ខេត្តសមុទ្រសាគរៈ មេដឹកនាំប្រឆាំងមីយ៉ាន់ម៉ា និងជាសកម្មជនលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃពុធ បានសន្យាជួយដោះស្រាយសិទ្ធិវិសមភាពរបស់ពលរដ្ឋមីយ៉ាន់ម៉ាដែល កំពុងធ្វើការនៅប្រទេសថៃ។
ពលរដ្ឋក្នុងតំបន់ និងកម្មករចំណាកស្រុករាប់ពាន់នាក់ បានជួបជុំប្រជ្រៀតគ្នាលើផ្លូវចង្អៀតមួយក្នុងខេត្តសមុទ្រសាគរ ដើម្បីស្តាប់មេដឹកនាំប្រឆាំងមីយ៉ាន់ម៉ាដោយផ្ទាល់ ហើយវាបានធ្វើឲ្យលោកស្រីចំណាយពេលជាង១០នាទី ទើបអាចចេញរួចពីរថយន្ត។
ថ្លែងទៅកាន់ហ្វូងកម្មករចំណាក ស្រុកដែលកំពុងស្រែកអបអរសាទរជាភាសាមីយ៉ាន់ម៉ាពីវ៉េរ៉ងដាមួយនៅជាន់ទីបីនៃការិយាល័យ បណ្តាញសិទ្ធិកម្មករចំណាកស្រុក (MWRN)ក្នុងខេត្តថៃនេះ មេដឹក នាំបក្សប្រឆាំងរូបនេះ បានស្នើឲ្យកម្មករមីយ៉ាន់ម៉ាដែលមានចម្រុះជនជាតិ ដែលប្រមូលផ្តុំគ្នាដើម្បីជួបលោកស្រី ត្រូវរស់នៅដោយសន្តិវិធី ហើយកុំឲ្យបង្កបញ្ហាដល់ពលរដ្ឋថៃ។
ក្រៅពីអ្វីដែលលោកស្រីបានស្នើដល់ហ្វូងមនុស្ស សុន្ទរកថារបស់លោកស្រីស៊ូជី គឺខ្លី ដោយនិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រីនៅតំបន់នេះ គឺដើម្បីបានឃើញ ស្ថានភាពរស់នៅរបស់ពលរដ្ឋមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃ និងដើម្បីបានឃើញថាតើពួកគេនៅទីនេះសុខសប្បាយទេ។ ក្រុមអ្នកគាំទ្រលោកស្រី បានស្រែកអបអរនិងទះដៃនៅពេលដែលមេដឹកនាំប្រឆាំងនិមិត្តរូប រូបនេះ បានសួរថាតើពួកគេទាំងអស់គ្នាចង់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅមីយ៉ាន់ម៉ា ឬយ៉ាងណា?
លោកស្រីស៊ូជី បានសន្យាខិតខំឲ្យអស់ពីសមត្ថភាពដែលលោកស្រីអាចធ្វើបានដើម្បី ធ្វើឲ្យប្រទេសរបស់លោកស្រីកាន់តែប្រសើរ ដើម្បី ឲ្យកម្មករដែលមកពីមីយ៉ាន់ម៉ា អាច វិលត្រឡប់ទៅស្រុកវិញ។
ការទះដៃអបអរ បានលាន់ឮជាថ្មីនៅពេលដែល«លោកស្រី» បានកត់សម្គាល់ថា មុនពេលត្រឡប់ទៅ វិញលោកស្រីនឹងធ្វើការ ពិភាក្សាជាមួយទីភ្នាក់ងារថៃ និងមីយ៉ាន់ម៉ាដែលជាប់ពាក់ព័ន្ធ អំពីបញ្ហាការងារ មានដូចជាប្រាក់ឈ្នួលមិនស្មើគ្នាជាដើម៕ NR
ភ្នំពេញ ប៉ុស្តិ៍

