ព្រៃវែង : ដោយដិតដាមនូវជំនឿបែបហិណ្ឌូសាសនា នៅរៀងរាល់ឆ្នាំចាប់ថ្ងៃ១៣-១៤-១៥កើត ខែជេស្ឋ មន្ត្រីរាជការ ប្រជាជននៅទូទាំងស្រុកបាភ្នំ តែងនាំគ្នាប្រារព្វធ្វើពិធីបុណ្យឡើងអ្នកតាមេសរ ដើម្បីបួងសួងសុំសេចក្ដីសុខ សូមទឹកភ្លៀង និងកម្ចាត់នូវឧបទ្រពចង្រៃចេញពីភូមិ-ឃុំរបស់ពួកគេ។ ប៉ុន្តែពិធីបុណ្យនេះក៏នៅតែស្ថិតក្នុងភាពអាថ៌កំបាំង ខណៈដែលតង្វាយថ្វាយអ្នកតា តាំងពីមនុស្សរហូតដល់សត្វដែលបូជានោះឲ្យតែគម្រប់១០០ក្បាលគឺ ពេជ្ឈឃាដនោះត្រូវតែក្លាយជាអ្នកបូជាជីវិតបន្ត។
នៅក្នុងប្រទេសកម្ពុជាបើទោះជា៩០ភាគរយនៃប្រជាពុទ្ធសាសនិកខ្មែរ មានជំនឿលើពុទ្ធសាសនា ប៉ុន្ដែក៏មិនដែលបំភ្លេចហិណ្ឌូសាសានាដែរ ដែលគេហៅថា ពិធីបុណ្យឡើងអ្នកតា ហើយពិធីបុណ្យឡើងអ្នកតានេះ កំណត់តាមវដ្ដនៃដំណើរព្រះចន្ទដែលគោលបំណងនៃពិធីនេះគឺដើម្បី បួងសួងសុំសេចក្ដីសុខ សូមទឹកភ្លៀង និងកំចាត់នូវឧបទ្រពចង្រៃចេញពីភូមិ-ឃុំរបស់ពួកគេ ហើយពិធីបុណ្យឡើងអ្នកតានេះ គេក៏កំណត់បានដែរថា មានតែពិធីបុណ្យឡើងអ្នកតាមេសរនៅស្រុកបាភ្នំទេដែលធំជាងគេ ខណៈពិធីបុណ្យឡើងអ្នកតាឃ្លាំងមឿង នៅឯខេត្តពោធិ៍សាត់ក៏ធ្វើធំប្រហែលនេះដែរ។
ដោយពិធីបុណ្យឡើងអ្នកតាមេសរនៅស្រុកបាភ្នំ ឯខេត្តព្រៃវែងក្នុងទឹកដីភ្នំឈើកាច់មានតាំងពីសម័យនគរភ្នំ (សតវត្សរ៍ទី៤)នោះ លោក ប៊ុត ប៊ុនជា ដែលជាគណៈកម្មការធំប្រចាំនៅអាស្រមអ្នកតាមេសរប្រាប់ភ្នំពេញ ប៉ុស្តិ៍ឲ្យដឹងថា បើតាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថា ពិធីបុណ្យឡើងអ្នកតាមេសរនៅស្រុកបាភ្នំនៅជើងភ្នំឈើកាច់នេះ គឺគេប្រព្រឹត្តធ្វើតាំងពីសម័យនគរភ្នំ ដែលកាលនោះ បន្ទាប់ពីមេទ័ពដ៏ខ្លាំងពូកែម្នាក់ឈ្មោះ មគ្គរីផល ជាបុត្របានបូជាជីវិតដើម្បីជាតិ ព្រះមហាក្សត្រ ទ្រង់ត្រាស់បញ្ជាកំណត់ធ្វើបុណ្យរំឭក វិញ្ញាណក្ខន្ធ មគ្គរីផល ចំនួន៣ថ្ងៃជារៀងរាល់ឆ្នាំ ដោយតម្រូវឲ្យអាណាខេត្តតំបន់ បណ្តាមេទ័ព ត្រូវនាំសួយសារអាករ និងរៀបចំបុណ្យនេះ ហើយត្រូវយកមនុស្សអស់ជីវិតមកកាត់ក្បាលបូជាយញ្ញ គោរពបូជាជូនវិញ្ញាណក្ខន្ធមគ្គរីផល ដែលជាអ្នកខ្លាំងពូកែស្នេហាជាតិ។ តំណក្រោយមក គេក៏បានជ្រើសរើសធ្វើបុណ្យនេះនៅថ្ងៃ ១៣-១៤-១៥កើតខែជេស្ឋ រៀងរាល់ឆ្នាំ ដោយហៅថា បុណ្យឡើងអ្នកតាមេសរ ។
គណៈកម្មការដែលរៀបចំយោងតាមឯកសាររូបនេះក៏បានឲ្យដឹងបន្តថា កាលដែលដំណើរបុណ្យនេះ ប្តូរមកដាក់ឈ្មោះថាបុណ្យឡើងអ្នកតាមេសរនោះ គឺមគ្គរីផល នេះលោកមានប្រពន្ធឈ្មោះនាង មេសរ ជាកូនស្រីស្តេចក្រិក ដែលស្តេចក្រិក កាលដែលដឹងថាប្តីត្រូវស្លាប់ដោយហិបយន្តរបស់ឪពុកនោះ នាងមេសរ ក៏រួតរះមកនគរភ្នំ ក្នុងបំណងដើររកក្បាលមនុស្សយកមកតជប់ឲ្យស្វាមីរស់ឡើងវិញតែរក មិនបាន ក៏គាប់ជួនឃើញដំរី នាង មេសរ ក៏កាត់ក្បាល់ដំរីនោះ យកតភ្ជាប់ខ្លួនប្តីនិងជប់រស់ឡើងវិញ តែនិយាយមិនកើតព្រោះជាក្បាលដំរី។ ក្រោយមកនាង មេសរ ក៏ក្លាយជាមេទ័ពដ៏ល្បីប្រចាំនៅនគរភ្នំនេះដែរ ហើយក្រោយពីនាងស្លាប់ ក៏គេដូរពីបុណ្យរំឭកវិញ្ញាណក្ខន្ធ មគ្គរីផល មកបុណ្យឡើងអ្នកតាមេសររហូតទល់សព្វថ្ងៃ។
ទាក់ទិនទៅនឹងតង្វាយដែលត្រូវយកទៅថ្វាយក្នុងពិធីបុណ្យឡើងអ្នក តាមេសរនេះ គណៈកម្មការដែលកើតក្រោយ កំណើតបុណ្យនេះជិត២០សតវត្សរ៍ក៏បានឲ្យដឹងដែរថា ពិធីបុណ្យឡើងអ្នកតាមេសរនេះ កាលពីដើមឡើយគេត្រូវនាំសួយសារអាករមករៀបចំពិធី ដោយតម្រូវឲ្យមានការយកមនុស្សមកកាត់ក្បាលបូជាយញ្ញ គោរពបូជាជូនវិញ្ញាណក្ខន្ធ មគ្គរីផល ដែលអ្នកខ្លាំងពូកែស្នេហាជាតិ។
គណៈកម្មការរូបនេះបានតំណាលបន្តថា ការដែលយកមនុស្សអស់ជីវិតទៅបូជាយញ្ញ១ឆ្នាំមួយៗ ដល់គ្រប់ទី១០០និង១០០ឆ្នាំនោះ ពេលនោះមនុស្សអស់ជីវិតទី១០០នោះ បានប្រាប់ទៅពេជ្ឈឃាដថា៖ «បើលោកឯងសម្លាប់ខ្ញុំនោះអ្នកឯងក៏មិនរស់ដែរ។ បើទោះយ៉ាងណាសំដីក្រើនរំឭករបស់មនុស្សដែលគេនាំយកមកកាត់កបូ ជាយញ្ញទី១០០នេះមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ។ ចំណែកពេជ្ឈឃាដនោះ ក្រោយពីអារកសម្លាប់មនុស្សទី១០០នោះ ក៏ស្លាប់ដូចមនុស្សទី១០០នោះប្រាប់មែន ហើយថែមទាំងដេកស្លាប់ដោយគ្មានអ្នកណាដឹងពីការស្លាប់ទៀតផង»។
បើទោះយ៉ាងណាពិធីបុណ្យនោះ មិនត្រូវបានបញ្ចប់ដោយមូលហេតុនោះឡើយ ពោលគឺគេនៅតែធ្វើធម្មតា។ លោក ប៊ុត ប៊ុនជា បន្តថា ក្រោយពីពេជ្ឈឃាដសម្លាប់មនុស្សទី១០០ហើយស្លាប់ខ្លួនឯងដែរនោះ គណៈកម្មការបុណ្យពេលនោះក៏សម្រេចប្តូរពីមនុស្សមកយកសត្វក្របីទៅ បូជាយញ្ញជំនួសវិញ។ លោកតាបន្តថា ដំណើរផ្លាស់ប្តូរពីមនុស្សមកសត្វក្របីក៏មិនខុសគ្នាដែរ លុះដល់គម្រប់ទី១០០ ក្របីទី១០០ដែលពេជ្ឈឃាដកំពុងតែអារកនោះក៏បម្រះរហូតដាច់ព្រ័ត្រ បោលបាត់ទៅ។ លុះដល់ព្រឹកឡើង ពេជ្ឈឃាដនោះក៏ស្លាប់តែដេកស្លាប់ដូចពេជ្ឈឃាដដែលសម្លាប់មនុស្ស ទី១០០ដែរ។
ដោយចង់បញ្ចៀសកុំឲ្យអ្នកដែលសម្លាប់សត្វធ្វើតង្វាយគម្រប់ទី១០០ ស្លាប់នោះ គណៈកម្មការរៀបចំពិធីឡើងអ្នកតាមេសរ នៅសតវត្សរ៍ទី២១រូបនេះ បានឲ្យដឹងថា បន្ទាប់ពីលោកត្រូវបានលោកអភិបាលស្រុកបាភ្នំ តែងតាំងឲ្យធ្វើជាគណៈកម្មការធំប្រចាំនៅអាស្រមអ្នកតាមេសរ លោកបានទៅរកគ្រូចិនសែពីរ បីគ្រូ ដើម្បីម៉ិថាតើត្រូវរៀបអ្វីធ្វើជាតង្វាយថ្វាយបារមីអ្នកតាមេសរ ដើម្បីបញ្ចៀសកុំឲ្យមានការបាត់បង់ជីវិតអ្នកដែលសម្លាប់សត្វ គម្រប់ទី១០០នោះ។
លោកបានបន្តថា គ្រូចិនសែដែលលោករកម៉ិទាំងបីនោះម្នាក់ៗបានប្រាប់លោកដូចៗគ្នា ដោយបង្គាប់ថា នៅរាល់ឆ្នាំក្នុងថ្ងៃបុណ្យឡើងអ្នកតាមេសរនោះ តម្រូវរៀបបាយសីជំនួយ១២ថ្នាក់ ចំណែកឯតង្វាយដែលត្រូវកាប់ថ្វាយគឺជ្រូក ហើយជ្រូកនោះចង់កាប់ប៉ុន្មានក៏បានដែរ តែត្រូវកំណត់ថា ទម្ងន់៩០គីឡូក្រាម ឬ៧២គីឡូក្រាមព្រោះលេខ នេះបូកទៅបានស្មើនឹងលេខ៩ ហើយប្រាក់ដែលត្រូវយកទៅទិញជ្រូកនោះគឺតម្រូវរៃពីមនុស្សចំនួន ១៨០នាក់។
បើទោះយ៉ាងណា ពិធីបុណ្យឡើងអ្នកតាមេសរនៅស្រុកបាភ្នំ ដែលប្តូរមកកាប់ជ្រូកថ្វាយអ្នកតាមេសរនេះនៅមិនដល់គម្រប់ទី១០០ ដែរ។
លោក ប៊ុត ប៊ុនជា ដែលគណៈកម្មការមាននាទីចាត់ចែងបុណ្យរូបនេះក៏បានសម្តែងនូវជំនឿ ចិត្តថា៖ «ខ្ញុំសង្ឃឹមថា តង្វាយដែលបានរៀបចំថ្វាយតាមគ្រូចិនសែម៉ិនេះ នឹងមិនបណ្តាលឲ្យអន្តរាយជីវិតអ្នកពិឃាតសត្វដែលយកទៅថ្វាយបារមី អ្នកតា មេសរ នោះទៀតទេ»៕
ភ្នំពេញ ប៉ុស្តិ៍







