បន្ទាប់ពីចំណាយពេលវេលានៅសាលារៀន ឬកន្លែងធ្វើការពេញមួយថ្ងៃ មនុស្សគ្រប់រូបតែងសង្ឃឹមថានឹងអាចទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងផាសុកភាពនៅពេលដែលត្រឡប់ទៅដល់គេហដ្ឋាន។ ដូច្នេះការរៀបចំ និងតុបតែងគេហដ្ឋានគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញទឹកចិត្ត មនុស្សឲ្យមានអារម្មណ៍ស្រស់ថ្លាបន្ទាប់ពីការនឿយហត់ទាំងឡាយនៅខាងក្រៅ។
ប្រសិនបើលោកអ្នកធ្វើដំណើរនៅតាមបណ្តោយមហាវិថីម៉ៅសេទុង ពីភ្លើងស្តុបបូកគោ អ្នកនឹងឃើញហាងលក់សម្ភារតុបតែងផ្ទះថ្មីមួយនៅខាងស្តាំដៃដែលមានការ រចនាតាមបែបទំនើប នោះអ្នកនឹងឃើញ «ផល្លាហូម»។ វាមានទីតាំងជាក់លាក់នៅអគារលេខ ៣០៥ABCD-៣០៧AB មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ។
រាល់ពេលដែលខ្ញុំធ្វើដំណើរពីផ្ទះទៅសាលាឆ្លងកាត់ហាងនេះម្តងៗ ខ្ញុំតែងតែងឿងឆ្ងល់ថាតើនោះគឺជាហាងអ្វី? ព្រោះថានៅជាន់ខាងក្រោមគឺពោរពេញទៅដោយថូផ្កា និងដើមផ្កាស្អាតៗដាក់តម្រៀបគ្នា ដែលធ្វើឲ្យខ្ញុំមិនអាចបែងចែកដឹងថានោះគឺជាផ្កាសប្បនិម្មិត ឬជាផ្កាស្រស់។
នៅពេលដែលចូលទៅដល់ក្នុងហាង ខ្ញុំមានអារម្មណ៍កាន់តែប្លែក និងគួរឲ្យចាប់អារម្មណ៍ជាខ្លាំង នៅចំពីមុខខ្ញុំមានថូ និងដើមផ្កាស្អាតៗជាច្រើនប្រភេទដែលរៀបចំជាសណ្ឋានផ្សេងៗគ្នា។ នៅខាងស្តាំដៃនៃផ្លូវដើរចូល ក្រៅពីមានតាំងនូវថូផ្កា និងដើមផ្កាស្អាតៗទៅ គឺមានទូទឹកកកធំមួយដែលក្នុងនោះមានតាំងផ្កាស្រស់ជាច្រើនប្រភេទ។ នៅពេលនោះខ្ញុំ មានអារម្មណ៍ថាចម្លែកក្នុងចិត្តថាតើផ្កាទាំងអស់ដែលនៅចំពោះមុខ ខ្ញុំនេះ គឺជាផ្កាស្រស់មែន ឬជាផ្កាសិប្បនិម្មិត។
ដើម្បីឲ្យអស់ចម្ងល់នេះ លោក សៀ ផល្លា អាយុ៤១ឆ្នាំ ដែលជាម្ចាស់ហាងផល្លាហូម បាននិយាយ ថា៖ «នេះគឺជាហាងលក់សម្ភារតុបតែងផ្ទះថ្មីមួយដែលមានលក់គ្រឿងតុបតែង លម្អផ្ទះដូចជាវាំងនន អំពូលភ្លើង ថូផ្កា និងគ្រឿងដាក់តាំងលម្អផ្សេងៗទៀត។ ហើយផ្កាដែលដាក់តាំងក្នុងថូទាំងនោះ គឺសុទ្ធតែជាផ្កាសិប្បនិម្មិតដែលមានរូបរាងស្ទើរតែដូចបះបិទនឹង ផ្កាស្រស់»។
លោកបានបន្តទៀតថា៖ ក្រៅពីលក់គ្រឿងសម្ភារសម្រាប់តុបតែងផ្ទះនេះទៅ ហាងរបស់លោកក៏មានទទួលរៀបចំតុបតែង និងរចនាផ្ទះ ឬក្នុងពិធីផ្សេងៗដោយប្រើផ្កាសិប្បនិម្មិត ឬផ្កាស្រស់ដែលជាហេតុនាំឲ្យមានតាំងផ្កាស្រស់ក្នុងទូទឹកកកជាច្រើន ។
នៅពេលដើរចូលទៅមុខត្រង់ហើយបត់ឆ្វេងបន្តិច ខ្ញុំបានឃើញគ្រឿងតុបតែងលម្អផ្ទះជាច្រើនម៉ូដ ច្រើនរូបរាង និងច្រើនបែបដូចជារូបចម្លាក់ រាងមនុស្ស រាងសត្វត្រី និងរូបរាងជាច្រើនប្រភេទផ្សេងៗទៀត។ ពន្លឺភ្លើងរាប់សិបគ្រាប់ដែលចាំងមកលើគ្រឿងតុបតែងលម្អទាំងនោះ បូករួមទាំងការរចនាតុបតែងហាងយ៉ាងទំនើបបែបនេះគឺបានធ្វើឲ្យ វត្ថុសម្រាប់ដាក់តាំងទាំងនោះមើលទៅកាន់តែពិសេស និងគួរឲ្យចាប់អារម្មណ៍ថែមមួយកម្រិតទៀត។
បន្តិចក្រោយមកទៀតខ្ញុំបានដើរឡើងតាមជណ្តើរជើងទៅកាន់ជាន់ទី១ ដោយឃើញមានអំពូលគ្រីស្តាល់ស្អាតៗជាច្រើនដាក់ព្យួរនៅពាសពេញសាល បន្ទប់នោះ។ បន្ទាប់មកខ្ញុំក៏បន្តឡើងទៅកាន់ជាន់ទីពីរដោយប្រើជណ្តើរយោង គ្រាន់តែទ្វារជណ្តើរយោងបានបើកភ្លាម ខ្ញុំមានអារម្មណ៍ថារំភើបជាខ្លាំង ដោយឃើញមានដើមផ្ការាប់រយប្រភេទ និងរាប់សិបពណ៌ដាក់តាំងក្នុងថូជាជួរៗតាមលំដាប់ ដែលមើលទៅហាក់បីដូចជាពិភពនៃសួនផ្កាមួយដូច្នោះដែរ។ បើកុំតែមានការរំឭកប្រាប់ពីបុគ្គលិកនៅក្នុងហាងនោះ ខ្ញុំស្ទើរតែមិនជឿទេថា ផ្កាទាំងនោះគឺជាផ្កាសិប្បនិម្មិតនោះ ព្រោះវាមើលទៅពិតជាមានភាពស្រស់ស្អាត និងដូចផ្កាស្រស់ពិតដូច្នោះដែរ។
ចំពោះតម្លៃនៃសម្ភារតុបតែងផ្ទះដ៏ស្រស់ស្អាតទំាំងនេះវិញ លោកសៀ ផល្លា បានបង្ហើបឲ្យដឹងទៀត ថា៖ «បើទោះបីជារបស់របរទាំងនោះសុទ្ធសឹងតែនាំចូលពីបរទេស និងមានលក្ខណៈស្រស់ស្អាតបែបនេះក៏ដោយ ប៉ុន្តែតម្លៃនៃរបស់របរទាំងនេះគឺថោកសមរម្យ ហើយសមទៅនឹងគុណភាពដ៏ល្អដែលអតិថិជនអាចទទួលយកបាន»។
បើលោកអ្នកស្ទាក់ស្ទើរមិនដឹងថាគួររៀបចំផ្ទះថ្មីរបស់លោកអ្នក យ៉ាងដូចម្តេចឲ្យប្លែក និងគួរឲ្យចាប់អារម្មណ៍ ឬលោកអ្នកមិនដឹងថាត្រូវទៅទិញសម្ភារតុបតែងផ្ទះដែលមានលក្ខណពិសេស ៗនៅទីណានោះ ផល្លាហូម គួរតែជាជម្រើសមួយសម្រាប់អ្នក៕
ភ្នំពេញ ប៉ុស្តិ៍







