Headlines:

តើ​អ្វី​ជា​ស្ទីល​ផ្ទាល់​ខ្លួន​របស់​អ្នក?

តើ​អ្វី​ជា​ស្ទីល​ផ្ទាល់​ខ្លួន​របស់​អ្នក?

120530

រឹទ្ធ បញ្ញារ៉ា អាយុ​២៣​ឆ្នាំ ជា​និសិ្សត​ឆ្នាំ​ទីពីរ​នៃ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ផ្នែក​គ្រប់គ្រង

«ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​ផ្តើម​គំនិត​បង្កើត​ស្ទីល​ដោយ​ខ្លួន​ឯង​។ ខ្ញុំ​ចូលចិត្ត​ស្លៀកពាក់​នូវ​សម្លៀក​បំពាក់​ណា​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មើល ​ទៅ​សង្ហា និង​ថ្លៃថ្នូរ ប៉ុន្តែ​ខ្ញុំ​មិន​ចូលចិត្ត​ស្លៀក​ពាក់​តាម​ស្ទីលកូរ៉េ ​ឬ​ក៏​ថៃ​នោះ​ទេ។ ជា​ធម្មតា​ខ្ញុំ​តែងតែ​ស្លៀក​នូវ​សម្លៀក​បំពាក់​ម៉ូដ​ថ្មីៗ ដោយ​បន្ថែម​នូវ​ក្រវិល នាឡិកា រួម​ជាមួយ​នឹង​កាបូប​ស្ពាយ​ស្អាតៗ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ភាព​ទាក់ទាញ ហើយ​ជា​ស្ទីល​ដែល​​ពេញ​និយម​សម្រាប់​យុវវ័យ។ ខ្ញុំ​តែងតែ​ចូលរួម​នូវ​ពិធី​ធំដុំ​ ថែម​ទាំង​ជា​អ្នក​បង្ហាញ​ម៉ូដ​ក្នុង​ការ​តាំង​ពិព័រណ៍​មួយ​ចំនួន​ដែរ។​ ហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​ខ្ញុំ​មាន​ការ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង ការ​រៀបចំ​ខ្លួន ជា​ពិសេស​ការ​ប្រើប្រាស់​សម្ភារ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​»៕

120530

រិន ចាន់រស្មី អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទីពីរ​នៃ​វិទ្យាស្ថាន​ភាសា​បរទេស

«សម្រាប់​ខ្ញុំ ខ្ញុំ​តែង​តែ​មាន​គំនិត​ថ្មី​សម្រាប់​អ្វីមួយ​ដែល​ស័ក្តិសម​ទៅ​នឹង​ស្ទីល​របស់ ខ្ញុំ​។  សម្ភារ​ដែល​ខ្ញុំ​តែងតែ​ទិញ និង​ស្លៀកពាក់​នោះ​គឺជា​វត្ថុ​ដែល​មាន​លក្ខណៈ​កំប្លែង​ ហើយ​ខុសប្លែក​ពី​អ្នក​ដទែ​បន្តិច​។​ បើ​និយាយ​ទៅ​ខ្ញុំ​ស្រឡាញ់​សម្ភារ​ដែល​ឡូយ​ ហើយ​ពេញ​និយម​សម្រាប់​ក្មេង​ស្រី។ ​ម៉្យាង​ទៀត​អ្នក​ដទៃ​​អាច​និយាយ​បាន​ថា វា​ហាក់​បី​ដូច​ជា​ចម្លែក។ ខ្ញុំ​ទើប​តែ​ទិញ​វ៉ែនតា​មួយ​ដែល​មាន​រាង​ដូច​ជា​តុក្កតា​មីកគី ម៉ោស។ ខ្ញុំ​ចូលចិត្ត​ម៉ូដ​បែប​នេះ​ដោយ​សារ​តែ​វា​ទំនង​ជា​ស័ក្តិសម​នឹង ខ្ញុំ​។ នេះ​គឺជា​ម៉ូត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​។ ខ្ញុំ​តែង​តែ​គិត​ដល់​អ្វី​ដែល​មាន​គំនិត​ច្នៃប្រឌិត​លើស​ពីម៉ូត ដើម​របស់​វា ហើយ​ពេល​ខ្លះ​វា​ក៏​មាន​សារ​ប្រយោជ​សម្រាប់​ខ្ញុំ​ដែរ ដោយ​សារ​តែ​ខ្ញុំ​មិន​បាច់​ចំណាយ​លុយ​ខ្ជះខ្ជាយ​ទៅ​លើ​ សម្ភារ​ថ្មីៗ ហើយ​ឡូយ​ឆាយ​ឥត​ប្រយោជន៏ ព្រម​ទាំង​មិន​សូវ​ស័ក្តិសម​សម្រាប់​ខ្ញុំ​នោះ​ទេ»៕​

120530

អ៊ុន សាមៀន អាយុ​១៩​ឆ្នាំ ជា​សិស្ស​នៃ​វិទ្យាល័យ​ហ៊ុន សែនប៊ុនរ៉ានី​វត្តភ្នំ

«ខ្ញុំ​ជា​អតិថិជន​ម្នាក់​ នៅ​ក្នុង​ចំណោម​អតិថិជន​រាប់លាន​អ្នក​ដែល​ឈ្លក់​វង្វេង​ទៅ​នឹង ផលិតផល​iphone។​ វាគឺជា​សម្ភារ​និយម​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ពីព្រោះ​ខ្ញុំ​អាច​កម្សាន្ត​សប្បាយ​ជាមួយ​វានៅ​ពេល ណា​ក៏បាន​​ជាមួយ​នឹង​មិត្ត ភក្តិ​របស់​ខ្ញុំ។​ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត​បំផុត​នោះគឺ​ទំហំ​របស់​វា ពិត​ជាស្អាត​ហើយ​ឡូយ​។ ចំណែក ឯគុណភាព​របស់​វា​ជាមួយ​នឹង​មុខងារ​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃប្រឌិត ដ៏អស្ចារ្យ​ដែល​លេច​ឡើង​ខុស​ពី​ផលិតផល​ដទៃ។​ ម៉្យាង​វិញ​ទៀត​មិត្តភក្តិ​របស់​ខ្ញុំ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​វា​នៅ​ក្នុង​ដៃ ហើយ​ពួក​គេ​តែង​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ​នៅ​ពេល​ដែល​វា​ចេញ​ស៊េរី ថ្មី។ បច្ចេកវិទ្យា​ទំនើប​នេះ ខ្ញុំ​អាច​ប្រើ​​វា​ដើម្បី​ជជែក​កម្សាន្ត​តាម Facebook​ ថតរូប លេងហ្គេម និង​ទំនាក់​ទំនង​​ជាមួយ​នឹង​មិត្តភក្តិ​របស់​ខ្ញុំ​ទាំង​​ចាស់​ និង​ថ្មី»៕ ​

120530

ម៉េង ហុង អាយុ​១៩​ឆ្នាំ ជា សិស្ស​នៃ​វិទ្យាល័យ​ឥន្រ្ទទេវី

«សម្រាប់​ខ្ញុំ ខ្ញុំ​ចូលចិត្ត​ស្ទីល​ដែល​សាមញ្ញ​ ប៉ុន្តែ​គួរ​ឲ្យចាប់​អារម្មណ៍​នៅ​ពេល​ដែល​ខ្ញុំ​ប្រើ ប្រាស់​កាមេរ៉ា​របស់​ខ្ញុំ​។ ខ្ញុំ​តែងតែ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​នៅ ពេល​ខ្ញុំ​ទំនេរ​ពី​ការ​សិក្សា ហើយ​ខ្ញុំ​តែង​តែ​យក​កាមេរ៉ា​ជាប់​តាម​ខ្លួន​។ ​ខ្ញុំ​គិត​ថា​ ខ្ញុំ​អាច​ថែរក្សា​នូវ​អនុស្សាវរីយ៏​ល្អៗ​ ហើយវា​មើល​ទៅ​ឡូយ​នៅ​ពេល​ដែលខ្ញុំ​ថតរូប​ជាមួយ​នឹង​កាមេរ៉ា​នោះ​ ពីព្រោះ​ការ​ថត​រូប​គឺជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ។​ ខ្ញុំ​ចូលចិត្ត​ធ្វើអ្វី​ដែល​ជា​ចំណូល​ចិ​ត្ត​របស់ខ្លួន​ឯង​ជា​ជាង​យក​គំរូ ​តាម​អ្នក​ដទៃ​ស្ទើរ​តែ​គ្រប់​ពេល។​ ដូច្នេះ​ហើយ​ ទើប​ខ្ញុំ​ចង់​ថត​រូប​ដែល​ស្អាតៗ​តាម​រយៈ​ជំនាញ​របស់​ខ្ញុំ​។ ខ្ញុំ​ចង់ធ្វើ​អ្វី​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ និង​មុន​គេប​ង្អស់។​ សម្ភារ​និយម​គឺជា​ផ្នែក​មួយ​ដែល​សំខាន់​ដែរ​សម្រាប់​ខ្ញុំ​ ដោយ​សារ​តែ​វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ និង​​ធ្វើ​តាម​ចំណូល​ចិត្ត​ខ្លួន​ឯង»៕

120530

ញឹម វ៉ាន់ថា អាយុ​២៤​ឆ្នាំ​ជា និស្សិត​នៃ​វិទ្យាស្ថាន​ស៊ីតិក

«ម៉ូដសម្ភារ​គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ ដោយ​សារ​ថា​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​គិត​ថា ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​មាន​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ លេង​ស្ទីល​របស់​ខ្ញុំ​ដើម្បី​ទាក់ ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក ដទៃ។​ គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​អ្នក​ដទៃ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​មនុស្ស​ក្រៅ​ សង្គម​នោះ​ទេ។ ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ទាន់​សម័យ​។ ​នេះ​គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ប្រើប្រាស់​នូវ​សម្ភារ​ដែល​ទាន់​ សម័យ​ ដូចជា​ ម៉ូតូ កាបូប​ ហើយ​សូម្បី​តែ​ស្បែក​ជើង​។​ នៅ​ពេល​ដែល​ខ្ញុំ​ប្រើប្រាស់​សម្ភារ​ជាស្ទីល​ផ្ទាល់​ខ្លួន​របស់ខ្ញុំ​​ អាច​ធ្វើឲ្យ​ខ្ញុំ​បង្ហាញ​​អ្នក​ដទៃ​ពី​ខ្ញុំ​ខ្លួន​ឯង និង​អ្វី​ដែល​ខ្ញុំមាន​។ ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​ខ្ញុំ​តែងតែ​បង្ហាញ​នូវ​ស្ទីល​របស់ខ្ញុំ​តាម​រយៈ ​Face​ book​​ ហើយ​​វា​ពិត​​ជា​គួរ​ឲ្យ​​ចាប់​​អារម្មណ៍​​ណាស់។ វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មិត្តភក្តិ​កាន់​តែ​ច្រើន​»៕