សន្តិសុខផ្សារចាប់ចោរស្រីពីរនាក់ប្រគល់អោយប៉ូលិស
ភ្នំពេញ៖ស្ត្រីពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្របន្ទាប់ពីពួកគេបានឃុបឃិតគ្នាលូកហោរប៉ៅលួចប្រាក់របស់ស្ត្រីម្នាក់នៅផ្សារមួយកន្លែងដែលស្ថិតនៅក្នុងខណ្ឌទូលគោករាជធានីភ្នំពេញ។ ប៉ូលិសបានអោយដឹងថា ស្ត្រីជាជនសង្ស័យដែលមានអាយុ២៦ និង៤៩ឆ្នាំបានដើរតាមស្ត្រីរងគ្រោះម្នាក់អាយុ៤៨ឆ្នាំចូលទៅក្នុងផ្សារដែលមានមនុស្សច្រើនដើរប្រជ្រៀតគ្នា។ បន្ទាប់មកម្នាក់ក្នុងចំណោមពួកគេបានលូកហោប៉ៅរបស់ស្ត្រីរងគ្រោះលួចបានលុយជាង៨ម៉ឺនរៀល។ប៉ុន្តែត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកឆោរឡោឡើងហើយសន្តិសុខផ្សារបានចាប់ឃាត់ខ្លួនស្ត្រីទាំងពីរនាក់តែម្តង។ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតមែន។
ម្ចាស់លង់ក្នុងដំណេកពួកចោរគាស់ផ្ទះលួចម៉ូតូអស់ពីរគ្រឿង
ភ្នំពេញ៖បុរសអាយុ៤០ឆ្នាំម្នាក់បានដាក់ពាក្យបណ្តឹងទៅប៉ូលិសអោយជួយអន្តរាគមន៍រកម៉ូតូរបស់ខ្លួនពីរគ្រឿងដែលត្រូវបានចោលគាស់ផ្ទះលួចយកកាលពីយប់ថ្ងៃសុក្រនៅក្នុងខណ្ឌសែនសុខ។ជនរងគ្រោះបានអោយដឹងថានៅពេលគ្រួសារបស់គាត់កំពុងតែដេកលង់លក់នៅក្នុងដំណេកពួកចោរបានលួចគាស់ផ្ទះលួចយកម៉ូតូម៉ាកហុងដា និងស្កុបពីយកទៅ បាត់។ កន្លងមកមានសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិជាច្រើនករណីនៅក្នុងតំបន់របស់ពួកគាត់ប៉ុន្តែពួកចោរទាំងនោះមិនត្រូវបានប៉ូលិសបង្ក្រាបនៅឡើយនោះទេ។ ប៉ូលិសបានអះអាងថា នឹងធ្វើការស្រាវជ្រាវលើករណីនេះ។
ប៉ូលិសចាប់ខ្លួនពីរនាក់ក្នុងជម្លោះរឿងមើលមុខគ្នា
ភ្នំពេញ៖សិស្សសាលា២នាក់ក្នុងចំណោមបីនាក់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃសៅរ៍បន្ទាប់ពីពួកគេបានព្រួតគ្នាវាយលើយុវជនម្នាក់នៅតាមផ្លូវនៅក្នុងខណ្ឌ៧មករា។ប៉ូលិសបានអោយដឹងថាជនសង្ស័យចំនួនបីនាក់ជិះម៉ូតូមួយគ្រឿងហើយជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង។នៅពេលនោះជនរងគ្រោះបានមើលមុខពួកជនសង្ស័យ។ភ្លាមៗនោះពួកជនសង្ស័យបានជិះម៉ូតូដេញជនរងគ្រោះហើយនាំគ្នាវាយហើមមុខនៅវេលាម៉ោងប្រមាណជា៦និង២០នាទី។ ប៉ូលិសល្បាតបានធ្វើការអន្តរាគមន៍ចាប់ពួកជនសង្ស័យបានពីរនាក់។ម្នាក់រត់រួច។ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការហើយបន្តស្វែងរកចាប់ខ្លួនបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួន។
បីនាក់ស្ទាក់កាប់យុវជនម្នាក់ស្លាប់ក្នុងវត្ត
កំពង់ចាម៖យុវជនអាយុ១៨ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីថ្ងៃសុក្របន្ទប្ទា់ពីយុវជនមួយក្រុមបានកាប់គេនឹងកាំបិតតាំងតោនៅក្នុងវត្តមួយស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាម។ប៉ូលិសបានអោយដឹងថាជនរងគ្រោះមានទំនាស់ពាក្យសំដីជាមួយនឹងក្រុមជនសង្ស័យបីនាក់ដែលមានអាយុ១៥១៧និង២២ឆ្នាំនៅពេលទៅលេងបុណ្យនៅក្នុងវត្តមួយក្នុងភូមិ។នៅពេលដែលជនរងគ្រោះដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯងពួកជនសង្ស័យបានស្ទាក់កាប់គេនឹងកាំបិតតាំងតោហើយជិះម៉ូតូគេចខ្លួនបាត់។ប៉ុន្តែប៉ូលិសបានចាប់ខ្លួនពួកគេនៅយប់ដដែលនោះ។ពួកជនសង្ស័យបានសារភាពថាពួកគេបានកាប់លើជនរងគ្រោះមែនប៉ុន្តែគ្មានចេតនាសម្លាប់គេទេ។ប៉ូលិសបានរៀបចំឯកសារបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ក្រុមចោរវាយសម្លាប់ស្ត្រីចំណាស់ប្លន់ប្រាក់ជាង៥០០០ដុល្លា
ភ្នំពេញៈស្ត្រីអាយុ៧៦ឆ្នាំម្នាក់ត្រូវបានពួកចោរវាយស្លាប់នៅក្នុងអំពើប្លន់មួយកាលពីថៃសៅរ៍នៅក្នុងខណ្ឌចំកាមនរាជធានីភ្នំពេញ។ប៉ូលិសបានអោយដឹងថាស្ត្រីរងគ្រោះនៅផ្ទះតែម្នាក់ឯងបន្ទាប់ពីកូនរបស់គាត់បានទៅចូលរួមមង្គលការមួយ។ពួកចោរបានវាយក្បាលគាត់នឹងដុំថ្មហើយរឹតកសម្លាប់ប្លន់យកលុយអស់ជាង៥ពាន់ដុល្លាអាមេរិកមុនពេលគេចខ្លួនពីកន្លែងកើតហេតុ។កូនរបស់គាត់បានប្រទះឃើញម្តាយដេកស្លាប់នៅលើកំរាលអិដ្ឋហើយរាយការទៅប៉ូលិស។ប៉ូលិសបានសន្និដ្ឋានថានេះជាករណីប្លន់សម្លាប់។ក្រុមប៉ូលិសកំពុងតែស៊ើបអង្កេតលើករណីនេះ។
មិត្តភក្តិកាប់គ្នាបែកកក្បាលពេលផឹកស៊ីក្លែមសាច់ឆ្កែ
ប៉ៃលិន៖ប៉ូលិសស្រុកសាលាក្រៅកំពុងតែតាមស្វែងរកចាប់ខ្លួនបុរសអាយុ៣១ឆ្នាំម្នាក់បន្ទាប់ពីបុរសរូបនេះបានកាប់អ្នករួមការងារម្នាក់របួសធ្ងន់កាលពីថ្ងៃទី១៩ខែឧសភា។ប៉ូលិសបានអោយដឹងថាជនរងគ្រោះនឹងជនសង្ស័យបានផឹកស្រាក្លែមសាច់ឆ្កែជាមួយគ្នារួមនឹងមិត្តភក្តិ២-៣នាក់ផ្សេងទៀត។យប់បន្តិចពួកគេស្រវឹងរៀងៗខ្លួនហើយក៍មានទំនាស់ពាក្យសំដី។ពេលនោះជនសង្ស័យបានចេញពីកន្លែងផឹកស៊ី។មួយសន្ទុះក្រោយមកគេបានត្រឡប់មកវិញដោយមានកាន់ពូថៅមួយផងហើយបានកាប់លើជនរងគ្រោះមួយពូថៅចំក្បាលរបួសធ្ងន់សន្លប់នៅនឹងកន្លែងកើតហេតុ។ជនរងគ្រោះត្រូវបានគេសង្គ្រោះទៅមន្ទីរពេទ្យចំណែកឯជនសង្ស័យបានរត់គេចខ្លួនបាត់។
រវល់រើសម៉ូដស្បែកជើងភ្លេចខ្លួនចោរស្រីបីនាក់វះយកលុយអស់
រាជធានីភ្នំពេញ៖ស្ត្រីអាយុ២៥ឆ្នាំម្នាក់ត្រូវបានចោរស្រីបីនាក់ឃុបឃិតគ្នាវះយកលុយអស់ជាតិ៤០០ដុល្លាពេលកំពុងតែទិញស្បែកជើងកាលពីថ្ងៃព្រហស្បត្តិ៍នៅក្នុងខណ្ឌទួលគោក។ប៉ូលិសបានអោយដឹងថាស្ត្រីរងគ្រោះបានដាក់កាបូបលុយនៅក្នុងថង់មួយយូរទៅផ្សារ។ពេលកំពុងតែទិញស្បែកជើងមានចោរស្ត្រីបីនាក់បន្លំធ្វើជាទិញស្បែកជើងដែរហើយបានវះថង់នោះយកកាបូបលុយគេចខ្លួនបាត់។ស្ត្រីរងគ្រោះបានស្រែកយំពេលដឹងថាបាត់លុយ។ប៉ូលិសកំពុងតែធ្វើការកំណត់អត្តសញ្ណាណជនសង្ស័យ។
ក្មេងប្រុសម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីលួចលុយជាង២ពាន់ដុល្លា
សៀមរាបៈក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនប្រគល់អោយប៉ូលិសក្រោមការសង្ស័យថាគេបានបន្លំលួចលុយពីហាងមួយកន្លែងនៅក្នុងក្រុងសៀមរាបកាលពីថ្ងៃសុក្រ។ប៉ូលិសបានអោយដឹងថាក្មេងប្រុសរូបនេះបានឃុបឃិតគ្នានឹងបុរសរាងចំណាស់ម្នាក់លួចលុយជាង២ពាន់ដុលល្លាពីហាងលក់ទូរសព្ទ័មួយដោយបុរសរូបនោះដើរតួរជាអ្នកទិញកាត់ទូរសព្ទ័ហៅម្ចាស់ហាងចេញមកក្រៅហើយធ្វើជាអោយលុយរាយម្តងបន្តិចៗដើម្បីទុកពេលអោយក្មេងប្រុសនោះចូលលួចលុយ។បន្ទាប់ពីលួចលុយបានសំរេចហើយក្មេងនោះបានដើរគេចខ្លួនចេញពីហាងនោះប៉ុន្តែត្រូវសាច់ញាតិរបស់ម្ចាស់ហាងតាមចាប់ខ្លួនបាត់ខណៈដែលបុរសចំណាស់ដែលជាបក្សពួករបស់គេបានជិះម៉ូតូរត់គេចខ្លួនបាត់។
ប៉ូលិសពទ្ធ័ចាប់ចោរលួចម៉ូតូជិះធ្លាក់ទឹក
កណ្តាលៈយុវជនពីរនាក់ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីពួកគេបានលួចម៉ូតូមួយគ្រឿងកាលពីថ្ងៃសុក្រនៅក្នុងស្រុកស្អាង។ប៉ូលិសបានអោយដឹងថាជនសង្ស័យទាំងពីរនាក់ដែលមានអាយុ១៦និង១៧ឆ្នាំបានជិះម៉ូតូមួយគ្រឿងដើរធ្វើសកម្មភាពលួយម៉ូតូ។ពេលឃើញម៉ូតូមួយគ្រឿងបញ្ឈនៅមុខផ្ទះដោយមានទាំងសោរស្រាប់ផងនោះម្នាក់ក្នុងចំណោមពួកគេបានចូលទៅលួចជិះគេចខ្លួន។ប៉ុន្តែប៉ូលិសសហការណ៍គ្នាពទ្ធ័ចាប់ពួកកគេបានជាបន្តបន្ទាប់នៅថ្ងៃដដែលនោះ។ប៉ូលិសបានដកហូតម៉ូតូ២គ្រឿងពីជនសង្ស័យហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ម៉ូតូបុកគ្នាស្លាប់២របួស៣
រាជធានីភ្នំពេញ៖ស្ត្រីម្នាក់និងបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីពួកគេជិះម៉ូតូបុកគ្នាកាលពីថ្ងៃអាទិត្យនៅក្នុងខណ្ឌចំកាមន។ប៉ូលិសបានអោយដឹងថាម៉ូតូ២គ្រឿងមួយជិះ២នាក់និងមួយទៀតជិះ៣នាក់ត្រូវបានបើកបរក្នុងល្បឿនយ៉ាងលឿនហើយបានបុកគ្នាពេញទំហឹងដែលធ្វើអោយមានស្ត្រីវ័យក្មេងម្នាក់និងបុរសម្នាក់ស្លាប់ភ្លាមនិង៣នាក់ផ្សេងទៀតរងរបួសស្រាលនិងធ្ងន់។ប៉ូលិសបានបញ្ជាក់ថាគ្រោះថ្នាក់នេះបណ្តាលមកពីបើកបរហួសល្បឿនកំណត់។
ទើបចេញពីគុកដើរលួចទៀតប៉ូលិសចាប់ដាក់គុកវិញ
រាជធានីភ្នំពេញ៖បុរសអាយុ៣៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍នៅខណៈពេលដែលបុរសម្នាក់នេះផ្លោះរបងចូលលួចទ្រព្យសម្បត្តិ៍នៅផ្ទះមួយកន្លែងស្ថិតនៅក្នុងខណ្ឌទួលគោក។បុរសជាម្ចាស់ផ្ទះអាយុ៥៤ឆ្នាំបានអោយដឹងថាជនសង្ស័យបានផ្លោះរបងចូលក្នុងផ្ទះរបស់គាត់បំរុងលួចទ្រព្យសម្បត្តិប៉ុន្តែគាត់ភ្ញាក់ទាន់ហើយស្រែកអោយអ្នកផ្ទះគាត់ស្នាក់នៅជួយចាប់ប្រគល់អោយប៉ូលិស។ប៉ូលិសបានអោយដឹងថាជនសង្ស័យម្នាក់នេះធ្លាប់ជាប់គុកហើយគេទើបចេញពីគុកទើបតែបានកន្លះឆ្នាំប៉ុណ្ណោះ។គេមិនរាងចាលនៅតែប្រព្រឹត្តខុសដដែល។ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការអោយដេកគុកម្តងទៀត។
ប៉ូលិសចាប់ខ្លួនបុរសពីរនាក់គាស់បន្ទប់និស្សិតលួចទ្រព្យសម្បិត្តិទាំងថ្ងៃ
រាជធានីភ្នំពេញ៖បុរស២នាក់អាយុ១៨និង២០ឆ្នាំត្រូវបានប៉ូលិសល្បាតចាប់ខ្លនួបានភ្លាមៗបន្ទាប់ពីពួកគេឃុបឃិតគ្នាគាស់ផ្ទះលួចទ្រព្យសម្បត្តិទាំងថ្ងៃកាលពីថ្ងៃចន្ទ័ក្នុងខណ្ឌទួលគោក។ប៉ូលិសបានអោយដឹងថានៅពេលធ្វើសកម្មភាពជនសង្ស័យម្នាក់បានចាំនៅលើម៉ូតូនៅជាន់ក្រោមហើយម្នាក់ទៀតបានឡើងទៅជាន់លើគាស់បន្ទប់របស់និស្សិតស្រីម្នាក់លួចបានកុំព្យូទ័រយួរដៃមួយនិងព្រទ្យសម្បត្តិមួយចំនួនទៀត។នៅពេលដែលជនសង្ស័យកំពុងតែយួររបស់ដែលលួចនោះម្ចាស់បន្ទប់ក៍មកដល់ហើយស្រែកអោយគេជួយចាប់ជនសង្ស័យ។ប៉ូលិសល្បាតបានធ្វើអន្តរាគមន៍ចាប់ជនសង្ស័យបានទាំងពីរនាក់តែម្តងហើយប្រគល់ទ្រព្យសម្បត្តិអោយម្ចាស់ដើម្បីវិញ។
បុគ្គលិកក្លឹបកំសាន្តនិងមិត្តភក្តិវាយភ្ញៀវសន្លប់បីនាក់
រាជធានីភ្នំពេញ៖បុរសបីនាក់អាយុ២៤និង២៥ឆ្នាំត្រូវបានបុគ្គលិកក្លឹបកំសាន្តនិងមិត្តភក្តិព្រួតគ្នាវាយកាលពីយប់ថ្ងៃចន្ទ័នៅក្នុងក្លឹបកំសាន្តមួយកន្លែងស្ថិតនៅក្នុងខណ្ឌចំកាមន។ជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់បាននិយាយនៅពេលសម្រាកនៅមន្ទីរពេទ្យថាពួកគេបានចូលទៅរាំលេងនៅក្លឹបកំសាន្តនោះ។ដល់ពេលយប់ជ្រៅបានបបួលគ្នាមកផ្ទះតែច្រឡំចាប់ដៃមិត្តភក្តិរបស់បុគ្គលិកនៅក្លឹបនោះហើយក៍កើតមានជម្លោះជាមួយគ្នា។បុគ្គលិកក្លឹបកំសាន្តនិងមិត្តភក្តិរបស់គេបានវាយពួកគេនឹងដំបងឆក់ដំបងឈើសន្លប់ហើយម្នាក់បានភ្ជង់ពួកគេនឹងកាំភ្លើងទៀតផង។ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅប៉ូលិសអោយជួយរកយុត្តិធម៌នៅក្នុងករណីបង្ករបួសស្នាមនេះ។
ក្មេងស្រីអាយុ៤ឆ្នាំធ្លាក់ចូលគោយន្តកិនស្លាប់
កំពង់ឆ្នាំង៖ក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យបន្ទាប់ពីនាងបានធ្លាក់ចូលគោយន្តកិននាងនៅនឹងផ្លូវលំមួយកន្លែងនៅក្នុងស្រុកបរិបូរណ៍។សាច់ញាតិរបស់កុមារីរងគ្រោះបានអោយដឹងថាកុមារីរងគ្រោះបានស្នាក់នៅជាមួយនឹងតាយាយរបស់នាងបន្ទាប់ពីឪពុកម្តាយរបស់នាងបានចេញទៅធ្វើការនៅប្រទេសថៃ។នៅថ្ងៃកើតហេតុនាងបានជិគោយន្តដឹកខ្សាច់ជាមួយនឹងឪពុកមាម្នាក់អាយុ២២ឆ្នាំ។ពេលដល់ផ្លូវគ្រលុកនាងតោងមិនជាប់ក៍ធ្លាក់ហើយត្រូវគោយន្តកិនរបួសធ្ងន់។នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែដោយសារបួសធ្ងន់ពេកក៍ស្លាប់មួយថ្ងៃក្រោយមក។
លួចម៉ូតូមិត្តភក្តិស្មានថាគេភ្លេចជិះមកវិញត្រូវប៉ូលិសចាប់
សៀមរាប៖យុវជនអាយុ១៩ឆ្នាំម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃអាទិត្យបន្ទាប់ពីគេត្រូវបានមិត្តភក្តិប្តឹងពីករណីលួចម៉ូតូនៅក្នុងក្រុងសៀមរាបកាលពីប៉ុន្មានខែមុន។ប៉ូលិសបានអោយដឹងថាកាលពីថ្ងៃទី៣១ខែមិនាឆ្នាំ២០១២នេះយុវជនម្នាក់នេះបានលួចម៉ូតូមិត្តភក្តិរបស់គេហើយជិះទៅពូននៅខេត្តបន្ទាយមានជ័យ។បន្ទាប់មកគេបានជិះម៉ូតូដែលលួចនោះតឡប់មកសៀមរាបវិញដោយគិតថាប៉ូលិសប្រហែលជាមិនចំណាំរូបគេ។ប៉ុន្តែគ្រាន់តែមកដល់សៀមរាបភ្លាមរូបគេត្រូវបានប៉ូលិសឃាត់យកទៅសួរនាំហើយចាប់ខ្លួនបញ្ជូនទៅតុលាការតែម្តង។ចំណែកឯម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។
ចោរប្លន់ប្រពន្ធប៉ូលិសក្រសួងមហាផ្ទៃម្នាក់ទាំងកណ្តាលថ្ងៃត្រង់
រាជធានីភ្នំពេញ៖ប្រពន្ធប៉ូលិសនៅក្រសួងមហាផ្ទៃម្នាក់ត្រូវបានចោរភ្ជង់ប្លន់នៅចំពោះមុខប្តីកាលពីថ្ងៃចន្ទ័នៅពេលចុះពីលើឡានបើកទ្វារចូលផ្ទះនៅក្នុងខណ្ឌចំកាមន។ប៉ូលិសបានអោយដឹងថាស្ត្រីរងគ្រោះបានជិះឡានជិះបានជាមួយនឹងប្តីជាដែលជាមន្ត្រីប៉ូលិសម្នាក់នៅក្រសួងមហាផ្ទៃ។ពេលទៅដល់មុខផ្ទះក៍ចុះទៅបើកទ្វារបំរុងចូលផ្ទះស្រាប់តែមានបុរសម្នាក់ដកកាំភ្លើងខ្លីភ្ជង់ប្លន់យកកាបូបលុយហើយរត់ឡើងជិះម៉ូតូបក្សពួករបស់គេគេចខ្លួនបាត់។ប្តីរបស់ស្ត្រីរងគ្រោះដែលមានកាំភ្លើងផងដែរនោះអង្គុយនៅលើរថយន្តមិនបានជួយប្រពន្ឋព្រោះថាខ្លាចចោរបាញ់ប្រពន្ឋ។ម៉្យាងទៀតទ្រព្យសម្បត្តិដែលនៅក្នុងកាបូបនោះមានតែទូរសព្ទ័ដៃមួយគ្រឿងនិងប្រាក់ទិញតិចតួចប៉ុណ្ណោះ។
យុវជនពីរនាក់ត្រូវចាប់ខ្លួនបន្ទាប់ពីឆក់កាបូបម្តាយមិត្តភក្តិខ្លួន
រាជធានីភ្នំពេញ៖ប៉ូលិសបានចាប់ខ្លួនយុវជន២នាក់កាលពីថ្ងៃចន្ទ័បន្ទាប់ពួកគេបានធ្វើសកម្មភាពឆក់កាបូបប្រាក់ពីស្ត្រីម្នាក់នៅក្នុងខណ្ឌចំកាមន។ស្ត្រីជាជនរងគ្រោះបាននិយាយថាគាត់និងកូនស្រីអាយុ២០ឆ្នាំបានជិះម៉ូតូកង់បីនៅលើកំណត់ផ្លូវមួយកន្លែង។ ពេលនោះមានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបប្រាក់ពីគាត់ដែលដាក់នៅលើភ្លៅ។គាត់បានស្រែកអោយគេជួយហើយពេលនោះប៉ូលិសល្បាតបានតាមចាប់ពួកជនសង្ស័យបានប្រហែលជាជាងយម៉ោងក្រោយមក។កូនស្រីរបស់ស្ត្រីរងគ្រោះបានអោយដឹងថាជនសង្ស័យម្នាក់ក្នុងចំណោម២នាក់នោះគឺជាអតីតមិត្តរួមថ្នាក់របស់នាងកាលពីប៉ុន្មានឆ្នាំមុន។ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ។
ប៉ូលិសតាមចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់របួសអ្នកភូមិម្នាក់
ព្រៃវែង៖ ប៉ូលិសស្រុកស៊ីធកណ្តាលខេត្តកំពុងតែស្វែងរកចាប់ខ្លួនបុរសម្នាក់បន្ទាប់ពីបុរសរូបនេះបានបាញ់កាំភ្លើងធ្វើអោយរបួសបុរសម្នាក់អាយុ៣១ឆ្នាំកាលពីថ្ងៃអាទិត្យ។ប៉ូលិសបានអោយដឹងថាបុរសជាជនសង្ស័យបានចូលរួមនៅក្នុងពិធីជប់ លៀងមួយ។ពេលនោះទំនងជាគេស្រវឹងក៍ដកកាំភ្លើងខ្លីមួយដើមបាញ់បង្អូតគេមួយគ្រាប់។ចៃដន្យគ្រាប់កាំភ្លើងបានផ្លាតចំភ្លៅបុរសជាជនរងគ្រោះ។ជនសង្ស័យបានដឹកជនរងគ្រោះទៅព្យាបាលនៅរាជធានីភ្នំពេញប៉ុន្តែត្រូវកម្លាំងប៉ូលិសស្ទាក់តាមផ្លូវធ្វើអោយជនសង្ស័យរត់ចោលឡាន។ប៉ូលិសបានឆេកឆេរឡាននោះហើយឃើញកាំភ្លើងខ្លីនៅក្នុងឡានរបស់គេ។ជនសង្ស័យអាចត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមនិងប្រើប្រាស់អាវុធខុសច្បាប់។
សពស្ត្រីម្នាក់ត្រូវគេប្រទះឃើញបន្ទាប់ពីស្លាប់ជាង២ខែ
កំពង់ស្ពឺ៖ប៉ូលិសបានអោយដឹងថាអ្នកគង្វាលគោម្នាក់បានប្រទះឃើញគ្រោងឆ្អឹងសពរបស់ស្ត្រីម្នាក់កាលពីថ្ងៃចន្ទ័នៅជើងភ្នំមួយកន្លែងស្ថិតនៅក្នុងស្រុកគង់ពិសី។ស្ត្រីនោះមានអាយុប្រហែលជា៦០ឆ្នាំ។គាត់បានស្លាប់ប្រហែលជាជាង២ខែមុន។ប៉ូលិសបានសន្និដ្ឋានថាស្ត្រីនោះមកពីស្រុកផ្សេងហើយស្លាប់ដោយសារខ្យល់គរមិនមែនដោយអំពើឃាតកម្មនោះទេ។អាជ្ញាធរបានរៀបចំបញ្ចុះសពស្ត្រីនោះនៅជើងភ្នំបន្ទាប់ពីមិនឃើញមានសាច់ញាតិរបស់សពមកសួររក។
ប៉ូលិសតាមប្រមាញ់បុរសបីនាក់ឃុបឃិតគ្នាជួលម៉ូតូឌុបយកទៅប្លន់
កំពង់ស្ពឺ៖អ្នករត់ម៉ូតូឌុបអាយុ៣២ឆ្នាំម្នាក់ត្រូវបានបុរសបីនាក់វាយប្លន់យកម៉ូតូកាលពីថ្ងៃអង្គារនៅក្នុងស្រុកភ្នំស្រួច។ប៉ូលិសបានអោយដឹងថាបុរសជាជនសង្ស័យបីនាក់បានជួលម៉ូតូឌុបជិះទៅកាន់ភូមិមួយកន្លែង។ពេលដល់កន្លែងស្ងាត់បុរសទាំងបីនាក់បានធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះបែកក្បាលប្លន់យកម៉ូតូជិះគេចខ្លួនបាត់។អ្នកភូមិបានប្រទះឃើញជនរងគ្រោះដេកដួលសន្លប់នៅក្នុងថ្លុកឈាមហើយបានរាយការណ៍អោយប៉ូលិស។ជនរងគ្រោះត្រូវគេដឹកយកទៅមន្ទីរេពេទ្យ។ប៉ូលិសកំពុងតែស្រាវជ្រាវរកជនសង្ស័យ។
មកពីផឹកគ្មានអីឆីទាញពូថៅកាប់ប្រពន្ឋបងថ្លៃចូលឃាត់កាប់របួសធ្ងន់
កំពំត៖បុរសជាកសិករអាយុ៤៥ឆ្នាំម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីបុរសម្នាក់នេះបានកាប់បងថ្លៃរបួសធ្ងន់ខណៈដែលបងថ្លៃរូបនោះចូលទៅឃាត់គេមិនអោយកាប់ប្រពន្ឋកាលពីថ្ងៃចន្ទ័នៅក្នុងស្រុកកំពង់ត្រាច។ប៉ូលិសបានអោយដឹងថាជនសង្ស័យបានមកពីផឹកស្រាទៅរកបាយហូប។ពេលដល់ផ្ទះមិនឃើញមានអីហូបហើយប្រពន្ឋក៍មិននៅផ្ទះទៀតនោះធ្វើអោយគេខឹងសម្បារហើយទាញពូថៅដើររកកាប់ប្រពន្ឋ។ពេលឃើញប្រពន្ឋនៅផ្ទះម៉ែក្មេកក៍ដេញកាប់តែម្តង។ពេលនោះបងថ្លៃរបស់គេអាយុ៥២ឆ្នាំបានចូលទៅឃាត។ភ្លាមៗនោះជនសង្ស័យបានកាប់លើបងថ្លៃចំស្មារបួសធ្ងន់តែម្តង។
ប៉ូលិសតាមចាប់ចោរគាស់ផ្ទះបំពុលឆ្កែ
រាជធានីភ្នំពេញ៖ប៉ូលិសខណ្ឌដង្កោបានអោយដឹងថាពីរនាក់បានដាក់ថ្នាំបំពុងឆ្កែមួយក្បាលងាប់បំរុងគាស់តូបលក់ដូរមួយកន្លែងលួចឥវ៉ាន់កាលពីយប់ថ្ងៃពុធ។តែនៅពេលដែលពួកចោរកំពុងគាស់នោះម្ចាស់តូបបានឮសូរក៍ចុះមកមើល។ពេលដឹងថាមានចោរគាស់តូបម្ចាស់ផ្ទះបានទូរសព្ទ័ប្រាប់ប៉ូលិស។ប៉ុន្តែពេលប៉ូលិសមកដល់ពួកចោរបានរត់គេចខ្លួនបាត់អស់។ប្រជាពលរដ្ឋបានអះអាងថាពួកចោរគឺនៅក្នុងភូមិនោះមិនមែនមកពីឆ្ងាយនោះទេ។ប៉ូលិសកំពុងតែធ្វើការស្រាវជ្រាវរកជនសង្ស័យ។
ទើបទិញខ្សែកពាក់បានមួយភ្លេតចោរឆក់យកបាត់
រាជធានីភ្នំពេញ៖ចោរពីរនាក់បានធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់អាយុ៤៣ឆ្នាំកាលពីព្រឹកថ្ងៃពុធនៅក្នុងខណ្ឌ៧មករា។ប៉ូលិសបានអោយដឹងថាស្ត្រីជាជនរងគ្រោះបានទិញខ្សែកមួយខែពីផ្សារតម្លៃ៤០០ដុល្លា។បន្ទាប់ពីគាត់ពាក់ជិះម៉ូតូឌុបត្រឡប់មកផ្ទះវិញត្រូវបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងឆក់ខ្សែកនោះ។ស្ត្រីរងគ្រោះបានធ្លាក់ពីលើម៉ូតូដួលត្រូវក្បាលរបួសស្រាល។
ប៉ូលិសចាប់យុវជនទំនើង៧នាក់បញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ៖ប៉ូលិសខណ្ឌ៧មករាបានចាប់ខ្លួនយុវជន៧នាក់អាយុ១៨និង២១ឆ្នាំកាលពីថ្ងៃអង្គារនៅពេលដែលពួកគេកំពុងតែប្រមូលផ្តុំគ្នានៅជិតសាលារៀនមួយកន្លែង។ប៉ូលិសបានអោយដឹងថាយុវជនទាំងនោះជាក្មេងទំនើងដើរបង្កភាពអាណាធិបតេយ្យដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ។ម៉ូតូ៤គ្រឿងត្រូវបានរឹបអូសពីពួកគេ។ប៉ូលិសបានឃុំខ្លួនពួកគេនៅខណ្ឌ៧មករានិងបានអះអាងថានឹងរៀបចំឯកសារបញ្ជូនពួកគេទៅតុលាការ។
៣នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីប្លន់អ្នករត់តាក់ស៊ីប្តីប្រពន្ឋ
រាជធានីភ្នំពេញ៖ប៉ូលិសបានធ្វើការចាប់ខ្លួនយុវជន៣នាក់អាយុ១៨និង២២ឆ្នាំកាលពីថ្ងៃអង្គារនៅក្នុងខណ្ឌទួលគោក។ប៉ូលិសបានអោយដឹងថាជនសង្ស័យបួននាក់បានប្រើល្បិចហៅតាក់ស៊ីមួយជិះទៅបុណ្យនៅឯស្រុកកំណើតក្នុងខេត្តកំពតកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។ពេលជិះដល់កន្លែងពួកគេបានប្រើកាំភ្លើងខ្លីមួយដើមភ្ជង់អ្នកបើកតាក់ស៊ីនិងប្រពន្ឋរបស់គេប្លន់យកលុយអស់ជាង៣០០ដុល្លាខ្សែកចិញ្ចៀនទូរសព្ទ័២គ្រឿងនិងឯកសារឡានមួយចំនួនទៀត។ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកប៉ូលិស។ប៉ូលិសបានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានជនសង្ស័យ៣នាក់។ម្នាក់ទៀតកំពុងរត់គេចខ្លួន។
សូមមិត្តអ្នកអាន ចូលរួមផ្តល់ព័ត៌មាន ទាក់ទិននឹងឧក្រិដ្ឋកម្មផ្សេងៗ រួមមាន ៖ ការរំលោភសេពសន្ថវៈស្ត្រី និងកុមារ អំពើហិង្សាក្នុងគ្រួសារ អំពើពុករលួយ ឧក្រិដ្ឋកម្មព្រៃឈើ ការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ ការគៃបន្លំថវិកាជាតិ និងអំពើល្មើសច្បាប់ដូចជា ករណីចោរលួច ឬ ប្លន់ នានា តាមរយៈទូរស័ព្ទ ០១២ ៩២១ ០៥៣/០១២ ៥១៧ ៩៤៥/០១២ ៨៦២ ៦១២/ ០១២ ៨៩៦ ២៧៤/០១៧ ៨២៩ ២៥៩ ឬអ៊ីមែល:pk@phnompenhpost.com, editors@phnompenhpost.com , reporters@phnompenhpost.com
ការពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
ភ្នំពេញ ប៉ុស្តិ៍

