ភ្នំពេញ: ទូរស័ព្ទដៃជជុះដែលធ្លាប់តែពេញនិយមបំផុត សឹងតែបាត់បង់ទីផ្សារដោយសារតែកំណើននៃការប្រកួតប្រជែង ខ្លាំងចំណោមអ្នកលក់ដែលនាំគ្នាបើកហាងលក់ទូរស័ព្ទយ៉ាងច្រើននៅ គ្រប់ទីកន្លែងទាំងអស់។ នេះបើយោងតាមម្ចាស់ហាងទូរស័ព្ទដៃជជុះនៅរាជធានីភ្នំពេញ។
ជាមួយនឹងចំនួនតូបរាប់រយដែលស្ថិតនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ផ្សារឃ្លាំងរំសេវ ជាប្រភេទទូរស័ព្ទដៃជជុះទំនើបៗក្នុងតម្លៃថោកសមរម្យ។
លោក ហុង ឌីណូ វ័យ ៥២ឆ្នាំអាជីវករលក់ទូរស័ព្ទដៃមួយទឹកនៅផ្សារឃ្លាំងរំសេវ បានថ្លែងថា កន្លែងនេះស្ងាត់ជាងកាលពី៤ឆ្នាំមុន នៅពេលលោកចាប់ផ្តើមរកស៊ីមុខរបរនេះដំបូង។
លោក បានប្រាប់ថា កាលពីឆ្នាំ ២០០៨ ហាងទូរស័ព្ទដៃមិនទាន់មានច្រើនទេ សូម្បីតែនៅក្បែរផ្សារស្ទឹងមានជ័យចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីផ្សារឃ្លាំងរំសេវក្តី ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ វាបានក្លាយទៅជាកន្លែងលក់ទូរស័ព្ទដៃក្នុងតម្លៃថោកៗមាន ច្រើនម៉ូដច្រើនម៉ាកថែមទៀត។
លោក បានលើកឡើងថា៖ «វាខុសពីមុន។ ពីមុន វាមានអ្នកទិញជាច្រើនសម្រុកមកទីនេះ តែឥឡូវ ស្ងាត់ខ្លាំងណាស់ ពីព្រោះមានហាងទូរស័ព្ទថ្មីៗកើតឡើងច្រើននៅក្បែរផ្ទះរបស់ អ្នកទិញ»។
លោក ឌីណូ បានបន្តថា សូម្បីតែនៅតាមផ្លូវ និងនៅតាមផ្សារជាច្រើនផ្សេងទៀត ហាងទូរស័ព្ទបានរីកដូចផ្សិតដែលធ្វើឲ្យចំនួនភ្ញៀវកាន់តែធ្លាក់ ចុះ។
លោក បានបញ្ជាក់ថា៖ «ឥឡូវនេះ វាក្លាយជាធម្មតាទៅហើយ នៅកន្លែងណាក៏មានហាងលក់ទូរស័ព្ទដែរ»។
លោក ឌីណូ ដែលធ្លាប់ជាអ្នកបើកបររថយន្តតាក់ស៊ីនៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ បានចាប់ផ្តើមបើកតូបលក់ទូរស័ព្ទដៃនៅផ្សារឃ្លាំងរំសេវជាមួយ ភរិយាដែលបានឈប់លក់ក្រណាត់ខោអាវ បានអះអាងថា មុខរបរលក់ទូរស័ព្ទ បច្ចុប្បន្ននេះ ពុំសូវកាក់កបដូចកាលពីមុនទេ។
លោក បានឲ្យដឹងថា៖ «ប្រាកដណាស់ ផ្សារនេះធំជាងគេនៅភ្នំពេញដែលមានលក់ទូរស័ព្ទមួយទឹក។ ដូចលោក បានដឹងហើយ លោកអាចរកទិញអ្វីក៏មានដែរនៅទីតាមហាងទាំងនោះ»។
ដោយសារតែកំណើននៃការប្រកួតប្រជែងខ្លាំងចំណោមអ្នកលក់ និងលំហូរចូលនៃទូរស័ព្ទដៃផលិតនៅប្រទេសចិនក្នុងតម្លៃថោកៗដែល ធ្វើឲ្យចំនួនអតិថិជនធ្លាក់ចុះ ជាពិសេសក្នុងចំណោមកម្មកររោងចក្រកាត់ដេរ លោកឌីណូ កំពុងសម្លឹងរកមុខរបរថ្មី ព្រោះតែប្រាក់ចំណូលរបស់គាត់មានការធ្លាក់ចុះ។
លោក បានបន្តថា៖ «ចំណូលធ្លាក់ចុះជាងពាក់កណ្តាល។ ខ្ញុំចង់ប្តូរផង ហើយខ្ញុំកំពុងសម្លឹងមើលមុខរបរថ្មី។ ខ្ញុំមិនទាន់ច្បាស់ទេ ពីព្រោះមុខរបរផ្សេងត្រូវការដើមទុនច្រើនដែរ»។
លោក បានបង្ហើបប្រាប់ថា៖ «នៅពេលដែលខ្ញុំចាប់ផ្តើមដំបូង សម្រាប់ខែខ្លះ ខ្ញុំអាចរកចំណូលបាន ១ ពាន់ដុល្លារ ប៉ុន្ដែវាបានធ្លាក់ចុះជាលំដាប់កាលពីពេលថ្មីៗនេះ។ ខ្ញុំមិនប្រាកដទេថា វានឹងធ្លាក់ប៉ុន្មានទៀត តែខ្ញុំដឹងថា វាបានធ្លាក់ជាងពាក់កណ្តាល»។
លោក បានបន្តថា ក្នុងមួយខែៗនាពេលបច្ចុប្បន្ននេះ មុខរបររបស់លោករកបានតែប្រមាណ ៧ ទៅ ៨ ពាន់ដុល្លារ ដែលទទួលបានប្រាក់ចំណេញ ត្រឹមតែ ៣០០ ទៅ ៤០០ ដុល្លារប៉ុណ្ណោះ។
លោក បានបន្ថែមថា ក្មេងៗភាគច្រើនមកប្តូរម៉ូដ ឬលក់ទូរស័ព្ទដៃរបស់ខ្លួនដើម្បីឡើងស៊េរីថ្មី ប៉ុន្តែកម្មករកាត់ដេរលែងមកហើយ ដោយសារតែមានហាងនៅក្បែរកន្លែងធ្វើការរបស់ពួកគេច្រើន។
លោក បានបន្តថា៖ «កាលពីមុន នៅពេលកម្មករបើកប្រាក់ខែ ពួកគេមកទីនេះទិញទូរស័ព្ទជាហូរហែ។ ឥឡូវនេះ ពួកគេមិនមកទីនេះទេ ខណៈមានហាងទូរស័ព្ទជាច្រើននៅក្បែរទីកន្លែងធ្វើការរបស់ពួក គេ»។
លោក គីន ភាព ដែលបានជួលតូបមួយនៅផ្សារឃ្លាំងរំសេវ បានឯកភាពថា បច្ចុប្បន្ននេះ លោកអាចលក់ទូរស័ព្ទបានតែ ២ ឬ ៣ គ្រឿងប៉ុណ្ណោះ ហើយមិនទៀងទេ ខណៈកាលពី ៣ ទៅ ៤ ឆ្នាំមុន លោកអាចរកចំណូលបានជារៀងរាល់ថ្ងៃ។
លោក បាននិយាយសំដៅលើស្ថានភាពបច្ចុប្បន្នដែលអតិថិជនអាចជ្រើសរើសទូរស័ព្ទតម្លៃថោកដ៏ច្រើនសន្ធឹកសន្ធាប់ថា៖ «យើងអាចទិញទូរស័ព្ទខ្លះតម្លៃត្រឹមតែ ៤០ ដុល្លារ ហើយយើងសង្ឃឹមថាលក់បាន ៥០ ទៅ ៦០ ដុល្លារ តែឥឡូវ យើងអាចលក់បានតែ ២០ ដុល្លារប៉ុណ្ណោះ»។
លោក បានបន្តទៀតថា៖ «យើងរកប្រាក់ចំណេញបានជាមួយនឹងទូរស័ព្ទស៊េរីថ្មី តែយើងខាតបង់វិញជាមួយទូរស័ព្ទស៊េរីចាស់។ ខ្ញុំមិនហ៊ានទិញទូរស័ព្ទចាស់ទុកលក់ឲ្យអតិថិជនទេ លើកលែងតែម៉ូយប្រចាំដែលមកប្តូរយកទូរស័ព្ទថ្មីតែប៉ុណ្ណោះ»។
ការនាំចូលទូរស័ព្ទដៃផលិតនៅប្រទេសចិនដែលកម្មករអាចមានប្រាក់ ទិញយកទៅប្រើប្រាស់បាន គឺជាកត្តាចម្បងដែលអាចផ្លាស់ប្តូរទីផ្សារលក់ដូរទូរស័ព្ទ រហូតដល់ ជាង ៧០០ តូប។
លោក បានឲ្យដឹងថា៖ «ឥឡូវនេះ ទូរស័ព្ទចិនលក់ច្រើនណាស់ ហើយហាងទូរស័ព្ទមាននៅគ្រប់កន្លែង។ ពីមុន កម្មកររោងចក្រមកទិញទូរស័ព្ទយ៉ាងច្រើនកុះករនៅរៀងរាល់ចុង សប្តាហ៍»។
លោក ភាព បានបន្តថា លោកបានលក់ទូរស័ព្ទដៃនៅផ្សារឃ្លាំងរំសេវនេះជាង ១០ ឆ្នាំមកហើយ ដែលកាលពីមុនមុខរបរនេះកាក់កប និងចំណេញប្រាក់ជាច្រើន។
លោក បានអះអាងថា មុនពេលកើតមានវិបត្តិសេដ្ឋកិច្ច តម្លៃដីកំពុងតែហក់ឡើងខ្ពស់កប់ពពកនៅឡើយ មនុស្សជាច្រើនមកលក់ទូរស័ព្ទចាស់ៗដើម្បីប្តូរយកស៊េរីថ្មី។
លោក បានថ្លែងថា៖ «នៅពេលនោះ ខ្ញុំអាចរកបានចន្លោះពី ៥០ ទៅ ៦០ ដុល្លារក្នុងមួយថ្ងៃ ខណៈថ្មីៗនេះ វាខុសពីពេលមុនឆ្ងាយណាស់»។
លោក គីន ភាព បានបន្ថែមថា៖ «ពេលខ្លះ ខ្ញុំអាចរកចំណូលបានបន្ដិចបន្ដួច ហើយពេលខ្លះទៀត ខ្ញុំរកអត់បានសោះ»៕ CR
ភ្នំពេញ ប៉ុស្តិ៍



