ហូជីមិញៈ ស្របពេលកំណើនភ្ញៀវទេសចរវៀតណាមមកកម្ពុជាកាន់តែមានសន្ទុះខ្លាំង ក្លា កម្មវិធីសេវាកម្មរថយន្តដឹកជញ្ជូនភ្ញៀវទេសចររបស់សណ្ឋាគារណាហ្គាវើល តាមផ្លូវគោកដោយរថយន្តក្រុងដ៏ទំនើបត្រូវបានបង្កើតឡើង និងបើកសម្ពោធសេវាកម្មនេះជាផ្លូវការ។
ដើម្បីជំរុញឲ្យវិស័យទេសចរណ៍កម្ពុជា មានកំណើនបន្ថែម ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងសណ្ឋាគារ ណាហ្គាវើល បានធ្វើការសហការគ្នាថ្មីមួយលើវិធីសាស្ត្រ៥ទិស។ ទី១ ការទាក់ទាញនូវលំហូរចូលថែមទៀត ទី២ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍បន្ថែម ទី៣ ការពង្រឹងមធ្យោបាយភស្តុភារបន្ថែម ទី៤ ការរៀបចំកម្មវិធីទេសចរណ៍បន្ថែមនៅក្រៅប្រទេស និងទី៥ ការបង្កើតរមណីយដ្ឋានទេសចរណ៍បន្ថែម។
ជាក់ស្តែងដើម្បីបំពេញសេចក្តីត្រូវការរបស់ទេសចរក្នុងការធ្វើ ដំណើរទៅវិញទៅមករវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ សណ្ឋាគារណាហ្គាវើលបានសម្រេចបង្កើតសេវាកម្មដឹកជញ្ជូនផ្លូវគោក តាមរថយន្តក្រុងដ៏ទំនើប ហើយសេវាកម្មនោះត្រូវបានគិតជាកញ្ចប់។
ជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សេវាកម្មដែលមាន ការិយាល័យនៅ Bitexco Financial Tower ជាន់ទី២០ ផ្លូវ២ Hai Trieu, Ben Nghe Ward ទីក្រុងហូជីមិញ ប្រទេសវៀតណាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ក្រុមហ៊ុនណាហ្គាវើលត្រេនស្ពតលីមីតធីត ជាក្រុមហ៊ុនដែលចុះបញ្ជីទី៤០ដែលមានរថយន្ត Bus ប្រណីតៗចំនួន២០គ្រឿង ដែលធ្វើការបំពាក់ដោយសម្ភារទំនើបមានដូចជា ទូរស្សន៍នៅជាប់នឹងកៅអី ម៉ាស៊ីនម៉ាស្សានៅជាប់នឹងកៅអី និងបង្គន់អនាម័យប្រកបដោយផាសុកភាព។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តថា រថយន្តក្រុង២៨កៅអី ទាំង២០គ្រឿង ដែលបានចំណាយប្រាក់អស់ជាង៣លានដុល្លារអាមេរិកនេះ នឹងត្រូវប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរ និងទេសចរ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិបាវិត និង ម៉ុកបាយ និងកម្មវិធីដឹកជញ្ជូនអ្នកដំណើរ និងទេសចរទៅវិញទៅមករវាងភ្នំពេញ ហូជីមិញ ទៅវិញទៅមកភ្នំពេញសៀមរាប និងទៅវិញទៅមកភ្នំពេញក្រុងព្រះសីហនុ។
ដោយឡែកសម្រាប់តម្លៃក្នុងការធ្វើដំណើរត្រូវបានគេគិតជាកញ្ចប់ គឺកញ្ចប់ចាប់ពីតម្លៃ១៨០ដុល្លារសម្រាប់មនុស្សម្នាក់ និងកញ្ចប់ចាប់ពីតម្លៃ $១២៥សម្រាប់មនុស្សម្នាក់។ កញ្ចប់នេះរួមមានការស្នាក់នៅសណ្ឋាគារណាហ្គាវើលចំនួន២យប់ អាហារ៦ពេល អាហារពេលព្រឹក២ពេល អាហារថ្ងៃត្រង់២ពេល និងអាហារពេលល្ងាច២ពេល។ ក្នុងសណ្ឋាគារក៏មានការផ្តល់ជូនសេវាកម្មដឹកនាំទៅកាន់រមណីយ ដ្ឋានទេសចរណ៍សំខាន់ៗចំនួន៧កន្លែងនៅក្នុងរាជធានីភ្នំពេញផងដែរ ដូចជា ព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តភ្នំ វិថីព្រះសីសុវត្ថិ វិមានឯករាជ្យ មហាវិថីព្រះមុនីវង្ស និងផ្សារធំថ្មី៕
ភ្នំពេញ ប៉ុស្តិ៍







