ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ដែលរៀបចំការប្រកួតរាល់ថ្ងៃសុក្រ នៅលើសង្វៀនស៊ីធីអិននោះ នឹងបើកការប្រកួតវិលជុំជាលើកដំបូង នៅថ្ងៃសុក្រស្អែកនេះ ដើម្បីស្វែងរកបេក្ខភាពចំនួន២នាក់នៅតាមពូលនីមួយៗ ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតដែលឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវមួយនេះបាន សម្រិតសម្រាំងកីឡាករក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមចំនួន១២នាក់មក ចូលរួមប្រកួត និងបានបែងចែកការប្រកួតជា២ពូល។ ពូល A មាន សារឿន ចាន់ ពៅ ស៊ីយ៉េត ទេស សំខាន់ ម៉ន សាម៉េត សុខ សុវណ្ណ និង ខុម ពិសិដ្ឋ រីឯ ពូល B មាន សំរឹទ្ធ សុភាព ភិរម្យ ភក្តី សេក គឹមផាន ខុន ស៊ីចាន់ គួន ប៊ុនហ៊ីម និង កីឡាករ ព្រំ វី។
សម្រាប់ការប្រកួតវិលជុំបើកឆាកដើម្បីសន្សំពិន្ទុនៅថ្ងៃសុក្រ ស្អែកនេះ ជាការប្រកួតរវាងកីឡាករ៤រូបក្នុងពូល A ដោយក្នុងនោះអ្នកប្រដាល់មកពីជាយដែន ពៅ ស៊ីយ៉េត ត្រូវជួបជើងខ្លាំងក្នុងពូល សារឿន ចាន់ ខណៈ ទេស សំខាន់ ជួប ម៉ន សាម៉េត។
ការចាប់គូប្រកួតដែលធ្វើឡើងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៤ ខែឧសភា សារឿន ចាន់ និង សំរឹទ្ធ សុភាព ត្រូវបានគណៈកម្មការរៀបចំការប្រកួតដាក់ឈ្មោះឲ្យឈរតាមពូលផ្សេងៗ ពីគ្នា ដោយមិនចាំបាច់ឡើងចាប់ឆ្នោតអ្វីឡើយ ព្រោះអ្នកទាំងពីរត្រូវបានគេវាយតម្លៃថា មានសមត្ថភាពខ្ពស់ជាងកីឡាករ១០នាក់ផ្សេងទៀត។
តែទោះបីជាយ៉ាងណា សម្រាប់ការជួបសិស្សគុនមកពីក្លិបក្រុងប៉ោយប៉ែត ពៅ ស៊ីយ៉េត ជាលើកដំបូងនេះ សារឿន ចាន់ បាននិយាយបែបបង្កប់ន័យថា៖«ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថា ខ្ញុំទទួលបានលទ្ធផលបែបណានោះទេ ប៉ុន្តែបើនិយាយពីសមត្ថភាព និងបច្ចេកទេសប្រកួតរបស់ខ្ញុំ និង ពៅ ស៊ីយ៉េត ឃើញថា គេមានគម្លាតខុសគ្នាពីខ្ញុំឆ្ងាយ»។
ចំពោះសមត្ថភាពកីឡាករ៤នាក់ផ្សេងទៀតនៅក្នុងពូល A សិស្សគុនក្លិបសម្រែករាជសីហ៍បង្រ្កាបគ្រឿងញៀន សារឿន ចាន់ បានលើកឡើងថា៖«សុខ សុវណ្ណ និង ទេស សំខាន់ ហាក់ដូចជាមានសមត្ថភាពប្រកួតគ្រាន់បើ ប៉ុន្តែក្នុងនាមជាអ្នកប្រដាល់ត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងត្រូវចេះកំណត់ពីទិសដៅនៃការប្រកួតឲ្យបានច្បាស់លាស់ទើបដំណើរ ការប្រកួតរបស់ខ្លួនបានល្អ ហេតុនេះខ្ញុំជឿថា ខ្ញុំនឹងដណ្តើមបានលេខ១ឬលេខ២នៅក្នុងពូល ដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។
ផ្ទុយពីនេះលោក ថៃ អ៊ូ គ្រូបង្វឹក ពៅ ស៊ីយ៉េត បានប្រាប់ឲ្យដឹងពីស្ថានពិតរបស់ ស៊ីយ៉េត ថា៖« ស៊ីយ៉េត មានជីវភាពក្រខ្លាំងណាស់ ហើយរដូវនេះ គឺជាពេលវេលាដ៏មមាញឹកបំផុតដែលគេត្រូវធ្វើស្រែ ហេតុនេះគេមានពេលវេលាតិចបំផុតក្នុងការហ្វឹកហាត់»។
គ្រូបង្វឹករូបនេះ បានបញ្ជាក់ដោយឥតលាក់លៀមថា៖«តាមពិតខ្ញុំមិនចង់ឲ្យគេចូលរួម ប្រកួតក្នុងកម្មវិធីដណ្តើមខ្សែក្រវាត់នេះទេ ព្រោះវាជារដូវកាលដែលគេរវល់ធ្វើស្រែចម្ការ ប៉ុន្តែបើសិនមិនឲ្យគេមកប្រកួត តើគេបានលុយឯណាទៅទិញជីបាញ់ស្រូវ? ខ្ញុំពិតជាអាណិតសិស្សម្នាក់នេះណាស់ ក៏ប៉ុន្តែបើសិនជាមិនជាប់រវល់ធ្វើស្រែទេនោះខ្ញុំជឿថា វាអាចប្រជែងជាមួយគេបាន តាមរយៈការព្យាយាមហ្វឹកហាត់»។
ដោយឡែកជំនួបរវាងសិស្សគុនក្លិបកងពលតូចលេខ៧០ ទេស សំខាន់ និង អ្នកប្រដាល់ខ្លួនតូចចិត្តធំ ម៉ន សាម៉េត របស់ក្លិបព្រែកឯង វាអាចក្លាយជាការប្រកួតដ៏អស្ចារ្យ។ សាម៉េត គឺជាកីឡាករ មានមាឌតូចជាងគេ និងមានទម្ងន់ស្រាលជាងគេនៅក្នុងចំណោមគូប្រកួតក្នុងពូល ប៉ុន្តែគេគឺជាអ្នកប្រយុទ្ធដ៏ស្វិតស្វាញម្នាក់ហើយល្បិចប្រកួតដ៏ សម្បូរបែបរបស់ សាម៉េត អាចនឹងធ្វើឲ្យគូប្រកួតដែលខ្ពស់ជាងខ្លួន ទេស សំខាន់ ជួបការលំបាកក៏ថាបាន៕
ភ្នំពេញ ប៉ុស្តិ៍

