នា។ យើង​ព្យា​យាម​អស់​ពី​លទ្ធភាព​ក្នុងការ​ពន្យល់លើក​​ទឹកចិត្ត និងប្រែ​ក្លាយ​ទស្សន​វិស័យ​របស់​យើង​ឲ្យ​ទៅ​ជា​សកម្ម​ភាព តាម​រយៈ​ការ​ផ្តួច​ផ្តើម​ឲ្យ​មាន​នូវ​ការជួបជុំ​ក្នុង​សង្គម ការ​ប្រ​ជុំជា​ក្រុម​តូចៗ ការ​ផ្លាស់​ប្តូរ​យោបល់ និងបទពិសោធរវាងគ្នានិងគ្នា ការអប់រំ​ផ្នែក​ពល​រដ្ឋ​វិជ្ជា។ល។ ដើម្បី​ឲ្យ​យុវជន​កម្ពុជា ទាំង​អស់​បាន​យល់​ពី​តួនាទី និង​កាតព្វ​កិច្ច​របស់​ពួកគេ ហើយ​ឲ្យ​​ធ្វើ​តែ​អំពើ​ល្អ​ក្នុង​បុព្វ​ហេតុ​ប្រជាជន​ និង​មាតុ​ភូមិ​ជាទី​ស្នេហា​របស់​ពួកគេ​ជា​ជាង​ការ​ចំណាយ​ពេលវេ​លា​ប្រព្រឹត្តនូវ​អំពើ​អបាយ​មុខ​នានា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ ។

សៈ តើ​កត្តា​ចម្បង​អ្វីខ្លះ​ដែល​ជំរុញ​រូប​លោក និង​យុវជន​ស្ម័គ្រ​ចិត្ត​ដទៃ​ទៀត​ឲ្យ​ចូល​រួម ក្នុង​ចលនា​យុវជន​នេះ?

ចៈ កត្តា​ចម្បង​មួយ​ដែល​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ចូល​រួម​ក្នុង​សកម្ម​ភាព​នេះ គឺ​ថា ជា​ទូទៅ យុវជន​ជា​ក្រុម​មនុស្ស ដែល​មាន​កម្លាំង ក្លៀវក្លា ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ខ្ញុំ​មាន​អារម្មណ៍ ដូច្នេះ ព្រោះខ្ញុំក៏​ជា​យុវជន​​​មួយ​រូប​ដែរ។ មែន​ហើយ យើង​មាន​នូវ​ថាមពល​ខ្លាំង​ក្លា ដើម្បី​ធ្វើ​អំពើ​ល្អៗ​ក្នុង​បុព្វហេតុ​ប្រជា​ជន និងមាតុ​ប្រ​ទេស​កម្ពុជា​ជា​ទី​ស្នេហា​របស់​យើង។ ការ​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​នេះ ប្រាកដ​ណាស់ បាន​​ជំរុញ​រូប​ខ្ញុំ និង​សមា​ជិក​ផ្សេង​ៗ​ទៀត​ឲ្យពួត​ដៃ​គ្នា​បង្កើត​ក្រុម​នេះ​ឡើង។ កត្តា​ប្រវត្តិ​សាស្រ្ត​គឺ​ជា​កត្តា​មួយ​ផ្សេងទៀត​ដែល​ជំរុញ​រូប​ខ្ញុំ និង​យុវជន​ស្ម័គ្រ​ចិត្ត​ដទៃ​ទៀត​ឲ្យ​ចូល​រួម​ក្នុង​ចលនា​យុវជន​​​នេះ។ កាល​ពី​មុន​ប្រទេស​កម្ពុជា​មិន​មាន​ភ័ព្វ​សំ​ណាង​ឡើយ ដោយ​ប្រទេស​នេះ​បាន​ឆ្លង​កាត់​នូវ​អស្ថិរ​ភាព​នយោ​បាយ ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​រ៉ាំ​រ៉ៃ​អស់​ពេល​យ៉ាង​យូរ ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ ​និង​ប្រជាជន​របស់​ខ្លួន​មិន​មាន​ឱកាស​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​អ្វី ដែល​ខ្លួន​ចង់​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែដោយ​មើល​ឃើញ​ពី​ស្ថាន​ភាព​នា​​ពេល​បច្ចុប្បន្ន ពោល​គឺ​ស្ថាន​ភាព​ដែល​ពោរ​ពេញ​ទៅ​ដោយ​សុខ​សន្តិភាព ស្ថិរ​ភាព និង​ការអភិវឌ្ឍ​ដែល​​កំពុង​តែ​ចាក់​ឫស​យ៉ាង​មាំ យើង​ក៏​ឆ្លៀត​ឱ​កាស​នេះ​សម្តែង​នូវ​ការ​គាំទ្រ​​ចំពោះ​អ្វី​ដែល​យើង​​កំពុង​តែ​មាន ហើយ​រិះ​រក​មធ្យោ​បាយ​ដើម្បី​ជួយ​ជំរុញនូវ​ស្ថាន​ភាព​នេះ​បន្ថែម​ទៀត​ តាម​រយៈ​​ការ​ស្វែង​យល់​ពី​បុព្វ​ហេតុនានា ដែល​នាំ​ឲ្យ​មាន​នូវ​លទ្ធផល​ដ៏​ត្រ​ចះ​ត្រចង់​ចាប់​តាំង​ពី​ឆ្នាំ​សូន្យ​​រហូត​មក​ដល់​សព្វ​ថ្ងៃ ព្រម​ទាំង​មធ្យោ​បាយ​ក្នុង​ការ​ថែ​រក្សា​វា និង​មធ្យោ​បាយ​ក្នុង​ការ​អភិវឌ្ឍ​​​ស្ថាន​ភាពនេះ​​ទៅ​ថ្ងៃ​អនា​គត​ទៀត។ ដោយ​យើង​មាន​ជំនឿ​ថា បុគ្គល​គ្រប់​រូប​ជា​កោសិកា​សង្គម យើង​ត្រូវ​តែ​ធ្វើ​អ្វីៗ​ដើម្បី​បំប៉ន​នូវ​កោសិកា​ទាំង​នោះ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ចូល​រួម​ក្នុង​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​អាច​ផ្តល់​​ផ្លែ​ផ្កា​ដល់​សង្គម​ជាតិ។ វា​ជា​រឿង​គួរ​ឲ្យ​សោក​​ស្តាយ​ណាស់​ចំ​ពោះ​យុវជន​កម្ពុជា​យើង​មួយ​ចំនួន ដែល​ខ្ញុំ​យល់​ថា ថាម​ពល​រាង​កាយ ​និង​ស្មារតី​របស់​ពួក​គេ​ជា​កម្លាំង​ចលករ​ដ៏​សំ​ខាន់​ ដែល​ប្រទេស​ជាតិ​កំពុង​​ត្រូវ​ការ​ក្នុង​កិច្ច​អភិវឌ្ឍ​មាតុ​ប្រទេស​នៅ​ក្នុង​ដំ​ណាក់​កាល​កំពុង​តែ​មាន​សុខ​​សន្តិ​ភាព​ បាន​ចំណាយ​​ពេល​​វេ​លា​ឥត​ប្រយោជន៍​ប្រឡូក​​ខ្លួន​ចូល​ទៅ​ក្នុង​អំពើ​ល្មើស​នា​នា​។ ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា យុវជន​យើង​ជា​ច្រើន​បាន​យល់​ច្បាស់​ថា ខ្លួន​កំពុង​តែ​ទទួល​​​បាន​សុវត្ថិ​ភាព​យ៉ាង​ល្អ រួច​ផុត​ពី​សង្គ្រាម​ស៊ីវិល ពី​ការ​រត់​គេច​​​ពី​គ្រាប់​កាំ​ភ្លើង​ទៅ​ទី​តាំង​សុវត្ថិ​ភាព មិន​ដូច​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ជាង២០ ​ឆ្នាំ​​មុន​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​​យុវជន​គប្បី​យល់​ថា ព្រំដែន​នៃ​មហិ​ច្ឆតា​របស់​យើង មិន​កំ​ណត់​ត្រឹម​ការ​ទទួល​បាន​នូវ​សុខ​សន្តិ​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យុវជន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សកម្ម និង​ប្រកួត​ប្រជែង​ជាប់​ជា​និច្ច។ យើង​នឹង​មិន​អាច​រក្សា​សុវត្ថិ​ភាព​សេដ្ឋ​កិច្ច​ឲ្យ​ខ្លួន​យើង​បាន​ល្អ​ឡើយ ក្នុង​សម័យ​សាកល​ភា​វូប​នីយកម្ម​បច្ចុប្បន្ន​នេះ ប្រសិន​ណា​បើ​យើង​មិន​ខិត​ខំ​ប្រកួត​ប្រជែង ជា​ពិ​សេស​បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​យុវជន​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ជិត​ខាង​យើង​។ បច្ចុប្បន្ន​​នេះ ​យុវជន​យើង​មិន​ចាំ​បាច់​រៀន​បាញ់​កំា​ភ្លើង​ទៀត​ឡើយ ​ប៉ុន្តែ​ពួក​គេ​ត្រូវ​រៀន​កាត់​​ដេរ​​នៅ​តាម​បណ្តា​រោង​ចក្រ​នា​នា ​ឬ​រៀន​ដាំ​ដុះ​តាម​វាល​ស្រែ​ជំនួស​វិញ ។ល។

សៈ តើ​ក្រុម​យុវជន​របស់​លោក​សម្រេច​បាន​នូវ​សមិទ្ធ​ផល និង​ស្នា​ដៃ​អ្វី​ខ្លះ​តាំង​ពី​ពេល​បង្កើត​មក ?

ឆៈ បើ​ប្រៀបធៀប​ទៅ​អ្វី​ដែល​សម្រេច​បាន​ដោយ​យុវ​ជន​ជំ​នាន់​មុន ក្រុម​យុវជន​យើង​មិន​ទាន់​សម្រេច​​អ្វី​ជា​ដុំ​កំ​ភួន​ច្រើន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​យើង​មាន​មោទន​ភាព ដោយ​អ្វីៗ​ដែល​យើង​បាន​​ធ្វើ កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ជោគ​ជ័យ។ ការ​វិវឌ្ឍ​នេះ​គឺ​ប្រាកដ​ណាស់ ត្រូវ​បាន​ជំរុញ​ដោយ​ទស្សនវិស័យ​ដ៏​ថ្លៃ​ថ្លា​របស់​យើង​ដែល​ថា មនុស្ស​ម្នាក់​ៗ​នៅ​ក្នុង​សង្គម​មិន​គប្បី​សួរ​ថា តើ​ប្រទេស​​ជាតិ​របស់​ខ្លួន​អាច​ផ្តល់​អ្វី​ឲ្យ​ខ្លួន​ឡើយ ប៉ុន្តែ​ត្រូវ​សួរ​ថា តើ​ខ្លួន​អាច​ផ្តល់​អ្វី​ឲ្យ​ដល់​ប្រទេស​ជាតិ​​របស់​​ខ្លួន​វិញ។ ខ្លួន​ខ្ញុំ​ផ្ទាល់​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​នេះ​ ហើយ​ខ្ញុំ​ជឿ​ថា សមា​ជិក​ក្រុម​របស់​ខ្ញុំ​ទាំង​អស់​ក៏​ប្រ​កាន់​ខ្ជាប់​នូវ​ទស្សនៈ​ដូច​គ្នា​នេះ​ដែរ។ ជា​មួយ​នឹង​ទស្សនៈ​នេះ យើង​មាន​មោទន​ភាព​នឹង​និយាយ​ថា កិច្ច​ប្រឹង​ប្រែង​ជា​លក្ខណៈ​បុគ្គល និង​ជា​ក្រុម​របស់​យើង​ ពិត​ជា​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍមាតុ​ភូមិ​កម្ពុជា។  ជា​ឧទាហរណ៍ ក្រុម​របស់​យើង ក្នុង​រយៈ​ពេល​​កន្លង​មក បាន​រួម​ចំណែក​ក្នុង​កិច្ច​ការ​ពារ​បរិស្ថាន ដែល​ក្នុង​នោះ​យើង​បាន​ចូល​រួម​ដាំកូន​ឈើ លែង​កូន​ត្រី និង​បង្កង​ទៅ​ក្នុង​បឹង​ធម្មជាតិ និង​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​សង្គម​មួយ​ចំនួន​ផ្សេង​ទៀត​​ ដូច​ជា​សកម្មភាពសម្អាត​បរិស្ថាន​សហគមន៍ ការ​ចែក​អំ​ណោយ​ជូន​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ការ​បរិច្ចាគ​ឈាម​ជា​ដើម។ ​ក្រៅ​ពី​នេះ ​ក្រុម​យុជន​យើង​ក៏​បាន​ធ្វើ​ការ​ផ្តួច​ផ្តើម​ឲ្យ​មាន​នូវ​ទស្សនកិច្ច​សិក្សា​មួយ​ចំនួន​សម្រាប់​និស្សិត​នៅ​តាម​មហា​វិទ្យា​ល័យ និង​សាកល​វិទ្យា​ល័យ​នា​នា​ ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱ​កាស​បាន​ឃើញ​នូវ​ខ្សែ​ចង្វាក់​ផលិត​កម្ម​ដោយ​ផ្ទាល់​នៅ​នឹង​ទី​កន្លែង​ និង​ក៏​ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​នោះ ជា​មួយ​នឹង​ទ្រឹស្តី​ដែល​ពួក​គេ​បាន​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន​។ ជាក់​ស្តែង នា​ពេល​ថ្មី​ៗ​នេះ យើង​បាន​ដឹក​នាំ​ក្រុម​និស្សិត​ចំនួន ​៥០០​នាក់ ដែល​អញ្ជើញ​មក​ពី​សា​កល​វិទ្យា​ល័យ និង​មហា​វិទ្យា​ល័យ​ចំនួន ២២​ ផ្សេង​ៗ​គ្នា ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​ក្រុម​ហ៊ុន Phnom Penh Sugar ដែល​នៅ​ទី​នោះ ពួក​គេ​មាន​ឱកាស​បាន​ឃើញ​នូវ​ខ្សែ​ចង្វាក់​ផលិត​កម្ម​របស់​ក្រុម​ហ៊ុន​ដោយ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ ក្រុម​របស់​យើង​ក៏​ធ្លាប់​បាន​ធ្វើ​ពិ​ធី​ជួប​ជុំ​ជា​មួយ​នឹង​ក្រុម​និស្សិត​ប្រមាណ​២០.០០០​នាក់ នៅ​ពហុ​កី​ឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក ដោយ​ផ្តោត​ទៅ​លើ​ប្រធាន​បទ យុវជន​​ក្នុង​បុព្វ​ហេតុ​មាតុ​ភូមិ។ ក្រៅ​ពី​នេះទៀត យើង​ក៏​បាន​ចូល​រួម​ក្នុង​សកម្មភាព​កី​ឡា​ជា​ច្រើន​ ដែល​ក្នុង​នោះ​ពួក​យើង​បាន​ធ្វើ​ការ​ប្រកួត​ជា​មួយ​ក្រុម​យុវជន​ដទៃ ឬ​រួម​គ្នា​ជា​មួយ​ក្រុម​ដ​ទៃ ធ្វើ​យ៉ាង​ណា​ដើម្បី​​លើកកម្ពស់សុខ​ភាព​ឲ្យ​កាន់​តែ​ប្រសើរ និង​ជំរុញ​មិត្ត​ភាព​ឲ្យ​កាន់​តែ​ស្និទ្ធស្នាល​។ កាល​ពី​ឆ្នាំ​មុន ក្រុម​​​របស់​យើង​បាន​បង្កើត​នូវ​ព្រឹត្តិ​ការណ៍​បោះ​ជំរំយុវ​ជន​មួយ ហើយ​ខ្ញុំ​មាន​សេច​ក្តី​រីក​រាយ​នា​ពេល​នេះ​ដោយ​សូម​ធ្វើ​ការ​ប្រកាស​ថា យើង​នឹង​មាន​សកម្ម​ភាព​ដូច្នេះ​នា​ពេល​ខាង​មុខ​ទៀត។

សៈ តើ​លោក​គិត​ថា សកម្ម​ភាព​ក្រុម​នេះ​មាន​ឥទ្ធិ​ពល​ទេ​ចំពោះ​យុវជន​កម្ពុជា​?

ចៈ បាទ​ ខ្ញុំ​គិត​ថា​ វា​មាន​ឥទ្ធិពល​តិចឬ​ច្រើន។ ប៉ុន្តែ ទោះ​បី​ជា​ឥទ្ធិពល​នោះ​មាន​កម្រិត​ណា​ក៏​ដោយ ក៏​ពួក​យើងមិន​រា​ថយ​ឡើយ ព្រោះ​ពួក​យើង​ឈរ​នៅ​លើ​ជំហរ​មួយ​យ៉ាង​ច្បាស់​លាស់​ថា​ អ្វី​ៗ​ដែល​ពួក​យើង​កំពុង​ធ្វើ​គឺ​ដើម្បី​ជួយ​ដល់​មាតុ​ប្រ​ទេស និង​ប្រជាជន​យើង​ ពោលគឺ​យើង​មិន​បាន​ធ្វើ​ប្រ​ជា​ភិ​ថុត​​ដល់​​​អ្នក​ណា​ម្នាក់​ឡើយ។  កន្លង​មក​យើង​បាន​ធ្វើ​ការ​ជា​មួយ​យុវជន​មិន​តិច​ជាង ២០.០០០ នាក់​ឡើយ ហើយ​បើ​ទោះ​ជា​យើង​មិន​មាន​ការ​ស្ទាប​ស្ទង់​ពី​កម្រិត​នៃ​ឥទ្ធិ​ពល​នៃ​សកម្ម​ភាព​ទាំង​នោះ​លើ​ពួក​គេ​​ជាក់​​ច្បាស់​ណា​មួយ​ក៏​ដោយ ក៏​យើង​អាច​ប៉ាន់​ស្មាន​បាន​ថា ពួក​គេ​ទទួល​រង​ឥទ្ធិ​ពល​វិជ្ជ​មាន​ទាំង​នេះ ហើយ​ពួក​គេ​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ពួកគេ​នៅ​​ក្នុង​សកម្ម​ភាព​ទាំង​ឡាយ​របស់​យើង។ ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​នេះ​កើត​ឡើង​ក្រោម​រូប​ភាព​នៃ​ការ​ចូល​​រួម​ជា​ធ្លុង​មួយ​របស់​យុវជន​យើង ដែល​ការ​ចូល​រួម​នេះ​បាន​ជះ​ឥទ្ធិ​ពល​វិជ្ជ​មាន​ចម្រុះ​ទៅ​លើ​បណ្តា​អ្នក​ចូល​រួម​គ្រប់​ៗ​រូប។​ អ្វី​ដែល​ខ្ញុំ​អាច​សនិ្នដ្ឋាន​បាន​នៅ​ពេល​នេះ​គឺ​ថា ពួក​គេ​ទាំង​អស់​នោះ​ពិត​ជា​ទទួល​បាន​ឥទ្ធិ​ពល​វិជ្ជ​មាន​ទាំង​នេះ ព្រោះ​ពួក​គេ​ភាគ​ច្រើន​មាន​ទស្សនវិស័យ ​និង​បុព្វ​ហេតុ​ដូច​ខ្ញុំ និង​សមា​ជិក​ក្រុម​ខ្ញុំ​ទាំង​អស់​ដែរ។

សៈ តើ​ក្រុម​យុវជន​របស់​លោក​ជួប​ប្រទះ​នឹង​ការ​លំ​បាក​អ្វី​ខ្លះ​ទេ?

ចៈ បាទ​ ក្រុម​របស់​យើង​ក៏​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ដែរ​។ យើង​ទាំង​អស់​គ្នា​ជា​យុវជន ​យើង​ប្រាកដ​​ជា​មាន​ភាព​ខ្វះ​ខាត ឬត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ខ្វះ​ខាត​នូវ​បទ​ពិសោធ ​និង​ចំណេះ​ធ្វើ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​រៀន។ យើង​ត្រូវ​តែ​រៀន​តាម​រយៈ​សកម្ម​ភាព​របស់​យើង ហើយ​នេះ ប្រាកដ​​ណាស់​ជា​ព្រំ​ដែន​កម្រិត​របស់​ពួក​យើង។ មិន​តែ​ប៉ុណ្ណោះ ដូច​យើង​បាន​ឃើញ​ស្រាប់​ហើយ សមា​ជិក​​ក្រុម​របស់​យើង សុទ្ធ​តែ​មាន​ការ​ងារ​ដ៏​ទៃ​ផ្សេង​ៗ​ទៀត​ដែរ បន្ថែម​ពី​លើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​នេះ​។ ដើម្បី​​រក្សា​នូវ​និរន្តរ​ភាព​នៃ​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​របស់​ពួក​យើង និង​ការ​ងារ​ស្ម័គ្រ​ចិត្ត​នេះ យើង​ត្រូវរ​ក្សា​នូវ​តុល្យភាព​ពេល​វេ​លា​ឲ្យ​បាន​ត្រឹម​ត្រូវ។ បញ្ហា​នេះ​បាន​កម្រិត​នូវ​សកម្ម​ភាព​យើង​មួយ​ចំនួន​ដែរ។

សៈ តើ​ក្រុម​យុវ​ជន​របស់​លោក​ ដោះ​ស្រាយ​នូវ​បញ្ហា​ទាំង​នេះ​ដោយ​វិ​ធី​ណា?

ចៈ វា​ជា​ភ័ព្វ​សំ​ណាង​ដែរ ដែល​ក្រុម​របស់​យើង​មាន​នូវ​សមា​ជិក​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ និង​មាន​នូវ​​ជំនាញ​​ផ្សេង​ៗ​គ្នា។ ដោយ​ផ្អែក​លើ​គោល​ការណ៍​បើក​ចំហ  យើង​តែង​តែ​បាន​លើក​យក​បញ្ហា​ទាំង​អស់​ដាក់​​លើ​តុ​ដើម្បី​ធ្វើ​ការ​ពិ​ភា​ក្សា។ ភាព​មធ័្យត ភាព​ច្បាស់​លាស់​ និង​ការ​តាំង​ចិត្ត​របស់​ពួក​យើង​ បាន​ជួយ​ឲ្យ​ក្រុម​នេះ​ជម្នះបាន​នូវ​បញ្ហា​ប្រ​ឈម​ទាំង​នោះ។ ចំណុច​ខ្លាំង​មួយ​ផ្សេង​ទៀត​ដែល​យើង​មិន​គួរ​មើល​រំលង​នោះ​គឺ​ប្រការ​ដែល​ថា ក្រុម​របស់​យើង​មិន​ដែល​ចាត់​ទុក​បញ្ហា​ប្រឈម​ជា​ឧបសគ្គ​ឡើយ ផ្ទុយ​ទៅ​វិញ​ក្រុម​​​របស់​​យើង​តែង​ចាត់​ទុក​បញ្ហា​ប្រឈម​ទាំង​នោះ​ជា​ឱកាស ឬ​ជា​មេរៀន​ទៅ​វិញ។ ក្រៅ​ពីនេះ យើង​ក៏​​តែង​តែ​សិក្សា​ពី​យុវ​ជន​ជំ​នាន់​មុន ដែល​ពួក​គាត់​ធ្លាប់​ហែល​ឆ្លង​កាត់​នូវ​បញ្ហា​ប្រ​ឈម​​ទាំង​​នោះ។

សៈ តើ​ក្រុម​យុវជន​របស់​លោក​មាន​គម្រោង​យ៉ាង​ណា​សម្រាប់​ពេល​អនាគត​?

ចៈ ដូច​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ទស្សន​វិ​ស័យ​របស់​ក្រុម ក្រុម​នេះ​មាន​ទិស​ដៅ​ចង់​ឲ្យ​មាន​សង្គម​កម្ពុជា​​​មួយ ដែល​យុវជន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​ជា​ទី​ស្នេហា​របស់​ខ្លួន។ និយាយ​ឲ្យចំ ​យើង​មាន​គម្រោង​ធ្វើ​នូវ​រាល់​សកម្មភាព​ទំាង​ឡាយ​ណា ​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​បំ​ផុស លើក​ទឹក​ចិត្ត និង​ជួយ​ជ្រោម​ជ្រែង​តាម​ដែល​អាច​ធ្វើ​បាន​ទៅ​ដល់​ពួក​គេ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រើ​ប្រាស់​​នូវ​កម្លាំង​កាយ និង​ស្មារតី​របស់​ខ្លួន​ឲ្យ​អស់​ពី​លទ្ធភាព​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​របស់​​​ខ្លួន​តាម​ដែល​គេ​អាច​ធ្វើ​បាន។ យើង​ក៏​មាន​គម្រោង​ចង់​ធ្វើ​ឲ្យ​ក្រុម​នេះ​ក្លាយ​ជា​ក្រុម​គំរូ​មួយ​សម្រាប់​​យុវជន​ដទៃ​ទៀត​ដែល​មាន​ឆន្ទៈចង់​ធ្វើ​អ្វី​ៗ​ដើម្បី​បុព្វ​ហេតុ​អភិវឌ្ឍ​មាតុ​ប្រទេស និង​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ខ្ញុំ​ក៏​សូម​ជម្រាប​ផង​ដែរ​ថា ដោយ​ហេតុ​ថា ក្រុម​នេះ​ជា​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត មិន​មែន​ជា​ស្ថាប័ន​ផ្លូវ​ការ​នោះ គម្រោង​របស់​យើង​សម្រាប់​ពេល​អនាគត​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​ដើម្បី​ឲ្យ​ស្រប​ជា​មួយ​នឹង​សមត្ថភាព ​និង​ភាព​បត់​បែន​របស់​យើង។

សៈ តើ​លោក​មាន​មតិ​ផ្តាំ​ផ្ញើ​អ្វី​ខ្លះ​ទេ​សម្រាប់​យុវជន​ដទៃ​ទៀត​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​រួម​ក្នុង​កិច្ច​អភិវឌ្ឍ​មាតុ​ភូមិ​កម្ពុជា?

ចៈ ខ្ញុំ​គ្រាន់​តែ​ចង់​បន្ថែម​ថា អ្នក​មិន​ចាំ​បាច់​ទាល់​តែ​ជា​បញ្ញវន្ត​មួយ​រូប  ទើប​អាច​ចែក​រំលែក​នូវ​ចំណេះ​ដឹង​អ្វី​មួយ​បាន​ជា​មួយ​នឹង​ប្រជាពល​រដ្ឋ​របស់​អ្នក​នោះ​ទេ ហើយ​អ្នក​ក៏​មិន​ចាំ​បាច់​រង់​ចាំ​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ម្នាក់ ដើម្បី​អាច​ចែក​រំលែក​ប្រាក់​មួយ​រៀល​សម្រាប់​សកម្មភាព​មនុស្ស​​ធម៌​ណា​មួយ​នោះ​ដែរ។ ដោយ​គ្រាន់​តែ​អ្នក​ធ្វើ​នូវ​អំពើ​ល្អ ​ហើយ​មិន​បង្កផល​លំបាក​ដល់​ប្រជាជន និង​ប្រទេស​របស់​អ្នក នោះ​មាន​ន័យ​ថា អ្នក​កំពុង​តែ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​អ្នក​ហើយ។ មិន​មាន​ពេល​វេលា​ច្រើន​ទៀត​ទេ​សម្រាប់​អ្នក​ដើម្បី​រង់​ចំា​នោះ។ ចំពោះ​អ្នក​ដែល​អាច​យល់​ពី​អ្វី​ដែ​ល​ខ្ញុំ​បាន​និយាយ​នេះ នោះ​មាន​ន័យ​ថា ​អ្នក​កំពុង​តែ​ត្រូវ​ការ​ពី​សំណាក់​ប្រជាជន​ ព្រមទាំង​ប្រទេស​ជាតិ​របស់​អ្នក​ហើយ​។ សូម​អ្នក​ចូល​រួម​ជា​មួយ​យើង​ ​ហើយ​ធ្វើ​សកម្មភាព​ឡើង៕