Headlines:

រោង​ម៉ាស៊ីន​ច្នៃ​អង្ករ​នៅ​តាកែវ​បើក​ខែ​តុលា

120531_11
កម្មករ​នៅ​រោងម៉ាស៊ីន​កែច្នៃ​អង្ករ​មួយ​នៅ​ខេត្ត​កណ្តាល​កំពុង​ជញ្ជូន​ស្រូវ​​ដែល​ប្រមូល​ទិញ​​ពី​កសិករ​ដាក់​​ក្នុង​​ឃ្លាំង​​សម្រាប់​​កែច្នៃ​​ជា​អង្ករ​​នាំ​ចេញ​ទៅ​​ក្រៅ​ប្រទេស និង​លក់​ក្នុង​ស្រុក​​។ រូបថត ផា លីណា​

ភ្នំពេញៈ ​រោង​ម៉ាង​កែច្នៃ​អង្ករ ​តម្លៃ​ជាង​១០​លាន​ដុល្លារ​របស់​ធនាគារ​កាណាឌីយ៉ា​នឹង​ចាប់​ផ្តើម ដំណើរ​ការ​ដំណាក់​កាល​ទីមួយ​នៅ​ក្នុង​ខែ​តុលា ​ខណៈ​ដែល​ដំណាក់​កាល​ទីពីរ​នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​២០១៣​។​ នេះ​បើ​តាម មន្រ្តី​ធនាគារ​កាណាឌីយ៉ា។

រោងម៉ាស៊ី​កិន​ស្រូវ​នេះ​មាន​ទីតាំង​នៅ​ស្រុក​ដូនកែវ ខេត្ត​តាកែវ។

លោក ប៊ុន ឃីម ​អ្នក​ទទួល​ខុស​ត្រូវ​រោង​ម៉ាស៊ីន​កិន​ស្រូវ​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណាក់​កាល​ដំបូង​នេះ​គេ​អាច​កែច្នៃ​អង្ករ​បាន​៦០​តោន​ក្នុង មួយ​ថ្ងៃ ​ខណៈ​ម៉ាស៊ីន​មាន​សមត្ថភាព​ផលិត​អង្ករ​៦០០​តោន​ក្នុង​មួយ​ថ្ងៃ​នឹង ដំណើរ​ការ​នៅ​ខែ​មីនា ឆ្នាំ​២០១៣។

លោក​បន្ត​ថា មន្ត្រី​ក្រុមហ៊ុន​បាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មួយ​ចំនួន​ដូច​ជា ​ហ្វីលីពីន ​ចិន ​និង ទីផ្សារ​​អឺរ៉ុប ដើម្បី​នាំ​អង្ករ​ចេញ​។ ​លោក​ថ្លែងថា៖ «ថ្ងៃ​នេះ​យើង​ទាក់ទង​គេ​សិន ដល់​ថ្ងៃ​ក្រោយ​យើង​មាន​អង្ករ ​យើង​ទទួល​ការ​បញ្ជា​ទិញ ហើយ​យើង​លក់​ឲ្យ​គេ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្រុមហ៊ុន បាន​ចាប់​ផ្តើម​ទិញ​ស្រូវ​ស្តុក​ទុក​ជា​បណ្តើរ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​​ឧសភា​ដែល​ដល់​ពេល​នេះ​បាន​ទិញ​ស្រូវ​ប្រាំង​ប្រភេទ​អ៊ីអ៊ែរ​បាន​ជិត ​២០០០​តោន ក្នុង​តម្លៃ​ចន្លោះ​ពី​ជាង​ ១ ១០០​រៀល​ដល់​ជាង​១២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

លោក ពុង ឃាវសែ​ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​ ធ្លាប់​បាន​និយាយ​កាល​ពី​ចុងឆ្នាំ ២០១១​ថា ធនាគារ​នេះ​ផ្តល់​ប្រាក់​កម្ចី​ដល់​វិស័យ​កសិកម្ម​មាន​ចំនួន​ត្រឹម​តែ​៧​ភាគរយ​នៃ​ប្រាក់​កម្ចី​របស់​ខ្លួន​សរុប​៧១៥​លាន​ដុល្លារ​។

នៅ​ពេល​នោះ​​លោក​បាន​ប៉ាន់​ប្រមាណ​ថា​ ប្រាក់​កម្ចី​ដល់​វិស័យ​កសិកម្ម​នឹង​ឡើង​ដល់​១២​ភាគរយ គឺ​ជាង​១០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​នេះ​។

លោក​ ឌួង ហេង ​ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ខេត្ត​តាកែវ បាន​និយាយ​ថា ការ​ដំណើរ​ការរោង​ម៉ាស៊ីន​នឹង​មិន​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​រវាង​រោង ​ម៉ាស៊ីន​ ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ​នឹង​ជួយ​ទប់ស្កាត់​បាន​ការ​ហូរ​ចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​។ ​លោក​បន្ត​ថា៖ ​«ការ​ធ្វើ​ដំណើរ​ទៅ​បែប​នេះ គឺ​ល្អ​សម្រាប់​ការ​កាត់​បន្ថយ​​ការ​នាំ​ចេញ​ស្រូវ​ជា​បណ្តើរៗ​ទៅ​កាន់ ប្រទេស​ជិត​ខាង​។ យើង​មិន​អាច​កាត់​បន្ថយ​ទាំង​ស្រុង​តែ​ម្តង​នោះ​ទេ តែ​យើង​អាច​កាត់​បន្ថយ​តាម​មធ្យោបាយ​វិនិយោគនេះ​»។

កាល​ពី​ចុង​ឆ្នាំ​២០១១ លោក​ រស់ សីលវ៉ា ​អគ្គ​លេខាធិការ​រង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយ​ថា ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ ៥១ ០០០​តោន​នៅ​ឆ្នាំ ២០១០ ​ហើយ ​៩០​ភាគរយ​នាំ​ទៅ​អឺរ៉ុប។ ​នៅ​ឆ្នាំ​២០១១ នាំ​ចេញ​១៥០ ០០០​តោន ​ហើយ​៧៨​ភាគរយ​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប។

កសិកម្ម​កម្ពុជា​កំពុង​ក្លាយ​ជា​ទិសដៅ​ជំរុញ​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់។ ​រដ្ឋាភិបាល​នឹង​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​នៅ​ត្រឹម​ឆ្នាំ​២០១៥៕



This content has been locked. You can no longer post any comments.
Show/hide comments
busy