Headlines:

កម្មករ​រោងចក្រ​ហ្គាវ័ន្ត​ធ្វើ​កូដកម្ម​ប្រឆាំង​ការ​កាត់​ប្រាក់​អ្នក​ទៅ​បោះឆ្នោត

120531_06c
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​​​កម្ពុជា​។ រូបថត ហេង ជីវ័ន​

កណ្តាលៈ កម្មករ​ប្រមាណ​១ពាន់​នាក់​បម្រើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​ ហ្គាវ័ន្ត(Gawon) ​ស្ថិត​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ កាល​ពី​ម្សិលមិញ​នេះ​បាន​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើ​ការ​ ព្រោះ​តែ​ថៅកែ​ព្រមាន​កាត់​ប្រាក់​បំណាច់​ឆ្នាំ​ ១​ថ្ងៃ​ បើ​អ្នក​ណា​ឈប់​សម្រាក​រហូត​ដល់​ទៅ​២ឬ៣​ថ្ងៃ​ ដើម្បី​ទៅ​បោះឆ្នោត​​ខាង​មុខ។

កម្មការិនី ហុក គន្ធា​ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា​ កាល​ពី​ថ្ងៃទី​២៩​ ខែ​ឧសភា​ ថៅកែ​រោងចក្រ​បាន​ចេញ​ប្រកាស​មួយ​ ហាម​ឃាត់ ព្រមាន​មិន​ឲ្យ​កម្មករ​ឈប់​សម្រាក​ពី​ការ​ងារ ​ពី​២​ទៅ​៣​ថ្ងៃ​ទេ ក្នុង​ពេល​បោះ​ឆ្នោត​បើ​មិន​ដូច្នេះ​ទេ​កម្មករ​នឹង​ត្រូវ​កាត់​ប្រាក់ បំណាច់​ឆ្នាំ​១​ថ្ងៃ។

កញ្ញា​បញ្ជាក់​ថា​៖ «​យើង​នំា​គ្នា​ធ្វើ​កូដកម្ម​នេះ​ គឺ​ដើម្បី​ប្រឆាំង​ទៅ​នឹង​សេចក្តី​ប្រកាស​នេះ ដែល​មិន​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ ដែល​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​ពី​១​ថ្ងៃ​ទៅ​៣​ថ្ងៃ ទៅ​តាម​ស្រុក​ជិត​ឬ​ឆ្ងាយ​ ប៉ុន្តែ​ ពួក​យើង​បែរ​ជា​ត្រូវ​ប្រឈម​នឹង​ការ​កាត់​ប្រាក់​បំណាច់​ឆ្នាំ​ទៅ​វិញ​»។ កញ្ញា​បន្ថែម​ថា កម្មករ​ទាំងអស់​គ្រោង​នឹង​ធ្វើ​កូដកម្ម​រហូត​ដល់​ថ្ងៃ​បោះឆ្នោត ប្រសិន​បើ​ថៅកែ​មិន​កែតម្រូវ​ទៅ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ទេ​នោះ​។

លោក ជា មុនី​ ប្រធាន​សហជីព​សេរីកម្មករ​ ថ្លែងថា សេចក្តី​ប្រកាស​របស់​ថៅកែ​រោងចក្រ​នោះ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ថា កម្មករ​ពុំ​មាន​បំណង​ចង់​ឈប់​ដោយ​ខ្លួន​ឯង​ទេ។ លោក​ថា៖​«ប៉ុន្តែ ក្រសួង​ការងារ​ទេ ដែល​ប្រកាស​ជូន​ដំណឹង​ឲ្យ​ពួក​គេ​ឈប់​សម្រាក​ ដូច្នេះ​ថៅកែ​គ្មាន​សិទិ្ធ​កាត់​ប្រាក់​បំណាច់​ឆ្នាំ​ពួក​គេ​ទេ»​។

លោក​ថា​៖ « មាន​តែ​ គ.ជ.ប​ ក្រសួង​ការងារ និង​គណបក្ស​នយោបាយ​ទេ ដែល​ត្រូវ​ចាត់​វិធានការ​សម្រួល​ឲ្យ​កម្មករ​ទាំងអស់​បាន​ទៅ​បោះឆ្នោត ព្រោះ​នេះ​ជា​សិទ្ធិ​ពួក​គេ»។

លោក ចិន សុផុន​ ជំនួយ​ការ​គណនេយ្យ​រោងចក្រ ហ្គាវ័ន្ត បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​បាន​អនុវត្ត​ទៅ​តាម​ការ​បញ្ជា​របស់​ក្រសួង​ការងារ​ប៉ុណ្ណោះ​។​ លោក​ថា ក្រោយ​ពី​មាន​បញ្ហា​នេះ​ខាង​ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ទៀត​ ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​នឹង​កម្មករ ប៉ុន្តែ​កម្មករ​មិន​ចូល​រួម​ស្តាប់​ប្រកាស​ពី​តំណាង​ក្រុមហ៊ុន​ទេ​ពី រសៀល​ថ្ងៃ​ម្សិលមិញ​។​ លោក​បន្ត​​ថា​៖«​ពី​ល្ងាច​មិញ​(ថ្ងៃ​ពុធ)​ ប្រធាន​ក្រុម​ហ៊ុន​ បាន​សម្រប​សម្រួល​ត្រូវ​គ្នា​ហើយ ដូច្នេះ​នៅ​ថ្ងៃ​ស្អែក ពួក​គេ​នឹង​ចូល​ធ្វើ​ការ​វិញ។

លោក ​ទេព នីថា អគ្គលេខាធិការ​គ.ជ.ប​ថ្លែង​ពាក់ព័ន្ធ​នឹង​ថ្ងៃ​ឈប់​សម្រាក​បោះឆ្នោត​ថា​វា​អាស្រ័យ​ទៅ​តាម​ទីកន្លែង​បោះឆ្នោត។​

លោក​បញ្ជាក់​ថា​៖«​ក្រសួង​ការងារ​ចេញ​សេចក្តី​ជូន​ដំណឹង​ថា បើ​អ្នក​មាន​លំនៅ​ក្នុង​ខេត្ត​កណ្តាល​ ហើយ​ការិយាល័យ​ដែល​គាត់​ត្រូវ​បោះឆ្នោត​នៅ​ខេត្ត​កណ្តាល​ដែរ​នោះ​ ដូច្នេះ​គាត់​អាច​ឈប់​សម្រាក​បាន​១​ថ្ងៃ​ ប៉ុន្តែ​ បើ​គាត់​រស់​នៅ​ខេត្ត​កណ្តាល​ គាត់​កាន់​ប័ណ្ណ​បោះឆ្នោត​នៅ​ខេត្ត​ផ្សេង​កៀក​នឹង​ខេត្ត​កណ្តាល​នោះ​ គាត់​ត្រូវ​ឈប់​សម្រាក​២​ថ្ងៃ​ ប៉ុន្តែ​ បើ​ធ្វើ​ការ​នៅ​ភ្នំពេញ​ ហើយ​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ខេត្ត​ឆ្ងាយ​ៗ​ ដូច្នេះ​គាត់​អាច​ឈប់​សម្រាក​៣ថ្ងៃ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy