សូមចូលរួមមតិជាមួយការវិភាគសង្គមរបស់លោកតុង សុប្រាជ្ញ
«ចុំ កណ្តុំឆែប រួចចុះលោក (តាច សុប្រុង=តុង សុប្រាជ្ញ) នេះមកពីណា បានជាមិនស្គាល់ រាជធានីភ្នំពេញ? ហេតុអ្វីបានជាមកនិយាយមិនដឹងក្បាល ដឹងកន្ទុយអ្វីសោះអ៊ីចឹង? ឬក៏ចេះតែ និយាយៗទៅ ដើម្បីផ្គាប់ចិត្តពួកអ្នករត់ចោលស្រុកមួយចំនួន ឬក៏ដើម្បីចង់បានលាភសក្ការសំរាប់ ខ្លួនឯង? សូម្បីតែខ្ញុំដែលជាប្រជាពលរដ្ឋដ៏សាមញ្ញម្នាក់ ក៏សមល្មមអាចយល់ដឹងអំពីការប្រែប្រួល មុខមាត់ថ្មី របស់រាជធានីភ្នំពេញ តាមរយៈការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ប្រហែលជា ១០ ឆ្នាំ ចុងក្រោយនេះដែរ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ ពីលោក ចៅហ្វាយក្រុង កែប ជុតិមា ដោយមានការចង្អុលបង្ហាញតម្រង់ទិស ប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមាន សម្តេច តេជោ សែន ជាប្រមុខ។
លោក តាច សុប្រុង តើលោកដឹងទេថា រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ មានអាយុ កាលប៉ុន្មានឆ្នាំហើយ? បើតាមខ្ញុំដឹង គឺតាំងពីសម័យ លោកយាយពេញមក គឺជាងប្រាំរយឆ្នាំហើយ ដូចនេះលោកត្រូវទទួលស្គាល់ថា ការអភិវឌ្ឍទីក្រុងបុរាណ អោយក្លាយទៅជាទីក្រុងដ៏ស្រស់ប្រិមប្រិយ ដូចសព្វថ្ងៃនេះ គឺមិនមែនដូចអ្វីដែលលោកបានដេកយល់សប្តិកាលពីយប់មិញនោះទេ។
ចំពោះបញ្ហាទឹកលិចពេលភ្លៀងធ្លាក់ម្តងៗ ខ្ញុំទទួលស្គាល់ថា ពិតជាមានទឹកលិចមែន ក្នុងអំឡុងភ្លៀងកំពុងធ្លាក់ ប៉ុន្តែសូមលោកគិតអោយបានវែងឆ្ងាយបន្តិចទៅមើល ថាក្រោយពេលភ្លៀងធ្លាក់តើរយៈពេលប៉ុន្មានម៉ោង ទឹកស្រកអស់? គឺយ៉ាងយូរបំផុតក្នុងរយៈពេល ១ ឬ ២ ម៉ោង ទឹកត្រូវស្រកអស់ តាមប្រព័ន្ធលូធំៗក្រោមដី និងបណ្តាញលូថ្មី ដែលបាននិងកំពុងតែរៀបចំដាក់ ជាបន្តបន្ទាប់ ជាក់ស្តែង ដែលខ្ញុំបានឃើញច្បាស់ គឺនៅតាមបណ្តោយផ្លូវនរោត្តម មុនីវង្ស កម្ពុជាក្រោម ផ្លូវសម្តេចប៉ាន ផ្លូវលេខ ៦៣ និងផ្លូវសំខាន់ៗមួយចំនួនទៀត។
ផ្ទុយទៅវិញប្រសិនបើលោកបើកភ្នែក និងបើកត្រចៀកអោយធំៗ មើលពិភពលោកខាងក្រៅវិញ ដូចជាប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី... សុទ្ធតែជាប្រទេសជឿនលឿន តែថ្មីៗនេះ ពេលមានទឹកភ្លៀងធ្លាក់ម្តងៗ គឺលិចខ្លាំងជាងរាជធានីភ្នំពេញយើងទៅទៀត។ នេះគឺបញ្ហាធម្មជាតិ ដែលយើងមិនអាចយកអ្វីមកបាំងមេឃមិនអោយភ្លៀងបានទេ ប៉ុន្តែយើងត្រូវតែចេះដោះស្រាយ បញ្ហាដែលបានកើតមានឡើងតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចដែលលោក ចៅហ្វាយក្រុង កែប ជុតិមា បាននិងកំពុងតែអនុវត្តប្រកបដោយប្រសិទ្ធភាពសព្វថ្ងៃនេះ។
ខ្ញុំមិនដឹងថា តើលោក ប្រាច (ប្រាជ្ញ) ឯង ពូកែតែខាងប្រោកប្រាច នៅលើទំព័រកាសែតរបស់ ខ្លួន ដើម្បីឲ្យគេភាន់ច្រឡំឬយ៉ាងណា? ហេតុអ្វីបានលោកមិនក្រឡេកមើលសមិទ្ធផលធំៗ ដែលសម្រេចបាន ក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកចៅហ្វាយក្រុង កែប ជុតិមា ដូចជា ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧ មករា សួនច្បារ និងសួនកុមារនានា ជុំវិញរាជធានី ដែលសុទ្ធតែបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងរាជធានីទាំងមូល ដោយមិនប្រកាន់ បក្ខពួកឡើយ។ ជាពិសេសសមិទ្ធផលទាំងអស់នេះ ក៏បានជួយលើកកម្ពស់មុខមាត់ប្រទេស កម្ពុជាយើង ដែលសព្វថ្ងៃជាប្រធានអាស៊ានផងនោះ។
មិនតែប៉ុណ្ណោះថ្មីៗនេះ ស្ថាប័នឯករាជ្យមួយចំនួន បានធ្វើការវាយតម្លៃអំពីការរីកចម្រើន និងការអភិវឌ្ឍ របស់ប្រទេសកម្ពុជាដូចជា៖
១. វិទ្យាស្ថាន IRI បានវាយតម្លៃថា «រាជរដ្ឋាភិបាលកំពុង ដើរលើផ្លូវត្រូវ»
២. ធនាគារពិភពលោក បានវាយតម្លៃថា «ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោម បណ្តាប្រទេស ដែលកំពុងរីកលូតលាស់លឿនបំផុត នៅក្នុងពិភពលោក»
៣. គណៈកម្មការសេដ្ឋកិច្ច និងសង្គម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UN-ESCAP ក៏បានព្យាករថា «ក្នុងឆ្នាំ២០១២ នេះ សេដ្ឋកិច្ចកម្ពុជាក៏មាន កំណើន ៦,៧ ភាគរយ»។
ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា ពិភពលោកទាំងមូលបាននិងកំពុងចាប់អារម្មណ៍ និងទទួលស្គាល់អំពីការអភិវឌ្ឍ និងការរីកចម្រើន របស់ប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍ ក្នុង រាជធានីភ្នំពេញនេះតែម្តង ដែលវាផ្ទុយស្រឡះ ពីការវិភាគដ៏ស្ទើរភ្លើងរបស់លោក តាច សុប្រុង-តុង សុប្រាជ្ញ៕
ដោយ រ៉ាវី វន្នី ប្រជាពលរដ្ឋម្នាក់ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ប៉ុស្តិ៍

