
ខ្ទឹមបារាំងបំពង ដែលមានរាងមូលដូចនំកងនោះ គឺជាអាហារដែលសម្បូរលក់នៅសហរដ្ឋអាមេរិក កាណាដា អៀរឡង់ អូស្ត្រាលី និងបណ្ដាប្រទេសមួយចំនួននៅអាស៊ី។
អាហារនេះតម្រូវឲ្យពុះខ្ទឹមបារាំងនៅខ្សែទទឹងផ្លែ ដើម្បីឲ្យបានចំណិតស្ដើងៗជារាងរង្វង់។ បន្ទាប់មកគេយកយកវាទៅប្រឡាក់ជាមួយម្សៅបំពង ឬកម្ទេចនំបុ័ង មុននឹងយកទៅបំពងខ្លាញ់ឲ្យឡើងក្រហមស្រួយ។
នៅពេលដែលចម្អិនរួច ខ្ទឹមបារាំងដែលធ្លាប់តែមានក្លិនឈួល ហើយល្វីងតិចៗនោះ ប្រែជាមានរសជាតិប្រៃផ្អែមតិចៗ ហើយរសជាតិនេះកាន់តែពិសេសទៅទៀតប្រសិនបើជ្រលក់ជាមួយទឹកប៉េងបោះ ឬទឹកគ្រីម។
ថ្វីត្បិតតែអាហារបែបនេះពេញនិយមក៏ពិតមែន ប៉ុន្តែមិនមានអ្នកណាម្នាក់ដឹងពីប្រភពរបស់វាឡើយ។ យ៉ាងណាមិញ តាមកំណត់ត្រាប្រវត្តិសាស្ត្របានឲ្យដឹងថា កាលពីឆ្នាំ១៩៣៣ នៅក្នុងកាសែត ដឺញូវយ៉កថាមស៍ មានចុះផ្សាយពាណិជ្ជកម្មពីខ្ទឹមបារាំងបំពងម្សៅទឹកដោះគោ។
មានឯកសារដទៃទៀតបានអះអាងថា ខ្ទឹមបារាំងបំពងនេះត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ១៩២០ នៅភោជនីយដ្ឋានមួយឈ្មោះថា ភីក ស្តេន នៅទីក្រុងអូកគ្លីប រដ្ឋតិចសាស់។
បច្ចុប្បន្ន ខ្ទឹមបារាំងបំពងមានលក់ព្រោងព្រាតនៅតាមបណ្ដាប្រទេសអាស៊ី។ សម្រាប់នៅកម្ពុជា លោកអ្នកក៏អាចរកទទួលទានបាននៅបណ្ដាភោជនីយដ្ឋាន បែបអឺរ៉ុប ឬបារ៍បារាំងនៅតាមតំបន់ទេសចរណ៍នានា៕
ភ្នំពេញ ប៉ុស្តិ៍






